Friday , December 27 2024

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស

បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ ។ ការ​ស្រាវជ្រាវ​របស់​លោក​ក្នុង​សម័យ​ក្រោយ អាច​ឲ្យ​យល់​ភ្លឺ​បាន​អំពី​ប្រាសាទ​នេះ ។ ប្រាសាទ​បាយ័ន តាំង​នៅ​ចំ​កណ្ដាល​ក្រុង លើ​ខ្សែ​បន្ទាត់​ជួប​ដែល​ដឹក​ខ្វែង​ពី​ជ្រុង​មួយ​ទៅ​ជ្រុង​មួយ តាំង​ពីដើម​មក​ទល់​នឹង​ឆ្នាំ​១៩០៨ តាម​ផែនទី​ដែល​គេ​បាន​គូរ​ក្នុង​គ្រា​មុនៗ ឃើញ​ដូចជា​ប្រាសាទ​បាយ័ន​ជ្រុល​ទៅ​ខាង​កើត​បន្តិច ហើយ​ដែល​នៅ​ចំ​កណ្ដាល​នោះ គឺ​ប្រាសាទ​បាពួន​ ឬ​ភិមានអាកាស​វិញ សេចក្ដី​ភាន់​ច្រឡំ​បន្តិច​នេះ មក​អំពី​កាល​ជាន់​ដើម ព្រៃស្បាត​ខ្លាំង​ណាស់ ហើយ​អស់លោក​ដែល​វាស់​គូរ​ផែនទី ច្រើន​តែ​ចម្លង​តៗ​គ្នា​មក ។ ដល់​មក​ក្នុង​ឆ្នាំ​១៩០៧ អាស្រ័យ​ដោយ​ការ​វាស់វែង​ជា​ថ្មី ទើប​ឃើញ​ច្បាស់​ឡើង​ថា ប្រាសាទ​បាយ័ន​ពិត​ជា​តាំង​នៅ​ចំ​កណ្ដាល​ក្រុង​ឥត​ល្អៀង មាន​ភាព​ទំនង​ស័ក្ដិសម​ជា​ប្រាសាទ​កណ្ដាល ហើយ​ប្រកប​គ្នា​នឹង​ក្លោង​ទ្វារ​ធំ​នៅ​កំពែង​ក្រៅ ដែល​រចនា​ជា​មុខ​មនុស្ស​ដូចគ្នា ។ ការ​ដែល​សង្កេត​ឃើញ​នូវ​ហេតុ​ភេទ​ជា​ទីតាំង​នៃ​គំនិត​របស់​អ្នក​សាង​ប្រាសាទ​ជាន់​ដើម​ក្នុង​នគរ​ផ្សេងៗ នា​ចុង​បូព៌ា​ប្រទេស នាំ​ឲ្យ​វិនិច្ឆ័យ​បាន​អំពី​ប្រាសាទ​ដែល​តាំង​នៅ​ជា​កណ្ដាល​ទីក្រុង​នេះ ។

ក្នុង​គំនិត​របស់​អ្នក​ស្រុក​នៅ​ចុង​បូព៌ា​ប្រទេស មាន​ស្រុក​ដែល​កាន់​ស៊ីវិល័យ​តាម​ឥណ្ឌា​ជាដើម ដូច​យ៉ាង​ស្រុក​ខ្មែរ​នេះ ទីក្រុង​របស់​ស្ដេច​ដែល​ហៅថា​ «នគរ​ ឬ​បុរី» នោះ មិនមែន​គ្រាន់​តែ​ជា​ទី​ប្រជុំ​ជន មាន​ផ្សារផ្សោ​ និង​មាន​ទី​រាជការ​ដូចជា​ទីក្រុង​ក្នុង​មជ្ឈិម​ប្រទេស​ឡើយ ។ គឺ​ទីក្រុង​នេះ​ឯង​ធ្វើ​តំណាង​លោក​ទាំងមូល ដោយ​បង្រួម​ឲ្យ​តូច​ចុះ ។ នៅ​ថ្ងៃ​ដែល​រាជាភិសេក ព្រះ​មហាក្សត្រិយ៍ តាំង​យាង​ប្រទក្ខិណ​ព្រះ​នគរ​តាម​លំអាន​ស្ដេច​ចក្រពត្រាធិរាជ ដែល​លោក​យាង​ប្រទក្សិណ​ជុំវិញ​ត្រើយ​សមុទ្រ​ដូច្នោះ ។ កំពែង​ជុំវិញ​ព្រះ​នគរ​ទុក​ដូចជា​ជួរ​ភ្នំ​ចក្រវាឡ​ដែល​ឱប​លោក​ទាំងមូល គូ ឬ​កសិណ​ជុំវិញ ទុក​ដូចជា​មហាសមុទ្រ​ដែល​ព័ទ្ធ​ជុំ​វិញ​លោក សេចក្ដី​ទាំងនេះ​សុទ្ធ​តែ​មាន​សំដែង​ក្នុង​កាព្យ​ឃ្លោង ឬ​ក្នុង​ចារឹក​ជា​ភាសា​សំស្ក្រឹត​ដែល​ពួក​បណ្ឌិត​អ្នកប្រាជ្ញ​បាន​តែង​ទុក​ក្នុង​គ្រា​ដើម ។

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បើ​ទីក្រុង​ធ្វើ​តំណាង​លោក​ទាំងមូល​ដូច្នេះ​ហើយ រី​ប្រាសាទ​ដែល​តាំង​នៅ​កណ្ដាល​ក្រុង ក៏​មិនមែន​តំណាង​អ្វី​ក្រៅ​អំពី​ភ្នំ​ព្រះ​សុមេរុរាជ​ដែរ ។ មាន​ប្រាសាទ​ឯ​ទៀត​ដូច​យ៉ាង​ប្រាសាទ​បាពួន​ដែល​ព្រះ​បាទ​ឧទយាទិត្យវរ្ម័ន​ទី​២ សាង​កាល​រវាង​ឆ្នាំ​១១០០ ក៏​ជា​តំណាង​ភ្នំ​មេរុរាជ​ដូចគ្នា ។ សិលា​ចារឹក​មាន​សំដែង​អំពី​ការ​កសាង​ទេវស្ថាន​ផ្សេងៗ​ដែល​ហៅថា «ព្រះ​ភ្នំ ឬ​ភ្នំ​កណ្ដាល» ។

ការ​ដែល​ដាក់​ប្រាសាទ​ទៅ​ជា​ភ្នំ​សម​គ្នា​នឹង​ជំនឿ​របស់​ខ្មែរ​ជាន់​ដើម​ដែល​មាន​សេចក្ដី​ជឿ​ដូច​គ្នា​នឹង​សាសន៍​ហិណ្ឌូ​ចំពោះ​ដល់​ការ​កសាង​ប្រាសាទ​ផ្សេងៗ​សម្រាប់​សាសនា ។ ប្រាសាទ​ខ្មែរ​ជាន់​ដើម​នីមួយៗ​មិន​ជា​ទី​ប្រជុំ​ធ្វើ​សង្ឃកម្ម ឬ​ទី​ប្រជុំ​ស្ដាប់​ធម៌​ទេសនា​ដូចជា​ព្រះវិហារ​សព្វ​ថ្ងៃ​នេះ​ទេ គឺ​សុទ្ធ​តែ​ជា​លំនៅ​ទេវតា ដែល​ហៅថា «ទេវាល័យ» ជា​វិមាន​អណ្ដែត ឬ​ក៏​ជា​កំពូល​ភ្នំ​ហិមាល័យ ដែល​ទេវតា​ចូល​ចិត្ត​នៅ ឯ​ព្រះរូប​ដែល​តាំង​នៅ​ក្នុង​ប្រាសាទ​ទាំងនេះ ជា​រូប​ព្រះ​មហា​ក្សត្រិយ៍ ឬ​ព្រះ​អង្គ​ម្ចាស់​ណា​មួយ​អង្គ​ដែល​ទិវង្គត​ទៅ ហើយ​ដែល​គេ​ដំឡើង​ព្រះយស​ទៅ​ជា​ទេវតា​ផ្សេងៗ ។

ឃើញ​ថា ប្រាសាទ​ដែល​តាំង​នៅ​ចំ​កណ្ដាល​ក្រុង ជា​តួ​តំណាង​ភ្នំ​ព្រះ​សុមេរុរាជ បាន​ជា​គេ​ច្រើន​ធ្វើ​រាងរៅ​ដូច​ចេតិយ មាន​កំពូល​៥ ព្រោះ​ភ្នំ​មេរុរាជ​មាន​កំពូល​៥ ដូច្នោះ​ដែរ មាន​ប្រាសាទ​បាខែង​ និង​បាពួន​ជាដើម ដែល​ជា​ប្រាសាទ​កណ្ដាល​តៗ​គ្នា ។ បែប​រចនា​នេះ​ក៏​ត្រាប់​តាម​តៗ​មក​ក្នុង​ការ​កសាង​ប្រាសាទ​គ្រប់​យ៉ាង ទោះ​សម្រាប់​សាសនា​ក្ដី សម្រាប់​ថ្វាយ​ព្រះ​ភ្លើង ឬ​សម្រាប់​កិច្ច​ឯ​ទៀត​ក្ដី ដូច​យ៉ាង​ប្រាសាទ​មេបុណ្យ​ខាងកើត ប្រែរូប តាកែវ នគរវត្ត (អង្គរវត្ត) ជាដើម ។

យើង​បាន​ដឹង​តាម​សិលា​ចារឹក​ផ្សេងៗ​ថា ប្រាសាទ​កណ្ដាល​គេ​សាង​ឧទ្ទិស​ដល់​ព្រះ​ទេវរាជ ដែល​ជា​ព្រះ​ធំ​បំផុត​សម្រាប់​គោរព​បូជា​ក្នុង​សម័យ​អង្គរ ។

ក្នុង​ស្រុក​ដែល​កាន់​ស៊ីវិល័យ​ឥណ្ឌា​ទាំង​ប៉ុន្មាន គឺ​ស្រុក​ខ្មែរ ស្រុក​ចម្ប៉ា ស្រុក​ជ្វា និង​ស្រុក​បាលី សុទ្ធ​តែ​គោរព្ធ​បូជា​សាសនា​ព្រាហ្មណ៍ មាន​សាសនា​ព្រះឥសូរ​ជាដើម ។ រាជសារ​របស់​ស្ដេច​តាំង​នៅ​ក្នុង​លិង្គ ដែល​ជា​តួ​យ៉ាង​នៃ​មហិទ្ធិឫទ្ធិ​បង្កើត​មនុស្សលោក​នៃ​ព្រះ​ឥសូរ លិង្គ​នេះ​ហើយ​ដែល​ហៅ​ថា «ព្រះ​ទេវរាជ» ជា​លក្ខណ៍​របស់​នគរ​ដែល​ព្រះ​ឥសូរ​ទ្រង់​ប្រទាន​ផ្ទាល់​មក​ព្រាហ្មណ៍​ម្នាក់ ដើម្បី​ថ្វាយ​ដល់​មហាក្សត្រ​ដែល​តាំង​រាជវង្ស ។ ក្នុង​ស្រុក​ខ្មែរ កិច្ច​នេះ​បាន​ធ្វើ​លើ​ភ្នំ​មហេន្ទ្រគិរី គឺ​ភ្នំ​គូលែន ហើយ​តាំង​ពី​សម័យ​នោះ​ត​មក​ លិង្គ​របស់​ស្ដេច​ត្រូវ​តែ​តម្កល់​លើ​ប្រាសាទ​ដែល​តាំង​នៅ​ជា​កណ្ដាល​ទីក្រុង ។ ដើម្បី​នឹង​ផ្សាយ​ឫទ្ធានុភាព​របស់​ស្ដេច​ទៅ​គ្រប់​ទិស​ទាំង​៤ ទើប​គេ​សាង​ក្លោង​ទ្វារ​ទាំង​៤ ឲ្យ​មាន​បែប​ភាព​ដូច​គ្នា​នឹង​ប្រាសាទ​កណ្ដាល ដោយ​បង្រួម​ឲ្យ​តូច​ចុះ​មក​ទៀត ។

ស្ពាន​ឆ្លង​ ឬ​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​នីមួយៗ ច្រើន​ធ្វើ​ជា​រូម​នាគ រូប​នាគ​នេះ​គឺ​តំណាង​ឥន្ទធនូ ព្រោះ​ជំនឿ​ក្នុង​ស្រុក​ឥណ្ឌា​ថា ឥន្ទធនូ​ជា​ស្ពាន​ឆ្លង​ពី​មនុស្ស​លោក​ទៅ​ឋានសួគ៌ ត​ក្រោយ​មក​បែប​រចនា​នេះ​គ្រាន់​តែ​ជា​ការ​លម្អរ​ទៅ​វិញ ប៉ុន្តែ​ដែល​បន្ថែម​រូប​យក្ស​ម្ខាង ទេវតា​ម្ខាង​ ទ្រ​នាគ​នោះ​ច្បាស់​ជា​អ្នក​សាង​នគរ​ធំ​ចង់​រំលឹក​ដល់​ត្រង់​រឿង​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​យក​ទឹក​អម្រិត ដែល​ផឹក​ទៅ​លែង​ស្លាប់ ។

ដែល​ធ្វើ​ជា​រឿង​ត្រង់​កូរ​សមុទ្រ​ទឹកដោះ​ដាក់​ពី​មុខ​ក្លោង​ទ្វារ​ដូច្នេះ គឺ​ព្រះ​ជ័យវរ្ម័ន​ទី​៧ លោក​សន្មត​នគរ​លោក​ជា​វិមាន​ទិព្វ ព្រោះ​ប្រាសាទ​កណ្ដាល​តាំង​ជា​ភ្នំ​មេរុរាជ ហើយ​គូ​ជុំ​វិញ​ជា​មហា​សមុទ្រ ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​នគរ​សម្បូណ៌​ដោយ​សម្បត្តិ​ និង​ប្រកប​ដោយ​ជ័យជំនះ ។ ព្រះ​ជ័យវរ្ម័ន​ទ្រង់​ភ្ជាប់​ព្រះ​នាម​លោក​ទៅ​នឹង​កំផែង​នគរ ហៅថា «ជយគិរី» ហើយ​ភ្ជាប់​ទៅ​នឹង​កសិណ ហៅថា «ជយសន្ធុ» ។

ប្រាសាទ​បាយ័ន​នេះ បាន​ពិនិត្យ​ទៅ​ឃើញ​ថា សង់​មិន​ត្រូវ​តាម​គំរូ​ហាត់ដោរ​ដែល​បាន​គូរ​ទុក ឃើញ​មាន​ការ​កែប្រែ​ថែមថយ​ជា​ច្រើន​ក្នុង​ពេល​កំពុង​កសាង ។ តាម​បែប​ភាព​ដែល​សង្កេត​ទៅ​ឃើញ​ដូចជា​គំនរ​ថ្ម​បន្តុប​ច្រើន​ពេក ហើយ​ចង្អៀត​ចង្អល់ កំពូល​ទាំងអស់​ឃើញ​ដូចជា​ជាន់​លើ​គ្នា ប្រាសាទ​មួយៗ​ប្រកិត​ប្រជ្រៀត​គ្នា​រក​ផ្លូវ​ចន្លោះ​គ្មាន ហើយ​ទី​ធ្លា​មាន​សភាព​ដូចជា​អណ្ដូង គ្មាន​អាកាស​ និង​គ្មាន​ពន្លឺ ។ គេ​សង្ស័យ​មក​យូរ​ហើយ​អំពី​រឿង​នេះ គឺ​ដោយ​ហេតុ​ជាង​ភាន់​ច្រឡំ​ក្នុង​ការ​កសាង ឬ​ដោយ​ហេតុ​កែប្រែ​ក្បួន​កសាង ដល់​មក​ក្នុង​ឆ្នាំ​១៩២៤ បាន​លេច​សំអាង​ម្យ៉ាង​ឡើង គឺ​ចន្លោះ​ជញ្ជាំង​កំពូល​កណ្ដាល​ និង​ហោជាង​ថែវ​ខាង​ក្រោម​តូច​ពេក មិន​អាច​នឹង​លូក​ដែក​ឆ្លាក់​នឹង​អន្លូង​ទៅ​ឆ្លាក់​បាន ហើយ​កន្លែង​នោះ​ក៏​នៅ​ជា​ការ​​មិន​ហើយ​ដូច្នោះ​ទៅ ឯ​ជ្រុង​ឯ​ទៀត​ដែល​មិន​ទើស​ដៃ​គេ​ឆ្លាក់​ហើយ​ស្រេច​ទាំងអស់ ក្រៅ​ពីនេះ​មាន​ថ្ម​ដែល​ក្រាល​ទី​ព្រះ​លាន​លយ​ហួស​ទៅៗ ជា​ពិតាន​កំពូល​ខ្លះ នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាច់​ដែល​គេ​បាន​ឆ្លាក់​ដោយ​ផ្ចិតផ្ចង់ មាន​កន្លែង​ខ្លះ​គ្រាន់​តែ​បិទ​សន្ធប់​ក្បាច់​ចាស់​ឲ្យ​បាត់​ទៅ ។

