Friday , March 29 2024

រឿងវត្តវិហារសួរ – រឿងព្រេងខ្មែរ

រឿងវត្តវិហារសួរ – រឿងព្រេងខ្មែរ ៖ វត្តវិហារសួរ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិមួយ ឮ​កិត្តិនាមពេញប្រទេសកម្ពុជាតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន កាលនេះ អ្នក​ផង​សឹង​បាន​ជ្រាប​ជាច្រើន។ រៀងរាល់ឆ្នាំក្នុងមួយឆ្នាំៗ តែងមានមហាជនរាប់ពាន់នាក់ ទៅបូជា បែរបន់ តាមប្រាថ្នាផេ្សងៗ ទំាងព្រះរាជាព្រះរាជវង្សានុវង្ស នាម៉ឺន​សព្វមុខមន្រ្តី ក៏បានសេ្តចយាង តែងអញ្ជើញទៅបូជាបួងសួង នៅទីនោះដែរ។

វត្តវិហារសួរ មានដើមកំណើតជាព្រះរាជទ្រព្យ ដែលព្រះរាជាបក្សីចាំក្រុងទ្រង់កសាងទុកជាអនុស្សាវរីយ៍ត្រង់ទីដែល តាគហេ កើន​ព្រះអង្គ​ឡើង​ឋាន​សួគ៌‌ សឹងមានចែងទុកជា​ប្រវត្តិនៃព្រះវិហារនោះដូចតទៅ: តាមរបារក្សត្រដែលមានចារិកទុកមក​ក្នុងព្រះរាជវង្សសាវតាប្រទេសកម្ពុជាថា: “វត្តព្រះវិហារសួរ កើតឡើងក្នុង រជ្ជកាលទី១៩ រជ្ជកាលព្រះបាទបក្សីចាំក្រុង ជាព្រះរាជាប្រទេសកម្ពុជា គង់នៅនគរវត្ត ក្នុងព.សរវាង១៥៧២ គ.សរវាង១០២៨ ឬ២៩ ព្រះអង្គបានផ្តើមកសាងទុក​ជាអនុស្សាវរីយ៍រំលឹកដល់ពេលព្រះអង្គរត់គេចពីកងទ័ព ជាមួយ តាគហេ”។

រឿងរ៉ាវដើមហេតុនាំឲ្យមានរត់គេចពីកងទ័ពនេះ មានដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេសកម្ពុជា រជ្ជកាលទី១៦ ទ្រង់​ព្រះ​ទិវង្គត​ទៅ បុរសម្នាក់ឈ្មោះដំបងគ្រញូង​មានមហិទ្ធិឬទ្ធិខ្លាំងពូកែ បានសោយរាជ្យជា រជ្ជកាលទី១៧ ឡើងឲ្យបង្គាប់ឲ្យធ្វើគុតព្រះរាជវង្សានុវង្សមុន។

កាលនោះមានព្រះម្នាងម្នាក់ទ្រង់ព្រះគ៌‌តពុំទាន់គ្រប់ខែ ភាសខ្លួនជារាស្រ្តសាមញ្ញចេញទៅស្រុកក្រៅ សំណាក់ជាមួយ តាគហេ និង យាយលាក់ ជា​ស្វាមី​ភរិយា។ លុះព្រះគ៌‌តគ្រប់ខែ១០ ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ លក្ខណៈល្អមានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និងបាតព្រះបាទ តាគហេ និង យាយលាក់ ស្រលាញ់ណាស់ ថ្នាក់ថ្នមដូចកូនបង្កើត។

ថៃ្ងមួយតាយាយ និងព្រះម្នាងទៅច្រូតស្រូវ បានផេ្តកព្រះរាជកុមារក្រោមម្លប់ឈើមួយដើម លុះកំដៅថៃ្ងចាំងមក ត្រូវព្រះរាជកុមារ មាន​បក្សី​មួយ​មក​កាង​ស្លាបក្រុងបាំងពីលើ មិនឲ្យត្រូវថៃ្ង។

តាគ​ហេស្មានថាសត្វចឹកចៅរត់ទៅមើល បក្សីនោះហើរទៅបាត់ទៅ។ តាគហេនឹកសរសើរថា កូននេះមានបុណ្យ អស្ចារ្យណាស់ក៏ថ្វាយព្រះនាមថា “បក្សីចាំក្រុង”។

តមកកាលពីព្រះបាទព្រហ្មកិល (ពញាក្រែក) រជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងទ្រង់បានជ្រាបទំនាយតាម ពួកហោរា​ទាយថា “មាន​អ្នក​មាន​បុណ្យ​កើតក្នុងត្រកូលក្សត្រ បានព្រះជន្ម៧ឆ្នាំហើយ ភាសន៍ខ្លួនជាប្រជារាស្រ្តក្នុង អាណាចក្រនេះ អ្នក​មាន​បុណ្យ​នោះ មាន​កង​ចក្រ​នៅ​បាតដៃ បាតជើង​” ទ្រង់ក៏យកកេ្មងៗអាយុ៧ឆ្នាំ ដែលមាននៅ ក្នុងព្រះនគរទាំងប៉ុន្មានមកផ្តិតដៃនៅលើម្សៅក្នុងចងេ្អរ ដើម្បីទ្រង់ពិនិត្យរកកងចក្រ តាគហេ ភ័យក៏ពរបក្សីចាំក្រុងរត់ចេញ។ ព្រះរាជាទ្រង់ចាត់ទ័ពតាមចាប់។

ហេតុតែបុណ្យបរមីបក្សីចាំក្រុង កងទ័ពដេញតាមពុំទាន់ រកពុំឃើញ។ តាគហេបានបញ្ជិះបក្សីចាំក្រុងលើស្មា ដើរកាត់ព្រៃទៅផ្ទះគាត់ ដល់​ផ្ទះ​ហើយ គាត់​ទូលបក្សីចាំក្រុងថា “បាគង់នៅទីនេះចុះ ចាំតាទៅកៀរគោបញ្ចូល ក្រោលសិន”។ ហើយគាត់ចោលដំបងដេញគោ ដំបង​បាត់​​ក្នុងទឹក​អូរ​រក​ពុំឃើញ បានជាអូរនោះឈ្មោះថា “អូរដំបង” នៅក្នុងខេត្តបាត់ដំបងសព្វថៃ្ងនេះ ។

បន្ទាប់ពីនេះ តាគហេ ពរបក្សីចាំក្រុងរត់កាត់ព្រៃទៅដល់ទួលមួយមានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សំរាកដេក នៅទីនោះបានជាទីនោះហៅថា “ភូមិរលួស” នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប សព្វថៃ្ងនេះ។ តពីនោះតាគហេ និងបក្សីចាំក្រុង ដោយ​សារ​ទូក គេ​​ឆ្លង​កាត់​ទី​ទំនាបទឹក មក​ដល់​ខេត្ត​ជើងព្រៃ កងទ័ពលើកតាម មកជិតទាន់ តាគហេក៏នាំបក្សីចាំក្រុងវេះពួនក្នុងព្រៃ វេលាយប់ព្រៃនោះមានមូសច្រើនបក្សីចាំក្រុងបួងសួងថា “បើខ្ញុំ មានបុណ្យ សូមកុំឲ្យមានមូសនៅទីនេះ” ដោយអនុភាពព្រះរាជកុមារ មូសក៏បាត់អស់ទៅ ទើបទីនោះមានឈ្មោះថា “ទួលគហេ” ក្នុងតំបន់រកាកោង ស្រុកមុខកំពូលខេត្តកណ្តាលសព្វថៃ្ងនេះ។

លុះព្រឹកឡើង តាគហេ ក៏នាំបក្សីចាំក្រុងរត់ទៅទៀត ដល់មាត់ទនេ្លប្រុងនិងឆ្លងទៅត្រើយខាងត្បូងតែរកទូកឆ្លងគ្មាន បក្សីចាំក្រុងផ្សងបារមីថា “បើ​ខ្ញុំ​ត្រូវ​បានសោយរាជ្យ​ហើយបានទំនុកបំរុងពុទ្ធសាសនាមែន សូមឲ្យដើមរការនៅត្រើយ ខាងជើងកោងទៅដើមល្វានៅត្រោយខាងត្បូងទេរមក” ដើម​ឈើ​ទាំងពីរនោះក៏កោងទៅទេមក ដូចប្រណិធាន។ តាគហេក៏ពរបក្សីចាំក្រុងឆ្លងតាមឈើទាំងពីរនោះរួចទៅ ដើមទាំងពីរក៏ឡើងដូចដើមវិញ ទើប​ត្រើយ​ខាងជើងមាន ឈ្មោះថា “រការកោង” នៅស្រុកមុខកំពូល ខេត្តកណ្តាល។

ត្រើយខាងត្បូងមានឈ្មោះថា “ល្វាទេ” នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមសព្វថៃ្ងនេះ។លុះតាគហេនាំរត់ទៅត្រើយខាងត្បូង ដល់​ទួល​មួយ ប្រប​ឆេ្នរបឹង​បានកាប់មែកជ្រៃ​ដោតធ្វើសម្រប​សំរាប់ស្រប់សំរាក កំលាំងនៅទីនោះ បក្សី​ចាំក្រុង ក៏និន្រ្ទា​លក់ក្រោមម្លប់សម្របនោះ។ កំពុង​តែ​លក់​ស្រួល ​ស្រាប់តែ​ហ្វូងសត្វត្រដក់ រនៀលទង់ ជាច្រើនដែលចុះរកស៊ីក្នុងបឹងនោះ វាផ្អើលអ៊ូរឡើងឭសន្ធឹក ជាខ្លាំង តាគហេ​ឮ​សព្ទ​នោះ ស្មាន​ថា​កង​ទ័ព ក៏ស្ទុះតើនព្រះរាជកុមារឡើងសួរថា “នែចៅ! ឭសូរអ្វីខ្លាំងម៉េ្លះ”។ ព្រះរាជកុមារតើនឡើងភ័យណាស់ស្មានថាកងទ័ព ក៏​ស្ទុះ​ឡើង​មែកជ្រៃ ដែល​ដោត​ធ្វើសម្របនោះឈរមើលគ្រប់ទិសទី មិន ឃើញកងទ័ព ឃើញតែសត្វហើរដេរដាស់ក៏បាត់ភ័យទៅវិញ មែកឈើនោះរស់នៅរៀងដរាបមក នៅ​ខាង​ត្បូងវត្តវិហារសួរ សព្វថៃ្ងនេះ។ លំដាប់ពីនោះ តាគហេនាំបក្សីចាំក្រុងរត់ឆ្លងទនេ្លដោយទូកទៅត្រើយខាងលិច ទៅពួន ក្នុង​គុហា​ភ្នំប្រសិទ្ធិ​ខេត្ត​សំរោងទងចាស់ ដែលជាស្រុកពញាឭ ខេត្តកណ្តាល សព្វថៃ្ងនេះ។ កងទ័ពតាមទៅបៀតបៀន ពុំបានឡើយ។

លុះព្រះបាទព្រហ្មកិល “ពញាក្រែក” សោយរាជ្យបាន២០ឆ្នាំ ទ្រង់ចូលទីវង្គត់ទៅ នាម៉ឺនសព្វមុខមន្រ្តីដឹងថា បក្សីចាំក្រុង រាជកុមារមានបុណ្យអស្ចារ្យ​គង់នៅភ្នំប្រសិទ្ធិ៍​ក៏អញ្ជើញទ្រង់​មកសោយរាជ្យសម្បត្តិតទៅ។ កាលបើបក្សីចាំក្រុងរាជកុមារបានសោយរាជ្យឡើង ទ្រង់តាំងតាគហេ និង យាយ​លាក់ ជាព្រះអយ្យកោ ព្រះអយ្យកាធម៌‌។ ទ្រង់ឲ្យសាងប្រាសាទ​មួយត្រង់ទីដែលឃើញទង់ជ័យវែងលលៃ នៃកងទ័ពដែលលើកដេញតាម ដំបូង​ហៅថា​ “ប្រាសាទលលៃ” ទ្រង់ឲ្យសង់ប្រាសាទមួយត្រង់តាគហេហៅថា បាគងសិន ហៅថា “ប្រាសាទបាគង់” ដែលក្លាយមកជាប្រាសាទបាគង នៅ ខេត្តសៀមរាបសព្វថៃ្ងនេះ។

ទង់ឲ្យសាងប្រាសាទមួយទៀតនៅក្រោល គោរបស់តាគហេ ហៅថា ប្រាសាទបាគោ ខេត្តសៀមរាបសព្វថៃ្ងនេះ ទ្រង់ឲ្យសាងព្រះវិហារមួយ និងព្រះពុទ្ធ បាទមួយនៅអាសន្នទុក្ខ លើកតាម៊ឹងជាចៅហ្វាយស្រុករក្សាទីនោះ។ ទ្រង់ឲ្យសាងវិហារមួយតំកល់ព្រះពុទ្ធបដិមាមួយ ព្រះអង្គ​ត្រង់​ទី ដែល​ដោតមែកជ្រៃធ្វើសម្រប គឺទីដែលតាគហេតើនទ្រង់​សួរពីសព្ទហ្វូងសត្វស្មានថាកងទ័ពនោះ ហៅថា “វត្តវិហារសួរ” ទើបមាននាមថា​”វត្តវិហារសួរ”​ ជាបូជនីយដ្ឋានដ៏សក្តិសិទ្ធិដរាបមកដល់សព្វថៃ្ងនេះ។ ឯតាគហេ និង យាយលាក់នោះ លុះចាស់ជរា ទទួល​មរណភាព​តាមលំដាប់គ្នា​ទៅព្រះរាជាទ្រង់ឲ្យធ្វើបុណ្យរំលាយ សពហើយទ្រង់ឲ្យយកធាតុតាគហេ នៅបញ្ចុះនៅទីដែលផ្សងមិនឲ្យមានមូស ទើបទីនោះមានឈ្មោះថា “ទួលគហេ” នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាលសព្វថៃ្ងនេះ ឯធាតុយាយលាក់ ទ្រង់ឲ្យយកទៅបញ្ចុះនៅ ប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះភូមិនោះជាទីភូមិរបស់គាត់រស់នៅ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងសេដ្ឋីចិត្តលោភ – រឿងព្រេងខ្មែរ

 

រឿងវត្តវិហារសួរ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *