និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង ៖ ការពោលសរសើរគុណពោធិសម្ភាររបស់ព្រះសម្មាសម្ពុទ្ធ ។
អត្ថាធិប្បាយ ខែរះឆ្លងផ្លូវ កូនកើតមុនឪ ពតាដើរលេង
ព្រះពុទ្ធអង្គបរមគ្រូ ទ្រង់ប្រកបដោយអតិរេកគុណបារមីមហាប្រសើរយ៉ាងក្រៃលែងលើត្រ័យភពគឺ ភពមនុស្ស ភពទេព្ដា ភពឥន្ទ្រព្រហ្ម ។
ខែរះឆ្លងផ្លូវ
បុរាណាចារ្យបានពោលសរសើរនូវគុណថ្ងៃមហានក្ខត្តឫក្សទាំងបីលក្ខណៈគឺ ថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ព្រោះ ៖
- កាលព្រះអង្គប្រសូតក៏នៅថ្ងៃហ្នឹង
- កាលទ្រង់ត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណក៏នៅថ្ងៃហ្នឹង
- កាលទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានក៏នៅថ្ងៃហ្នឹង
ហេតុនេះហើយបានជាពុទ្ធបរិស័ទខ្មែរ នាំគ្នាប្រារព្ធធ្វើបុណ្យ «ពិសាខបូជា» នៅថ្ងៃពេញបូរមី ១៥កើត ខែពិសាខ ជារៀងរាល់ឆ្នាំមិនដែលខាន ។
ម្យ៉ាងទៀត ខែរះឆ្លងផ្លូវ លោកបានឲ្យន័យមួយបែបទៀតថា ខែពេញវង់ឆ្លងពីផ្លូវមួយទៅផ្លូវមួយទៀតគ្រប់ផ្លូវទាំងបី ឬថាថ្ងៃ១៥កើត ខែពេញបូរមី ជាថ្ងៃចប់ផ្នែកខាងខ្នើតឆ្លងចូលថ្ងៃ១រោច ខែងងឹតជាថ្ងៃដើមផ្នែកខាងរនោច ។
កូនកើតមុនឪ
កាលព្រះអង្គទ្រង់សម្រេចនូវព្រះអរហត្តផល គឺបានសម្រេចមុនព្រះវរបិតា ។ លុះព្រះអង្គបានសម្រេចនូវព្រះអរហត្តផលហើយ ទើបទ្រង់យាងទៅប្រោសព្រះវរបិតាឲ្យបានសម្រេចនូវព្រះអរហត្តផលជាខាងក្រោយ ។ លោកប្រៀបថា «កូនកើតមុនឪ» ។
ពតាដើរលេង
ព្រះពុទ្ធអង្គមានផៅពង្សចេញពី «សាក្យៈត្រកូល» សាក្យៈគឺជាគោត្តនាមដែលមានខ្សែស្រលាយជាច្រើនតំណយូរមកហើយដែលលោកប្រៀបប្រដូចទៅនឹង «ជីតា» ។ ក្រោយពេលព្រះអង្គទ្រង់ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណរួចហើយ ព្រះអង្គទ្រង់ស្ដេចយាងទៅគ្រប់ទិសទីដើម្បីសម្ដែងធម៌ប្រោសមហាជន ។
កាលណោះមហាជនក៏បានស្គាល់ព្រះអង្គ និងបានថ្វាយព្រះនាមព្រះអង្គថា «ព្រះសាក្យមុនី» ដែលមានន័យថា «អ្នកប្រាជ្ញក្នុងត្រកូលសាក្យៈ» ។ លោកប្រៀបថា «ពតាដើរលេង» ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខឹងខុស ខឹងខូច ខឹងខាត – សុភាសិតខ្មែរអធិប្បាយ