និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់ ៖ បែបបទក្នុងការរកស៊ី និងការប្រើរបស់ចាស់ ។
អត្ថាធិប្បាយ ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់
ចង់មានឲ្យជួញអង្ករ
អង្ករ គឺជាគ្រាប់ធញ្ញជាតិដែលមនុស្សគ្រប់គ្នាយកមកចម្អិនជាបាយធ្វើអាហារសម្រាប់ទទួលទានចិញ្ចឹមជីវិត ។ ដូច្នេះ អ្នកណាក៏ត្រូវការអង្ករដែរ គ្រាន់តែអ្នកមានធនធានអាស្រ័យអង្ករល្អ អង្ករថ្លៃ អង្ករឆ្ងាញ់ ។ ឯអ្នកក្សត់ខ្សោយទទួលទានអង្ករអ្វីដែលរកបានទៅតាមលទ្ធភាព ។
កាលបើមានគេត្រូវការអង្ករគ្រប់ៗគ្នា ដូច្នេះអ្នកលក់អង្ករអាចប្រមូលបានលុយជាហូរហែ ។ ប៉ុន្តែ គេក៏សង្កេតឃើញអ្នកលក់អង្ករតូចតាចខ្លះ លក់មិនសូវដាច់ ប្រមូលលុយក៏មិនសូវបានដែរ ។
ចង់ក្រឲ្យប្រើឡានចាស់
ធម្មតា ឡានចាស់មានតម្លៃថោក ។ អ្នកមានធនធានល្មមៗក៏អាចទិញប្រើបានដែរ ។ ប៉ុន្តែមិនយូរប៉ុន្មានទេ គេប្រើបន្តិចទៅ វាខូចនេះ វាខូចនោះ ។ គេជួសជុលកន្លែងនេះរួច វាខូចកន្លែងនោះទៀត មិនចេះអស់មិនចេះហើយ ជួសជុលយូរៗទៅ ធ្វើឲ្យមានកង្វះខាតលុយផ្គត់ផ្គង់ជីវភាព ។
ទីបំផុត គេរកលុយជួសជុលលែងបាន ។ មិនយូរប៉ុន្មាន គេអាចក្រដោយសារតែប្រើឡានចាស់ ដូចពាក្យគេថាមែន ។
កំណត់សម្គាល់ៈ សុភាសិតខាងលើនេះ កាលពីមុនគេថា «ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យជួញអំបិល» ព្រោះអំបិលពេលស្ងួតស្រកភ្នែកជញ្ជីង ។ ប៉ុន្តែគេឃើញអ្នកជួញអំបិលមានៗណាស់ ។ ដូច្នេះ គេដូរថា «ចង់មានឲ្យជួញអង្ករ ចង់ក្រឲ្យប្រើឡានចាស់» គឺជាការពិត ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង – សុភាសិតខ្មែរអធិប្បាយ