សម្លម្នាស់សាច់មាន់ និងមឹកមានរសជាតិផ្អែមបន្តិចរួមជាមួយរសជាតិសាច់មាន់និងមឹកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយសំបូរដោយជីវជាតិសំរាប់ទ្រទ្រង់ដល់រាងការ។
ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្នាស់សាច់មាន់
- ទឹកចំនួន៥កែវ
- សាច់មាន់កាត់ជាដុំៗចំនួន៨ខាំ
- ម្នាស់កាត់ជាដុំតូចៗចំនួន១ចំហៀង
- មឹកហាន់ជាកង់ៗហើយលាងសម្អាតចំនួន២ខាំកន្លះ
- អំបិលចំនួន១ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ទឹកត្រីចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាតូច
- ស្លឹកខ្ទឹម១កូនចានតូច
- ជីហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ដាំទឹកក្នុងឆ្នាំងសម្ល
- ដាក់សាច់មាន់និងម្នាស់ចូលក្នុងឆ្នាំងដែលកំពុងពុះហើយចំអិនរហូតដល់សាច់ផុតឆ្អិនល្អ
- ដាក់មឹកចូលក្នុងឆ្នាំងសម្លហើយកូរឲ្យស៊ប់ហើយដាំរហូតដល់ទឹកពុះម្តងទៀត
- ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីនិងម្រេច
- ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច
កត់សម្គាល់
សម្លម្នាស់សាច់មាន់គេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លទំពាំងបារាំងក្តាមស្រែ – ម្ហូបខ្មែរ