សម្លត្រសក់ជាមួយប្រហិតត្រី គឺជាមួយ ម្ហូបខ្មែរ ដែលងាយស្រួលចំអិន ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមជនបទ ហើយវាមានតំលៃថោកសមរម្យថែមទាំងសំបូរជីវជាតិនិងឆ្ងាញ់ពិសេស។
ចំណាំ៖ ត្រសក់ជាបន្លែដែលគេនិយមដាំច្រើនជាងគេលំដាប់ទី៤ក្នុងពិភពលោក និងត្រូវបានដាក់បញ្ចូលទៅក្នុងប្រភេទអាហារឈរនៅលំដាប់លើគេខាងការផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅ ។ ប្រជាជនខ្មែរចូលចិត្តប្រើប្រាស់ក្នុងចំអិនអាហារជាច្រើនមុខនិងជាបន្លែសម្រាប់ធើ្វជាអន្លក់ផងដែរ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ជាមួយប្រហិតត្រី
- ប្រហិតត្រីចំនួនកន្លះគីឡូ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន២ស្លាបព្រា
- ម្រេចចំនួនកន្លះស្លាបព្រាតូច
- ប្រេងឆាចំនួន១ស្លាបព្រា
- ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព
- ទឹកចំនួន៤កែវ
- ទឹកត្រីចំនួន១ស្លាបព្រា
- ស្ករចំនួនកន្លះស្លាបព្រា
- អំបិលចំនួនកន្លះស្លាបព្រា
- ត្រសក់ហាន់ជាបន្ទះតូចៗចំនួន៣ផ្លែ
- ជីវ៉ាន់ស៊ុយចំនួន១កូនចានតូច
- ម្រេចចំនួន១កូនស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត
- ប្រហុកចំនួន១កូនចានតូច
- ស្លឹកគ្រៃចំនួន១កូនចានតូច
- អង្ករលីងកិនឲ្យម៉ត់ចំនួន១ស្លាបព្រា
របៀបធ្វើ
- ច្របាច់ប្រហិតត្រីហើយលាយជាមួយ ទឹកត្រី ស្ករ ម្រេច ប្រេងឆា និងស្លឹកខ្ទឹមជាមួយគ្នា រួចលាយឲ្យស៊ប់ល្អ លុញប្រហិតត្រីឲ្យចេញជារាងមូលតូចៗរួចដាក់ទុកនៅម្ខាង
- ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ ចាក់ប្រហិតត្រីចូលក្នុងទឹកពុះរួចកូរ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ និងអំបិលរួចកូរឲ្យស៊ប់ល្អ
- ដាក់ត្រសក់និងស្ងោរចំនួនប្រហែល៥នាទី
- ដាក់ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ និងម្រេចពីលើជាការស្រេច
- ដាក់ប្រហុក អង្ករលីងកិនម៉ត់និងស្លឹកគ្រៃចូលពេលអ្នកដាក់គ្រឿង
កត់សម្គាល់
ជាទូទៅគេពិសារសម្លមួយប្រភេទនេះជាមួយបាយ ប្រសិនអ្នកមិនចូលចិត្តប្រហុកមិនបាច់ដាក់ក៏បាន។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លមើមត្រាវជាមួយបង្គា – ម្ហូបខ្មែរ