រឿងសេដ្ឋីចិត្តលោភ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានកុមារកំព្រាម្នាក់ ជាក្មេងឆ្លាតវាងវៃ។ ក្រោយពីឳពុកម្ដាយស្លាប់ចោលទៅ ចៅខិលបានប្រមូលវេចស្បែកគោក្រៀមមួយបង្វេច ដើម្បីធ្វើដំនើរទៅស្រុកឆ្ងាយមួយទៀត ពេលយប់មួយនោះកុមារខិល បានឈប់សំរាកនៅលើដើមឈើមួយ ដោយអស់កំលាំងពេក ចៅខិលក៏ដេកលង់លក់ទៅ។ ពេលក្រោកពីដំនេក កុមារបានមើលឃើញចោរពីរនាក់កំពុងចែកមាសពេជ្រ និង របស់របរជាច្រើននៅក្រោមដើមឈើ កុមារខិល ភិតភ័យណាស់ តែដោយមានទំលាប់ក្លាហាន វាក៏ទំលាក់បង្វេចស្បែកគោចុះចំក្បាលពួកចោរ ចោរទាំង២ ភ្ញាក់ភ័យយ៉ាងខ្លាំង ទើបក្រោករត់ចោលរបស់ទ្រព្យទាំងអស់ កុមារខិលឃើញយ៉ាងនោះត្រេកអរណាស់ ក៏សំរូតចុះពីដើមឈើ ប្រមូលកើបវេចស្ពាយមាសពេជ្រជាច្រើត្រលប់មកផ្ទះវិញ។ កុមារខិល ក៏ក្លាយខ្លួនជាមនុស្សមានទ្រព្យសម្បត្ដិយ៉ាងស្ដុកស្ដម្ភនៅ ក្នុងភូមិ។ មានសេដ្ឋីម្នាក់។ គាត់អោយបំរើទៅហៅចៅខិលមកឈ្លេចសួរ ៖
– អែរកទ្រព្យបានដោយវិធីណា?
– បាទខ្ញុំបាទបានសំលាប់គោ យកស្បែកលក់។ ដោយសារតំលៃនៃស្បែកគោនោះ ទើបខ្ញុំប្រកបរបរបានចំរើន(ចៅខិលកុហកតប)។
– បើដូច្នោះអញនឹងអោយបំរើសំលាប់គោទាំងអស់ដើម្បីយកស្បែក។
ចាប់តាំងពីថ្ងៃនោះមក សេដ្ឋីក៏ចាត់បំរើអោយសំលាប់គោយកស្បែក ហើយអោយនាំយកទៅជួញនៅទីទាំងឡាយ។ តែជំនួញនេះពុំបានផលឡើយ។ ដោយចាញ់បោកកុមារខិល សេដ្ឋីខឹងណាស់ ទើបអោយបំរើទៅបំពានចាប់កុមារខិលច្រកបញ្ចូលក្នុងបាវដើម្បីទំលាក់ សំលាប់ចោលក្នុងទឹកទន្លេ។
បំរើក៏គោរពតាមសេដ្ឋី ហើយនាំគ្នាទៅព័ទ្ធចាប់កុមារខិល ច្រកបញ្ចូលក្នុងបាវចងមាត់យ៉ាងជិត នាំមកជួនសេដ្ឋី ពេលធ្វើដំនើរមកដល់ពាក់កណ្ដាលផ្លូវ ដោយមានការហេវហត់យ៉ាងខ្លាំង ពួកអ្នកបំរើទាំងឡាយក៏ទំលាក់បាវចោលនូវមាត់ផ្លូវហើយទើបនាំគ្នាចូលទៅរកអាហារបរិភោគ នៅក្នុងតៀមមួយ។ ខណៈនោះកុមារខិលបានហែកបាវមើលឃើញអ្នកគង្វាលម្នាក់ កំពុងកៀងចៀមមួយហ្វូង វាក៏ស្រែកហៅអ្នកគង្វាលតិចៗ រួចពោលត្អូញត្អែថា «សូមលោកមាជួយស្រាយមាត់បាវនេះលែងខ្ញុំផង សេដ្ឋីបានចាត់បំរើអោយនាំខ្ញុំទៅរក្សាទ្រព្យសម្បត្ដិ និងជួយបង្ហាត់សេះ តែខ្ញុំមានទំលាប់ខ្លាចសេះណាស់ ខ្ញុំពុំហ៊ានទៅទេ ទោះបីខ្ញុំប្រកែកយ៉ាងណាក្ដី បំរើសេដ្ឋីក៏ពុំយល់ព្រម ហើយក៏ចាប់ខ្ញុំច្រកបាវយ៉ាងនេះ។ ដូចលោកជ្រាបស្រាប់ មុខរបរនេះប្រកបដោយភាពខ្ពង់ខ្ពស់ និង កិត្ដិយស។ បើលោកមាពេញចិត្ដ សូមអញ្ជើញទៅជំនួយខ្ញុំទុកអោយខ្ញុំនៅថែរក្សាចៀមនេះម្ដង។
លាភអញមកដល់ហើយតើ អាក្មេងល្ងង់នេះមិនស្គាល់ប្រយោជន៍វាទេ អញ នឹងចូលសំងំក្នុងបាវនេះជំនួសវាម្ដង។ គិតហើយបុរសនោះក៏ចូលទៅសំងំក្នុងបាវជំនួសកុមារខិល ក្រោយពីបានបរិភោគឆ្អែតហើយពួកបំរើសេដ្ឋីក៏ត្រលប់មកវិញហើយក៏ចាប់បាវលីបន្ដដំនើរតទៅទៀត ដោយពុំបានដឹងកិច្ចកលអ្វីឡើយ។ សេដ្ឋីបានអោយពួកអ្នកបំរើ យកបាវនោះទៅទំលាក់ចោលក្នុងទឹកទន្លេ បុរសអ្នកគង្វាលក៏ស្លាប់អាសារបង់ទៅ។
ពេលកន្លងមកមិនយូរប៉ុន្មាន សេដ្ឋីក៏បានជួបជាមួយចៅខិលម្ដងទៀត មានទាំងហ្វូងច្រៀមជាច្រើនផង សេដ្ឋីនឹកឆ្ងល់ភិផលក្នុងចិត្ដណាស់ រួចក៏សួរចៅខិលថា ៖
– អែងរឺ ដែលអញយកទៅទំលាក់ក្នុងទឹកថ្ងៃមុននោះ?
– បាទ! មែនហើយលោកសេដ្ឋី កុមារតប តែជាសំនាងល្អណាស់នៅបាតទន្លេសបូរដោយទ្រព្យសម្បត្ដិធនធានជាច្រើន នេះនែហ្វូងចៀមដែលខ្ញុំទើបតែកៀងយកមក។
សេដ្ឋីបានស្ដាប់កុមារខិលហើយ ក៏ជឿយ៉ាងពិតប្រាកដ ឥតគិតពិចារណារអ្វីឡើយ ដោយមានចិត្ដលោភលន់ពន់ប្រមាណ សេដ្នីក៏បញ្ជាអោយពួកបំរើយកបាវមកច្រកគាត់ហើយអោយយកទៅទំលាក់ទឹកទន្លេ ដូចកាលដែលធ្វើទៅលើបុរសគង្វាលយ៉ាងនោះដែរ។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងសំលាញ់ពីរនាក់ – រឿងព្រេងខ្មែរ