Wednesday , December 11 2024

ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ

ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ប្រាសាទ​បុរាណ​​ខ្មែរ​មាន​ច្រើន​ប្រភេទ​ណាស់​​ដូចជាៈ

១.​ ប្រាសាទ​មាន​ប្រាង្គ​តែ​មួយ​ហើយ​នៅ​ដាច់​តែ​ឯង
ឧ. ប្រាសាទ​ភ្នំ​បាយង់ ប្រាសាទ​ភ្នំ​បាសិត ប្រាសាទ​ភូមិ​ប្រាសាទ ។​ល។

២.​ ប្រាសាទ​មាន​ប្រាង្គ​ច្រើន​នៅ​លើ​ខឿន​តែ​មួយ​ជាន់
ឧ. ប្រាសាទ​ព្រះ​គោ ប្រាសាទ​លលៃ ។ល។

៣.​ ប្រាសាទ​សង់​នៅ​ដី​រាប​គ្មាន​ខឿន​ទេ​គឺ​សង់​នៅ​លើ​ដី​រាប​ស្មើ
ឧ. ប្រាសាទ​ភូមិ​ប្រាសាទ ប្រាសាទ​ព្រះខ័ន ។ល។

៤.​ ប្រាសាទ​ភ្នំ​មាន​ទំហំ​ធំ​មាន​ខឿន​ច្រើន​ជាន់

ប្រាសាទ​ភ្នំ​មាន​២​យ៉ាងៈ ប្រាសាទ​ភ្នំ​ដែល​សង់​លើ​ភ្នំ​ធម្មជាតិ (ឧ. ប្រាសាទ​បាខែង) និង​ប្រាសាទ​ភ្នំ​ដែល​សង់​នៅ​លើ​ដី​មាន​ខឿន​ច្រើន​ជាន់ (​ឧ. ប្រាសាទ​បាគង ប្រាសាទ​បក្សី​ចាំក្រុង ប្រាសាទ​ធំ ប្រាសាទ​ប្រែ​រូប ប្រាសាទ​តាកែវ ប្រាសាទ​បាពួន ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ។ល។​)

គេ​សាង​ប្រាសាទ​ភ្នំ​គឺ​ដើម្បី​ដំណាង​ភ្នំ​នេះ​ឯង ។ តាម​ទស្សនៈ​ឥណ្ឌា​ក្នុង​សាសនា​ព្រាហ្មណ៍ គេ​និយម​គោរព​ភ្នំ​ព្រះសុមេរុ​ថា​ជា​ឋាន​នៃ​អាទិទេព​ឥសូរ ។ នៅ​ស្រុក​ខ្មែរ​តាម​ជំនឿ​សាសនា​ព្រាហ្មណ៍​អំពី​អាទិទេព​គេ​បាន​សាង​រូប​ លិង្គ​ព្រះ​ឥសូរ​ដំកល់​ក្នុង​ប្រាសាទ​ដំណាង​ព្រះរាជា ដូចជា ប្រាសាទ​បាគង ប្រាសាទ​បាខែង​ជាដើម ដែល​មាន​ទំនាក់​ទំនង និង​ពិធី​ទេវរាជ​ផង ។

ប្រភេទប្រាសាទខ្មែរ - ប្រាសាទខ្មែរ

មុខ​ងារ​ប្រាសាទ

មាន​មតិ​ជា​ច្រើន​យល់​ច្រឡំ​ថា​គេ​សាង​ប្រាសាទ​ឡើង​ សម្រាប់​ជា​លំនៅ​របស់​ព្រះ​មហាក្សត្រ តាម​ពិត​បុព្វ​បុរស​យើង​បាន​សាង​ប្រាសាទ​ឡើង​នេះ​មិន​មែន​សម្រាប់​នៅ​ទេ គឺ​សម្រាប់ៈ

​ឧទ្ទិស​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញ្ញ​សាសនា ដូចជា​ព្រះឥសូរ ព្រះ​នារាយណ៍ ជា​ដើម ។
​ឧទ្ទិស​ថ្វាយ​ព្រះពោធិសត្វ​ក្នុង​ពុទ្ធសាសនា ដូចជា​លោកេស្វរៈ (ពោធិសត្វ​ខាង​ពុទ្ធសាសនា​មហា​យាន​) ។
​ឧទ្ទិស​ថ្វាយ​ទេវរាជ (​ដំកល់​លិង្គ​ព្រះ​ឥសូរ​ក្នុង​ប្រាសាទ​ភ្នំ​) ។
​ឧទ្ទិស​ថ្វាយ​បុព្វបុរស​ព្រះ​រាជា មាន​មាតា​ បិតា​ និង​វរជន​ខ្លះ ។

តម្លៃ​នៃ​ស្ថាបត្យ​កម្ម​ខ្មែរ

តាម​ការ​សិក្សា​រួច​មក​ហើយ​នេះ​បាន​បង្ហាញ​ឲ្យឃើញ​ថា​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​បាន​វិវត្តន៍​ជា​ហូរ​ហែរ​ពី​សម័យ​មួយ​ទៅ ​សម័យ​មួយ​ទៀត ។ ការ​ចម្រើន​លូត​លាស់​នេះ​ស​ឲ្យ​ឃើញ​ថា​បុព្វ​បុរស​ខ្មែរ​ដែល​ជា​ស្ថាប្យករ​ មាន​ទេពកោសល្យ​ខ្ពស់​ណាស់ ។ ក្រៅ​ពី​ទេពកោសល្យ​ខាង​ច្នៃ​ប្រឌិត និង​ផ្សែផ្សំសិល្បៈ​បរទេស​ជាមួយ​នឹង​សិល្បៈ​របស់​ខ្លួន​ឲ្យ​ទៅ​ជា​សិល្បៈ​ មួយ​ថ្មី​ទៀត​នៅ​មាន​ទេពកោសល្យ​ខាង​បង្កើត​ថ្មី ។

នៅ​សម័យ​ភ្នំ​ដា​ខ្មែរ​យើង​បាន​លុង​ភ្នំ​ធម្មជាតិ​ ធ្វើ​ប្រាសាទ​ត្រាប់​តាម​ឥណ្ឌា​មែន ប៉ុន្តែ​ក្រោយ​មក​បុព្វបុរស​យើង​បាន​ច្នៃ​គំនិត​គោរព​ទៅ​លើ​ទី​ខ្ពស់​ឲ្យ​ ចេញ​ជា​រូប​រាង​ប្រាសាទ (ប្រាសាទ​ភ្នំ) មាន​ខឿន​ច្រើន​ជាន់​ឲ្យ​ខ្ពស់​ដូច​ភ្នំ​ធម្មជាតិ ។

ទស្សនៈ​គោរព​ទី​ខ្ពស់​នេះ ខ្មែរ​យើង​ក៏​ធ្លាប់​មាន​មក​ហើយ​ដែរ​មុន​ទស្សនៈ​សាសនា​ប្រាហ្មណ៍​ចូល​មក​គឺ​ ទស្សនៈ​គោរព​អ្នក​តា​នៅ​លើ​កំពូល​ភ្នំ ឬ​លើ​ទី​ខ្ពស់​ លុះ​ទស្សនៈ​ឥណ្ឌា​ចូល​មក​ដល់​ក៏​ស៊ី​ចង្វាក់​គ្នា​តែ​ម្ដង ។

បង្កាន់​ដៃ​នាគ​អម​សង​ខាង​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ ​ និង​គូ​ដែល​ព័ទ្ធ​ជុំ​វិញ​ប្រាសាទ​ជា​និមិត្ត​រូប​នៃ​ការកូរ​សមុទ្រ​ទឹក​ដោះ ​ក្នុង​ជំនឿ​សាសនា​ព្រាហ្មណ៍​បាន​ក្លាយ​មក​ជានិមិត្ត​រូប​នៃ​នយោបាយ​ទឹក​ដ៏​ ប្រសើរ​របស់​ខ្មែរ​នា​សម័យ​អង្គរ ។ ដូច​នេះ សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​មិន​ត្រឹម​តែ​បម្រើ​គំនិត​និមិត្ត​រូប​និយម​នៅ​ ក្នុង​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បម្រើ​គំនិត​មនុស្ស​និយម​ផង ។

អាស្រ័យ​ដោយ​ស្នាដៃ​ដ៏​ប៉ិនប្រសប់ ដ៏​ឆើតឆាយ​របស់​ដូន​តា​យើង​បាន​ធ្វើ​ឲ្យ​សិល្បៈ​ស្ថាបត្យកម្ម​ខ្មែរ​មាន​ តម្លៃ​ខ្ពង់​ខ្ពស់​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ដោយ​បាន​ទទួល​នូវ​ការ​កោត​សរសើរ​ស្ញាប់ស្ញែង​យ៉ាង​ក្រៃលែង ៕

អត្ថបទពេញនិយម ៖ ប្រាសាទតុប – ប្រាសាទបុរាណ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *