និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ ៖ ជនល្មើសភ្លេចគុក តែគុកមិនភ្លេចជនល្មើសទេ ។
អត្ថាធិប្បាយ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ
អត្ថានុរូប
ជង់ ជាអន្ទាក់តឿឥតដង មានតែជើងស្រួចខ្លីសម្រាប់ដោតជាប់ទៅក្នុងដី ។
កុកដើរមកចំរង្វង់ខ្សែធ្នាក់ៗក៏រឹតជើងជាប់ ។ ជួនកាលវារលាស់ជើងរួចផុត ។ ពេលវាដើរទៅ វាឥតគិតខ្វល់នឹងខ្សែអន្ទាក់ជង់ទៀតទេ ។ ប៉ុន្តែខ្សែធ្នាក់ជង់នៅតែរង់ចាំទទួលជើងកុកជានិច្ច ។
អត្ថប្បដិរូប
ជនល្មើសដែលប្រព្រឹត្តកំហុសឆ្គងរួចហើយៗរត់គេចខ្លួន ឬរត់ចោលស្រុកបាត់ទៅ តែនឹកគិតថា គ្មានអ្នកណាដឹងទេ គឺវាភ្លេចសមត្ថកិច្ចអស់ហើយ ។ ប៉ុន្តែសមត្ថកិច្ចឥតមានភ្លេចវាទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេខំប្រឹងធ្វើការតាមដានស្រាវជ្រាវជាប់ជាប្រចាំដើម្បីឈានទៅរកការចាប់ខ្លួន ។ កាលណាកិច្ចការគេមានលក្ខណៈគ្រប់គ្រាន់ហើយ គេក៏ចាប់ខ្លួនវាយកមកដាក់គុកទៀត ៕
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្តៅថ្ងៃមិនស្មើក្តៅចិត្ត – សុភាសិតខ្មែរអធិប្បាយ