Thursday , December 12 2024

កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កោរសក់កុហកព្រះ ៖ ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី ។

កោរសក់កុហកព្រះ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កោរសក់កុហកព្រះ

នៅ​ក្នុង​សាសនា​ព្រះពុទ្ធ​ជាម្ចាស់ តែង​មាន​ជន​ខិល​ខូច​មួយ​ចំនួន​តូច​ចូល​ទោ​ជ្រក​ក្រោម​ទង់​សាសនា​ដើម្បី​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​គ្រួសារ ។ ដូចជា អ្នក​ខ្លះ​កោរ​សក់ ស្លៀក​ស​ពាក់​ស តាំង​ខ្លួន​ជា​អ្នក​កាន់​សីល​ប្រាំ ចាំ​សីល​ប្រាំបី ។ ពេល​ទៅ​ណា​ម្ដងៗ គេ​ស្ពាយ​ថង់​យាម​មួយ​ដាក់​បរិក្ខា​ផ្សេងៗ មាន​ទៀន ធូប​ជាដើម មើល​ទៅ​គួរ​ឲ្យ​គេ​ជឿ​ថា ជា​សំណព្វ​របស់​ព្រះ ។

គេ​ឃើញ​ជន​មួយ​ចំនួន​ទៀត ធ្វើ​សកម្មភាព​ជា​លោក​អាចារ្យ ឬ​តាជី យាយជី ដើរ​កាន់​ក្រដាស​កម្មវិធី​បុណ្យ​តាម​តែ​ប្រទះ​វត្ត​ណា​ក៏​បាន ។ ជន​នេះ​តែង​យក​លេស​ថា អង្គាស​បច្ច័យ​យក​ទៅ​កសាង​ព្រះវិហារ​វត្ត​នេះ​វត្ត​នោះ ។ ជួនកាល​គេ​កាន់​ក្រដាស​កម្មវិធី​ហួស​កាល​បរិច្ឆេទ​ទៀត​ផង ។ ជន​ខ្លះ​ទៀត គឺ​ជា​លោក​អាចារ្យ​មែន​ទែន​តែ​ម្ដង ។ ប៉ុន្តែ​មាន​មួយ​ចំនួន​តូច ឆ្លៀត​កេង​យក​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដែរ ។

មាន​ស្រមណ៍​កំណោរ​មួយ​ចំនួន​ទៀត កោរ​សក់​បួស​ក្នុង​សាសនា​ទៅ​ហើយ តែ​ឆ្លៀត​រក​ស៊ី​ក្រោម​ទង់​សាសនា​ដែរ ។ ដូចជា ធ្វើ​គ្រូ​ស្រោចទឹក ធ្វើ​ខ្សែចង្កេះ ខ្សែគាថា​ឲ្យ​រក​ស៊ី ឲ្យ​ឡើង​បុណ្យស័ក្តិ ។ល។ មាន​សង្ឃ​ខ្លះ​ទៀត ធ្វើ​កន្សែង​ស្នេហ៍ មន្តអាគម​អូមអាម កាប់​មិន​មុត​ដុត​មិន​ឆេះ ។ល។

អាចារ្យ​ខ្លះ សង្ឃ​ខ្លះ បើ​មាន​គេ​អញ្ជើញ ឬ​និមន្ត​ទៅ​សូត្រ​មន្ត​រំដោះ​គ្រោះ លើក​រាសី តែង​តែ​សម្លឹង​មើល​អ្នក​ដែល​មក តើ​មាន​ឬ​ក្រ មាន​ឡាន​ថ្មី​ថ្លៃៗ​ឬ​ចាស់ ។ បើ​អ្នក​មាន និង​ជា​ពិសេស​ឡាន​ថ្មី មាន​តម្លៃ​ខ្ពស់ គេ​រៀបចំ​ខ្លួន​យ៉ាង​រហ័ស ។ បើ​ឡាន​ចាស់ ឬ​ថ្មើរ​ជើង គេ​រាង​ច្រិមច្រុម​បន្តិច ជួន​មិន​ទៅ​តែ​ម្ដង ដោយ​ប្រាប់​ថា ជាប់​រវល់ ឬ​មិន​ស្រួល​ខ្លួន ។

អ្នក​កោរ​សក់​ដូច​ករណី​ខាងលើ​នេះ សុទ្ធតែ​បោកប្រាស និង​កោរ​សក់​កុហក​ព្រះ​ទាំងអស់ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្មេងអាងយំ ធំអាងកាប់ ចាស់អាងស្លាប់ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *