និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុំផ្ញើស្រានឹងអ្នកប្រមឹក ៖ កុំយករបស់អ្វីទៅផ្ញើនឹងអ្នកកំពុងត្រូវការ ។
អត្ថាធិប្បាយ កុំផ្ញើស្រានឹងអ្នកប្រមឹក
មុននឹងផ្ញើរបស់អ្វីមួយទៅនឹងអ្នកណាម្នាក់ គេត្រូវដឹងពីចំណុចខ្សោយអ្នកនោះសិន ។ ព្រោះថា មនុស្សដែលមានចំណុចខ្សោយតែងត្រូវការចំណុចខ្លាំង ។ គឺមនុស្សដែលកំពុងត្រូវការអ្វី ហើយអ្វីនោះបានមកដល់ដៃ ។ គេប្រាកដជាបេះបោចរបស់នោះមិនខាន បើមិនច្រើនក៏តិចតួចដែរ ។ ឧទាហរណ៍ ៖
- យកដែក ផ្ញើនឹងជាងដែក ដែលកំពុងត្រូវការដែក
- យកឈើ ផ្ញើនឹងជាងឈើ ដែលកំពុងត្រូវការឈើ
- យកលុយ ផ្ញើនឹងអ្នកក្រីក្រ
- យកអង្ករ ផ្ញើនឹងអ្នកកំពុងដាច់ពោះ
ដូចនេះ ការយកស្រាទៅផ្ញើនឹងអ្នកប្រមឹកក៏មានន័យដូចគ្នា ។ ទោះបីគេដឹងថា មនុស្សនោះស្លូតត្រង់ និងស្មោះត្រង់យ៉ាងណាក៏ដោយ ។ ពាក្យចាស់លោកពោលថា មនុស្សទៀងមិនឈ្នះទ័ល តែទ័លហើយ មុខជាហ៊ានប្រថុយបេះបោចខ្លះមិនខាន ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្របីនឹងចេក ក្អែកនឹងពងមាន់ – សុភាសិតខ្មែរអធិប្បាយ