និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ ៖ អ្នកមានចំណុចខ្សោយ តែងរសើបនឹងសម្ដីគេ ។
អត្ថាធិប្បាយ គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ
អត្ថានុរូប
គោដែលមានដំបៅលើខ្នង កាលណាឃើញក្អែកហើររំលងពីលើ តែងលើកកន្ទុយគ្រវាសចុះឡើងពីលើខ្នង ដើម្បីការពារខ្លួន ដោយខ្លាចក្អែកចុះចឹកដំបៅ ។ តែតាមពិត ក្អែកឥតដឹងអ្វីពីគោទេ គឺវាហើរតាមធម្មតារបស់វា ។
អត្ថប្បដិរូប
មនុស្សមានចំណុចខ្សោយ ដូចជា ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ មានលួច ប្លន់គេជាដើម ។ កាលណាឮគេនិយាយពីចោរកម្មកើតនៅទីណា មនុស្សនោះតែងតែផ្អើលៗ រសើបគូទនៅពុំសុខទេ ។ ព្រោះអារម្មណ៍គេចេះតែនឹកបារម្ភខ្លាចគេនិយាយដៀមដាមឲ្យខ្លួន ជួនកាលដោយរអៀសខ្លួនខ្លាំងពេក ក៏ក្រោកដើរចេញបាត់ទៅ ។ ជួនគេមិនអាចដើរចេញបាន ក៏ខំនឹករកមធ្យោបាយផ្សេងៗដើម្បីនិយាយការពារខ្លួន ។ តែតាមពិតអ្នកនិយាយគឺនិយាយដោយត្រង់ទេ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោលឿនសឹកក ស្រីល្អសឹកគូទ – សុភាសិតខ្មែរអធិប្បាយ