ស្រលាញ់ពេក – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ស្រលាញ់ពេក – កំណាព្យខ្មែរ | ||
១ | ស្រឡាញ់ប្តីពេកដេកមិនលក់ | អង្គុយងុយងក់ជក់ប្រចណ្ឌ |
ស្នេហ៍ស្និទ្ធតែមួយប្តីកំណាន់ | គ្រប់ច្រកប្រកាន់ខកធ្វើការ ។ | |
២ | ស្រឡាញ់ជ្រុលពេកដេកបញ្ចោរ | រករឿងឆោឡោជេរផ្តាសា |
ដៀលត្មះពូជពង្សវង្សដូនតា | ឈ្លក់រឿងស្នេហាភ្លេចស៊ីដេក ។ | |
៣ | ស្រឡាញ់ពេកកូវក្រញូវជាប់ | ទៅជាទម្លាប់កាយស្លាំងស្លេក |
ង៉ក់ងរប្រចាំខាំដូចសេក | ចឹកបោះចោលចេកបង្កឈ្លោះ ។ | |
៤ | ស្រឡាញ់មិនថែបែរនាំភ្លើង | រៀបរាប់គេយើងស្តីទ្រគោះ |
ជួនខឹងពោលពាក្យមិនពីរោះ | ជេរបោកបោះឈ្លោះអស់ទ្រព្យធន ។ | |
៥ | ប្តីខ្លះមិនយល់ជ្រុលខឹងខ្លាំង | ឈ្លោះតបតតាំងខឹងប្រពន្ធ |
ជេរវាយទាត់ធាក់ធ្លាក់ទោសធ្ងន់ | ប្តីណាយល់មុនមិនតប-ត ។ | |
៦ | ប្តីខ្លះមិនតបបន្តខិល | រមិលទ្រុស្ដសីលមិនស្មោះសរ |
ស្វែងរកថ្មីទៀតឱ្យបានល្អ | យល់ថាបវរជាងប្រពន្ធ ។ | |
៧ | កើតរឿងវរវឹកទទឹកស្ងួត | បេះដូងថ្លើមសួតខ្សោយទោរទន់ |
វិបត្តិធ្ងន់ធ្ងរឈឺពេកពន់ | ទោសតក្រោយមុនបង្កើនទុក្ខ ។ | |
៨ | មិនថាតែស្នេហ៍ប្តីប្រពន្ធ | ហួសហេតុលើសលន់រែងផុយពុក |
ស្នេហ៍ពេករឹងរឹតឱ្យកើតទុក្ខ | ចង់ល្អទៅមុខស្នេហ៍ធម្មតា ។ | |
៩ | តឹងពេកធូរពេកមិនប្រពៃ | សមល្មមលកលៃបានសុខា |
រីករាយសប្បាយក្នុងចិន្តា | ឈ្មោះថាស្នេហាមានមង្គល ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