Friday , April 19 2024

រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ

រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​ក្មេង​ប្រុស​២​នាក់​ នៅ​ភូមិ​ជា​មួយ​គ្នា​ មួយ​ឈ្មោះ​អា​សុខ​ស្លូត​មួយ​ឈ្មោះ​អា​សុខ​កាច ។ ឯ​អា​សុខ​កាច​ចិត្ត​អាក្រក់​ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា​ រក​តែ​រឿង​ឈ្លោះ​ជេរ​វាយ​គេ​មិន​ដែល​ខាន ។ ម្ដាយ​ឪពុក​អា​សុខ​កាច​នោះ​ជា​អ្នក​គ្រាន់​បើ​ មាន​ស៊ី​ មាន​ចាយ​ កាន់​ជើង​អា​សុខ​កាច​ណាស់​ បណ្ដាជន​ក្នុង​ភូមិ​នោះ​ខឹង​ស្អប់​អា​សុខ​កាច​ពន់​ពេក ។ ឯ​អា​សុខ​ស្លូត​កំព្រា​ឥត​មាន​មាតា​បិតា​ មាន​តែ​ជីដូនៗ​ក៏​ចាស់​ជរា​ ក្រ​លំបាក​ពេក​ក្រៃ ។ អា​សុខ​ស្លូត​នោះ​ បើ​លេង​ល្បែង​អ្វីៗ​នឹង​ក្មេង​ផង​គ្នា​ ក្នុង​ភូមិនោះ​ពុំ​ដែល​ឈ្លោះ​ប្រកែក​ដល់​ម្ដង​ឡើយ ។ បណ្ដា​ជន​ក្នុង​ភូមិ​នោះ​ អាណិត​ស្រឡាញ់​ ឲ្យ​ចំណី​ស៊ី​ខុស​អ្នក​នេះ​ អ្នក​នោះ​ឲ្យ​ មិន​ដែល​សល់​ខាន, ម្ល៉ោះ​ហើយ​អា​សុខ​កាច​នោះ​ច្រណែន​ទាំង​ម៉ួរម៉ៅ​ក្ដៅ​ចិត្ត​ រឹត​តែ​កាច​ឡើង​ ជេរ​វាយ​កូន​គេ​ឥត​កោត​ញញើត, ចាស់​និង​ចាស់​ឈ្លោះ​គ្នា​ព្រោះ​តែ​កាន់​ជើង​កូន​រៀង​ខ្លួន ។ លុះ​អា​សុខ​ស្លូត​និង​អា​សុខ​កាច​ចំរើន​អាយុ​ធំ​ឡើង​ អា​សុខ​កាច​បបួល​អា​សុខ​ស្លូត​ថា វ៉ី យើង​ចង់​នាំ​គ្នា​ទៅ​កាប់​ឫស្សី​ លួស​រនាប​ ត្បិត​ផ្ទះ​អា​សុខ​​ស្លូត​ឯង​ បាក់​ពុក​អស់​ហើយ ។ អា​សុខ​ស្លូត​ថា អញ​គ្មាន​ប្រដាប់​កាំបិត​ ឲ្យ​ជា​មុត​មាំ​ទេ​ ទាំង​អង្ករ​ ត្រី​សាច់​ ថ្នាំ​ជក់​ក៏​គ្មាន​ផង ។ សព្វ​ថ្ងៃ​រក​បាន​ព្រឹក​ខ្វះ​ល្ងាច ។ អា​សុខ​កាច​ថា កុំ​បាច់​យក​ម្ហូប​ចំណី​ ថ្នាំ​ជក់​ កាំបិត​ គ្រប់​ប្រដាប់​ទៅ​ឡើយ​ធានា​លើ​អញ​ទាំងអស់​ ឯង​មាន​តែ​ខ្លួន​ចុះ ថា​ហើយ​ក៏​បណ្ដើរ​គ្នា​ទៅ​ដល់​ផ្ទះ​អា​សុខ​ស្លូត​ ហើយ​អា​សុខ​ស្លូត​ក៏​និយាយ​ប្រាប់​ជីដូន​​ថា បង​សុខ​ គេ​បបួល​ខ្ញុំ​ទៅ​កាប់​ឫស្សី​លួស​រនាប​ប្រដាប់​ប្រដា​ អាហារភោជន៍​ នៅ​លើ​គេ​ទាំងអស់​ ខ្ញុំ​មាន​តែ​ខ្លួន​ទេ ។ ជីដូន​ឃាត់​ថា ចៅ​កុំ​ទៅ ! ព្រៃ​ឫស្សី​នោះ​ស្ងាត់​ណាស់ ។ អា​សុខ​ថា មិន​អី​ទេ​យាយ ! ផ្ទះ​យាយ​បាក់​ពុក​អស់​ហើយ​ បាន​រនាប​មក​គ្រាន់​នឹង​ជួស​ជុល​ កុំ​ឲ្យ​ផុង​យាយ ! ។ ឯ​យាយ​ផ្ដាំ​ថា ចៅ​ទៅ​ ក៏​ទៅ​ចុះ​ តែ​ចៅ​មើល​ថែ​ទាំ​ប្អូន​ផង ។ អា​សុខ​ស្លូត​អា​សុខ​កាច​វេច​បាយ​សំណុំ​គ្រប់​ប្រដាប់​សម្រាប់​កាប់​ឫស្សី​ លួស​រនាប​ ចេញ​ទាំង​ពីរ​នាក់​ទៅ​ ដល់​ព្រៃ​ឫស្សី​កាប់​បាន​ហើយ​លួស​រនាប ។ អា​សុខ​កាច​បាន​រនាប​តិច​ អា​សុខ​ស្លូត​បាន​រនាប​ច្រើន​ ហើយ​ឈប់​សម្រាក​ស៊ី​បាយ​ទាំង​ពីរ​នាក់​ អង្គុយ​ទល់​មុខ​គ្នា, អា​សុខ​កាច​គិត​ថា ជីវិត​អា​ឯង​ មុខ​ជា​ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ។ គិត​ហើយ​ក៏​ចាប់​យក​កាំបិត​បន្ទោះ​ចាក់​ចំ​ភ្នែក​អា​សុខ​ស្លូត​ដែល​កំពុង​ ស៊ី​បាយ ។ អា​សុខ​ស្លូត​ស្រែក​យំ​ថា ហេតុ​ដូម្ដេច​ ក៏​មក​ចាក់​ខ្ញុំ ? ។ អា​សុខ​កាច​ឆ្លើយ​ថា អា​ឯង​រក​របរ​របស់​ឯង​ ហើយ​មក​ស៊ី​បាយ​អញ​ ទាំង​រនាប​ក៏​បាន​ច្រើន​ជាង​អញ​ទៀត ។ អា​សុខ​ស្លូត​ឆ្លើយ​ថា កាល​បង​ឯង​បបួល​ខ្ញុំ​មក​កាប់​ឫស្សី​ លួស​រនាប​ ខ្ញុំ​ប្រកែក​ថា​ខ្ញុំ​គ្មាន​អ្វី​ទេ, បង​ឯង​ធានា​ថា​ បាយ​ម្ហូប​គ្រប់​ប្រដាប់​នៅ​លើ​បង​ឯង​ទាំងអស់​បាន​ជា​ខ្ញុំ​មក, ឥឡូវ​បង​ឯង​ចង់​យករនាប​ទាំងអស់​ ក៏​យក​ចុះ​ កុំ​តែ​សម្លាប់​ខ្ញុំ ។ អា​សុខ​កាច​ឆ្លើយ​ថា អា​ឯង​នេះ​មាត់​រឹង​ណាស់​ អា​ភាវនា​ទៅ ។ ថា​ហើយ​អា​សុខ​កាច​ ក៏​ចាប់​កាំបិត​បន្ទោះ​ចាក់​ភ្នែក​អា​សុខ​ស្លូត​ម្ខាង​ទៀត​ ឈាម​បាញ់​ហូរ​ស្រក់​ជោក​មុខ​ ជោក​ដើម​ទ្រូង​ ខ្វាក់​ភ្នែក​ទាំងពីរ​ ឈឺ​ចាប់​ខ្លាំង​​ណា​ស្ដាយ​ជីវិត​ខ្លួន​​ណា​គិត​ដល់​ជីដូន​ចាស់​ជរា​ កំព្រា​នៅ​ផ្ទះ​តែ​ម្នាក់​ឯង ។

អា​សុខ​កាច​ថា អា​ឯង​ទៅ​ ឲ្យ​ត្រី​វា​ស៊ី​ទៅ ។ ថា​ហើយ​ច្រាន​អា​សុខ​ស្លូត​ទៅ​ជិត​មាត់​ស្ទឹង​ ហើយ​ធាក់​ទម្លាក់​ទៅ​ក្នុង​ទឹក​ស្ទឹង​កំពុង​ហូរ​ ដោយ​គិត​ថា អា​សុខ​ស្លូត​មុខ​ជា​ស្លាប់​ហើយ ។ ក៏​ប្រមូល​រនាប​ទាំងអស់​ ចង​បាច់​វិល​មក​ផ្ទះ, ដាក់​រនាប​ហើយ​ហួស​ទៅ​និយាយ​ថ្លែង​កុហក​ប្រាប់​ជីដូន​អា​សុខ​ស្លូត​ថា ចៅ​យាយ​ឯង​ខ្លា​ខាំ​ស្លាប់​ទៅ​ហើយ។

យាយ​ឮ​អា​សុខ​កាច​ប្រាប់​ ថា​ ខ្លា​ខាំ​ចៅ​ស្លាប់​ ក៏​ទួញ​យំ​សោក​បោក​ខ្លួន​ហៀប​នឹង​ក្ស័យ​ជីវិត ។ ឯ​អា​សុខ​កាច​ រីករាយ​សប្បាយ​ចិត្ត​ ហើយ​ក៏​ដើរ​លេង​ជិតៗ​ផ្ទះ​ដូច​ធម្មតា​ ដោយ​ចិត្ត​ក្លាហាន​ រក​តែ​រឿង​ឈ្លោះ​នឹង​គេ ។

ត​ពី​នេះ​ ដំណាល​ពី​អា​សុខ​ស្លូត​ គ្រា​ដែល​អា​សុខ​កាច​ ចាក់​ឆ្កៀល​ភ្នែក​ទាំង​ពីរ​ខាង​ហើយ​វា​ធាក់​ទម្លាក់​ទឹក​ស្ទឹង​កំពុង​ហូរ​ទៅ ​នោះ, អា​សុខ​ស្លូត​ ហែល​បណ្ដែត​ខ្លួន​តាម​ខ្សែ​ទឹក​ហូ​ទៅ​ ក៏​ភាវនា​រក​ពុទ្ធោៗ​ពុំ​ដាច់​ពី​មាត់ ។ គ្រា​នោះ​អ្នក​តា​មួយ​ មាន​មហិទ្ធីរឹទ្ធ​ខ្លាំង​ពូកែ​ណាស់​ ដែល​មាន​អា​ស្រម​ នៅ​ក្នុង​ព្រៃ​រំលោង​ជិត​មាត់​ស្ទឹង​នោះ, អ្នកតា​មាន​ក្រពើ​ធំ​មួយ​ដេក​នៅ​ក្រោម​អាស្រម​ អាច​តំណែង​ជា​មនុស្ស​បាន ។ ដល់​ពេល​ឃ្លាន​អាហារ​ ក្រពើ​នោះ​ ក៏​វា​ចុះ​មក​ក្នុង​ស្ទឹង​ ស្វែង​រក​អាហារ​ វា​ហែល​ច្រាស​ទឹក, ហែល​ទៅៗ​ប្រទះ​នឹង​អា​សុខ​ស្លូត​ ដែល​កំពុង​ហែល​បណ្ដែត​ខ្លួន​តាម​ខ្សែ​ទឹក​ ក្រពើ​លាន់​មាត់​ថា អៃយ៉ា ! លាភ​ធំ​ណាស់​តើ ! អញ​មក​រក​អាហារ​ថ្ងៃ​នេះ​ ប្រទះ​បាន​មនុស្ស​ស៊ី ។ ហើយ​ប្រឹង​ស្ទុះ​ហែល​ទៅ​ជិត​ឮ​មាត់​ថា​ពុទ្ធោៗ​ក៏​សង្ស័យ​ក្នុង​ចិត្ត​ មើល​ទៅ​ភ្នែក​ទាំង​ពីរ​ ឃើញ​ធ្លុះ​រក​ប្រស្រី​គ្មាន, ក្រពើ​គិត​ថា គួរ​អញ​យក​ទៅ​ថ្វាយ​លោក​តា​អញៗ​ កុំ​ស៊ី​មនុស្ស​នេះ ។ ហើយ​ក៏​មុជ​កៀង​អា​សុខ​ស្លូត​ឲ្យ​នៅ​ពី​លើ​ខ្នង​ ហែល​ត្រឡប់​មក​ដល់​អា​ស្រម​វិញ​ ហើយ​តំណែង​ខ្លួន​ជា​មនុស្ស​ ដឹក​ដៃ​ នាំ​ខ្លួន​អា​សុខ​ស្លូត​ទៅ​ថ្វាយ​អ្នកតាៗ​ សួរ, អា​សុខ​ស្លូត​នោះ​ក៏​ថ្វាយ​បង្គំ​រាយ​រឿង​តាម​ដំណើរ​គ្រប់​ប្រការ, អ្នកតា​ ស្ដាប់​សព្វ​គ្រប់​ហើយ​មាន​ចិត្ត​មេត្តា​អា​សុខ​ស្លូត​នោះ​ពន់​ពេក​ លោក​ថា ឱ ! អា​សុខ​កាច​អើយ​ ចិត្ត​អី​អាក្រក់​ម្ល៉េះ ?ណ្ហើយ! ចៅ​សុខ​ស្លូត​ឯង​កុំ​ភ័យ​ សឹម​តា​ជួយ​សង្រ្គោះ​ឲ្យ​ចៅ​រស់​ជីវិត​ ភ្នែក​ក៏​ឲ្យ​ភ្លឺ​ដូច​ដើម​បាន​ទៅ​ជួប​នឹង​ជីដូន​ឯ​ផ្ទះ​វិញ ។ ថា​ហើយ​ក៏​ផ្សំ​ថ្នាំ​ដាក់​ភ្នែក​ សូត្រ​ទិព្វ​មន្ត​ផ្លុំ​ភ្នែក​ឲ្យ, ចៅ​សុខ​ស្លូត​នោះ​ ក៏​បាន​ភ្លឺ​ភ្នែក​ដូច​ដើម​ ទើប​អ្នកតា​ក្ដាប់​ដី​ខ្សាច់​មួយ​ដៃ​ សែក​ទិព្វ​មន្ត​ផ្លុំ​ដី​ខ្សាច់​ដាក់​ដៃ​ឲ្យ​ចៅ​សុខ​ ផ្ដាំ​ថា ចៅ ! ចូរ​ឯង​ក្ដាប់​ឲ្យ​ជាប់​ ពុំ​លា​ដៃ​ បើ​ទៅ​ដល់​ផ្ទះ​ចៅៗ​ប្រាប់​ជីដូន​ឲ្យ​ក្រាល​កន្ទេល​ក្នុង​ផ្ទះ​ ហើយ​សឹម​ចៅ​ដាក់​ដី​ខ្សាច់​នេះ​ទៅ​លើ​កន្ទេល ។ អ្នកតា​ផ្ដាំ​ហើយ​ ហោ​ក្រពើ​មក​ឲ្យ​ចៅ​សុខ​ស្លូត​ជិះ​លើ​ខ្នង​ ហែល​តាម​ស្ទឹង​ទៅ ។ បាន​ទៅ​ដល់​កន្លែង​ដែល​អា​សុខ​កាច​ធាក់​ទម្លាក់​ក្នុង​ទឹក​នោះ​ ចៅ​សុខ​ ឃើញ​ព្រៃ​ឫស្សី​ដែល​កាប់​លួស​រនាប​ក៏​ចាំ​ជាក់, ក្រពើ​ដាក់​ចៅ​សុខ​ឲ្យ​ឡើង​លើ​គោក, ចៅ​សុខ​ ក៏​លា​ក្រពើ​ដើរ​ដរាប​ទៅ​ដល់​ផ្ទះ, ហើយ​ចូល​ទៅ​យំ​សំពះ​ជីដូនៗ​ ឃើញ​ចៅ​ហើយ​ ស្ទុះ​មក​យំ​ខ្សឹកខ្សួល​ និយាយ​ប្រាប់​ចៅ​ថា គេ​ប្រាប់​យាយ​ថា​ ខ្លា​ខាំ​ចៅ​ស្លាប់​ទៅ​ហើយ​ ម្ចាស់​ជីវិត​អើយ ! ជីដូន​យំ​សោក​បោក​ខ្លួន​អា​សូរ​ចៅ​ ហៀប​នឹង​ក្ស័យ​ជីវិត, ចៅ​មិន​ស្លាប់​ ជីដូន​អរ​ណាស់​ រក​អ្វិ​មក​ប្រៀប​ផ្ទឹម​ពុំ​បាន ។

ឯ​ចៅ​សុខ​និយាយ​ប្រាប់​ ជីដូន​ តាំង​ពី​ទៅ​កាប់​ឫស្សី​ លួស​រនាប​ ត្រូវ​អា​សុខ​កាច​ វា​ចាក់​ភ្នែក​ធាក់​ទម្លាក់​ទឹក​ ហើយ​បាន​ក្រពើ​នាំ​ទៅ​ថ្វាយ​អ្នកតា, លុះ​រៀប​រាប់​រឿង​ប្រាប់​ជីដូន​គ្រប់​ប្រការ​ ជីដូន​រឹង​រឹត​តែ​អាណិត​ចៅ​ពេក​ ហើយ​វា​ប្រាប់​ជីដូន​ថា យាយ ! ក្រាល​កន្ទេល​ក្នុង​ផ្ទះ​ទៅ >> ជីដូន​ក្រាល​តាម​ពាក្យ​ចៅៗ​សុខ​ស្លូត​ក៏​លា​ដៃ​ ដាក់​ដី​ខ្សាច់​លើ​កន្ទេល​ កើត​ជា​ប្រាក់​គរ​ក្នុង​ផ្ទះ​ អរណាស់​ តែ​ពីរ​នាក់​ជីដូន​និង​ចៅ​ បាន​ចាត់​ចែង​ទិញ​សំលៀក​បំពាក់​គ្រប់​ប្រដាប់​ ប្រើ​ប្រាស់​ សង់​ផ្ទះ​ថ្មី​ ល្បី​មាន​ដាច់​គេ​ក្នុង​ភូមិ​នោះ ។

ឯ​អា​សុខ​កាច​ ឃើញ​អា​សុខ​ស្លូត​ ក៏​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថាអញ​ចាក់​ភ្នែក​វា​ទាំង​ពីរ​ខាង​​ធាក់​ទម្លាក់​ទឹក​ ស្មាន​ថា​វា​ស្លាប់​ ឥឡូវ​វា​រស់​ឡើង​វិញ​ ភ្នែក​ក៏​ភ្លឺ​ដូច​ដើម​ មាន​ទាំង​សម្បត្តិ​សម្បូណ៍​ប្រើប្រាស់​ គ្មាន​ខ្វះ​អ្វី​ ប្លែក​អំពី​ដើម។ លុះ​ដល់​វេលា​ស្ងាត់​មួយ​ វា​បាន​ជួប​នឹង​អា​សុខ​ស្លូត​ ក៏​សួរ​ថា កាល​ឯង​និង​អញ​ទៅ​កាប់​ឫស្សី​លួស​រនាប​នោះ​ បិសាច​មក​បណ្ដាល​ចិត្ត​អញ​ ឲ្យ​ចាក់​ភ្នែក​ទាំង​ពីរ​ខាង​ធាក់​ទម្លាក់​ទៅ​ក្នុង​ទឹក​ស្ទឹង​ អញ​ស្មាន​ថា​ឯង​ស្លាប់​ ហេតុម្ដេច​ ក៏​ឯង​រស់​ឡើង​វិញ​ ហើយ​មាន​ទាំង​ទ្រព្យ​ច្រើន​ជាង​គេ​ផង ។ អា​សុខ​ស្លូត​ឆ្លើយ​ថា បាន​គុណ​បង​ កុំ​អី​ខ្ញុំ​ក្រីក្រ​លំបាក​តោកយ៉ាក​ ដូច​បង​ឯង​ដឹង​ស្រាប់។ ហើយ​និយាយ​ប្រាប់​អា​សុខ​កាច​តាម​ត្រង់​ថា កាល​ដែល​បង​ចាក់​ភ្នែក​ខ្ញុំ​ទាំង​ពីរ​ខាង​ធាក់​ទម្លាក់​ក្នុង​ស្ទឹង​ទៅ​នោះ ​ ខ្ញុំ​ភាវនា​រក​តែ​ពុទ្ធោៗ​ ក៏​បាន​ជួប​នឹង​ក្រពើៗ​ នាំ​ទៅ​ថ្វាយ​អ្នកតាៗ​ ជប់​ភ្នែក​ជប់​ដី​ខ្សាច់​ឲ្យ​ខ្ញុំ, លុះ​ខ្ញុំ​មក​ដល់​ផ្ទះ​ដាក់​ដី​ខ្សាច់​ កើត​ជា​ប្រាក់​មាស​ បាន​ជា​ខ្ញុំ​មាន​សព្វ​ថ្ងៃ​នេះ ។

អា​សុខ​កាច​ ឮ​អា​សុខ​ស្លូត​ រាយ​រឿង​ដូច្នោះ​ ក៏​បណ្ដាល​ចិត្ត​លោភលន់​ពន់​ប្រមាណ​គិត​ថា អញ​នឹង​ធ្វើ​ឲ្យ​បាន​ដូច​អា​សុខ​ស្លូត ។ ថ្ងៃ​ក្រោយ​ជួប​នឹង​អា​សុខ​ស្លូត​ ក៏​និយាយ​ថា អា​សម្លាញ់​អើយ ! អញ​ចង់​ទៅ​កាប់​ឫស្សី​ លួស​រនាប​នៅ​ព្រៃ​ដែល​យើង​ទៅ​កាប់​ត្រង់​កន្លែង​មុន​នោះ , ឯ​បាយ​ទឹក​អាហារ​ភោជន​ ថ្នាំ​ជក់​ កាំបិត​តូច​ធំ​ ប្រដាប់​កាប់​ឫស្សី​ លួស​រនាប​ ស្រេច​នៅ​លើ​អញ​ទាំងអស់​ ឯង​មាន​តែ​ខ្លួន​ទៅ​បាន​ហើយ ។ អា​សុខ​ស្លូត​ថា ក្រែង​សម្លាប់​អញ​ទៀត ។ អា​សុខ​កាច​ថា មុន​នោះ​ខ្មោច​កំរោល​វា​ចូល​ឲ្យ​អញ​ងងឹត​មុខ​ អញ​ចាក់​ឯង​ ដោយ​មិន​ដឹង​ខ្លួន​សោះ​ ឯង​កុំ​ប្រកាន់​ខឹង​នឹង​អញ ។ អា​សុខ​ស្លូត​ថា ចាំ​ខ្ញុំ​ជូន​ទៅ​ ត្បិត​បង​សុខ​ឯង​ មាន​គុណ​លើ​ខ្ញុំ​ច្រើន​ខ្ញុំ​មាន​សម្បត្តិ​ទ្រព្យ​ក៏​ព្រោះ​បង ។ លុះ​ព្រឹក​ឡើង​ អា​សុខ​កាច​ ស្ពាយ​បាយ​សំណុំ​ មាន​គ្រប់​ប្រដាប់​ដូច​មុន​ ហើយ​បណ្ដើរ​គ្នា​ដល់​ព្រៃ​ឫស្សី, លុះ​កាប់​បាន​ ពុះ​លួស​រនាប​ហើយ​ នាំ​គ្នា​អង្គុយ​ស៊ី​បាយ ។ អា​សុខ​កាច​ហុច​កាំបិត​បន្ទោះ​ទៅ​អា​សុខ​ស្លូត​ ប្រាប់​ថា ឯង​ចាក់​ភ្នែក​អញ​ម្ខាង​ទៅ ។ អា​សុខ​ស្លូត​ប្រកែក​ពុំ​ព្រម​ចាក់ ។ អា​សុខ​កាច​ថា ជើ ! ចាក់​មកៗ, ហ៊ី ! ម្ដេច​មិន​អាណិត​គ្នា​ផង​សោះ ។ អា​សុខ​ស្លូត​ក៏​ចាក់​ឆ្កៀល​ដូច​គេ​ឆ្កៀល​ក្រសាំង​ ឲ្យ​ខ្វាក់​ភ្នែក​ម្ខាង​ទៅ ។ អា​សុខ​កាច​ឈឺ​ពើត​ខ្លាំង​ណាស់​ តែ​ចិត្ត​ចង់​ប្រញាប់​ឲ្យ​បាន​ប្រាក់​ ដូច​អា​សុខ​ស្លូត​ ក៏​ឲ្យ​អា​សុខ​ស្លូត​ចាក់​ភ្នែក​ម្ខាង​ទៀត​ ហើយ​បង្គាប់​ឲ្យ​អា​សុខ​ស្លូត​ច្រាន​ទៅ​ជិត​មាត់​ស្ទឹង​ ទាំង​បង្គាប់​ឲ្យ​ធាក់​ផង ។ អា​សុខ​ស្លូត​ក៏​ធាក់​ទម្លាក់​ក្នុង​ទឹក​ស្ទឹង ។ អា​សុខ​កាច​សួរ​ថា កាល​ដែល​អញ​ចាក់​ឯង​មុន​នោះ​ ឯង​ធ្វើ​ម្ដេច​ខ្លះ ? ។ អា​សុខ​ស្លូត​ថា អញ​រក​តែ​ពុទ្ធោ​ជាប់​នៅ​មាត់ ។ អា​សុខ​កាច​ប្រឹង​ស្រែក​រក​តែ​ពុទ្ធោ​មិន​ឈប់​ ឮ​រំពង​ព្រៃ​មាត់​ស្ទឹង​ទន្ទឹង​រក​ក្រពើ​ក៏​ពុំ​ជួប​សោះ​ ណា​មួយ​វា​ឈឺ​ចាប់​ ហែល​បណ្ដែត​ខ្លួន​យូរ​បន្តិច​ទៅ​អស់​កម្លាំង​ ឈ្លក់​ទឹក​ស្លាប់​ទៅ​ ហើម​រលួយ​រលេះ​ ត្រី​ស៊ី​នៅ​តែ​លលាដ៏​ក្បាល ។ ខ្មោច​អា​សុខ​កាច​ក៏​អណ្ដែត​តាម​ខ្សែ​ទឹក​ លង​គេ​ឮ​តែ​ពុទ្ធោៗ​ ដរាប​ដល់​កំពង់​ទឹក​មហា​សេដ្ឋី ។ វេលា​នោះ​កូន​ក្រមុំ​មហា​សេដ្ឋី​ នាំ​ខ្ញុំ​ប្រុស​ស្រី​ចុះ​ទៅ​ងូត​ទឹក​កំពង់, កំពុង​តែ​កញ្រ្ជោក​ទឹក​លេង​សប្បាយ​ ស្រាប់​តែ​ឃើញ​លលដ៍​ក្បាល​អា​សុខ​កាច​នោះ​អណ្ដែត​មក​ជិត​ លង​ស្រែក​ថា ពុទ្ធោៗ ! ។ កូន​ក្រមុំ​មហា​សេដ្ឋី​ ឈប់​លេង​ទាំង​អស់​គ្នា​នឹក​សង្ស័យ​ ក៏​ប្រើ​ខ្ញុំ​ប្រុស​ម្នាក់​ឲ្យ​ទៅ​ស្រង់​យក​លលាដ៍​ក្បាល​ខ្មោច​នោះ​ មក​ដាក់​លើ​គោក​នៅ​មាត់​កំពង់​នោះ, លលាដ៍​ក្បាល​ខ្មោច​នោះ​ វា​មិន​បាត់​ស្ងាត់​សោះ​ ចេះ​តែ​លង​គេ​រក​តែ​ពុទ្ធោៗ ។

កូន​ក្រមុំ​មហា​សេដ្ឋី​ ក៏​នាំ​ខ្ញុំ​ប្រុស​ស្រី​ឡើង​ពី​ងូត​ទឹក​មក​ ប្រើ​ឲ្យ​ខ្ញុំ​ប្រុស​កាន់​យក​ក្បាល​ខ្មោច​អា​សុខ​កាច​នោះ​មក​ផ្ទះ​ ហើយ​នាង​ជំរាប​មហា​សេដ្ឋី​ជា​ឪពុក​នាង​ថា លោក​ឪពុក ! ខ្ញុំ​រើស​លលាដ៏​ក្បាល​ខ្មោច​មួយ​អណ្ដែត​ទឹក​នៅ​កំពង់​យើង​ វា​លង​ស្រែក​រក​ពុទ្ធោៗ ។ សេដ្ឋី​ជា​មាតា​បិតា​ស្ដាប់​ហើយ​ ក៏​ស្ទុះ​មក​មើល​ ឃើញ​ក្បាល​ខ្មោច​នោះ​កំពុង​ស្រែក​រក​ពុទ្ធោៗ​ មែន​អស្ចារ្យ​ណាស់​ ក៏​ឲ្យ​លាង​ដុស​ខាត់​ដាក់​លើ​តោក​ លលាដ៏​ក្បាល​នោះ​ ក៏​នៅ​តែ​ស្រែក​រក​ពុទ្ធោៗ​ជា​និច្ច​ គ្មាន​ឈប់ ។

ព្រឹកៗ​សេដ្ឋី​នោះ​តែង​ទៅ​ គាល់​ព្រះ​មហាក្សត្រ​ នៅ​ទី​ចុង​ព្រះ​រាជ​រោង​ជួប​ជុំ​អស់​មន្រ្តី​ចតុស្ដម្ភ​រាល់​ពេល​ពុំ​ដែល​ ខាន ។ សេដ្ឋី​ជំរាប​អស់​លោក​ថា ខ្ញុំ​បាន​លលាដ៏​ក្បាល​ខ្មោច​មួយ​ ចេះ​ស្រែក​រក​ពុទ្ធោៗ​ជា​និច្ច ។ អស់​លោក​ចតុស្ដម្ភ​ស្ដាប់​ហើយ​ឆ្លើយ​ថា សេដ្ឋី​កុហក​ទេ​ មិន​ដែល​មាន​លលាដ៏​ក្បាល​ខ្មោច​ណា​ ចេះ​ស្រែក​រក​ពុទ្ធោ​ទេ​ យើង​មិន​ជឿ​ឡើយ ។ សេដ្ឋី​ថា ពិត​ប្រាកដ​ណាស់​ បើ​អស់​លោក​មិន​ជឿ​ខ្ញុំៗ​ ហ៊ាន​ភ្នាល់​ដោយ​មាស​មួយ​រយ​តម្លឹង ។ អស់​លោក​ចតុស្ដម្ភ​ទាំង​៤​ថា យើង​ហ៊ាន​ភ្នាល់ ។ ហើយ​ធ្វើ​សំបុត្រ​ចុះ​កិច្ច​សន្យា ។ សេដ្ឋី​ទៅ​ដល់​ផ្ទះ​ ឮ​លលាដ៏​ក្បាល​ខ្មោច​ស្រែក​រក​ពុទ្ធោ​កោកៗ​នឹក​ថា អស់​លោក​មុខ​ជា​ចាញ់​អញ​ហើយ សេដ្ឋី​យក​មាស​មួយ​រយ​តម្លឹង​ឲ្យ​កូន​ក្មួយ​កាន់​តោក​ដែល​ដាក់​លលាដ៏​ក្បាល​ ខ្មោច​នោះ​យ៉ាង​រហ័ស​ទៅ​ លុះ​ចូល​ទៅ​ដល់​ទ្វារ​កំពែង​ខាង​ក្រៅ​ លលាដ៏​ក្បាល​ខ្មោច​បាត់​សម្លេង​ឈឹង​ ពុំ​ឮ​ស្រែក​រក​ពុទ្ធោ​សោះ, កាល​ចូល​ដល់​ចុង​ព្រះ​រាជ​រោង​ ដាក់​លលាដ៏​ក្បាល​ខ្មោច​ចំពោះ​មុខ​អស់​លោក​ចតុស្ដម្ភ​ទាំង​៤​នោះ​ហើយ​ សេដ្ឋី​បង្គាប់​ថា ចាំ​អី​ទៀត​ក៏​មិន​ស្រែក​រក​ពុទ្ធោៗ​ទៅ ។ លលាដ៏​ក្បាល​ខ្មោច​បាត់​សូន្យ​ឈឹង​ មិន​ឮ​រក​ពុទ្ធោ​សោះ ។ មហា​សេដ្ឋី​ចាញ់​ក៏​ជូន​មាស​មួយ​រយ​តម្លឹង​ទៅ​អស់​លោក, ឯ​អស់​លោក​ចំអក​ថា សេដ្ឋី​យក​ក្បាល​ខ្មោច​មក​វា​រក​ពុទ្ធោ​ថ្លង់​យើង​រាល់​គ្នា ហើយ​ទះ​ដៃ​សើច​លាន់​នៅ​ទី​ព្រះ​រាជ​រោង ។ សេដ្ឋី​ខឹង​នឹង​ក្បាល​ខ្មោច​ណាស់​ លា​អស់​លោក​ចេញ​មក​ក្រៅ​ដល់​កំពែង​ ស្រាប់​តែ​លលាដ៏​ក្បាល​ខ្មោច​ស្រែក​ថា​ពុទ្ធោៗ ។ សេដ្ឋី​រឹត​តែ​ខឹង​ណាស់, ដល់​ផ្ទះ​ប្រើ​បាវ​ឲ្យ​យក​ពូថៅ​ នាំ​យក​លលាដ៏​ក្បាល​ខ្មោច​ទៅ​សំពង​ចោល​ឯ​កំពង់​ទឹក ។ បាវ​យក​ទៅ​មិន​សំពង​ឲ្យ​ល្អិត​ ត្រឡប់​ជា​បោះ​លលាដ៏​ខ្មោច​ទាំង​មូល​ចោល​ទៅ​ក្នុង​ទឹក ។ ឯ​លលាដ៏​ក្បាល​ខ្មោច​អា​សុខ​កាច​នោះ​ អណ្ដែត​តាម​ទឹក​ស្ទឹង​ ហូរ​រសាត់​ទៅ​ក្រោម​ វា​លង​រក​ពុទ្ធោៗ​រៀង​ទៅ​ដល់​កំពង់​វត្ត ។ វេលា​នោះ​លោក​សង្ឃ​និមន្ត​ទៅ​ស្រង់​ទឹក​ បាន​ឃើញ​លលាដ៏​ក្បាល​ខ្មោច​ លង​រក​ពុទ្ធោៗ, លោក​ក៏​ស្រង់​យក​ទៅ​កុដិ​ និមន្ត​លោក​សង្ឃ​ផង​គ្នា​បង្សុកូល​ រួច​ដុត​ក្បាល​ខ្មោច​នោះ​សុស​ ហើយ​លោក​ពិចារណា​ថា គួរ​យក​កំទេច​ឆ្អឹង​នេះ​ លាយ​នឹង​ម្រ័ក្សណ៍​ ខ្មុក​សសរ​ព្រះ​វិហារ​ បញ្ជូន​ផល​ឲ្យ​បាន​ដល់​អ្នក​ដែល​ស្លាប់​ ហើយ​លោក​ក៏​យក​ខ្មុក​លាប​តាម​សព្វ​ព្រះទ័យ​លោក​ទៅ, សល់​បន្តិច​បន្តួច​ យក​ទៅ​លាប​លន​រទេះ​លោក, កាល​ដែល​ម្រ័ក្សណ៍​ខ្មុក​រទេះ​នោះ​ស្ងួត​ហើយ​ លោក​ភ្នក​ព្រះទ័យ​ចង់​ទឹម​រទេះ​បរ​ទៅ​សួរ​ញាតិ​ញោម, លោក​ក៏​ឲ្យ​សិស្ស​ដឹក​គោ​មក​ទឹម​រទេះ​ឡើង​គង់​ បរ​ចេញ​ពី​កុដិ​ទៅ ។ វេលា​ស្ងាត់​ពី​មនុស្ស​រទេះ​នោះ​លាន់​ភ្លៅ​នឹង​ដុំ​សង្កៀត​គ្នា, ដូច​រទេះ​ធម្មតា​ តែ​ដល់​ជួប​នឹង​ឧបាសក​ឧបាសិកា​ រទេះ​នោះ​លាន់​ឮ​ដូច​លោក​ជេរ​បញ្ចោរ​គេ​ថា មេ​ចោរៗ ញាប់ញិញ ។ ឧបាសក​ឧបាសិកា​ឮ​ខឹង​នឹង​លោក​ ព្រោះ​ថា​លោក​ជេរ​បញ្ចោរ​ប្រពន្ធ​កូន​គេ​ ក៏​ដៀល​ត្មះ​ជា​ពាក្យ​ទម្ងន់ៗ, លោក​ប្រកែក​ដូចម្ដេច​ ក៏​ពុំ​ស្ដាប់​រឹត​តែ​ប្រមាថ​លោក​ ឥត​កោត​ញញើត, លោក​បរ​ហួស​ទៅ​ទៀត​ ជួប​នឹង​នាហ្មឺន​គេ​កំពុង​ដើរ​ មាន​គ្នា​ច្រើន, ឯ​រទេះ​លាន់​ឮ​ទៀត​ ដូច​ជា​លោក​ជេរ​ម្ដាយ​នាហ្មឺន​ទាំង​នោះ​ថា ចោរ​ម្ដាយ​នាហ្មឺន នាហ្មឺន​ ខឹង​នឹង​លោក​ ក៏​នាំ​គ្នា​ដេញ​វាយ​លោកៗ​ ភ័យ​វាយ​គោ​បំបោល​រួច​ទៅ ។

លោក​នេះ​ គិត​ថា ពី​ដើម​ រទេះ​អញ​ បរ​មក​ មិន​ដែល​ឮ​សូរ​ជេរ​បញ្ចោរ​គេ​ទេ, រឿង​នេះ​ ឃើញ​តែ​កំទេច​ឆ្អឹង​ក្បាល​ខ្មោច​ដែល​ខ្មុក​បិទ​សសរ​ព្រះ​វិហារ​ សល់​ពី​នេះ​អញ​យក​មក​លាប​លន​រទេះ​នេះ ។ លុះ​ត្រឡប់​មក​ពី​សួរ​ញាតិ​ញោម​ មក​ដល់​វត្ត​វិញ​ លោក​កាប់​រទេះ​ដុត​នៅ​កន្លែង​ដែល​ដុត​លលាដ៏​ក្បាល​ខ្មោច​អា​សុខ​កាច​ ឆេះ​ជា​ផេះ, កន្លែង​នោះ​ដោយ​មាន​ជាតិ​អា​សុខ​កាច​ ក៏​ដុះ​កើត​ជា​ស្មៅ​កន្រ្តើយ​ ដែល​ជាប់​សំពត់​ ខោ​មនុស្ស​សព្វ​ថ្ងៃ​នេះ​ឯង ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអាខ្វាក់អាខ្វិន – រឿងព្រេងខ្មែរ

រឿងអាសុខស្លូតនិងអាសុខកាច – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *