សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ គឺជាមុខ ម្ហូបខ្មែរ សាមញនិងមានរសជាតិឆ្ងាញ់ ប្រជាជានខ្មែរនិយមចូលចិត្តបរិភោគផ្លែល្ពៅដោយហេតុថាវាមានរសជាតិឆ្ងាញ់និងសំបូរដោយជីវជាតិជាច្រើនប្រភេទ ដូចជា ប៉ូតាស៊ីម វិតាមីនអេ។ ផ្លែល្ពៅត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ វាជាបន្លែមួយប្រភេទដែលគេនិយមយកមកបន្ថែមរសជាតិក្នុងម្ហូបអាហារឬយកមកធ្វើបង្អេមនិងធ្វើជាឱសថក៏បាន។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ
- សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
- ទឹកត្រីចំនួន១ស្លាបព្រា
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ស្ករចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
- ទឹកចំនួន៤កែវ
- ល្ពៅចិតសំបកចេញរួចកាត់ជាដុំចំនួន 0.9 kg
របៀបធ្វើ
- ក្នុងកូនចានតូចមួយ លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី អំបិល ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិតមូលតូចៗ
- ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់សាច់ឆ្អិនល្អ
- ដាក់ល្ពៅរួចស្ងោរហូតដល់ល្ពៅឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លបន្លែប្រហិតសាច់ជ្រូក – ម្ហូបខ្មែរ