Friday , April 19 2024

ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រពើវង្វេងបឹង ៖ មនុស្ស​អកត្តញ្ញូ​បំភ្លេច​គុណ​គេ ។

ក្រពើវង្វេងបឹង – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ក្រពើវង្វេងបឹង

ក្រពើ ក្នុង​ពេល​នេះ លោក​តំណាង​ឲ្យ​សភាវៈ​អាក្រក់ គឺ​មនុស្ស​អកត្តញ្ញូ ។

បឹង ក្នុង​ពេល​នេះ លោក​ប្រៀប​ដូច​ជា​ទី​ជម្រក ឬ​មាតា​បិតា អាណា​ព្យាបាល ។

មនុស្ស​អកត្តញ្ញូ រមែង​បំភ្លេច​នូវ​ឧបការគុណ អ្នក​ដែល​ធ្លាប់​ចិញ្ចឹម​ស្ងួន​គ្រង ឬ​អ្នក​ធ្លាប់​ឧបត្ថម្ភ​ខ្លួន ។ តួយ៉ាង ដូចជា ៖ អ្នក​ខ្លះ​កាល​នៅ​ក្រីក្រ ឬ​នៅ​រៀន តែ​មក​ជ្រក​កោន​ដោយ​វត្ត​អារាម ឬ​ជ្រក​កោន​ក្រោម​ការ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរស​ជន​ណា​ម្នាក់ ។ លុះ​ដល់​រៀន​ចប់ មាន​មុខងារ​ជា​មន្ត្រី ឬ​បាន​ប្រកប​អាជីព​យ៉ាង​សមរម្យ​ហើយ ស្រាប់​តែ​ភ្លេច​វត្ត​អារាម​ដែល​ជា​ជម្រក​ធ្លាប់​ផ្ដល់​នូវ​ភាព​សុខសាន្ត ភ្លេច​អ្នក​មាន​គុណ​ដែល​ធ្លាប់​ជួយ​ទំនុក​បម្រុង ហើយ​បែរ​ទៅ​ស្ម័គ្រ​ស្មាគម​នឹង​អ្នក​ថ្មី ។ អាក្រក់​ជាង​នេះ​ទៅ​ទៀត អ្នក​ខ្លះ​បែរ​មក​ប្រទូស្ត​នឹង​ជម្រក​ចាស់ ឬ​អ្នក​ឧបត្ថម្ភ​ចាស់​ទៀត​ផង ។

ឧទាហរណ៍ៈ ក្មេង​វត្ត​ខ្លះ ពេល​ឈប់​រៀន​ក៏​ទៅ​ធ្វើ​បដិវត្ត រួច​បែរ​មក​បំផ្លាញ​វត្ត រុះ​កុដិ វិហារ​ចោល ចាប់​ព្រះសង្ឃ​ផ្សឹក​អស់ ។

កូន​អកត្តញ្ញូ​ដែល​ភ្លេច​គុណ​មាតា​បិតា ​ក៏​លោក​ចាត់​ទុក​ថា ជា​ក្រពើ​វង្វេង​បឹង​ដែរ ។

កំណត់​ចំណាំ
តាម​សាស្ត្រាចារ្យ កេង វ៉ាន់សាក់ ខ្មែរ​ជំនាន់​ដើម​ប្រកាន់​ខ្ជាប់​នូវ​តូតែម (កំណាន់ រូប​តំណាង) ​ចំនួន​ពីរ​មិន​ដាច់​ពី​គ្នា​គឺ មេ និង​បា ឬ​ដី និង​ទឹក ដែល​មាន​រូប​តំណាង​ជា​នាងគង្ហីង និង​ក្រពើ (ត្រកួត) ។ ការ​យក​ក្រពើ​ធ្វើ​ជា​អត្តសញ្ញាណ​ជាតិ​ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ទង់​ព្រលឹង ទង់​រលក ទង់​ថ្វាយ​ទេវតា ក្បាច់​ចម្លាក់ និង​ការ​រចនា​តុបតែង​ផ្សេងៗ ។ នៅ​ពេល​ជន​ខ្មែរ​ណា​ម្នាក់​ភ្លេច​ជាតិ​កំណើត​ខ្លួន ប្រព្រឹត្ត​អំពី​មិន​គប្បី​នឹង​ជាតិ​សាសន៍​ឯង អ្នក​នោះ​ឯង​ហើយ​ជា​ «ក្រពើ​វង្វេង​បឹង» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កាំបិតចិតដងឯង – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *