សម្លម្ជូរផ្លែស្ពឺសាច់គោ គឺជា ម្ហូបខ្មែរ ដែលប្លែកមុខដែលប្រជាជននៅតាមជនបទនិយមចម្អិនបរិភោគ វាមានរសជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិន។
ផ្លែស្ពឺមានរសជាតិជូរហើយវាផ្លែឈើដែលអាចបរិភោគជាបង្អែមបាន ជាទូទៅប្រជាជននៅតាមជនបទចូលចិត្តយកផ្លែស្ពឺមកស្លជាមុខសម្លម្ជូរឬធ្វើជាឱសថក៏បានព្រោះសំបូរទៅវីតាមីនជាច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរផ្លែស្ពឺសាច់គោ
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
- សាច់គោកាត់ជាដុំចំនួន 0.5 kg
- ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
- អំបិលចំនួន១ស្លាបព្រាកាហ្វេ
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ទឹកចំនួន៥កែវ
- ផ្លែស្ពឺចិតសំបកចេញហើយជាបន្ទះៗចំនួន២ផ្លែ
- ស៊ុបខ្នររសជាតិអំពិលចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួន២ស្លាបព្រា
- ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១
- សណ្តែកបារាំងចំនួន 0.12 kg
- ស្លឹកខ្ទឹមចំនួន១កូនចានតូច
- ជីនិងម្អមហាន់ចំនួន១កូនចានតូច
- ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត
របៀបធ្វើ
- កំដៅឆ្នាំងសម្លឱ្យក្តៅ ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសរួចបំពងរហូតដល់ខ្ទឹមសប្រែពណ៌ទៅជាពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងចេញពីខ្លាញ់ដាក់ក្នុងកូនចានហើយទុកនៅម្ខាង
- ដាក់សាច់គោនិងស្លឹកគ្រៃក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងរួចច្របល់ឱ្យស៊ប់
- ដាក់អំបិលនិងម្រេចចូល
- រួចដាក់ទឹកនិងស្លរហូតដល់សាច់ឆ្អិន
- ដាក់ផ្លែស្ពឺចូលក្នុងសម្ល
- ថែមគ្រឿងដោយដាក់ដុំស៊ុបខ្នររសជាតិអំពិល ទឹកត្រីនិងស្ករ
- ដាក់ប៉េងប៉ោះសណ្តែកបារាំងហើយច្របល់ឱ្យល្អ
- ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេចជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លដំឡូងសាច់គោ – ម្ហូបខ្មែរ