និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្អែកមួយជាក្អែកដប់ ៖ មាត់មនុស្សនិយាយតៗគ្នាក្លាយពីមួយជាដប់ ។
អត្ថាធិប្បាយ ក្អែកមួយជាក្អែកដប់
ការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ ម្នាក់ពន្លើសបន្តិច ម្នាក់ទៀតពន្លើសបន្តិច ។ បន្តគ្នាតែដប់ដងធ្វើឲ្យបាត់ភាពដើមអស់រលីង ។ រឿងនេះ លោកបានលើកឧទាហរណ៍ដូចតទៅ ៖
បុរសម្នាក់ទើបនឹងការប្រពន្ធរួចថ្មីៗ ។ ព្រឹកមួយ បុរសនោះទៅបត់ជើងក្នុងព្រៃក្រោយផ្ទះ ក៏ប្រទះឃើញកូនពាងមួយពេញដោយមាស ។ បុរសនោះក៏កាយដីកប់ទុក ។ ពេលមកដល់ផ្ទះ គេមិនហ៊ានប្រាប់ការណ៍ពិតដល់ប្រពន្ធទេ ខ្លាចនាងបិទមាត់មិនជិត ។ រួចគេក៏និយាយប្រាប់ប្រពន្ធថា នាងអើយព្រឹកមិញ ខ្ញុំបត់ជើងក្រោយផ្ទះ ស្រាប់តែមានក្អែកមួយហើរចេញពីគូទខ្ញុំ ។ ចូរនាងកុំនិយាយប្រាប់អ្នកណាឲ្យសោះ ។ ប្រពន្ធគិតថារឿងនេះចម្លែកណាស់ មិនអាចនៅស្ងៀមបាន ក៏ទៅទម្លាយប្រាប់មិត្តជិតស្និទ្ធម្នាក់ថា ប្ដីខ្ញុំបត់ជើងចេញក្អែកពីរ ។ មិត្តនោះនិយាយបន្តថា ចេញក្អែកបី ។ ការនិយាយប្រាប់គ្នាបន្តបែបនេះ បានកើនចំនួនឡើងដល់ដប់ ។
រឿងនេះមិនស្ងាត់ ក៏ទ្រង់ជ្រាបដល់ព្រះមហាក្សត្រ ។ ព្រះរាជាត្រាស់បង្គាប់ឲ្យនាំបុរសនោះចូលមកគាល់ ។ ព្រះអង្គត្រាស់ដណ្ដឹងសួរបុរសនោះ ។ លុះទ្រង់ព្រះសណ្ដាប់ហើយ ក៏ឈ្វេងយល់ថា បុរសនេះមានប្រាជ្ញាឆ្លាតវាងវៃណាស់ ចេះពិសោធរកកម្លាយដែលនិយាយតៗគ្នា ។ ព្រះអង្គក៏ត្រាស់បង្គាប់ឲ្យរាជបុរសទៅនាំយកពាងមាសនោះ មកដាក់ក្នុងឃ្លាំងព្រះរាជទ្រព្យ រួចតែងតាំងបុរសនោះជាមន្ត្រីគ្រប់គ្រងឃ្លាំងជារៀងរហូតមក ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្តិចសង្អារបញ្ជល់គ្នា – សុភាសិតខ្មែរអធិប្បាយ