សម្លង៉ាំង៉ូវជ្រូកខ្វៃ គឺមុខ ម្ហូបខ្មែរ ដែលប្រជាជនទូទៅចូលចិត្តចំអិនក្រោយពីមានកម្មវិធីធំៗ ពីព្រោះក្នុងកម្មវិធីធំៗម្តងៗប្រជាជនតែងតែធ្វើមុខម្ហូបជាច្រើនមុខហើយមានបរិមាណច្រើនផងដែរ ជាហេតុធ្វើឲ្យមានមុខម្ហូបខ្លះសល់បរិភោគមិនអស់ ដូចជាជ្រូកខ្វៃជាដើម ហេតុដូចនេះហើយបានជាប្រជាជនខ្មែរច្នៃយកជ្រូកខ្វៃស្ងោរទៅជាម្ហូបថ្មីសម្រាប់បរិភោគដោយស្ងោរជាមួយង៉ាំង៉ូវ ទោះបីយ៉ាងណាម្ហូបមួយមុខនេះមានរស់ជាតិឆ្ងាញ់ម៉្យាងហើយងាយស្រួលចំអិនទៀត។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ
- ង៉ាំង៉ូវកាត់ជាពីរចំនួន១
- ខ្ទឹមបារាំងចិតជាបន្ទះចំនួន១
- ស្លឹកគ្រៃកាត់ប្រវែង១ចំអាមរួចចងជាបាច់ចំនួន១គុម្ព
- ទឹកចំនួន៤កែវ
- ជ្រូកខ្វៃកាត់ជាដំុៗចំនួន២ខាំកន្លះ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួនកន្លះស្លាបព្រាតូច
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់ង៉ាំង៉ូវជាមួយខ្ទឹមបារាំង ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយដាំប្រហែល១០នាទី
- ដាក់សាច់ជ្រូកខ្វៃនិងស្ងោរប្រហែល១០នាទីទៀត
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
សម្លង៉ាំង៉ូវជ្រូកខ្វៃគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