Saturday , June 6 2020

សម្ល

សម្ល គឺជារបៀបធ្វើ ម្ហូបខ្មែរ យ៉ាងដែលស្លោដោយប្រើទឹកច្រើនជាទូទៅគេប្រើឆ្នាំងដើម្បី ស្ងោសម្ល ។ គ្រឿងផ្សំ ដែលគេនិយមយកមកធ្វើ ម្ហូបសម្ល ដូចជា បន្លែ សាច់ ត្រី ។ល។

សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លម្រះសាច់ជ្រូកចិញ្ចាំ – ម្ហូបខ្មែរ

សម្លម្រះសាច់ជ្រូកចិញ្ចាំ ជាមួយតាំងហ៊ុនមានរសជាតិល្វីងបន្តិច ប៉ុន្តែបើអ្នកធ្វើឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយជាតិល្វីងនេះ វាធ្វើឲ្យកាន់តែមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្រះសាច់ជ្រូកចិញ្ចាំ សាច់ជ្រូកចិញ្ចាំចំនួន៥ខាំ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច តាំងហ៊ុនចំនួន១កញ្ចប់ ស្ករចំនួន១ស្លាបព្រា អំបិលចំនួន១ស្លាបព្រា ទឹកត្រីចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ម្រះធំល្មមចំនួន២ផ្លែ ទឹកចំនួន៨កែវ របៀបធ្វើ នៅចានធំមួយ លាយច្របល់សាច់ជ្រូកចិញ្ចាំជាមួយស្លឹកខ្ទឹម តាំងហ៊ុន ស្ករមួយស្លាបព្រា​ អំបិលមួយស្លាបព្រា ទឹកត្រីមួយស្លាបព្រា ម្រេចមួយសា្លបព្រាកាហ្វេ ញ៉ត់សាច់ជ្រូកចិញ្ចាំចូលក្នុងម្រះ ប្រសិនបើអ្នកនៅសល់សាច់ជ្រូកចិញ្ចាំអាចយកធ្វើជាប្រហិតបាន ដាក់ម្រះដែលញ៉ត់សាច់ហើយនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់សាច់ឆ្អិននិងទឹករាងខាសបន្លិច ថែមគ្រឿងដោយដាក់ស្ករមួយស្លាបព្រា អំបិលមួយស្លាបព្រាកាហ្វេ ទឹកត្រី២ស្លាបព្រា ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លម្រះមានរសជាតិល្វីងបន្តិចប៉ុន្តែគេនូវតែនិយមធ្វើសម្លនេះបរិភោគជាប្រចាំ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

សម្លតាំងហ៊ុនសាច់ជ្រូក – ម្ហូបខ្មែរ

សម្លតាំងហ៊ុនសាច់ជ្រូក និងស្បែកជ្រូកបំពងមានរសជាតិឆ្ងាញ់ពិសេសរបស់ជនជាតិខ្មែរ ជាទូទៅម្ហូបមួយមុខនេះភាគច្រើនគេចំអិនសម្រាប់ទទួលទេវតាឆ្នាំថ្មីក្នុងរដូវចូលឆ្នាំ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លតាំងហ៊ុនសាច់ជ្រូក តាំងហ៊ុនចំនួន១កញ្ចប់ ស្បែកជ្រូកបំពងចំនួន១ខាំ សាច់មាន់ចំនួន៥ខាំ ទឹកចំនួន៥កែវ សាច់ជ្រូកហាន់ស្តើងៗចំនួន២ខាំកន្លះ ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ការ៉ុងចិតសំបកចេញហើយកាត់ជាដុំចំនួន១ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ អំបិលចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ត្រាំតាំងហ៊ុននិងស្បែកជ្រូកបំពងជាមួយទឹកក្តៅល្មមក្នុងចានផ្សេងគ្នារហូតដល់វាទន់ ស្រង់តាំងហ៊ុនរួចកាត់ជាពីរហើយលើកទុកម្ខាង ស្រង់ស្បែកជ្រូកហើយកាត់ជាដុំតូចៗរួចទុកនៅម្ខាង ដាក់សាច់មាន់ចូលក្នុងឆ្នាំងស៊ុបហើយស្ងោររហូតដល់សាច់មាន់ឆ្អិនរួចស្រង់សាច់មាន់ចេញពីឆ្នាំង ដាក់សាច់ជ្រូក ខ្ទឹមបារាំង ការ៉ុតនិងស្បែកជ្រូកចូលហើយចំអិនរហូតដល់សាច់ឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់តាំងហ៊ុនចូលទៅឆ្នាំងសម្លដែលកំពុងពុះរួចកូរឲ្យស៊ប៊ ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ សម្លតាំងហ៊ុនសាច់ជ្រូកគេនិយមបរិភោគជាមួយបាយ វាជាម្ហូបសាមញដែល ជាទូទៅគេនិយមធ្វើសម្លនេះក្នុងការបរិភោគប្រចាំថ្ងៃ ប្រសិនបើសម្លរាងខាប់អ្នកអាចថែមទឹកបាន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

អានបន្ត »

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ – ម្ហូបខ្មែរ

សម្លង៉ាំង៉ូវជ្រូកខ្វៃ គឺមុខ ម្ហូបខ្មែរ ដែលប្រជាជនទូទៅចូលចិត្តចំអិនក្រោយពីមានកម្មវិធីធំៗ ពីព្រោះក្នុងកម្មវិធីធំៗម្តងៗប្រជាជនតែងតែធ្វើមុខម្ហូបជាច្រើនមុខហើយមានបរិមាណច្រើនផងដែរ​ ជាហេតុធ្វើឲ្យមានមុខម្ហូបខ្លះសល់បរិភោគមិនអស់ ដូចជាជ្រូកខ្វៃជាដើម ហេតុដូចនេះហើយបានជាប្រជាជនខ្មែរច្នៃយកជ្រូកខ្វៃស្ងោរទៅជាម្ហូបថ្មីសម្រាប់បរិភោគដោយស្ងោរជាមួយង៉ាំង៉ូវ ទោះបីយ៉ាងណាម្ហូបមួយមុខនេះមានរស់ជាតិឆ្ងាញ់ម៉្យាងហើយងាយស្រួលចំអិនទៀត។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លង៉ាំង៉ូវជ្រូកខ្វៃ ង៉ាំង៉ូវកាត់ជាពីរចំនួន១ ខ្ទឹមបារាំងចិតជាបន្ទះចំនួន១ ស្លឹកគ្រៃកាត់ប្រវែង១ចំអាមរួចចងជាបាច់ចំនួន១គុម្ព ទឹកចំនួន៤កែវ ជ្រូកខ្វៃកាត់ជាដំុៗចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួនកន្លះស្លាបព្រាតូច ម្រេចចំនួនកន្លះស្លាបព្រាតូច ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ង៉ាំង៉ូវជាមួយខ្ទឹមបារាំង ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយដាំប្រហែល១០នាទី ដាក់សាច់ជ្រូកខ្វៃនិងស្ងោរប្រហែល១០នាទីទៀត ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ សម្លង៉ាំង៉ូវជ្រូកខ្វៃគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក – ម្ហូបខ្មែរ

សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក មានរសជាតិផ្អែមបន្តិច ជូរបន្តិច ហិលបន្តិច រួមជាមួយរសជាតិសាច់ជ្រូកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយជាទីពេញនិយមសម្រាប់ប្រជាជនទូទៅ។ ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសជំនួន៤ក្លែប ឆ្អឹងជំនីជ្រូកចំនួន៧កន្លះ ស្លឹកគ្រៃចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ម្នាស់កំប៉ុងចំនួន១កំប៉ុងឬម្នាស់ស្រស់ចំនួន១ចំហៀង ស្លឹកក្រូចសើចចំនួន២សន្លឹក ទឹកចំនួន៥កែវ ក្តាតបកសំបកហើយចិតជាកង់ៗចំនួន២ដើម សណ្តែកបណ្តុះចំនួន១កូនចាន ប៉េងប៉ោះហាន់ជាកង់ៗចំនួន១ ម្សៅស៊ុបអំពិលឬអំពិលទំុចំនួន១ស្លាបព្រា ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ជីម្អមនិងជីរណាចំនួន១កូនចានតូច ម្ទេសចិញ្ចាំចំនួន២ស្លាបព្រា របៀបធ្វើ កំដៅឆ្នាំងសម្លហើយដាក់ប្រេងឆានិងខ្ទឹមសចូលពេលឆ្នាំងឡើងក្តៅ បំពងខ្ទឹមសរហូតដល់ខ្ទឹមឡើងពណ៌ត្នោតរួចស្រង់ខ្ទឹមដាក់ម្ខាង ដាក់ឆ្អឹងជំនីជ្រូក ស្លឹកគ្រៃ អំបិលនិងម្រេចចូលក្នុងឆ្នាំងសម្លរួចកូរឲ្យស៊ប់ ដាក់ម្នាស់ …

អានបន្ត »

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក – ម្ហូបខ្មែរ

សម្លផ្លែស៊ូសាច់ជ្រូក ធ្វើពីត្រាវនិងផ្លែស៊ូជាមួយសាច់ជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិនដែលប្រជាជនមិនថាតែនៅជនបទឬនៅទីក្រុងទេចូលចិត្តសឹងគ្រប់ៗគ្នា។ ផ្លែស៊ូគឺជាប្រភេទបន្លែមួយប្រភេទយើងអាចយកទៅធ្វើជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិក្នុងមុខម្ហូបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ញោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលអាចជួយក្នុងការបញ្ចេញ កាកសំណល់អាក្រក់ចេញពីក្នុងរាងកាយមនុស្សផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លផ្លែស៊ូសាច់ជ្រូក ទឹកចំនួន៤កែវ សាច់ជ្រូកហាន់ស្តើងៗចំនួន 0.25​ kg មើមត្រាវបកសំបកនិងកាត់ជាដុំចំនួន 0.45 kg ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន១ផ្លែ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១កូនស្លាបព្រាកាហ្វេ អំបិលចំនួន១កូនស្លាបព្រាកាហ្វេ ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ជីម្អមហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាំទឹកក្នុងឆ្នាំងសម្លរហូតដល់ទឹកពុះ ដាក់សាច់ជ្រូកនិងត្រាវចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ដាក់ផ្លែស៊ូរួចស្ងោរហូតដល់ផ្លែស៊ូឆ្អិន ឧស្សាហ៏ដួសពពុះចេញពីឆ្នាំងសម្ល ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមនិងម្អមចូលជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លត្រាវផ្លែស៊ូនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

សម្លស្ពៃក្តោបជើងជ្រូក – ម្ហូបខ្មែរ

សម្លស្ពៃក្តោបជើងជ្រូក មានភាពសាមញ ងាយស្រួលចម្អិននិងរសជាតិពិសេស​ដែលប្រជាជនខ្មែរ មិនថានៅតាមជនបទឬទីប្រជុំជនទេតែងតែនិយមបរិភោគ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃក្តោបជើងជ្រូក ជើងជ្រូកកាត់ជាដុំៗចំនួន 0.9kg ខ្ទឹមបារាំងហាន់ជាកង់ៗចំនួនកន្លះផ្លែ ទឹកចំនួន៦កែវ ស្ពៃក្តោបចំនួន១ចំហៀងកាត់ជាដុំរួចលាងទឹកឲ្យស្អាត ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា  អំបិលចំនួន១កូនស្លាបព្រាកាហ្វេ ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមនិងជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ជើងជ្រូក ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ជើងជ្រូកឆ្អិនល្អ ដាក់ស្ពៃក្តោបរួចចម្អិនរហូតដល់ស្ពៃក្តោបឆ្អិន ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លជើងជ្រូកផ្សិតចំបើង – ម្ហូបខ្មែរ

អានបន្ត »

សម្លជើងជ្រូកផ្សិតចំបើង – ម្ហូបខ្មែរ

សម្លជើងជ្រូកផ្សិតចំបើង – ម្ហូបខ្មែរ

សម្លជើងជ្រូកផ្សិតចំបើង ជាមួយឆៃប៉ូវគឺជាមុខ ម្ហូបខ្មែរ ដែលពេញនិយមនៅតាមជនបទ ព្រោះវាងាយចម្អិននិងមានរសជាតិឆ្ងាញ់។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លជើងជ្រូកផ្សិតចំបើង ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាដុំចំនួន១ ជើងជ្រូកកាត់ជាដុំចំនួន 0.75kg ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួនប្រហែល១បាច់ ឆៃប៉ូវចំនួន១ដាក់ត្រាំទឹករួចហាន់ស្តើង ទឹកចំនួន៧កែវ ផ្សិតចំបើងចំនួនមួយកូនចានលាងសម្អាតឲ្យស្អាត ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រូចចំនួន១កូនចានតូច របៀបធ្វើ កំដៅឆ្នាំងសម្លពេលវាក្តៅហើយដាក់ខ្លាញ់ចូល បំពងខ្ទឹមស ខ្ទឹមបារាំងនិងជើងជ្រូក ដាក់ស្លឹកគ្រៃ ឆៃប៉ូវនិងទឹករួចចម្អិនរហូតដល់ជើងជ្រូកឆ្អិនល្អ ដាក់ផ្សិតចំបើងនិងថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លសណ្តែកដីជើងជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លសណ្តែកដីជើងជ្រូក – ម្ហូបខ្មែរ

សម្លសណ្តែកដីជើងជ្រូក – ម្ហូបខ្មែរ

សម្លសណ្តែកដីជើងជ្រូក និងឆៃប៉ូវមានរស់ជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិនហើយវាក៏ជាអាហារដ៏ពេញនិយមរបស់ប្រជាជននៅតាមស្រុកស្រែនិងតាមទីប្រជុំជន។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លសណ្តែកដីជើងជ្រូក ជើងជ្រូកកាត់ជាដុំចំនួន 0.9kg ត្រាំសណ្តែកដីក្នុងទឹកប្រហែល៣ម៉ោងចំនួនកន្លះកូនចាន ឆៃថាវចំនួន៤មើមរួចដាក់ត្រាំក្នុងទឹក ទឹកចំនួន៦កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់ជើងជ្រូក សណ្តែកដីស្រស់ ឆៃថាវនិងទឹកចូលក្នុងឆ្នាំងសម្ល ស្ងោដោយប្រើភ្លើងតិចៗរហូតដល់ជើងជ្រូកនិងសណ្តែកដីឆ្អិនល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ជីនិងស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាសម្លមួយមុខដែលសាមញនិងរសជាតិពិសេសម្យ៉ាង។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លស្ពៃជ្រក់ជើងជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លស្ពៃជ្រក់ជើងជ្រូក – ម្ហូបខ្មែរ

សម្លស្ពៃជ្រក់ជើងជ្រូក – ម្ហូបខ្មែរ

សម្លស្ពៃជ្រក់ជើងជ្រូក គឺជាមុខ ម្ហូបខ្មែរ ដែលប្រជាជនខ្មែរតាមជនបទភាគច្រើនចម្អិនអាហារដោយប្រើបន្លែដាំនិងចាប់សត្វដោយផ្ទាល់ដៃ។ ដើម្បីទុកបន្លែឲ្យបានយូរសម្រាប់បរិភោគនៅពេលក្រោយ ប្រជាជនបានកែឆ្នៃបន្លែស្ពៃទៅជាស្លៃជ្រក់និងប្រឡាក់សាច់ជាមួយអំបិលដើម្បីរក្សាទុកបានយូរ ជាទូទៅប្រជាជននិយមយកស្ពៃជ្រក់ធ្វើជាសម្លស្ពៃជ្រក់ដោយស្ងោជាមួយជើងជ្រូក វាមិនត្រឹមតែងាយស្រួលចម្អិនទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃជ្រក់ជើងជ្រូក ជើងជ្រូកកាត់ជាកង់ៗចំនួន៧ខាំកន្លះ ទឹកចំនួន៤កែវ ស្ពៃជ្រក់កាត់ជាកង់ៗចំនួន 0.45kg ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួន១ស្លាបព្រាកាហ្វេ ស្លឹកខ្ទឹមហាន់រួច១កូនចានតូច របៀបធ្វើ ដាក់ជើងជ្រូកនិងទឹកចូលក្នុងសម្លហើយចម្អិនរហូតដល់ជើងជ្រូកឆ្អិនល្អ ដាក់ស្ពៃជ្រក់ចូលរួចស្ងោរហូតដល់ទឹកពុះ ថែមគ្រៀងដោយដាក់ទឹកត្រី ស្ករនិងម្រេច ដាក់ស្លឹកខ្ទឹមជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាសម្លមួយមុខដែលសាមញនិងរសជាតិពិសេសម្យ៉ាង។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ

អានបន្ត »

សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ

សម្លឆៃថាវជើងជ្រូក – ម្ហូបខ្មែរ

សម្លឆៃថាវជាមួយជើងជ្រូក គឺ អាហារខ្មែរ ដែលប្រជាជនខ្មែរនិយមធ្វើក្នុងការបរិភោគប្រចាំថ្ងៃ​ វាមានភាពសាមញងាយស្រួលចម្អិននិងមានរសជាតិប្លែកម្យ៉ាង។ ចំណាំ៖ ឆៃថាវជាប្រភេទបន្លែមើម ដែលអាចមានពណ៍សឬក្រហមយោងទៅលើពូជរបស់វា ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់សុខភាព អ្នក​អាច​បរិភោគ​វា​ឆៅឬប្រើជាគ្រឿងផ្សំក្នុងមុខម្ហូប​អាហារក៏បាន។ ​ចំពោះអ្នកខ្លះមិនចូលចិត្តបរិភោគឆៃថាវទេ ដោយមិនដឹងពីសារៈប្រយោជន៍របស់វា បើនិយាយអាហារ​អាហារ​បំប៉ន ឆៃថាវ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​បន្លែ​ដទៃ​ទៀត​យ៉ាង​ខ្លាំង។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លឆៃថាវជើងជ្រូក ជើងជ្រូកកាត់ជាដុំចំនួន៩ខាំ ឆៃថាវចិតសំបករួចកាត់ជាដុំតូចៗចំនួន៧ខាំកន្លះ ម្រេចគ្រាប់ចំនួន១ស្លាបព្រា ទឹកចំនួន៦កែវ អំបិលចំនួន១ស្លាបព្រាកាហ្វេ ស្ករចំនួន១ស្លាបព្រា ទឹកត្រី២ស្លាបព្រា ស្លឹកខ្ទឹមចំនួន១កូនចានតូច ជីហាន់រួច១កូនចានតូច របៀបធ្វើ ដាក់ប្រហុក សាច់ជ្រូកបីជាន់ ម្រេចនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីរួចកូវឲ្យស៊ប់ ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លមួយមុខនេះមានរសជាតិប្រហុកដែលជួយបន្លែមរសជាតិកាន់តែឆ្ងាញ់ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងជ្វាលឿងឆ្អឹងជំនី – ម្ហូបខ្មែរ

អានបន្ត »