ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មួយនេះស្ថិតនៅចម្ងាយ ២២ គ.ម ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧ ហើយពីភ្នំពេញទៅរមណីយដ្ឋាននេះមានចម្ងាយ ១២២ គ.ម និងបត់ឆ្វេងដៃ ២០០ម ទៀត។
ប្រាសាទនេះ បានចែកចេញជា ទី១, ទន្លេអុំ ស្ថិតនៅខាងកើតនៃប្រាសាទ មានទំហំ ៤០០ ម គុណ ៥០០ ម ដែលមានចម្ងាយប្រមាណ ៣០០ម ពីប្រាសាទ
ថែវទីមួយ មានទំហំ ៤២១ ម គុណ ៣៧១ ម ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកម្ពស់ ២,៩ ម និងកម្រាស់ ២,៤ ម។ ទទឹងច្រកចូលមានប្រវែង ២ម។ ប៉ុន្តែបច្ចុប្បន្នថែវនេះ បាក់បែកអស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមាន តោចំនួន ៦ ស្ថិតនៅមាត់ច្រកចូលទៅថែវទី២ និងមាននាគ ៨ ដែលស្ថិតនៅពីក្រោយតោទាំង ៦ និងមានអសុរា ២ ឈរនៅអមច្រកចូលសងខាង។
ថែវទីពីរ រួមមាន រូបសំណាក់តេជោដំឌិនចំនួន ២ រូប អសុរាចំនួន ២ ដែលមានកម្ពស់ ១,៦០ ម និងមានស្រះទឹកពីរ ដែលមានទំហំ ២០ម គុណ ២០ម ទឹកស្រះទាំងពីរនេះមិនរឹងទេនៅរដូវប្រាំងព្រមទាំងមានដើមឈូកដុះអម។
ថែវទីបី មានកំរាសក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូល នៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និងនៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។
ថែវទីបួន រៀបចំដោយថ្មបាយក្រៀមចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយមានហើយលក្ខណៈខុសប្លែកពីថែវទី១,២,៣ ព្រោះថែវទី៤នេះ មានច្រកចូល៨ទិស។ បើចូលនៅដល់កំពូលកណ្តាលនៃប្រាសាទនេះ គេសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្តាលសង់អំពីថ្មភក់ ដែលមានព្រះគង់ព្រះភ្នែកបែរចេញទៅរកទិសទាំង៤ គឺកើត លិច ជើង ត្បូង។
រមណីយដ្ឋានប្រាសាទនគរបាជ័យ មានទីតាំងធំទូលាយល្អមិនចាញ់ប្រសាទនានា ដែលមាននៅក្នុងប្រទេសកម្ពុជាយើងនេះទេ។ ទីនេះជាទីប្រជុំជនមួយយ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តផ្សេងៗ។ ប្រាសាទវត្តនគរបាជ័យកសាងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចឧភ័យ្យ និងសូរ្យវរ្ម័នទី២ ក្នុងឥទ្ធិពលសេវៈនិយម។
អត្ថបទពេញនិយមបន្ទាប់ ៖ ភ្នំហាន់ជ័យ – ប្រសាទបុរាណ