អានច្រើនដឹងច្រើន – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
អានច្រើនដឹងច្រើន – កំណាព្យខ្មែរ | |||
១ | មនោសញ្ចេតនាល្អ | អំណានបវរអក្សរសិល្ប៍ | |
លះបង់ស្មុគស្មូរមោហោខិល | រក្សាទានសីលរម្ងាប់ចិត្ត ។ | ||
២ | អានច្រើនស្តាប់ច្រើនកើនបញ្ញា | កើតច្រើនជាតាតប្រកិត | |
ដូចខ្លួនបានកើតតស្នេហ៍ស្និទ្ធ | បានអានខំខិតគំនិតជ្រៅ ។ | ||
៣ | សំណេរតាក់តែងមានសំអាង | មូលដ្ឋានភស្តុតាងតោងទុកនៅ | |
ទុក្ខសោករោគភ័យភ្លើងសន្ធៅ | សំណេរជ្រាលជ្រៅដៅបង្ហាញ ។ | ||
៤ | ហេតុផលគុណគាប់ត្រូវត្រាប់តាម | វិបត្តិជាស្នាមទោសបំផ្លាញ | |
ដំណើរជីវិតលោកបង្ហាញ | ទោសទណ្ឌស្មុគស្មាញត្រូវទប់ស្កាត់ ។ | ||
៥ | ដឹងគ្រប់រសជាតិក្នុងជីវិត | បទពិសោធន៍ពិតជាសម្បត្តិ | |
ឧស្សាហ៍រៀនសូត្រប្រឹងហ្វឹកហាត់ | វិជ្ជាកម្ចាត់ភាពល្ងិតល្ងង់ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ គង្វាលគោ – កំណាព្យខ្មែរ