ប្រាសាទព្រះឥន្ទកោសីយ៍ – ប្រាសាទខ្មែរ ៖ ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាបពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ មានស្ពានឈើមួយ (បច្ចុប្បន្នកំពុងសាងសង់ជាស្ពានបេតុង) ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប ។ ប្រាសាទព្រះឥន្ទកោសីយ៍គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត ។ ឈ្មោះប្រាសាទនេះ ជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត មានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។
ប្រាសាទព្រះឥន្ទកោសីយ៍សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអ របេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូចដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថា ជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹកនិយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះមហាក្សត្រខ្មែរមួយអង្គដ៏ធំខ្លាំងពូកែក្នុងប្រវត្តិសាស្ត្រខ្មែរ ។ តែខ្មែរជំនាន់ក្រោយភាគច្រើនណាស់ដែលមិនបានស្គាល់អំពីស្នាដៃ ទេពកោសល្យ និងប្រវត្តិតស៊ូ អង់អាច ធ្វើពលិកម្មជូនជាតិរបស់ព្រះអង្គ ។ សិលាចារឹកព្រះឥន្ទកោសីយ៍បានលើកសរសើរព្រះបាទរាជេន្ទ្រវរ្ម័នថាជា «ទីគោរពបូជានៃព្រះរាជាទាំងឡាយ ទ្រង់ជាស្ដេចអបរាជ័យ និងតែងតែមានជ័យជម្នះជានិច្ចលើខ្មាំងសត្រូវ ។ ទ្រង់ប្រៀបបានទៅនឹងរតនវត្ថុនៅលើកំពូលមកុដនៃព្រះរាជាទាំងអស់នៅលើផែនដីនេះ ។ ជ័យជម្នះរបស់ព្រះអង្គល្បីរន្ទឺទៅគ្រប់ទិសទី» ។ អ្នកប្រវត្តិវិទូបារាំង អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែលជាអ្នកឯកទេសបានសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ យល់ និងមានជំនឿថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ជាព្រះបាទបក្សីចាំក្រុង ព្រះមហាក្សត្រខ្មែរទី១៩ ក្នុងពង្សាវតារខ្មែរភាគរឿងព្រេងនិទាន ។
ព្រះរាជាដែលសោយរាជ្យបន្ដពីព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៥ ដែលជាព្រះរាជាកែទម្រង់ ឬប្រត្យាស្ថាបនិក និងជាព្រះរាជាពូកែខាងធ្វើសង្គ្រាម តែមានអធ្យាស្រ័យល្អ ។ សិលាចារឹកព្រះឥន្ទ្រកោសីយ៍បានដំណាលថា «ព្រះអង្គបានរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អក្នុងវណ្ណៈ ប្រៀបបីដូចជារៀបចំឡើងដោយព្រះព្រហ្មផ្ទាល់ ។ ព្រះអង្គប្រកបទៅដោយទេពកោសល្យ និងមានព្រះហត្ថាកាន់កងចក្រ ។ នៅពេលទ្រង់ចេញដំណើរម្ដងៗ សន្ធឹកជើងកងទ័ពរបស់ព្រះអង្គ ធ្វើឱ្យកក្រើកផែនដី និងព្រៃភ្នំទាំងឡាយ ប្រៀបបាននឹងមហាសាគរដែលត្រូវរញ្ជួយដោយព្យុះខ្យល់» ដូច្នោះដែរ ។
ពេលនោះ «សន្ធឹកស្គរលាយឡំជាមួយសំឡេងកងរំពងរបស់គងឃ្មោះធ្វើអំពីស្ពាន់ និងត្រែ ខ្លុយ ស័ង្ខ… ធ្វើឱ្យពួកសត្រូវភ័យបាក់បបខ្លបខ្លាចជាខ្លាំង» ។ សិលាចារឹកក៏បានលើកពីព្រះអង្គដែរថា ទ្រង់បានដុតបំផ្លាញប្រទេសទាំងឡាយណាដែលព្រះអង្គធ្វើសង្គ្រាមជាមួយ ដោយនិយាយថា «អណ្ដាតភ្លើងនៃការបូជាដែលកើតឡើងពីប្រតិបត្ដិការរបស់ព្រះអង្គ បង្កបានជាផ្សែងធំវែង ប្រៀបបាននឹងទង់ជ័យចម្បាំង ធ្វើឱ្យសត្រូវភ័យខ្លាច ហើយរត់គេចចេញបាត់អស់ បើទោះជាអង់អាចយ៉ាងណាក៏ដោយ» ។ ព្រះអង្គគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលដែលទ្រង់ខ្ញាល់ «កាលណាព្រះអង្គគ្រហឹមដូចរាជសីហ៍ពេលមានកំហឹង ព្រះរាជាជាសត្រូវទាំងឡាយរត់គេចចូលព្រៃជ្រៅ ប្រៀបបាននឹងសត្វឈ្លូសដ៏កំសាក ។ នៅពេលដែលព្រះអង្គលើកដាវដ៏មុតថ្លា ប្រឡាក់ទៅដោយឈាម ដែលហូរចេញពីសិរសាសត្រូវ គេឃើញព្រះអង្គដូចជាព្រះនាងជ័យជម្នះដ៏ស្រស់ស្អាតដែលមានព្រះហស្ដ និងព្រះបាទក្រហមទៅដោយលម្អងផ្កា» ។
សិលាចារឹកដដែលបាននិយាយថែមទៀតថា «ព្រះហស្ដព្រះអង្គដែលប្រៀបបាននឹងស្ពានយុត្ដិធម៌ ឆ្លងកាត់មហាសាគរដ៏ស្មោកគ្រោកនៃសតវត្សរ៍ … មានរាងសង្ហាស្រស់ប្រិមប្រិយ ស្អាតលើសពីព្រះនាងកាមទេព ហើយធ្វើឱ្យពិភពលោកនេះមានពន្លឺប្រៀបបីដូចព្រះចន្ទកំពុងរះ» ។
នៅក្នុងបរិវេណវត្តព្រះឥន្ទកោសីយ៍ប៉ែកខាងត្បូង មានសាលាបឋមសិក្សាមួយឈ្មោះថា ព្រះឥន្ទកោសីយ៍ ដែរ ។ បើពិនិត្យមើលទៅ សាលាមួយនេះបានទទួលអំណោយជាអាគារច្រើនពីសប្បុរសជននានា និងមានការរៀបចំសួនច្បារបានល្អប្រសើរ ។