ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
ស្តាប់អ្វីដែលល្អ – កំណាព្យខ្មែរ | ||
១ | កុំស្តាប់សូរសព្ទជេរផ្តាសា | ស្តីឥតខ្លឹមសារគ្មានប្រយោជន៍ |
កុំអានសំណេរន័យអសោច | អានស្តាប់ហិនហោចខ្លោចផ្សាថែម ។ | |
២ | សោយសព្វមនោសញ្ចេតនា | ប្រៀបដូចអាហារជូរចត់ល្ហែម |
អាហារស្អាតល្អគួរសោយថែម | ស្អុយផ្អូមអស់ផ្អែមគួរកុំសោយ ។ | |
៣ | រូបភាពមិនល្អមិនគួរមើល | អាសអាភាសព្រើលកុំតាមដោយ |
ក្លិនក្លែបអសោចកុំស្រូបសោយ | ស្រូបស្រង់នាំខ្សោយសោយមិនល្អ ។ | |
៤ | ចៀសសព្វរសជាតិមានពិសពុល | ចៀសក្តីបាបជ្រុលទើបបវរ |
មើលស្តាប់ស្រង់ក្លិនរសជាតិល្អ | ពាក្យពេចន៍ស្មោះសរគួរត្រងត្រាប់ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ អត្ថប្រយោជន៍របស់មេត្តាចិត្ត – កំណាព្យខ្មែរ