និយមន័យ សុភាសិតខ្មែរអធិប្បាយ ចេះដប់មិនស្មើប្រសប់មួយ ៖ សមត្ថភាពអ្នកចេះស្ទើរ និងអ្នកចេះស្ទាត់ ។
អត្ថាធិប្បាយ ចេះដប់មិនស្មើប្រសប់មួយ
អ្នកចេះក្នុងទីនេះ លោកសំដៅយកមនុស្សដែលគ្រាន់តែចេះដោយគ្មានគ្រូ និងដោយគ្មានក្បួនខ្នាត រូបមន្ត ។ ចំណេះដែលគ្មានវិធានបែបនេះ រមែងមិនស៊ីជម្រៅប៉ុន្មានទេ ។ ព្រោះគេចេះដោយសារធ្វើការច្រើនដងដដែលៗ រួចក៏ស្រង់បានជាបទពិសោធន៍ខ្លួនឯងប៉ុណ្ណោះ ។ ចំណេះបែបនេះគេក៏សម្គាល់ថា ខ្លួនឯងចេះទៅ ។ ប៉ុន្តែបើគេធ្វើការអ្វីមួយ ជួនរត់ចោលការងារកណ្ដាលការក៏សឹងមាន ។
រីឯអ្នកប្រសប់វិញ គឺគេចេះស្ទាត់ពិតប្រាកដ និងច្បាស់លាស់ ។ គេចេះមានគ្រូ មានក្បួនខ្នាតត្រឹមត្រូវ និងមានបទពិសោធន៍គ្រប់គ្រាន់ ។ ម្យ៉ាងទៀត គេមានចំណេះជំនាញប៉ិនប្រសប់ក្នុងការកែច្នៃប្រឌិត គំនិតផ្ដើមឲ្យចេញជាសមិទ្ធិកម្មប្លែកៗទៀត ដោយសារគេមានទេពកោសល្យខ្ពស់ ។
មនុស្សចេះប្រភេទនេះ គេហៅថា មនុស្សប្រសប់ ទោះបីមានចំនួនតែម្នាក់ ក៏ប្រសើរជាងមនុស្សដែលគ្រាន់តែចេះស្ទើរៗចំនួនដប់នាក់ទៀតផង ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះឯងឲ្យក្រែងចេះគេ – សុភាសិតខ្មែរអធិប្បាយ