និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ ៖ ទង្វើមិនចេះប្រមាណ និងទង្វើប្រចាំគ្នា ។ អត្ថាធិប្បាយ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ អត្ថានុរូប គ្នាច្រើនក្នុងពេលនេះ លោកសំដៅយកចំនួនប្រមាណ៤‑៥នាក់ប៉ុណ្ណោះ ។ អន្សមមួយឆ្នាំង អ្នកស្ងោរ៤‑៥នាក់ ម្នាក់ដាក់អុសម្ដង ម្នាក់ទៀតថែមអុសម្ដង ដោយឥតចេះប្រមាណគ្នា រួចដុតភ្លើងស្ងោរគ្រប់តែគ្នាទៅ អន្សមក៏ខ្លោចអស់ ទទួលទានមិនកើត ។ ឯគ្នាដូចស្រមោច គឺគ្នាច្រើនពេក ។ កាលណាគ្នាច្រើនយ៉ាងនេះ រមែងតែងប្រចាំគ្នា ម្នាក់ប្រចាំម្នាក់ ម្នាក់ប្រចាំម្នាក់ ភ្លើងក៏រលត់អស់ទៅ ។ អន្សមក៏ឆៅ ទទួលទានមិនកើតដូចគ្នា ។ អត្ថប្បដិរូប នៅក្នុងករណីពិភាក្សាគ្នាពីបញ្ហាអ្វីមួយ បើមានគ្នា៤‑៥នាក់ ពុំងាយមូលមតិគ្នាទេ ។ ម្នាក់យល់ថាយ៉ាងនេះ ម្នាក់ទៀតយល់ថាយ៉ាងនោះ យោបល់ចេះតែខ្វែងគ្នារហូត ។ ម្នាក់ៗចេះតែយល់ថាយោបល់ខ្លួនត្រូវជាង ប្រសើរជាង ល្អជាង ។ …
អានបន្ត »គេខុសកុំអាលអរ គេសាទរកុំអាលអួត – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេខុសកុំអាលអរ គេសាទរកុំអាលអួត ៖ ត្រូវតាំងចិត្តជាឧបេក្ខា មិនញោចអារម្មណ៍ចុះឡើង ។ អត្ថាធិប្បាយ គេខុសកុំអាលអរ គេសាទរកុំអាលអួត ក្នុងន័យនេះ លោកឲ្យមនុស្សប្រកាន់ចិត្តជាឧបេក្ខា គឺស្ថិតនៅជាកណ្ដាល ស្មើៗ អារម្មណ៍នឹងធឹង មិនលោតចុះលោតឡើង ។ ដូចជា ៖ បើឃើញគេដល់នូវក្ដីអន្តរាយដោយប្រការណានីមួយ ឬធ្វើអ្វីដែលជាកំហុស ទោះជាគូសត្រូវក៏ដោយ លោកប្រាប់ថា កុំសាធុ កុំទះដៃ កុំផ្ដន្ទាថែម កុំអាលអរនឹងកំហុសរបស់គេ ។ ព្រោះកំហុសតែងរេចុះរេឡើង គ្មានអ្នកណាជៀសរួចទេ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ ។ បើមានគេសាទរ គឺគេអបអរពោលសរសើរគុណសម្បត្តិឯង លោកប្រាប់ថា កុំឲ្យឡើងជោរ ឡើងអំនួតក្អេងក្អាងថា ឯងគ្រាន់បើឲ្យសោះ ព្រោះពាក្យសរសើរ និងពាក្យនិន្ទានៅជិតគ្នាណាស់ ។ ម្ដងគេថាល្អ ម្ដងគេថាអាក្រក់ ។ ព្រោះលោកធម៌ដែលព្រះបរមគ្រូបានត្រាស់សម្ដែងមកថា វាជាគូៗគ្នា ដូចជា …
អានបន្ត »គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ៖ អ្នកមានចំណុចខ្សោយ តែងរសើបនឹងសម្ដីគេ ។ អត្ថាធិប្បាយ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ អត្ថានុរូប គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ តែតាមពិត ក្អែកឥតដឹងអ្វីពីគោទេ គឺវាហើរតាមធម្មតារបស់វា ។ អត្ថប្បដិរូប មនុស្សមានចំណុចខ្សោយ ដូចជា ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ មានលួច ប្លន់គេជាដើម ។ កាលណាឮគេនិយាយពីចោរកម្មកើតនៅទីណា មនុស្សនោះតែងតែផ្អើលៗ រសើបគូទនៅពុំសុខទេ ។ ព្រោះអារម្មណ៍គេចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន ជួនកាលដោយរអៀសខ្លួនខ្លាំងពេក ក៏ក្រោកដើរចេញបាត់ទៅ ។ ជួនគេមិនអាចដើរចេញបាន ក៏ខំនឹករកមធ្យោបាយផ្សេងៗដើម្បីនិយាយការពារខ្លួន ។ តែតាមពិតអ្នកនិយាយគឺនិយាយដោយត្រង់ទេ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោលឿនសឹកក ស្រីល្អសឹកគូទ ៖ អ្វីដែលគេត្រូវការញឹកញាប់ តែតែសឹករេចរឹល ។ អត្ថាធិប្បាយ គោលឿនសឹកក ស្រីល្អសឹកគូទ គោលឿនសឹកក កាលណាគេឃើញកគោណាសឹកក្រិន គេដឹងថា គោនោះលឿន ដោយសារគេទឹមវាញឹកញាប់ ទើបកវាឡើងក្រិនអស់ ។ ស្រីល្អសឹកគូទ ការពិតហើយ ស្រីណាដែលមានរូបសម្ផស្សឆោមលោមពណ៌ល្អស្អាត គឺជាប្រាថ្នារបស់ផងទាំងឡាយ ។ ជាពិសេសចំពោះបុរសអភិជន ។ ដោយសាររូបសម្ផស្សស្រស់ស្អាតក៏ជាគ្រោះថ្នាក់មួយដែរ ។ ព្រោះអ្នកដែលមានលទ្ធភាព គេហ៊ានចំណាយធនធានដើម្បីរូបនាង ។ កាលបើចៀសមិនផុត នាងក៏ធ្លាក់ក្នុងអន្ទាក់ប្រាក់ ។ រួចពីអន្ទាក់មួយចូលទៅអន្ទាក់មួយទៀតជាបន្តបន្ទាប់គ្នា ។ អ្វីក៏ដោយ កាលណាគេត្រូវការប្រើប្រាស់ច្រើន រមែងតែងតែសឹករេចរឹល ត្រង់នេះត្រង់នោះជាមិនខាន ។ នេះជាបំណងរបស់ន័យដើមសុភាសិត ។ ឥឡូវនេះ ដើម្បីកុំឲ្យអាក្រក់ស្ដាប់ពេក គេប្រែសេចក្ដីថា «សឹកគូទសំពត់» ទៅវិញ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោមួយក៏យប់ …
អានបន្ត »គោមួយក៏យប់ គោដប់ក៏យប់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោមួយក៏យប់ គោដប់ក៏យប់ ៖ ការរកភាពរីកចម្រើនក្នុងពេលតែមួយ ។ អត្ថាធិប្បាយ គោមួយក៏យប់ គោដប់ក៏យប់ អត្ថានុរូប អ្នកកង្វាលម្នាក់ឃ្វាលគោ១ក្បាលតាំងពីព្រឹកដល់ល្ងាច ។ ប្រសិនបើគេឃ្វាលគោ១០ក្បាល ក៏តាំងពីព្រឹកដល់ល្ងាចដូចគ្នា ។ ដូច្នេះគេគួរតែឃ្វាលគោ១០ក្បាលតែម្ដងទៅវាបានចំណេញច្រើនជាង ព្រោះគោ១ក៏យប់ គោ១០ក៏យប់ដែរ ។ អត្ថប្បដិរូប មុខរបររកស៊ី បើគេលក់របស់១មុខបានក្នុងមួយថ្ងៃ គេគួរតែលក់ឲ្យបាន១០មុខ ព្រោះបានផលចំណេញច្រើនជាងមួយមុខ ដោយប្រើពេលតែមួយថ្ងៃដូចគ្នា ។ ឧទាហរណ៍ ៖ អ្នកលក់ផ្លែឈើម្នាក់ អង្គុយលក់ផ្លែក្រូចមួយកញ្ជើតាំងពីព្រឹកដល់ល្ងាច ។ ដូច្នេះ គេគួរលក់ផ្លែទៀប ល្មុត ល្ហុង ។ល។ ឲ្យបាន១០មុខទៀត ។ អ្នកលក់គ្រឿងទេសម្នាក់ លក់ឥវ៉ាន់ច្រើនមុខ ។ គេចំណេញមួយមុខបន្តិចមែន តែច្រើនមុខទៅគេបានចំណេញច្រើន ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គ្មានទីណាប្រសើរជាងផ្ទះយើងទេ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្មានទីណាប្រសើរជាងផ្ទះយើងទេ ៖ អ្វីដែលជាកម្មសិទ្ធរបស់យើងប្រសើរជាងរបស់គេ ។ អត្ថាធិប្បាយ គ្មានទីណាប្រសើរជាងផ្ទះយើងទេ ប្រាសាទ វិមាន ភូមិគ្រឹះ ដ៏ស្កឹមស្កៃ ជាកម្មសិទ្ធរបស់គេក៏នៅតែចាញ់ខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះវិមានអស់ទាំងនោះ យើងមិនអាចទៅស្នាក់នៅ ឬទៅជ្រកភ្លៀងម្ដងម្កាលបានទេ ។ ម្យ៉ាងទៀត បើមានបងប្អូនជាគហបតី ហៅយើងឲ្យទៅនៅលេងបួនដប់ថ្ងៃ ។ គេផ្គត់ផ្គង់បាយទឹកគ្មានឲ្យខ្វះអ្វី ។ យើងមិនអាចនៅឲ្យគ្រប់ដប់ថ្ងៃបានដែរ ។ ផ្ទះគេស្អាតឥតខ្ចោះ ប៉ុន្តែបើយើងនៅយូរ យើងរឹតតែធុញថប់ក្នុងអារម្មណ៍ខ្លាំងជានិច្ចដែរ ។ ព្រោះផ្ទះគេមិនមែនជាផ្ទះរបស់យើងទេ ។ ផ្ទះគេស្អាតពេក ឥវ៉ាន់ប្រើប្រាស់ទំនើបទាន់សម័យ តែយើងមិនហ៊ានកាន់ ឬប៉ះពាល់ឲ្យពេញដៃជើងឡើយ ។ ដូច្នេះ ទីកន្លែងណាឲ្យតែរបស់គេ ទោះបីជាល្អប្រណីតយ៉ាងណាក៏ដោយ ក៏នៅតែមិនប្រសើរជាងខ្ទមកំព្រួករបស់យើងដែរ ។ ព្រោះខ្ទមរបស់យើង ទោះយើងចង់ដេក ដើរ ឈរ អង្គុយ គ្រប់ឥរិយាបថ ក៏គ្មានខ្លាចក្រែងចិត្តអ្នកណា …
អានបន្ត »គ្រូទាយ ម្តាយថា – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូទាយ ម្តាយថា ៖ ទំនាយគ្រូ និងតំហារបស់អ្នកម្ដាយមានភាពប្រាកដនិយម ។ អត្ថាធិប្បាយ គ្រូទាយ ម្តាយថា គ្រូទាយ គ្រូនៅទីនេះ លោកសំដៅយកគ្រូបង្រៀនអក្សរ លេខ នព្វន្ត ។ មិនមែនគ្រូទស្សន៍ទាយជោគជតារាសីទេ ។ គ្រូបង្រៀនតែងស្គាល់ច្បាស់នូវអត្តចរិតសិស្ស តាមរយៈសកម្មភាពសិក្សារបស់សិស្សគ្រប់ៗគ្នា ។ ព្រោះការបង្រៀនរបស់គ្រូ ប្រកបដោយនិយាមគរុកោសល្យ បូកផ្សំនឹងចិត្តសាស្ត្រផងនោះ ធ្វើឲ្យគ្រូឆាប់ចាប់បាននូវនិស្ស័យរបស់សិស្សដោយច្បាស់ប្រាកដណាស់ ។ អាស្រ័យហេតុនេះ គ្រូអាចមើលឃើញនូវវាសនាកម្ម អនាគតរបស់សិស្សម្នាក់ៗថា ជាយ៉ាងណាបានតាមរយៈអត្តចរិត និងសកម្មភាពសិក្សា ។ ដូចនេះគ្រូអាចទាយថា សិស្សនេះទៅថ្ងៃមុខនឹងក្លាយទៅជាអ្នកប្រាជ្ញ ឬកវី បណ្ឌិត ឬក៏មុជមិនជ្រៅទៅមិនឆ្ងាយ បានយ៉ាងច្បាស់លាស់ល្អណាស់ ។ ដូច្នេះ កូនសិស្សណាដែលគ្រូទាយថា យ៉ាងម៉េចហើយ ពុំសូវឃើញខុសទេ ។ ម្តាយថា ព្រះពុទ្ធដីកាត្រាស់ថា ម្ដាយជាមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងជាបុព្វាចារ្យគឺគ្រូដើម …
អានបន្ត »គ្រូកាច សិស្សខូច – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គ្រូកាច សិស្សខូច ៖ កំណាចខុសបែបបទនាំឲ្យសិស្សខូច ។ អត្ថាធិប្បាយ គ្រូកាច សិស្សខូច កាលពីសម័យមុនយូរបន្តិចហើយ គ្រូបង្រៀនមិនថា ព្រះសង្ឃ ឬគ្រហស្ថទេ តែងកាចៗខ្លាំងសម្បើម ។ ក្នុងជំនាន់នោះ សិស្សខ្លាចគ្រូជាងឪពុកម្ដាយទៅទៀត ។ ឪពុកម្ដាយខ្លះយកកូនទៅផ្ញើនឹងព្រះសង្ឃ ឬលោកគ្រូឲ្យនៅរៀនតែងនិយាយថា «សូមផ្ញើកូនឲ្យរៀនសូត្រផង ដោយសុំតែភ្នែក និងឆ្អឹងទេ» ក្នុងន័យនេះគឺសុំឲ្យវាយយ៉ាងណាកុំឲ្យខ្វាក់ភ្នែក និងបាក់ឆ្អឹង ។ ម៉្លោះហើយ គ្រូវាយសំពងតាមចិត្ត ។ សិស្សខ្លះមិនហ៊ានទាំងមើលមុខគ្រូចំផង ។ សិស្សណាមានប្រាជ្ញា រៀនឆាប់ចេះឆាប់យល់ពុំសូវត្រូវរំពាត់ទេ ។ សិស្សណាអាប់ប្រាជ្ញា រៀនខ្សោយ គ្រូវាយសំពងឥតប្រណី ។ ដោយកំណាច និងគ្រូខ្វះគរុកោសល្យផងនោះ សិស្សក៏បែកប្រាជ្ញាខូច ។ គេរកមធ្យោបាយភូតភរកុហកគ្រូថា ថ្ងៃនេះចុកពោះណាស់រៀនមិនកើតទេ ។ ខ្លះថាឪពុកម្ដាយឈឺ ។ ខ្លះខ្លាចគ្រូពេករត់ចោលសាលាតែម្ដង …
អានបន្ត »គិតរួច សឹមគូរ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គិតរួច សឹមគូរ ៖ មុនធ្វើអ្វីមួយ តោងធ្វើគំរោងសិន ។ អត្ថាធិប្បាយ គិតរួច សឹមគូរ កិច្ចការអ្វីក៏ដោយមុននឹងចាប់ធ្វើ គេតោងពិចារណាជាមុន ថាតើត្រូវធ្វើអ្វី ? ធ្វើយ៉ាងម៉េច ? ធ្វើបានឬទេ ? ធ្វើកើតឬទេ ? មានសម្ភារៈគ្រប់គ្រាន់ហើយឬនៅ ? … បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។ ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ
និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ ៖ អំពើអាក្រក់មានឥទ្ធិពលខ្លាំងជាងអំពើល្អ ។ អត្ថាធិប្បាយ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ បុគ្គលម្នាក់ៗខំប្រឹងសន្សំប្រាក់បន្តិចម្ដងៗ គេត្រូវប្រើពេលយ៉ាងយូរណាស់ទម្រាំសាងសង់ជាផ្ទះមួយខ្នងបាន ។ ប៉ុន្តែបើមានអគ្គីភ័យឆាបឆេះ ផ្ទះនោះក៏អន្តរាយរលាយសូន្យក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ ដូច្នេះ ការសាងសង់ ឬសន្សំនូវអំពីល្អ គេត្រូវប្រើពេលយូរដូចគ្នា ។ ប៉ុន្តែ គុណសម្បត្តិយ៉ាងធំនេះ បើមានគុណវិបត្តិមួយជ្រៀតចូលទៅ វានឹងធ្វើឲ្យរលាយគុណសម្បត្តិនោះអស់រលីងក្នុងរយៈពេលយ៉ាងខ្លីបំផុតដែរ ។ ប្រៀបដូចតំណក់ទឹកពណ៌ខ្មៅមួយតំណក់សម្រក់ចូលក្នុងទឹកថ្លាកន្លះកែវ ទឹកថ្លានោះក៏ស្រអាប់ភ្លាម ។ ករណីនេះបញ្ជាក់ឲ្យឃើញថា អំពើល្អទោះបីជាមានច្រើនដល់ម្ល៉ា ក៏ចាញ់អំពើអាក្រក់ដែលមានតែបន្តិចបន្តួចដែរ ។ សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ
អានបន្ត »