Friday , March 29 2024

រឿងសេដ្ឋីចិត្តលោភ – រឿងព្រេងខ្មែរ

រឿងសេដ្ឋីចិត្តលោភ – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេង​នាយ​មាន​កុមារ​កំព្រា​ម្នាក់ ជា​ក្មេង​ឆ្លាត​វាង​វៃ។​ ក្រោយ​ពី​ឳពុក​ម្ដាយ​ស្លាប់​ចោល​ទៅ ចៅ​ខិល​បាន​ប្រមូល​​វេច​ស្បែក​គោ​ក្រៀម​មួយ​បង្វេច ដើម្បី​ធ្វើ​ដំនើរ​ទៅ​ស្រុក​ឆ្ងាយ​មួយ​ទៀត ពេល​យប់​មួយ​នោះ​កុមារ​ខិល​ បាន​ឈប់​សំរាក​​នៅ​លើ​ដើម​ឈើ​មួយ ដោយ​អស់​កំលាំង​ពេក ចៅ​ខិល​ក៏​ដេក​លង់​លក់​ទៅ​។ ពេល​ក្រោក​ពី​ដំនេក កុមារ​បាន​​មើល​​ឃើញ​​ចោរ​ពីរ​នាក់​កំពុង​ចែក​មាស​ពេជ្រ​ និង របស់​របរ​ជា​ច្រើន​នៅ​ក្រោម​ដើម​ឈើ កុមារខិល ភិត​ភ័យ​ណាស់ តែ​ដោយ​មាន​ទំលាប់​ក្លាហាន វា​ក៏​ទំលាក់​បង្វេច​ស្បែក​គោ​ចុះ​ចំ​ក្បាល​ពួក​ចោរ​ ចោរ​ទាំង​២ ភ្ញាក់​ភ័យ​យ៉ាង​ខ្លាំង ទើប​ក្រោករត់​ចោល​របស់​ទ្រព្យ​ទាំង​អស់ កុមារ​ខិល​ឃើញ​យ៉ាង​នោះ​ត្រេកអរ​ណាស់ ក៏​សំរូត​ចុះ​ពី​ដើម​ឈើ ប្រមូល​កើប​វេចស្ពាយ​មាស​ពេជ្រ​ជា​ច្រើ​ត្រលប់​មក​ផ្ទះ​វិញ​។ កុមារខិល​ ក៏​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​ទ្រព្យ​សម្បត្ដិ​យ៉ាង​ស្ដុក​ស្ដម្ភ​នៅ​ ក្នុងភូមិ​។ មាន​សេដ្ឋី​ម្នាក់។ គាត់​អោយ​បំរើ​ទៅ​ហៅ​ចៅ​ខិល​មក​ឈ្លេច​សួរ ៖

– អែរកទ្រព្យបានដោយវិធីណា?
– បាទខ្ញុំបាទបានសំលាប់គោ យកស្បែកលក់។ ដោយសារតំលៃនៃស្បែកគោនោះ ទើបខ្ញុំប្រកបរបរបានចំរើន(ចៅខិលកុហកតប)។
– បើដូច្នោះអញនឹងអោយបំរើសំលាប់គោទាំងអស់ដើម្បីយកស្បែក។

ចាប់តាំងពីថ្ងៃនោះមក សេដ្ឋីក៏ចាត់បំរើអោយសំលាប់គោយកស្បែក ហើយអោយនាំយកទៅជួញនៅទីទាំងឡាយ។ តែជំនួញនេះពុំបានផលឡើយ។ ដោយចាញ់បោកកុមារខិល សេដ្ឋីខឹងណាស់ ទើបអោយបំរើទៅបំពានចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទំលាក់ សំលាប់ចោលក្នុងទឹកទន្លេ។

បំរើក៏គោរពតាមសេដ្ឋី ហើយនាំគ្នាទៅព័ទ្ធចាប់កុមារខិល ច្រកបញ្ចូលក្នុងបាវចងមាត់យ៉ាងជិត នាំមកជួនសេដ្ឋី ពេលធ្វើដំនើរមកដល់ពាក់កណ្ដាលផ្លូវ ដោយមានការហេវហត់យ៉ាងខ្លាំង ពួកអ្នកបំរើ​ទាំងឡាយក៏ទំលាក់បាវចោលនូវមាត់ផ្លូវហើយទើបនាំគ្នាចូលទៅរកអាហារបរិភោគ នៅក្នុងតៀមមួយ។ ខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់ កំពុង​កៀងចៀមមួយហ្វូង វាក៏ស្រែកហៅអ្នកគង្វាលតិចៗ រួចពោលត្អូញត្អែថា «សូមលោកមាជួយស្រាយមាត់បាវនេះលែងខ្ញុំផង សេដ្ឋីបានចាត់បំរើអោយនាំខ្ញុំទៅរក្សាទ្រព្យសម្បត្ដិ និងជួយបង្ហាត់សេះ តែខ្ញុំមានទំលាប់ខ្លាចសេះណាស់ ខ្ញុំពុំហ៊ានទៅទេ ទោះបីខ្ញុំប្រកែកយ៉ាងណាក្ដី បំរើសេដ្ឋីក៏ពុំយល់ព្រម ហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះ។ ដូចលោកជ្រាបស្រាប់​ មុខរបរនេះ​ប្រកបដោយ​ភាពខ្ពង់ខ្ពស់ និង កិត្ដិយស។ បើលោកមាពេញចិត្ដ សូមអញ្ជើញទៅជំនួយខ្ញុំទុកអោយខ្ញុំនៅថែរក្សាចៀមនេះម្ដង។

លាភអញមកដល់ហើយតើ អាក្មេងល្ងង់នេះមិនស្គាល់ប្រយោជន៍វាទេ អញ នឹងចូលសំងំក្នុងបាវនេះជំនួសវាម្ដង។ គិតហើយបុរសនោះក៏ចូលទៅសំងំក្នុងបាវជំនួសកុមារខិល ក្រោយពីបាន​បរិភោគ​ឆ្អែតហើយពួកបំរើសេដ្ឋីក៏ត្រលប់មកវិញហើយក៏ចាប់បាវលីបន្ដដំនើរតទៅទៀត ដោយពុំបានដឹងកិច្ចកលអ្វីឡើយ។ សេដ្ឋីបានអោយពួកអ្នកបំរើ យកបាវនោះទៅទំលាក់ចោល​ក្នុង​ទឹកទន្លេ បុរសអ្នកគង្វាលក៏ស្លាប់អាសារបង់ទៅ។

ពេលកន្លងមកមិនយូរប៉ុន្មាន សេដ្ឋីក៏បានជួបជាមួយចៅខិលម្ដងទៀត មានទាំងហ្វូងច្រៀមជាច្រើនផង សេដ្ឋីនឹកឆ្ងល់ភិផលក្នុងចិត្ដណាស់ រួចក៏សួរចៅខិលថា ៖

– អែងរឺ ដែលអញយកទៅទំលាក់ក្នុងទឹកថ្ងៃមុននោះ?
– បាទ! មែនហើយលោកសេដ្ឋី កុមារតប តែជាសំនាងល្អណាស់នៅបាតទន្លេសបូរដោយទ្រព្យសម្បត្ដិធនធានជាច្រើន នេះនែហ្វូងចៀមដែលខ្ញុំទើបតែកៀងយកមក។

សេដ្ឋីបានស្ដាប់កុមារខិលហើយ ក៏ជឿយ៉ាងពិតប្រាកដ ឥតគិតពិចារណារអ្វីឡើយ ដោយមានចិត្ដលោភលន់ពន់ប្រមាណ សេដ្នីក៏បញ្ជាអោយពួកបំរើយក​បាវមកច្រកគាត់ហើយ​អោយយកទៅ​ទំលាក់ទឹកទន្លេ ដូចកាលដែលធ្វើទៅលើបុរសគង្វាលយ៉ាងនោះដែរ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងសំលាញ់ពីរនាក់ – រឿងព្រេងខ្មែរ

រឿងសេដ្ឋីចិត្តលោភ– រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *