Thursday , April 25 2024

រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ

រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ ៖ ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វ្វជាអ្នកត្រួតត្រាខាងពន្ឋអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជា សត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឃឃាត ឱ្យចាប់រាជបុត្រ ស្ដេចសៀមយកទៅសម្លាប់ចោលក្ម្នុងព្រៃពេលយប់។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើង រកឃើញខ្មោចនៅក្នុងព្រៃ ត្មាតឃើញព្រះទម្រង់ វាស្គាល់ច្បាស់ជាម្ចាស់វា ក៏ចឹកញំព្រះទម្រង់ទៅ ស្រុកសៀមថ្វាយព្រះបិតា ។ ព្រះចៅទតឃើញព្រះទម្រង់ ទ្រង់យល់ថា ព្រះរាជបុត្ររបស់ព្រះអង្គ ដល់ទីវង្គត់ហើយ រឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់។ ទ្រង់ក្រោធខ្លាំងណាស់ កោះប្រជុំពួកសេនាបតីមួយរំពេច មានព្រះបន្ទូលប្រាប់ តាមរឿង រួចបង្គាប់ឱ្យលើកទ័ពមកសងសឹកស្ដេចខ្មែរវិញ ហើយមានព្រះបន្ទូលថា ត្រូវតែសម្លាប់ព្រះចន្ទ័រាជាព្រមទាំង ញាតិសាច់សាលោហិត ទាំងពួកសេនាបតី ហើយរឹបជាន់យកទ្រព្យសម្បត្ដិ និងកៀរពួកបណ្ដារាស្ដ្រមកស្រុកសៀមកុំឱ្យ សល់ ។ ពួកកងទ័ពក៏ចេញមកដល់បន្ទាយលង្វែក ចូលឡោមព័ទ្ឋចាប់ព្រះចន្ទ័រាជាសម្លាប់ ព្រមទាំងព្រះញាតិ។ ចំណែក ព្រះម្នាងប៉ែន ជាស្នំ ក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយ និងសេនាបតីមឿង ព្រមទាំងភរិយានិងបុត្រ៤នាក់ទៀត ។ ពួកកងទ័ពសៀម កៀរមនុស្សអំពីស្រុកខ្មែរ ដោយទាំងព្រះម្នាងទៅជាមួយផង ទាំងព្រះរាជទ្រព្យមានវិញ្ញាណ និង ឥតវិញ្ញាណ ។ ចំណែកមេដំរីសមួយ ឈ្មោះជំទាវប៉ាលហៃ មានកូននៅក្នុងពោះ ដែលជាព្រះទីនាំង ដ៏ប្រសើរ ក៏ត្រូវកងទ័ពសៀមកៀរយកទៅដែរ។ ពួកសៀមជាន់នោះមានសេចក្ដីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ ចាប់មនុស្ស ដោតស្លឹកត្រចៀក ដឹកយកទៅដូចសត្វធាតុ ស្រីណាមានកូនខ្ចីចាប់ច្រកការុងឱ្យដំរីជាន់ វៀរលែងតែមានកូននៅក្នុង ពោះ។ លុះទៅដល់ស្រុកសៀម នាំសេចក្ដីទៅថ្វាយព្រះចៅដោយសព្វគ្រប់។ ដោយសេចក្ដីសងសឹកបានសម្រេចដូចប្រាថ្នា ព្រះចៅទ្រង់បង្គាប់ឱ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមជិតក្រុង ហើយសន្មតឱ្យឈោ្មះថា “ក្រុមខ្មែរអ្នកគ្រួរ”។ ព្រះម្នាង ប៉ែន ហាក់ជាស្រីមានបុណ្យវាសនា ទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងហ្នឹងក៏ដោយ នាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតៗ ។ ដោយអំណាចកូនដែលនៅក្នុងគ៌ភ ជាកូនមានឥទ្ធិឬទ្ឋិមានបុណ្យ ក៏បណ្ដាល ឱ្យអ្នកផងជិតខាង មានចិត្ដទោរទន់រាប់អានស្រឡាញ់ ជួយឧបត្ថម្ភយកអាសារនាងគ្រប់យ៉ាង ។ លុះនាងមានគភ៌គ្រប់ ខែ ក៏ប្រសូតបុត្រមកដោយសុខសប្បាយ អ្នកជិតខាងទាំងប្រុសទាំងស្រី ជួយថែទាំផ្ដល់ទឹកក្ដៅទឹកត្រជាក់ អ្នកណាក៏ មកមិនមានខាន ដោយអំណាចគុណបុណ្យតេជៈបារមីនៃទារកនោះ។ លុះប្រសូត្រ បាន៣ថ្ងៃ ពួកក្រុមញាតិមូលមាត់គ្នា ឱ្យឈ្មោះកូននោះថា ឧទេន ។ ចំណែកមេដំរីដែលជាព្រះទីនាំង ក៏កើតកូនក្នុងថ្ងៃដំណាលទារកនោះដែរ តែមេដំរីនោះ ផ្ដាច់ខ្សែទន្លឹង ទៅកើតកូននៅក្នុងព្រៃឆ្ងាយ លាក់មិនឱ្យអ្នកណាដឹងឡើយ ដ៏រាបដល់៣ថ្ងៃទើបនាំកូនមកកាន់ទីកន្លែង ដើមវិញ ។ កូនដំរីនោះ មានពណ៌សម្បុរ ព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតា អ្នករក្សាដំរីនាំដំណឹងទៅក្រាបទូលព្រះ ចៅគ្រប់សព្វ ព្រះចៅពេញព្រះហឬទ័យណាស់ ។ ដំណាលពីកុមារឧទេន លុះបានអាយុប្រាំឆ្នាំ ដឹងសេចក្ដីខុសត្រូវខ្លះ នឹកភ្នករកបិតា សួរមា្ដយថា “ឪពុកខ្ញុំទៅឯណា ពុំដែលឃើញក្មេងឯទៀតមានម្ដាយ-ឪពុក ខ្ញុំមិនឃើញមានឪពុកដូច គេ?” មា្ដយកាលបើឮកូនសួរដូច្នោះ នាងណែនក្នុងទ្រូងអួលអាក់ខ្លោចផ្សា និយាយប្រាប់កូនមិនរួច ក៏និយាយបន្លែបន្លប់ កុំឱ្យកូនសួរទៀត ពីព្រោះខ្លាចក្រែងរឿងនោះមិនជិតដឹងទូទៅ នឹងដល់នូវសេចក្ដីអន្ដរាយនៃជីវិត។ កូនចេះតែសួរ ញយៗ នាងក៏និយាយបង្វេះពង្វាងមិនឱ្យសួរបានដ៏រាបដល់កូននោះ អាយុ១២ឆ្នាំ ។ ថ្ងៃមួយនាងនឹកថា កូននេះខាន ប្រាប់ពុំបាន ក៏នាំកូនទៅកាន់ទីស្ងាត់តែពីរនាក់ ដំណាលរឿងរ៉ាវតាំងពីដើមដល់ចុង កូនស្ដាប់បានយល់សេចក្ដីសព្វគ្រប់ ប្រាប់ម្ដាយឱ្យអត់ទ្រាំសិនចុះ កូននិងគិតរកមធ្យោបាយមួយ ដើម្បីនឹងវិលទៅនគរវិញ ។ ចំណែកកុមារឧទេន ចាប់តាំង ពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមក ក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់បែបយ៉ាង មានអក្សរជាដើម ឧទេនជាកុមារឆ្លាតវាងវៃ អង់អាចប្លែកអំពីកុមារធម្មតា ។ ថ្ងៃមួយកុមារឧទេនចូលទៅសេពគប់នឹងពួកហ្មដំរី សុំខ្លួនជាអ្នកបម្រើបោសច្រាសរោង ដំរី ដើម្បីរៀនវិជ្ជាខាងហ្មដំរីឱ្យស្ទាត់ ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរី ឃើញកុមារនោះជួយធ្វើនេះធ្វើនោះ ដោយយកចិត្ដទុកដាក់ រហ័សរហួនវាងវៃ មានព្រះបន្ទូលសួរថា ក្មេងនេះមកពីណា ហ្មដំរីក្រាបទូលតាមដំណើរដោយ សព្វគ្រប់ ទ្រង់ពេញព្រះហឬទ័យ មានព្រះបន្ទូលប្រាប់ថា ចូរមើលក្មេងនេះផង។ ចាប់ផ្ដើមពីថ្ងៃនោះមក កុមារខំយក ចិត្ដទុកដាក់ធ្វើការដោយហ្មត់ចត់ បោសប្រមូលអាចម៏ដំរី ដុតបំពក់ជាជីរ ដើម្បីយកទៅដាំស្ពៃ ស្ពៃក៏មានគុម្ពធំប្លែក ចម្លែកពីស្ពៃ អ្នកស្រុកធម្មតា ។ លុះស្ពៃនោះធំល្មមដក កុមារឧទេន ដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយ ព្រះចៅ ទ្រង់ទតឃើញមានព្រះបន្ទូលថា “នែ ! កុមារឯងបានស្ពៃនេះមកពីណា ប្លែកពីស្ពៃធម្មតា” កុមារក្រាបទូល តាមដំណើរសព្វគ្រប់ ព្រះចៅទ្រង់ប្រទានរង្វាន់ និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរី ។ ដំរីជាកូនមេដំរីឈ្មោះ ជំទាវប៉ាលប៉ៃ ដែលជាទីនាំងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះប្រេង មានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រម ស្ដាប់បង្គាប់ ព្រិចហ្មស្លាប់មិនមានអ្នកឯណាមួយអាចដឹកបាន ថែមទាំងធ្វើបាបអ្នក ស្រុកបោចរោចផ្ទះសម្បែងផ្អើល ជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងៗខ្លួន ។ ពួកអ្នកគង្វាលដំរីនាំសេចក្ដី ទៅទូលព្រះចៅៗទ្រង់ចាត់ការឱ្យ ស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបាន ។ ពេលនោះ កុមារឧទេនឆ្លើយថា ខ្ញុំហ៊ានទទួល ចាប់ដំរីនោះបាន ទើបទ្រង់ប្រគល់ការទៅកុមារឧទេន ចាត់ការយ៉ាងណាឱ្យ តែចាប់បានព្រះទីនាំងនោះ។ ឧទេនបង្គាប់ ឱ្យប្រមូលដំរី៥០០មក ដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បាន ទើបរើសយកមេដំរីសឈ្មោះ ជំទាវប៉ាល់ប៉ៃ ពេលចេញទៅចាប់ កុមារឧទេនបង្គាប់ឱ្យរៀបពីធីបួងសួងសែនព្រេនអឹកអធិក ។ អ្នកស្រុក ផ្អើលមកមើលអឺងកង ពាសពេញមីរដេរដាស់ លុះសែនព្រេនរួច កុមារឧទេនបង្គាប់ឱ្យយកចេក៣ស្និត អំពៅ៣បាច់ ពេលទៅដល់ព្រះទីនាំង ស្ទុះមករកហាក់ដូចជាប្រុងនិងព្រិច តែបែរជាក្រាបថ្វាយបង្គំវិញ ដោយអំណាចតេជៈបុណ្យ បារមីនៃឧទេនៗនិយាយ ទូន្មានប្រដៅថា “ទីនាំងឯងតាំងពីថ្ងៃនេះទៅ លះបង់មារយាទអាក្រក់ចេញទៅ ត្រូវធ្វើឱ្យ ស្លូតល្អដូចពីដើម “ឱ្យចេក និងអំពៅស៊ីរួចនិយាយថា “ឯងទៅតាមយើង ថាតែប៉ុណ្ណោះស្រាប់តែដំរីដើរតាមទៅដោយស្រួល ឥតបាច់ចាប់ចងអ្វី ឡើយ ហាក់ដូចជាហ្មចាស់យូរមកហើយ ។ ចាប់ដើមតាំងពីថ្ងៃដែលទៅយកព្រះទីនាំងមក ព្រះចៅទ្រង់ប្រទានរង្វាន់ ឱ្យឧទេន និិងប្រទានងារថា ជ័យអស្ចារ្យជាសេនាខាងទ័ពដំរី និងខាងទាក់ដំរីព្រៃ។ ពួកអ្នករាជការទទួលស្គាល់ខ្លាច អំណាចឧទេនថាជាអ្នកមោះមុតស្ទាត់ ជំនាញខាងហ្មដំរី សូម្បីតែពេលចេញទាក់ដំរីព្រៃម្ដងៗមិនចាំមានគ្នាច្រើនប៉ុន្មាន ក៏ទៅទាក់បានដែរ ហាក់ដូចជា ហៅមកបាន ព្រះចៅទ្រង់ពេញចិត្ដ និងទុកព្រះហឬទ័យលើជ័យអស្ចារ្យ ប្រហែលគ្នានឹង ព្រះរាជបុត្ររបស់ព្រះអង្គ ។ លុះដល់អាយុ១៦ឆ្នាំ ជ័យអស្ចារ្យភ្នកនឹកដល់បំណងដើម ក៏រំពឹងគិតរកឧបាយណាមួយ នឹងដោះខ្លួនចេញអំពីកណ្ដាប់ដៃសៀម ហើយទៅនៅស្រុកខ្មែរ សោយរាជ្យស្នងព្រះបិតា និងនាំយកមនុស្សពីស្រុក សៀមទៅស្រុកខ្មែរវិញ ព្រមទាំងទ្រព្យសម្បត្ដិមានវិឭាាណ ឥតវិឭាាណ ទៅឱ្យអស់អំពីស្រុកសៀម ឱ្យបានសម្រេចដូច សេចក្ដីបំណង ។ ទើបដើរនយោបាយចាត់មនុស្ស១៥នាក់ ដែលជាមនុស្សទុកចិត្ដស្និទ្ឋស្នាលដូចបងប្អូនបង្កើត ធ្វើជាល និងឈើជើងដំរីឱ្យយកជាលច្រកអាចម៏ដំរីញត់ឱ្យណែន ទុកឱ្យស្ងួតចាក់រាយតាមស្ទឹង ឬផ្លូវយកឈើជើងដំរីដើរសង្កត់ ជាស្នាមដានដូចជាដំរីដើរមែនៗ ដើម្បីឱ្យអ្នកស្រុកឃើញ ហើយនាំពត៌មាននោះក្រាបទូលព្រះចៅៗនឹងទ្រង់ចាត់ឱ្យ សេនាជ័យ អស្ចារ្យខ្លួន ទៅតាមទាក់មិនខាន ម្យ៉ាងទៀតដើម្បីឱ្យពលដែលព្រះចៅចាត់ឱ្យទៅជាមួួយជឿជាក់ក្នុងចិត្ដ ថា ជាដានដំរីពិតមែន ។ ចំណែកអ្នកស្រុក លុះឃើញដានជើងដំរី និងអាចម៏ធំៗ អណ្ដែតតាមទឹកមកដូច្នោះក៏នាំ សេចក្ដីនោះទៅក្រាប ទូលព្រះចៅៗទ្រង់ប្រើជ័យអស្ចារ្យ ឱ្យទៅតាមទាក់ដំរីព្រៃដែលមានដានជើងធំនោះ។ ជ័យអស្ចារ្យក្រាបទូលថា សូមព្រះមេត្ដាប្រោស បើទ្រង់សព្វព្រះទ័យ ចង់បានដំរីធំបែបនោះ លុះតែមានគ្នាច្រើន នឹងដំរីធ្នាក់ដ៏ច្រើន ហើយ ឱ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប៉ុន្មាន ស្ដាប់បង្គាប់ទូលបង្គំ ទើបធ្វើការនោះបាន ពេលចេញទៅសូម ព្រះអង្គមេត្ដាអនុឭាាតឱ្យធ្វើពីធីបួងសួងផងឱ្យមានជោគជ័យ។ ព្រះចៅទ្រង់អនុឭាាតគ្រប់សំណូម ពរ ប្រគល់ការនោះឱ្យជ័យអស្ចារ្យតាមត្រូវការ ធ្វើបែបណាៗស្រេចនៅលើជ័យអស្ចារ្យចុះ។ លុះរៀបធ្វើពិធីរួច ព្រះចៅប្រទានព្រះខ័ន សឹកឱ្យអំណាចពេញ បើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បាន។ លុះចេញទៅបានចំនួន ១៥ថ្ងៃ ដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរ ជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថា “សូមទ្រង់មេត្ដាប្រោស ទូលបង្គំជាខ្ញុំតាមទាក់ដំរីនោះ កាន់តែឃើញដានកៀកហើយ តែអស់ស្បៀង សូមព្រះអង្គមេត្ដាប្រោសព្រះរាជទាន បព្ចាូនមកឱ្យឆាប់ ដើម្បីនឹងធ្វើការឱ្យបានសម្រេចដូចបំណង ” ។ ព្រះចៅទ្រង់ព្រះរាជទានតាមសេចក្ដីសុំដោយរួសរាន់ ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការបង់ខាតព្រះរាជទ្រព្យ ឬសង្ស័យដោយហេតុណាមួយឡើយ ។ ជ័យអស្ចារ្យ លុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅ ក៏បន្ដដំណើរទៅទៀតចំនួន៥ថ្ងៃក្រោយ មកក៏បានដល់ស្រុក បាត់ដំបងដែលជាដីខ្មែរ មានអ្នកស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចុះចូលថ្វាយខ្លួនជាពលសេនា ព្រមទាំងសេនាចាស់ម្នាក់ ធ្លាប់បំរើព្រះវរបិតាឈ្មោះមឿង និងកូនប្រុស៤នាក់ បានចូលមកថ្វាយខ្លួនដែរ ក៏មានមនុស្សច្រើនល្មមតទល់នឹង ព្រះចៅសៀមបាន។ ជ័យអស្ចារ្យក៏សរសេរសំបុត្រចងនឹងកដំរី ប្រើឱ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែរ រួចចងកូនជំទាវ ប៉ាល់ប៉ៃទៅទទួលម្ដាយ។ មេដំរីទៅដល់ទីកន្លែងម្ដាយ ពេលពាក់កណ្ដាលអធ្រាត្រ មេដំរីវាទម្លាក់បំពង់៣ដង ម្ដាយ ភ្ញាក់នឹកស្មានថាកួនត្រឡប់មកវិញ ក៏អុជភ្លើងបំភ្លឺមើល តែមិនឃើញកូន ឃើញតែសំបុត្រ មើលដឹងសេចក្ដីសព្វគ្រប់ រៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ ខំស្រួតឱ្យជួបនឹងកូននៅស្រុកបាត់ដំបង ។ ទើបជ័យអស្ចារ្យប្រកាសខ្លួនឱ្យ អ្នកស្រុកដឹងច្បាស់ថា ខ្លួនហ្នឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជា គង់នៅបន្ទាយលង្វែក ឥឡូវនេះវិលមកគ្រង រាជ្យស្នងព្រះបិតា។ រឿងនេះមិនបាត់ស្ងាត់ ជ្រាបដល់ព្រះចៅសៀម ទ្រង់ពិរោធយ៉ាងខ្លាំងពន់ពេក និងតូចព្រះទ័យ ក្រៃលែង ទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថា ជ័យអស្ចារ្យ ប្រើឧបាយកលបោកបព្ឆោាត យកព្រះខ័នសឹកព្រមទាំង ទ្រព្យមានវិញ្ញាណ ឥតវិញ្ញាណ រត់ទៅស្រុកខ្មែរ ហេតុនេះត្រូវលើកទ័ពតាមទៅដណ្ដើមយកមកវិញឱ្យបាន ហើយចាប់ ជ័យអស្ចារ្យសម្លាប់ឱ្យផុតពូជព្រះចន្ទរាជា ព្រមទាំងពួករាជការទាំងប៉ុន្មានកុំឱ្យសល់។ ជ័យអស្ចារ្យ បានដំណឹងច្បាស់ថា ព្រះចៅលើកទ័ពមកតាមដូច្នោះ ទ្រង់ជំនុំនឹងសេនាបតីថា ឥឡូវពលសេនាយើង និងគ្រឿងអាវុធយុទ្ឋភ័ណ្ឌរបស់យើង ពុំបរិបូណ៌ តើអ្នករាល់គ្នាគិតរកឧបាយកលបែបណាឱ្យមានជ័យជំនះពេលនេះ សេនាទាំងអស់មិនមានអ្នកណាមួយ ហ៊ានឆ្លើយទទួលធានាអះអាងសោះ មានតែសេនាមឿង ឆ្លើយធានាអះអាង ហ៊ានតទល់នឹងទ័ពសៀម ដោយឧបាយ មួយដ៏ចំលែក គឺហ៊ានប្ដូរជីវិតដើម្បីនឹងទៅកែនពលខ្មោច ធ្វើជាទ័ពច្បាំងនឹងពលសៀម។ ទើបបង្គាប់ឱ្យជីករណ្ដៅទំហំ ៤ម៉ែត្រ ៤ជ្រុង ជម្រៅ៤ម៉ែត្រ រួចឱ្យដាក់គ្រឿងសាស្ដ្រាវុធក្នុងរណ្ដៅ នោះដើម្បីនឹងលោតឱ្យជង់ស្លាប់ក្នុងរណ្ដៅ តែនៅ ពេលមុននិងលោតសម្លាប់ខ្លួននោះ សេនាមឿងបង្គាប់ឱ្យពួកពលរដ្ឋ ទាំងអស់មកស្ដាប់ពាក្យឱវាទលោកប្រកាសថា “សូមឱ្យអស់លោក ខំប្រឹងយកចិត្ដទុកដាក់ក្នុងរឿងចម្បាំងពេល នេះដើម្បីរំដោះដែនដីខ្មែរ ឱ្យបានរួចអំពីកណ្ដាប់ដៃនៃ បច្ចាមិត្ដ ចំណែកខ្ញុំៗធានាខាងទ័ពខ្មោច សូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន៧ថ្ងៃ ឮសូរសន្ឋឹកហ៊ោកព្ច្រោៀវ បីដូចជាសំឡេងផ្គរលាន់ យើងនឹងមានជ័យហើយ។ លុះផ្ដាំរួចលោតចុះក្នុងរណ្ដៅព្រឹប “ប្រពន្ឋឃើញប្ដីលោតដូច្នេះ ក៏លោតទៅជាមួយនឹងប្ដី ព្រមទាំងកូនប្រុសពីរនាក់ស្លាប់ជាមួយគ្នា” ដល់ថ្ងៃជាគម្រប់៧ថ្ងៃ លាន់ឮសូរសន្ឋឹកដួចការផ្ដាំ មែន។ ទ័ពសៀមចួលដល់បាត់ដំបង ឆ្លងចួលមកដល់អូរមួយ សព្វថ្ងៃហៅថា អូរស្វាយដូនកែវ ជួនគ្នានឹងទ័ពជ័យ អស្ចារ្យទ័ពខ្មោចចេញសម្ដែងឫទ្ឋិ ធ្វើឱ្យពលសៀមវិលមុខចុកពោះ ចុះក្អួត ដួលខ្លួនឯងស្រួលៗ ទ័ពព្រះជ័យអស្ចារ្យ ចូលទៅកាប់សម្លាប់អស់ ពួកកងទ័ពសៀមទប់ទល់មិនបាន ថយទៅដល់បាត់ដំបង ធ្វើសារទៅក្រាបទូលព្រះចៅតាម ដំណើរសព្វគ្រប់ ព្រះចៅទ្រង់ជ្រាបឱ្យទ័ពថយត្រឡប់ស្រុកសៀមវិញ ។ ចំណែកពួកទ័ពព្រះជ័យអស្ចារ្យ នាំគ្នាត្រឡប់ មកកាន់បន្ទាយវិញ សព្វថ្ងៃគេហៅថាបន្ទាយជ័យ ចាប់ផ្ដើមពីពេលនោះមក ព្រះជ័យអស្ចារ្យបានទទួលរាជាភិសេក សោយរាជ្យ និងទទួលនាមថាព្រះជ័យចេស្ដា ព្រះចៅក្រុងកម្ពុជាធិបតី គង់នៅបន្ទាយជ័យ។ លុះព្រះអង្គបានឡើង សោយរាជ្យសម្បត្ដិសុខសាន្ដហើយ ទ្រង់នឹកឃើញដល់គុណូបការៈ សេនាមឿង ដែលស៊ូប្ដូរជីវិតចំពោះព្រះអង្គ និងចំពោះទឹកដីខ្មែរ ទ្រង់ក៏ចាត់ឱ្យធ្វើបុណ្យឧទ្ទិសផលដល់ដួងវិញ្ញាណខន្ឋ របស់សេនាមឿង យ៉ាងឧឡារិកអស្ចារ្យ ជាប់ជាទំនៀមដរាបដល់មកសព្វថ្ងៃនេះ ហៅថាធ្វើបុណ្យឡើងអ្នកតា ឃ្លាំងមឿងទៅវិញ ។
ពិធីបុណ្យឡើងអ្នកតាឃ្លាំងមឿង

ទីកន្លែងអ្នកតា ជាទីរបោាស្ថាន មានរុក្ខជាតិតូចធំដុះព័ទ្ឋជុំវិញ មានមែកបែកសាខា មានម្លប់ទ្រឈៃត្រជាក់ គួរឱ្យសប្បាយរីករាយអស្ចារ្យ ហើយមានសត្វបក្សីបក្សាកញ្ច្រៀវខ្ញៀវខ្ញា ប្រចឹកគ្នាលើមែកព្រឹក្សានោះ ឮសូរ សំឡេងទ្រហឹង។ បន្ទាប់អំពីរុក្ខជាតិ មានវាលស្រែព័ទ្ឋជុំវិញ បើមើលពីចំម្ងាយទៅ ឃើញរុក្ខជាតិដង្គំត្រសុំខ្មួលខ្មៅ ដាច់ស្រយាលពីភូមិស្រុក។ បណ្ដាដើមឈើទាំងអស់នៅទីនោះមាន ដើមសំរោងមូយខ្ពស់ជាងដើមឯទៀតៗ ដុះចំពី មុខអាស្រម។ ពីសាលាខែត្រពោធិ៍សាត់ ទៅទីអ្នកតានោះមានចម្ងាយប្រមាណជា៦គីឡូម៉ែត្រ។ គេត្រូវចេញតាម ផ្លូវថ្មល់ពីសាលាខែត្រទៅទិសខាងលិច ប្រមាណជាពីរគីឡូម៉ែត្រ ត្រូវងាកទៅទិកខាងត្បូង កាត់ផ្លូវអយស្ម័យយាន ដល់ឃុំបាក់នឹមដែរទៅទិសខាងលិចដល់ភូមិព្រែកជីក ឡើងពីព្រែកជីកងាកទៅកាន់ទិសខាងជើង ទើបដល់កន្លែង អ្នកតា។ ជុំវិញអាស្រមអ្នកតា មានវាលស្រឡះទំនេរ នៅត្រង់ចន្លោះរុក្ខជាតិ។ នៅពីខាងត្បូងអាស្រម ជាទីវាលទុក សម្រាប់ធ្វើរោង មានបណ្ដោយ៦០ម៉ែត្រ ទទឹង៤០ម៉ែត្រ។ អាស្រមនោះធ្វើដោយឈើប្រក់ស្បូវ មានបណ្ដោយ ៨ម៉ែត្រ, ទទឹង ៤ម៉ែត្រ, កំពស់៤ម, សសរលញ់ មិនមានជព្ជាំាងបិទបាំងទេ។ ជុំវិញអាស្រម មានលានទំហំ៤ម៉ែត្រ, ទុកបម្រុង ឱ្យពួកអ្នកទៅធ្វើបុណ្យដើរហែរប្រទក្សិណនៅពេលឡើងអ្នកតា។ ពីខាងក្រៅទីវាល មានរបងធ្វើដោយ ឈើខ្លឹមព័ទ្ឋជុំវិញ មានតែផ្លូវចូលពីខាងកើតមួយ និងពីខាងត្បូងមួយ។ ក្នុងអាស្រមខាងមុខតួអ្នកតា មានរាន បណ្ដោយ ៣ម៉ែត្រ, ទទឹង២ម៉ែត្រ, កំពស់៥តឹក ធ្វើដោយឈើ ជារានសម្រាប់ដាក់តង្វាយអ្នកតា ខាងជើងនិងខាងត្បូង អ្នកតាមាន បង្កាន់ដៃដោតដោយចាមរនៃបៃមន្ដធ្វើដោយឈើដែរ។ តួអ្នកតា មិនមានរូបរាងបែបឈើ ឬថ្មតំណាងទេ គឺជាតួដីដំបូកសុទ្ឋ ទំហំបណ្ដោយ ២ម៉ែត្រ ទទឹង១ម៉ែត្រ, កំពស់២ម៉ែត្រ, ដែលកើតអំពីសត្វកណ្ដៀរវាពូនឡើង សន្មតថាជាតួអ្នកតាតែម្ដង នៅកំពូលនៃដំបូក មានពំនូកដី ៤-៥ ស្រួចៗបែកចេញមើលទៅដូចជាកំពូលអង្គរវត្ដ។ កំពូលដីដំបូកដែលជាតួអ្នកតានេះ អ្នកស្រុកសំគាល់ថា បើមានសត្វ កណ្ដៀរពូនឡើងថ្មីទៀត សន្មតថា ចៅហ្វាយខែត្រ ឬ ចៅប្វាាយស្រុក នៅខែត្រស្រុកនេះនឹងត្រូវផ្លាស់ចេញ ឬ ខូចបុណ្យសក្ដិ ដីដំបូកនេះមិនដឹងជាកើតពីត្រឹមរាជ្យ ស្ដេចណាទេ ពុំមានអ្នកស្រុកណាដឹងសោះ ។

ពីធីបុណ្យឡើងអ្នកតា

បុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកបើាយរបស់អ្នកស្រុក និង ពួកសាលាស្រុក តែងធ្វើតែរាល់ៗឆ្នាំក្នុងខែពិសាខ ថ្ងៃសៅរ៍។ តែមិនកំណត់ជាខ្នើត ឬ រនោចទេ រើសយកតែថ្ងៃសៅរ៏ ពេលធ្វើលុះ ណាតែមានសេចក្ដីបង្គាប់អំពីចៅហ្វាយស្រុកបាកាន ប្រាប់ទៅមេឃុំមេស្មឹង អាចារ្យវត្ដ និងបណ្ដារាស្ដ្រទំាងអស់ ឱ្យដឹងជាមុន ដើម្បីមកជួបជុំជួយធ្វើរោងក្រសាល និងរៀបចំបោសច្រាសទីកន្លែងឱ្យស្អាតល្អ សម្រាប់ព្រះសង្ឃ និង មន្ដ្រីរាជការក្នុងខែត្រ។ ទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុក។ កាលពីថ្ងៃទី១៨ មិថុនា ឆ្នាំ១៩៤៩ ពេល ចាប់ផ្ដើមបុណ្យ ត្រូវជួបជុំមេឃុំទាំងអស់ មេស្នឹង អាចារ្យវត្ដ និង បណ្ដារាស្ដ្រ នៅទីកន្លែងអ្នកតា។ ពេលម៉ោង៦ល្ងាច មេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថា ៖ “ថ្ងៃនេះ យើងខ្ញុំជាកូនចៅមកជួបជុំគ្នា ធ្វើបុណ្យនៅទីនេះជូនលោកតា សុំឱ្យយើងទាំងអស់គ្នា បានសុខសប្បាយ” រួចគេលេងភ្លេងថ្វាយ មានភ្លេងខ្មែរ ភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ាំ ភ្លេង ត្រញំងទា តាមធម្មតាឮសូរភ្លេងប្រគំទ្រហឹងអឺងកងរំពងព្រៃ មនុស្សចាស់ក្មេង រទេះគោ រទេះក្របីមកពីស្រុក ឆ្ងាយៗមកជួបជុំគ្នាមីរដេរដាសនៅទីនោះ។ ម៉ោង៩យប់ ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះ រួចនិមន្ដព្រះសង្ឃ១០ អង្គចម្រើនព្រះបវិត្ដ ។ លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៩ ខែឆ្នាំដដែល ពេលម៉ោង៨កន្លះ ពួកមន្ដ្រីរាជការសាលាខែត្រ សាលាស្រុកគ្រប់ តំណែងអព្ជើាញទៅជួបជុំគ្នានៅកន្លែងនោះ បើាយចូលទៅឈរនៅខាងត្បួងអ្នកតា មេស្មឹង អុជទៀនធូបជូនពួកអស់ លោកដោតថ្វាយអ្នកតា ដោយសេចក្ដីគោរព រួចមេស្មឹងបង្គាប់ឱ្យលើកគ្រឿងតង្វាយ មករៀបនៅលើរានចំពោះមុខអ្នកតា ។ តង្វាយអ្នកតាគឺ ៖ ១. កន្ទេលក្របាម ខ្នើយ ២. សំពត់សក្រាលពីលើកន្ទេល ៣. ស្លាធម៌ដី ១គូ (ដោតម្លូ៥ ធូប៣ សរសៃ) ៤. ក្បាលជ្រូក ១ គូ មានទាំងកន្ទុយដាក់នៅមាត់ផង ៥. ផ្ដឹលទឹកអប់ ១ គូ ឈើស្ទន់ ១ ៦. ពានស្លាបារី ១ គូ ៧. ដបស្រា ១ គូ មានទាំងពែង ៨. ចេកនួន ២ ស្និត តម្កល់លើចានទាប ៩. បង្អែម ២ ស្ពក ១០. កន្ទោងស្លឹកចេក ១ គូ ១១. មាន់ស្ងោរ ១ គូ ១២. ស្នែងសត្វទន្សោង ១ គូ រណ្ដាប់តង្វាយទាំង១២មុខនេះ មានគូគ្រប់ទាំងអស់ សម្រាប់ដាក់ឆ្វេងស្ដាំ ក្រៅអំពីតង្វាយ ១២មុខនេះ មាន តង្វាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូណ៌ត្រៀបត្រាដល់ដៅលើរាននោះ។ គេអុជទៀនធូបបែកគ្នាកាន់ដើរហែ ប្រទក្សិណជុំវិញអាស្រម ជាការគោរពចំពោះអ្នកតា និងនឹកដល់គុណ លោកឧកញ៉ាសេនាបតីមឿង ដែលស៊ូប្ដូរ ជីវិតយកឈាមក្រាលផែនដី មានកេរ្ដិ៏ឈ្មោះតាំងពី គ.ស. ១៥១៦ ដរាបមកដល់សព្វថ្ងៃនេះ ទើបអ្នកស្រុកសន្មត់ ហៅថា អ្មកតាឃ្លាំងមឿង។ គេរើសរកមនុស្សឱ្យមានរូបរាងប៉ុនៗគ្នា២នាក់ សម្រាប់ពាក់ស្នែងសត្វទន្សោង តែង តួស្លៀកសំពត់ផាមួងចងក្បិនខ្លួនទទេ អ្នករាំ២នាក់ទៀត ធ្វើព្រានព្រៃម្នាក់ស្ពាយកាំភ្លើង ម្នាក់ស្ពាយបាយសំណុំដើរ តាមពីក្រោយ ស្លៀកពាក់ដូចគ្នានឹងអ្នកពាក់់ស្នែងទន្សោងដែរ លុះហែ៣ជុំរួចហើយ គេលេងភ្លេងរំាស្នែងទន្សាង ភ្លេងនោះឈ្មោះ “ភ្លេងភ្លាំង” អ្នករាំចាប់ពាក់ស្នែងរួចក្រាបថ្វាយបង្គំអ្នកតា៣ដង ឡើងរាំដែរ ឆ្វេងរៀងខ្លួន មកជួប គ្នា…….គម្រប់ ៣ដង វារនឹងឌឺអួតដាក់គា្ន ជល់គ្នាដូចសត្វមែនៗ ព្រានព្រៃដើររកស្នាមជើីងសត្វទន្សោង ងើបឱនៗ ដើម្បីតាមបាញ់ ។ មនុស្សឈរមេ៍៍ីលពេញទីវាលនៅមុខអាស្រមអ្នកតានោះ ។ ទំនុកច្រៀង ១. បងដើរព្រៃស្ដុកតត្រុក ព្រៃស្បាត ។ ដើរកាត់ព្រៃញាត លេចវាលចូលព្រៃៗ ។ ២. ឡើងភ្នំចុះភ្នំ ថ្មដាធំៗល្បាស់ព្រេចលាស់ខ្ចីៗ ទន្សោងគោបា កៀងញីឃ្មាតខ្មីៗ ឡាស់ព្រេចឡាស់ខ្ចី ស្រណោះខែពិសាខៗ។ ៣. កន្ដ្រែតៗអើយ ទន្សោងគោបា លេចបន្លាជើងភ្នំ លេបក្រមុំទាំងមូលៗ ។ ៤. ជំនោរខ្យល់បក់ ត្រជាក់ខ្យល់ជួន កាប់ឬស្សីចងក្បូន ជូនប្អូនទៅស្រុកៗ ។ ៥. កន្សែងបងបាត់ បងមិនស្ដាយ បំណាច់ប្អូនឃ្លាតឆ្ងាយបងស្ដាយតែប្អូនស្រីៗ ។ ពួកអ្នកភ្លេងច្រៀងដរាប លុះព្រានទំាងពីរនាក់ឃើញសត្វទន្សោងដល់គ្នាជាប់ក្រាបរៀងខ្លួន លបបាញ់បាន ទើបដោះយកស្នែងសត្វទន្សោង ទំាងពីរទៅតម្កល់នៅកន្លែងដើមវិញ (លេងកន្លះម៉ោងចប់) មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខ ដាក់កន្ទេលចាក់ស្រា ដោតធូប៣សរសៃរួចនិយាយបួងសួងថា “ថ្ងៃនេះជាពេលល្អ យើងខ្ញុំមកជួបជុំគា្នធ្វើបុណ្យ ឧទិសកុសលចំពោះលោក តាមឿង ដែលមានគុណចំណោះស្រុកខ្មែរ សូមលោកតាឱ្យព្រះពរសព្ទសាធុការដល់ប្រទេស កម្ពុជាឱ្យបានសុខសប្បាយ សូមឱ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង សោយសេចក្ដីសុខក្នុងរាជសម្បត្ដិ ព្រមទាំង មន្ដ្រីរាជការទាំងអម្បាលមាណ ក្មុងប្រទេសកម្ពុជា សូមឱ្យបានសេចក្ដីសុខសប្បាយអស់កាលជាអង្វែងរៀងទៅ សូមឱ្យទឹកភ្លៀងបង្អោរចុះមកឱ្យបាន សព្វផែនដីប្រទេសកម្ពុជា ឱ្យស្រុកសម្បូណ៌សប្បាយ កុំឱ្យមានភ័យអន្ដរាយអ្វីឡើយ។ បួងសួង ៣ដងស្រេចហើយយក កន្ទោងទៅដាក់ក្រោមដើមសំរោងនៅមុខអាស្រម ។ រួចលើកគ្រឿង តង្វាយទាំងអស់ចេញ ។ និមន្ដព្រះសង្ឃ៥អង្គ បង្សុកូល ពួកឧបាសកសូត្រឧទិសផល មេស្មឹងយកទឹកអប់ប្រោះទៅលើដំបូកដែលជាតួអ្នកតា ពួកអ្នករាជការ ចៅហ្វាយខែត្រ ចៅហ្វាយស្រុក និងមន្ដ្រីតូចតាចគ្រប់តំណែង បាចទឹក១ ផ្ដិលៗម្នាក់ រួចអព្ជើាញទៅរាប់បាត្រ នៅវាលមុខរោងព្រះសង្ឃ ។ ម៉ោង១១ រៀបភោជនាហារលៀងពួកមន្ដ្រីសាលាខែត្រ សាលាស្រុកធំតូចគ្រប់តំណែង ដោយវត្ថុដ៏ឧត្ដមពិសាសប្បាយ មានលេងភ្លេងត្រញំងទា មានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង ១២ជាការបង្ហើយកិច្ច ។ អំពីទំនៀមរាំពាក់ស្នែងទន្សោង និងពាក់កន្ទុយក្ងោកនេះ មានសេចក្ដីដំណាលថាក្នុងកាលដ៏ កន្លងយូរមកហើយ (ស័ករាជ និងរាជ្យណាមិនប្រាកដ) មានដើមឈើ១ដើមនៅក្នុងស្រុកពោធិ៍សាត់ ថ្ងៃមួយព្រានព្រៃ ២នាក់ មានឈ្មោះមិនប្រាកដ នាំគ្នាចូលព្រៃដើម្បីរកបាញ់សត្វតាមទម្លាប់របស់ខ្លួន។ លុះចូលទៅដល់ដើមឈើនោះ ឮសូរសំឡេងសត្វកន្លង់ពិរោះ ហាក់ដូចសូរសំឡេងភ្លេងតន្ដ្រីលាន់ឮរងំ ដូចជាសំឡេងទ្រសាយដៀវ ឃើញសត្វទន្សោង ១គូ លោតកព្ឆោងជល់គ្នាលេងដូចគេរំា ។ មានសត្វខ្លា១គូ ក្រាបនៅទីនោះវាគោះកន្ទុយបាាក់ដូចជាគេវាយស្គរ ។ មានសត្វក្ងោក១គូ កាងស្លាបបើកកន្ទុយ លោតចុះលោតឡើង ហាក់ដូចគេចាក់ត្លុកចាក់ក្បាច់ ។ ព្រានទាំងពីរនាក់ លាន់មាត់ថា “ឱហ្ន៎ ! សត្វទាំងនេះប្លែកចំឡែកអស្ចារ្យ សូរសំឡេងសត្វកន្លង់ដូចសំឡេងតូរ្យតន្ដ្រី សត្វទន្សោង និងសត្វក្ងោក ដូចជាអ្នករាំចាក់ក្បាច់ សត្វខ្លាដូចជាអ្នកវាយស្គរបន្ទរតាម យើងគួរប្រកបធ្វើជាភ្លេងលេងតាម សត្វទាំងអស់នេះ ទុកជាកេរ្ដី៏ឱ្យកូនចៅឯក្រោយ”។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ

រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *