Thursday , April 11 2024

រឿងភ្នំសែនហាន – រឿងព្រេងខ្មែរ

រឿងភ្នំសែនហាន – រឿងព្រេងខ្មែរ ៖ នៅខេត្ដ្ដកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំមួយឈ្មោះថា ភ្នំសែនហាន ។ តាំងនៅទិសខាងលិចវត្ដអង្គរ ជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ អតីតស្រុកបន្ទាយមាស ខេត្ដកំពតចម្ងាយពីវត្ដនេះប្រមាណ៣គីឡូមែត្រ។ ភ្នំនោះ មានបណ្តោយប្រមាណ១០គ.ម ទទឹងប្រហែលជា៥គ.ម កម្ពស់តាមចម្ងាយផ្លូវដើរឡើងពីជើងភ្នំដល់កំពូល ប្រមាណ ២គ.ម ហើយមានដើមរុក្ខជាតិគ្រប់មុខ ដុះលើភ្នំនោះណែនណាន់តាន់តាប់។ នៅក្បែរជើងភ្នំមានជ្រោះមួយ ឈ្មោះ ជ្រោះស្លា ស្ថិតនៅខាងលិចវត្ដអង្គពន្លឺដែលមានទឹកពណ៌ខៀវថ្លាឆ្វង់ គួជាទីរីករាយសប្បាយ ជាលំនៅនៃពួកមច្ឆាជាតិ ទាំងឡាយ។ ភ្នំនេះមានឈ្មោះថា សែនហាន ដោយមានរឿងព្រេងដែលអ្នកស្រុកនិទានតៗគ្នាមកថាៈ សម័យពីព្រេង នាយក្នុងគ្រាមួយ ដែលអ្នកស្រុកអំណត់ណាស់ មានមនុស្សច្រើននាក់ទៅរកស៊ីធ្វើការនៅជើងភ្នំនោះ ដែលជាភ្នំពុំទាន់ មានឈ្មោះថាអីនៅឡើយ ហើយភ្នំនោះពុំទាន់មានដើមឈើច្រើននៅឡើយផង គេបាននាំគ្នាដាំដំណាំផ្សេងៗជាច្រើន មាន ចេក ពោត ត្រាវ ដំឡូង ដូង ស្លា ជាដើម។ ក្នុងគ្រានោះមានតាម្នាក់ឈ្មោះ សែន នៅធ្វើចំការក្នុងទីនោះដែរ។ ពេលដែលដំណាំកំពុងតែលូតលាស់ល្មមប្រើការបាន ស្រាប់តែមានដំរីស្ដមួយ ចូលមកកាច់ចេក ដកដំណាំនោះស៊ីជា រឿយៗ។

តាសែនគិតថា “បើអញមិនរកមធ្យោបាយកំចាត់ដំរីនេះចេញទេ មុខតែថ្ងៃណាមួយវានឹងស៊ីដំណាំនេះអស់ ជាមិនខាន” ទើបគាត់ចាប់កាំបិតលំពែង និងកាំបិតព្រាដេញចាក់ កាប់ដំរីស្ដនេះ ដរាបដល់ស្លាប់ ឯជនឯទៀតមិនហ៊ាន ដេញចាក់ កាប់ដំរីនោះសោះឡើយ។ កាលដែលតាសែនសម្លាប់ដំរីនោះបានហើយ អ្នកស្រុកភូមិទាំងអស់គ្នាហៅគាត់ ថា តាសែនក្លាហានៗ ។ លុះចំណេរតៗមក ពេលតាសែនគាត់ធ្វើមរណកាលហើយក្ដី ក៏មនុស្សអ្នកស្រុកភូមិនាំគ្នាហៅ ភ្នំដែលជាលំនៅតាសែននោះថា ភ្នំតាសែនក្លាហាន លុះយូរៗតៗទៀតក៏ហៅខ្លីមកត្រឹម ភ្នំសែនហានៗ រហូតមកដល់ សព្វថ្ងៃនេះ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងវត្តសំពៅប្រាំ – រឿងព្រេងខ្មែរ

រឿងភ្នំសែនហាន – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *