Wednesday , November 20 2024

ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ

ប្រាសាទព្រះខ័ន – ប្រាសាទខ្មែរ ៖ ប្រាសាទ​ព្រះខ័ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ ប្រាសាទ​វង់​ធំ​ក្នុង​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​ មាន​ចម្ងាយ​៣​គម ពី​ប្រាសាទ​បាយ័ន និង​១,៥​គម ពី​ទ្វារ​ដីឆ្នាំង​(ទ្វារ​អង្គរធំ​ទិស​ខាង​ជើង) ។ ឈ្មោះ​នៃ​ប្រាសាទ​នេះ​មាន​ន័យ​ថា​ ​“ដាវ” ។ តាម​ការ​ស្រាវជ្រាវ​នៅ​សម័យ​បច្ចុប្បន្ន​គេ​យល់​ថា​ ​កាលពី​អតីតកាល​សំណង់​នៃ​ប្រាសាទ​ព្រះខ័ន​ គឺ​ជា​កន្លែង​ដាក់​គ្រឿង​សឹក​សង្គ្រាម ។​ ​ដូច្នេះ​ព្រះ​ខ័ន​ជា​ឈ្មោះ​សម័យ​ទំនើប​នៅ​រក្សា​ឈ្មោះ​ទីក្រុង​ពី​បុរាណ​ ដែល​មាន​ឈ្មោះ​ថា “ជ័យស្រី”​ មាន​ន័យ​ថា ​“ព្រះខ័ន”​ និង​មាន​ន័យ​ម្យ៉ាងទៀត​ថា​ ​“ម្លូ” ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

ប្រាសាទ​ព្រះខ័ន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ នៅ​ចុង​សតវត្សរ៍​ទី​១២​ ​ក្នុង​គ.ស​១១៩១​ ​ដើម្បី​ឧទ្ទិស​ចំពោះ​លទ្ធិ​ព្រះពុទ្ធ​សាសនា​មហាយាន ។ ព្រះអង្គ​បាន​កសាង​ព្រះ​បរម​រូប​ព្រះបាទ​ធរណិន្ទ្រវរ្ម័ន​ទី​២​ជា​ព្រះ​ វរបិតា ជា​ទេវរាជ​តំណាង​ព្រះ​ពោធិសត្វ​លោកេស្វរៈ ដូចគ្នា​នឹង​ប្រាសាទ​តាព្រហ្ម ដែល​ព្រះអង្គ​បាន​កសាង​ព្រះ​បរម​រូប​ព្រះ​វរមាតា ជ័យរាជ​ចូឌាមណី ជា​ទេវរាជ​តំណាង​ព្រះនាង​ប្រាជ្ញាបារមីតា ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

ប្រាសាទ​ព្រះខ័ន​មាន​រាង​៤​ជ្រុង​ទ្រវែង​ បណ្ដោយ​៨០០​ម៉ែត្រ​ ​និង​ទទឹង​៧០០​ម៉ែត្រ ដែល​មាន​ស្រះបោក្ខរណី (គូទឹក) ​ទ័ព​ជុំវិញ​ ​ស្ថិត​នៅ​លើ​ផ្ទៃដី​ចំនួន​៥៦​ហិកតា ។ ប្រាសាទ​នេះ​មាន​កំពែង​​បួន​ជាន់ មាន​គោបុរៈ​ចូល​ប្រាសាទ​តាម​ទិស​ទាំង​បួន ប្រកប​ដោយ​បង្កាន់​ដៃ​អសុរ និង​ទេពតា​ទាញ​ព្រ័ត្រ (តំណាង​ឲ្យ​ការ​កូរ​សមុទ្រ​ទឹកដោះ) និង​មាន​បង្គោល​សីមា​ពីរ​ជួរ​អម​ផ្លូវ​ចូល​ផង ។ គោបុរៈ​នៃ​កំពែង​ខាងក្រៅ​ទាំងអស់ សុទ្ធ​តែ​មាន​ទ្វារ​បី ទ្វារ​មួយៗ​មាន​កំពូល​ខ្ពស់​ប្រដាប់​ដោយ​ត្របក​ផ្កា​ឈូក ។ នៅ​សង​ខាង​គោបុរៈ​ខាងក្រៅ​មាន​ចម្លាក់​គ្រុឌ​ជាន់​នាគ​ឆ្លាក់​ភ្ជាប់​នៅ​ ជញ្ជាំង​កំពែង ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

តាម​ឯកសារ​ដើម​កំណើត​អង្គរ លោក​ ម៉ារ​ ​បូ​ ​បាន​សរសេរ​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​ព្រះខ័ន​មាន​ភិនភាគ​ និង​លំនាំ​ជា​ច្រើន​ដូច​ទៅ​នឹង​ប្រាសាទ​តាព្រហ្ម​ ​ដែល​សំណង់​ជា​ច្រើន​កសាង​ជាប់ៗ​គ្នា​ពី​មួយ​ទៅ​មួយ​នៅ​សល់​តែ​ចន្លោះ​តូចៗ​ ប៉ុណ្ណោះ ។ លោក​ក៏​បាន​សរសេរ​ឱ្យ​ដឹង​ទៀត​ថា​ ​ប្រាសាទ​ព្រះខ័ន​ពុំ​មាន​ទម្រង់​មុខ​គុហារ (មុខ​បួន) ​ដូច​ប្រាសាទ​បាយ័ន​ កំផែង​ខាងក្រៅ​នៃ​ប្រាសាទ​តាព្រហ្ម​ ​បន្ទាយក្ដី​ ​តាសោម​ ​និង​អង្គរធំ​នោះ​ទេ​ ​ព្រោះ​ប្រាសាទ​នេះ​សាង​មុន​គេ​ ​ហើយ​ជា​ព្រះ​រាជនិវេសន៍​បណ្ដោះ​អាសន្ន​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ក្នុង​ អំឡុង​ពេល​កំពុង​ស្ថាបនា​ទីក្រុង​អង្គរធំ​ឡើង​វិញ​ បន្ទាប់​ពី​រាជធានី​អង្គរ​រង​ការ​ខូចខាត​ដោយ​ពួក​ចាម​ចូល​លុក​លុយ​កាលពី​គ.ស ​១១៧៧ ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

ផ្អែក​តាម​សិលាចារឹក​នៃ​ប្រាសាទ​ព្រះខ័ន​បាន​បង្ហាញ​ថា​ ​នៅ​ក្នុង​ទី​នៃ​ប្រាសាទ​នេះ​មាន​រូបសំណាក​ចំនួន​៥១៥​រូប​ ​មាន​មន្ទីរ​ព្យាបាល​រោគ​ចំនួន​១០២​ក្នុង​ព្រះរាជាណាចក្រ​ ​តែ​ពុំ​បាន​បញ្ជាក់​ថា​សាង​នៅ​ត្រង់​ណា​ខ្លះ​ឡើយ​ ​ព្រមទាំង​មាន​គេហដ្ឋាន​មួយ​ជា​កន្លែង​ឈប់​សម្រាក ។​ ​ចំណែក​កម្មករ​ និង​អ្នកបម្រើ​ក្នុង​ការ​កសាង​ប្រាសាទ​មាន​ចំនួន​៩៧.៨៤០​នាក់ ដែល​ក្នុង​ចំនួន​នេះ​មាន​ស្ដ្រី​របាំ​ចំនួន​១.០០០​នាក់​ផង​ដែរ ។​ ​ក្នុង​មួយ​ឆ្នាំ​មាន​រៀបចំ​ពិធី​បុណ្យ​ទាន​ធំ​ចំនួន​១០​ដង​ ​ហើយ​ក្នុង​មួយ​ខែ​មាន​ថ្ងៃ​បុណ្យ​ចំនួន​១០​ថ្ងៃ​ដែល​ជា​ថ្ងៃ​សម្ដែង​នូវ​ ទឹក​ចិត្ដ​របស់​ខ្មែរ​ក្នុង​បុណ្យ​តាម​ប្រពៃណី​សាសនា​ ​និង​តាម​ពេល​សម្រាក​លំហែ ។

តាម​ឯកសារ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះខ័ន​គឺ​ជា​មណ្ឌល​ពុទ្ធសាសនា​ដ៏​ធំ​មាន​ព្រះសង្ឃ​ប្រមាណ​១.០០០​ អង្គ​គង់​នៅ​សំណាក់​ធម៌ និង​មាន​សាកលវិទ្យាល័យ​មួយ​កសាង​ដោយ​ព្រះនាង​ជ័យរាជទេវី ជា​មហេសី​ទី​១​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

