និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម ៖ ត្រូវស្គាល់កាលគួរ និងកាលមិនគួរ ។
អត្ថាធិប្បាយ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម
តាមទម្លាប់នៅក្នុងសហគមន៍ខ្មែរ កាលណាមានប្រារព្ធធ្វើពិធីអ្វីមួយដូចជា ជប់លៀង រាត្រីសមោសរ អាពាហ៍ពិពាហ៍ ឬ បុណ្យទានផ្សេងៗ ។ ម្ចាស់កម្មវិធីតែងអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមជាកិត្តិយស រៀរលែងតែបុណ្យសពមួយចេញ ។
ចំណែកអ្នកដែលគេមិនបានអញ្ជើញ ដោយហេតុគេភ្លេច ឬរកមិនជួប ឬក៏នៅឆ្ងាយ គេមិនគួរទៅទេ ទោះជាបងប្អូនបង្កើតក៏ដោយ ។
នៅក្នុងវង់សន្ទនា តែមានអ្នកតាំងសំណួរ និងតម្រូវឲ្យមានអ្នកឆ្លើយ ។ ក្នុងករណីនេះ អ្នកដែលគេមិនសួរ មិនគួរគប្បីឆ្លើយទេ ។ ព្រោះអ្នកសួរគេចុចចំអ្នកណាឲ្យឆ្លើយ គឺគេចង់បានគំនិតយោបល់ពីអ្នកនោះ ។ ឯអ្នកក្រៅពីនោះ បើខំប្រឹងឆ្លើយគេអាចបដិសេធចម្លើយនោះនាំឲ្យខ្មាសគេ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ – សុភាសិតខ្មែរអធិប្បាយ