ឃើញ​ថា ហាត់ដោរ​ចាស់​របស់​ប្រាសាទ​បាយ័ន មិនមែន​មាន​សភាព​ជា​គំនរ​ថ្ម​ដូច្នេះ​ឡើយ ។ មាន​ការ​កែប្រែ​ឯ​ទៀត​ជា​ច្រើន ដែល​អធិប្បាយ​ទៅ​ឃើញ​វែង​ពេក​មិន​សម​ដល់​សេចក្ដី​បំព្រួញ ។

ក្រៅ​ពី​ការ​សង្កេត​ខាង​លើ​នេះ នៅ​មាន​ការ​សង្កេត​នៅ​ក្នុង​ដី​ទៀត គឺ​បាន​ជីក​កកាយ​ជម្រៅ​ចំនួន ២​ម ៤០ ទៅ​ក្រោម​កន្លែង​ថែវ​ខាង​ក្រៅ​ទៅ​ថែវ​ខាង​ក្នុង ឃើញ​មាន​ថ្ម​បាយក្រៀម​រៀប​ក្រាល​ជា​ផ្ទៃ ទំនង​ដូចជា​សម្រាប់​ទ្រ​ប្រាសាទ​អ្វី​មុន​ប្រាសាទ​បាយ័ន ឃើញ​មាន​បំណែក​ជញ្ជាំង​ពី​ថ្ម​ភក់​ខ្លះ​ផង ឯ​ជើង​ជញ្ជាំង​ថែវ​ប្រសាទ​បាយ័ន ក៏​ចាប់​សង់​ត​ពី​ផ្ទៃ​នោះ​មក ហើយ​ចាក់​ដី​លប់​បំពេញ​កប់​បំបាត់​ទៅ ។ លោក ​ប៉ារម៉ង់ចេរ យល់​ថា ការ​កសាង​មុន​នោះ ជា​តួ​ប្រាសាទ​ឥត​ថ្នាក់ បែប​ប្រាសាទ​តាព្រហ្ម​ និង​បន្ទាយក្ដី​ដូច្នោះ ហើយ​គេ​រំលាយ​ចោល​ចេញ ឬ​សង់​ថ្មី​គ្រប​ពី​លើ​បាត់​ទៅ ។ ក្រៅពី​ការ​កសាង​បន្ថែម​ថ្មី​ទាំង​ប៉ុន្មាន គេ​សង្កេត​ឃើញ​ថា​មាន​យក​ថ្ម​ចាស់ៗ​ដែល​សម្រាប់​ប្រាសាទ​មុនៗ មក​ប្រើ​ខ្លះ​ផង ។

អំពី​ការ​សាសនា ដែល​គោរព​ក្នុង​សម័យ​ប្រាសាទ​បាយ័ន​ត្រូវ​ពិនិត្យ​តាម​ឆ្នាំ​ដែល​កសាង​ប្រាសាទ​នេះ​ឡើង ។ តាំង​ពីដើម​រៀង​មក​ទល់​នឹង​ឆ្នាំ​១៩២៧ គេ​ទុក​ដាក់​ជា​នគរធំ​ព្រម​ទាំង​កំផែង​ជុំវិញ​ចំនួន ១២​គីឡូម៉ែត្រ និង​ទ្វារ​ទាំង​៥ ព្រម​ទាំង​ប្រាសាទ​បាយ័ន​នៅ​កណ្ដាល គេ​កសាង​ក្នុង​រវាង​ឆ្នាំ​៨៨៩ លោក​ហ្វ៊‍ីលិបស្តែន៍ បាន​បន្ថយ​ចុះ ២០០​ឆ្នាំ​មក​ទៀត ។ លុះ​ដល់​មក​ឆ្នាំ​១៩២៨ បាន​ពិនិត្យ​ដេញដោល​រក​ភស្ដុតាង​ទៅ​ឃើញ​ថា ប្រាសាទ​បាយ័ន​ព្រម​ទាំង​កំផែង​នគរធំ មិនមែន​សាង​មុន​ចុង​ឆ្នាំ​១២០០ ឡើយ ឯ​នគរ​ដំបូង​សាង​ក្នុង​ឆ្នាំ​៨៨៩ ហើយ​ដែល​ច្រឡំ​ថា ជា​នគរធំ​នោះ លោក​កោលូបែហ្វ បាន​រក​ឃើញ​ភស្ដុតាង​ថា ជា​ភ្នំ​បាខែង​វិញ​ទេ ។ ប្រាសាទ​នេះ​ហើយ​ដែល​ហៅ​ «ភ្នំ​កណ្ដាល» សម្រាប់​តម្កល់​លិង្គ​ដែល​ហៅថា «ទេវរាជ» នោះ ។

ដល់​មក​ក្នុង​ឆ្នាំ​១៩២៤ នៅ​វេលា​បាន​ឃើញ​រូប​លោកេស្វរៈ​នៅ​ហោជាង ក៏​បាន​ជាក់​ច្បាស់​ថា ប្រាសាទ​បាយ័ន​នេះ កាល​ជាន់​ដើម​ជា​ប្រាសាទ​សម្រាប់​ព្រះ​ពុទ្ធសាសនា មិនមែន​ជា​ប្រាសាទ​សម្រាប់​តម្កល់​លិង្គ​ទេ ។ សំអាង​នេះ​ក៏​បាន​ជាក់ច្បាស់​ជា​ដាច់​ខាត​ក្នុង​ឆ្នាំ​១៩៣៣ នៅ​វេលា​ដែល​គាត់​បាន​ព្រះ​ពុទ្ធរូប​១​អង្គ​នៅ​ចំ​កណ្ដាល​ប្រាសាទ​ដែល​គេ​វាយ​បាក់​បែក​ខ្ទេចខ្ទីរ ។

លុះ​បាន​ស្គាល់​សម័យ​ដែល​កសាង ព្រម​ទាំង​សាសនា​ជា​ទីតាំង​នៃ​ប្រាសាទ​បាយ័ន​ដូច្នេះ​ហើយ ការ​វិនិច្ឆ័យ​អំពី​ក្បាច់​រចនា​ និង​អំពី​កំពូល​ឋាន​មុខ​មនុស្ស​ឃើញ​ងាយ​នឹង​សម្រេច គឺ​ក្បាច់​ចម្លាក់​នៅ​ជញ្ជាំង​ថែវ​ខាង​ក្រៅ​នោះ​ស្គាល់​បាន​រឿង​ជាច្រើន ជា​រឿង​បរិវត្តន៍​របស់​ស្ដេច​ជ័យវរ្ម័ន​ទី​៧ ។

ចំណែក​កំពូល​មុខ​៤ ដែល​ប្រទះ​ឃើញ​នូវ​ទ្វារ​នគរ​ធំ នៅ​ប្រាសាទ​តាព្រហ្ម នៅ​បន្ទាយក្ដី និង​នៅ​បន្ទាយឆ្មារ នោះ​អ្នក​ដែល​ចេះដឹង វេលា​ដែល​ក្រឡេក​ឃើញ​ភ្លាម​ក៏​គួច​ចិត្ត​ជឿ​ថា ជា​មុខ​ព្រហ្ម​មិន​ខាន ព្រោះ​ធ្លាប់​ដឹង​រាល់​គ្នា​មក​ថា ព្រហ្ម​មុខ​៤ ហើយ​ថែម​ទាំង​ប្រាសាទ​នោះ​ឈ្មោះ​តាព្រហ្ម​ទៀត​ផង ។

ប្រាសាទ​បាយ័ន​នេះ ពិត​ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធសាសនា ហើយ​មុខ​៤​នៅ​កំពូល​ជា​មុខ​ព្រះ​លោករស្វរៈ​ពោធិសត្វ គឺ​ព្រះ​ពោធិសត្វ​ដែល​មាន​មហា​ករុណា ដែល​រមិល​មើល​ទុក្ខ​ទោស​មនុស្ស​លោក​គ្រប់​ទិស​ទាំង​៤ ។

ដល់​មក​កន្លែង​ត្រង់​នេះ ឃើញ​ទាស់​គ្នា​នឹង​សំអាង​ដើម ព្រោះ​សំអាង​ដើម​ថា ប្រាសាទ​កណ្ដាល ឬ​ភ្នំ​កណ្ដាល សុទ្ធ​តែ​តំណាង​ភ្នំ​ព្រះ​សុមេរុរាជ​ដែល​ជា​ស្នូល​លោក សម្រាប់​តែ​ឧទ្ទិស​ដល់​ព្រះ​ទេវរាជ​ដែល​មាន​លិង្គ​ជា​តំណាង ឥឡូវ​ត្រឡប់​ជា​ថា ប្រាសាទ​បាយ័ន​ដែល​ជា​ប្រាសាទ​កណ្ដាល​នគរ​ធំ ជា​ប្រាសាទ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធសាសនា សម្រាប់​តម្កល់​ព្រះ​ពុទ្ធរូប​ធំ​ដែល​ទើប​នឹង​គាស់​បាន​នោះ​វិញ ហើយ​ថែម​ថា មុខ​៤​នៅ​កំពូល​ជា​មុខ​ព្រះ​ពោធិសត្វ​លោកេស្វរៈ​ទៀត ។

សេចក្ដី​ទំនាស់​នេះ មិន​ជា​លំបាក​នឹង​ពន្យល់​ណាស់​ណា​ទេ យើង​តោង​អាង​ដល់​ពង្សាវតារ គឺ​យើង​បាន​ដឹង​ថា ព្រះ​ជយវរ្ម័ន​ទី​៧ ដែល​សាង​បាយ័ន ឬ​ដែល​គ្រាន់​តែ​បាន​បង្ហើយ​នេះ ជា​មហាក្សត្រិយ៍ គោរព​ព្រះ​ពុទ្ធសាសនា​មហាយាន​យ៉ាង​ហ្មត់ចត់ ហើយ​ជា​ស្ដេច​ដែល​លោភ​យស​បំផុត រហូត​ដល់​ទៅ​ល្បួង​បញ្ចូល​ពិធី​ព្រាហ្មណ៍​ដែល​គោរព​ព្រះ​ទេវរាជ មក​ក្នុង​វិធី​គោរព​ព្រះ​ពុទ្ធសាសនា ការ​បញ្ចូល​វិធី​ទៅ​មក​នៃ​សាសនា​ទាំង​២​នេះ​ជា​ការ​ងាយ​ណាស់ ព្រោះ​មាន​លទ្ធិ​ប្រហែល​គ្នា​ស្រាប់ ហើយ​ម្យ៉ាង​ទៀត មាន​ជា​គំរូ​នៅ​ស្រុក​ជ្វា​ផង គេ​គោរព​ព្រះ​សិវពុទ្ធ គឺ​ព្រះ​តែ​មួយ​អង្គ ជា​ព្រះ​ឥសូរ​ផង ជា​ព្រះ​ពុទ្ធ​ផង ។

ឯ​ព្រះ​ពុទ្ធរូប​ធំ ដែល​គាស់​បាន​នៅ​ទី​កណ្ដាល​ប្រាសាទ​បាយ័ន​នោះ​គឺ​ជា​រូប​ព្រះ​ជយវរ្ម័ន​ទី​៧ តែ​ធ្វើ​បែបផែន​ជា​ព្រះ​ពុទ្ធរូប​ ជាទី​តម្កល់​នូវ​រាជសារ​របស់​ស្ដេច ដែល​កាន់​សាសនា​ព្រះ​ឥសូរ​ដូច្នោះ​ដែរ ។ រី​រូប​មុខ​៤​ដែល​នៅៗ​កំពូល​ប្រាសាទ​ផ្សេងៗ ក៏​ជា​មុខ​ព្រះ​ជយវរ្ម័ន​ដូច​គ្នា ដែល​ដំឡើង​ព្រះ​យស​ឡើង​ជា​ព្រះ​ពោធិសត្វ​លោកេស្វរៈ សមន្តមុខ គឺ​ព្រះ​ពោធិសត្វ​ជា​ឥស្សរ​លើ​លោក​ដែល​មាន​ព្រះ​ភក្ដ្រ​ដេរដាស​ទួទៅ ។

យើង​បាន​ដឹង​ថា​ ព្រះ​បាទ​ជយវរម័ន​ទី​៧ វេលា​ដែល​ច្បាំង​ឈ្នះ​ចាម​ហើយ ទ្រង់​បាន​ប្រាប្ដាភិសេក​នៅ​ឆ្នាំ​១១៨១ ទ្រង់​តាំង​ព្រះ​ទ័យ​នឹង​រៀបចំ​នគរ​ជា​ថ្មី​ដោយ​សង់​កំពែង​ថ្ម​ជុំវិញ​យ៉ាង​មាំ លុះ​ធ្វើ​កំពែង​ហើយ តាម​ទំនៀម​ត្រូវ​តែ​សង់​ប្រាសាទ​កណ្ដាល​ទីក្រុង​ផង ដោយ​ក្នុង​វេលា​នុ៎ះ​ទ្រង់​មាន​ព្រះ​ជន្ម​ចូល​ក្នុង​វ័យ​ជ្រុល​ទៅ​ហើយ ។ ដោយ​ទ្រង់​ប្រញាប់​ណាស់​ផង នោះ​ក៏​ទ្រង់​ឥត​ញញើត​នឹង​ចាត់ការ​កែ​ប្រែ​ប្រាសាទ​ណា​មួយ​ដែល​មាន​ស្រាប់​ តាម​បែប​ដែល​ទ្រង់សព្វ​ព្រះ​រាជ​ហឫទ័យ​ឡើយ ។ ទើប​តាំង​កែប្រែ​ប្រាសាទ​បាយ័ន​ចាស់​ឡើង ដើម្បី​ធ្វើ​ជា​ប្រាសាទ​កណ្ដាល​សម្រាប់​តម្កល់​នូវ​ព្រះ​រូប​របស់​ទ្រង់ ដែល​ធ្វើ​ឲ្យ​មាន​បែប​ភាព​ជា​ព្រះ​ពុទ្ធរាជ គឺ​ជា​ព្រះ​ពុទ្ធ​ផង ស្ដេច​ផង ។

អាស្រ័យ​ដោយ​ការ​កែប្រែ​ថែម​ថយ​លើ​ប្រាសាទ​ចាស់​ដូច្នេះ​ហើយ ទើប​ប្រាសាទ​ប្រាយ័ន​មាន​រាងរៅ​បែបភាព​មិន​សមរម្យ មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​របស់​វិស្វកម្ម​ដូច្នេះ​ឯង ៕

កំណត់ៈ នៅក្នុង​អត្ថបទ​ខាងលើ​នេះ ខ្ញុំ​បាន​កែសម្រួល​ជា​អក្ខរាវិរុទ្ធ​សម័យ​បច្ចុប្បន្ន​តាម​វចនានុក្រម​ផ្លូវការ ប្រសិនបើ​តាម​អត្ថបទ​ដើម អក្ខរាវិរុទ្ធ​មាន​លំនាំ​ជា​សម័យ​កណ្ដាល មាន​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០០៩ ។

អត្ថបទពេញនិយម ៖ ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ

ប្រវត្តិនៃការរៀបរៀងប្រាសាទបុរាណខ្មែរ – ប្រាសាទខ្មែរ ៖ អំពី​ប្រាសាទ​បុរាណ​នៅ​ស្រុក​ខ្មែរ លោក​ហ្សក​សឺដេស៍ ចាងហ្វាង​សាលា​បារាំង​នៅ​ចុង​បូព៌ា​ប្រទេស អធិប្បាយ​កាល​ពី​ថ្ងៃ​ចន្ទ ៦ មីនា ១៩៣៣ នៅ​សារមន្ទីរ​ល្វីហ្វីណូត៍ ក្រុង​ហាណូយ ក្រម្ការ ជុំ …

Leave a Reply

Your email address will not be published. Required fields are marked *