ប្រាសាទ​ព្រះខ័ន​ក៏​ដូចជា​ប្រាសាទ​ដទៃ​ទៀត​របស់​ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ដែរ ចម្លាក់​ពុទ្ធរូប​ត្រូវ​ទទួល​រង​នូវ​ការ​ដាប់​បំផ្លាញ​ចោល ឬ​កែច្នៃ​ទៅ​ជា​រូប​ផ្សេងៗ ដូចជា ឥសី លិង្គ ឬ​ផ្កា ​ជាដើម នៅ​ក្នុង​រាជ្យ​របស់​ក្សត្រ​​បន្ត​ក្រោយ​មក​ទៀត (ជ័យវរ្ម័ន​ទី​៨ ឥន្ទ្រជ័យវរ្ម័ន និង​ជ័យវរ្ម័ន​បរមឥស្វរៈ) ដែល​បាន​ប្ដូរ​ផ្លាស់​ទៅ​កាន់​ព្រហ្មញ្ញ​សាសនា​វិញ និង​បាន​បណ្ដោយ​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ពុទ្ធសាសនា ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

មាន​ចំណុច​ពិសេស​គួរ​ឲ្យ​កត់​សម្គាល់​ចំនួន​២​ដែល​ ធ្វើ​ឲ្យ​ប្រាសាទ​ព្រះខ័ន​ខុស​ប្លែក​ពី​ប្រាសាទ​នានា​ដទៃ​ទៀត ។ ទី​១ គឺ​សំណង់​មន្ទីរ​ពីរ​ជាន់​នៅ​ក្បែរ​គោបុរៈ​ខាងកើត​នៃ​កំពែង​ទី​២ (រាប់​ពី​ខាង​ក្រៅ​ទី​១) ។ សំណង់​មន្ទីរ​​នេះ​មាន​សរសរ​មូលៗ មាន​លក្ខណៈ​ដូចគ្នា​ទៅ​នឹង​សំណង់​បុរាណ​នៃ​អរិយធម៌​ធំៗ​នៅ​តំបន់​សមុទ្ទ​ មេឌីទែរ៉ានេ​ដែរ ។ ទី​២​ គឺ​ចេតិយ​ស្តូប​ថ្ម​នៅ​ប្រាង្គ​ប្រាសាទ​កណ្ដាល ។ បើ​តាម​ការ​អះអាង​របស់​ប្រវត្ដិវិទូ​ខ្លះ​បាន​ឱ្យ​ដឹង​ថា​ ​ចេតិយ​ស្តូប​នេះ​គឺ​ជា​ការ​កសាង​នៅ​សម័យ​ក្រោយ​អង្គរ​ តាម​លំនាំ​នៃ​សិល្បៈ​សៀម​នៅ​ខេត្ដ​សុខោទ័យ ។​ ព្រោះ​ចេតិយ​នេះ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ចេតិយ​ដែល​មាន​នៅ​ក្នុង​ប្រទេស​ សៀម​បច្ចុប្បន្ន​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៥-១៦​នៃ​គ្រិស្ដ​សករាជ ។ ។​ ​ឯ​អ្នក​ប្រវត្ដិវិទូ​ខ្លះ​ទៀត​បាន​អះអាង​ថា​ ​ស្ដូប​ថ្ម​នេះ​កសាង​ឡើង​តាម​លំនាំ​នៃ​ឥទ្ធិពល​ប្រទេស​ស្រីលង្កា ​ព្រោះ​ចេតិយ​ថ្ម​នេះ​ជា​សិល្បៈ​របស់​ខ្មែរ​ដែល​គ្រាន់​តែ​ទទួល​ឥទ្ធិពល​ពី​ ប្រទេស​ស្រីលង្កា ។

ប្រាសាទព្រះខ័ន - ប្រាសាទខ្មែរ

មាន​សម្មតិកម្ម​មួយ​ចំនួន​លើក​ឡើង​ដើម្បី​គាំទ្រ​មតិ ​ដែល​ថា​ ស្តូប​ខាងលើ​នេះ​ជា​សិល្បៈ​ដែល​ទទួល​ឥទ្ធិពល​ពី​ស្រីលង្កា ។​ ​ទី​១​ មាត់​ច្រក​ទ្វារ​ចូល​ទៅ​កាន់​ព្រះ​ស្ដូប​មាន​ទំហំ​តូច​ ​ចេតិយ​មាន​កម្ពស់​ខ្ពស់​ជាង​ប្រអប់​ទ្វារ​ក្នុង​ប្រាសាទ ។​ ​កត្ដា​នេះ​ហើយ​ដែល​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ស្ដូប​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ប្រាសាទ​ព្រះខ័ន​ ​គឺ​ធ្វើ​មុន​គ្រោង​ទ្វារ​ និង​ជញ្ជាំង ។​ តាម​វិធីសាស្ដ្រ​សាងសង់​ពី​ប្រពៃណី​ គឺ​ការ​សាងសង់​បល្ល័ង្ក​តម្កល់​ទេវរូប​ ​ឬ​ព្រះ​ពុទ្ធរូប​គេ​មិន​ធ្វើ​ក្រោយ​បន្ទាប់​ពី​អគារ​នៃ​ប្រាសាទ​សង់​រួច​ នោះ​ទេ ។​ ​បើ​តាម​ការ​សន្និដ្ឋាន​ថា​ ​ស្ដូប​ត្រូវ​នាំ​ចូល​ទៅ​ក្នុង​ប្រាសាទ​នៅ​ក្រោយ​ពេល​ប្រាសាទ​ព្រះខ័ន​បាន​ កសាង​រួច​នោះ​ គឺ​ជា​ការ​ខុស​ឆ្គង ។​ ​ទី​២​ ​បើ​តាម​ទំព័រ​ប្រវត្ដិសាស្ដ្រ​អង្គរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​គឺ​ព្រះអង្គ​ម្ចាស់​តមិន្ទ​ ​បាន​យាង​ទៅ​កោះ​ស្រីលង្កា​ដើម្បី​មូលហេតុ​សាសនា ។​ ​បើ​យោង​តាម​ឯកសារ​ទំនាក់​ទំនង​រវាង​ខ្មែរ​និង​ស្រីលង្កា​ ​មាន​ចំណង​ជាមួយ​គ្នា​ពុំ​អាច​ផ្ដាច់​ចេញ​បាន​ឡើយ​នា​សម័យ​បុរាណ ។​ កត្ដា​នេះ​ហើយ​អាច​បញ្ជាក់​អំពី​ឥទ្ធិពល​នៃ​សិល្បៈ​បែប​ពុទ្ធសាសនា​និយម​ ថេរវាទ​ ​(ស្រីលង្កា) មក​លើ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។​ ​ទី​៣​ តាម​បរិបទ​នយោបាយ​ក្នុង​សម័យ​នោះ​ពុំ​អាច​ឱ្យ​ជនជាតិ​ខ្មែរ​ស្ថាបនា​ព្រះ​ ចេតិយ​ដ៏​ពិសិដ្ឋ​តាម​លំនាំ​សិល្បៈ​សៀម​ដែល​ជា​គូបដិបក្ខ​វិវាទ​ក្រោយ​ពី​ សង្គ្រាម​ស៊ី​សាច់​ហុត​ឈាម​ដែល​ផ្សែង​មិន​ទាន់​រលត់​នៅ​ឡើយ​រវាង​ប្រទេស​ ទាំង​ពីរ​ក្នុង​ព្រឹត្ដិការណ៍​ដែល​បន្ទាប់​ពី​កងទ័ព​សៀម​បាន​រុករាន​ដុត​ បំផ្លាញ​ទីក្រុង​អង្គរ​ឱ្យ​ខ្ទេចខ្ទាំ​រួច​ហើយ​នោះ​ឡើយ ។​ ​ដូច្នេះ ​ការ​សន្និដ្ឋាន​ជា​រួម​ថា​ ​ភាព​ស្រដៀង​គ្នា​រវាង​ចេតិយ​សៀម​ ​និង​ខ្មែរ​ ពុំ​មែន​មាន​ន័យ​ថា​ ខ្មែរ​ចម្លង​ពី​សៀម​ ​ឬ​សៀម​ចម្លង​ពី​ខ្មែរ​ឡើយ​ ហើយ​ប្រភព​ចេតិយ​នៅ​ប្រាសាទ​ព្រះខ័ន​មាន​លំនាំ​ចេញ​មក​ពី​ប្រទេស​ស្រីលង្កា​ ទើប​ជា​ «ការ​ត្រឹមត្រូវ» ៕

អត្ថបទពេញនិយម ៖ ប្រាសាទបន្ទាយស្រីដំដែក – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *