រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នាដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែកទៅចែកមកសល់អណ្តើក១។ មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណើ្តក១ដដែល មិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះ ទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះឃើញឆោតដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា “មើលទៅអ្នកមិនសូវប្រសប់សោះ”។ បុរស៤នាក់គ្រាន់តែឭសូរសម្តីប៉ុណ្ណោះក៏និយាយថា “ឱលោក! បើលោកចេះអាណិតមកចែកឲ្យយើងបន្តិច”។ បុរសម្នាក់នោះឭដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យក អណ្តើក៥នោះមក ហើយរើសមើលអណ្តើកណាដែលធំជាងគេមកទ្រាប់អង្គុយ នៅសល់អណ្តើក៤ក៏ចែកទៅឲ្យបុរស ទាំង៤នាក់ម្នាក់១ បុរសនោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា “អ្នកមើលទៅប្រហែលជាចេះក្តី?”។ បុរសនោះឆ្លើយថា “ខ្ញុំចេះ”។ បុរសទាំង៤នាក់ក៏តបទៅវិញថា “ឱ បើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង”។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ ត្រូវអ្នកទនេ្ទញតាមខ្ញុំ”។ បុរស៤នាក់ឆ្លើយថា “បាទ” ហើយបុរស នោះប្រាប់ទៅ៤នាក់នោះឲ្យទៅទនេ្ទញរៀងខ្លួនគឺៈ ប្រាប់បុរសទី១ ថា : ទំពក់វាទៅ ទើបព្នៅវាមក, ប្រាប់បុរសទី២ ថា : មានប្រឡាយ ទើបទឹកវាហូរ, ប្រាប់បុរសទី៣ថា : មានសម្រាម ទើបឆែ្កវាជុះ, ប្រាប់បុរសទី៤ថា : មែន ទើបគេថា។ បុរស៤នាក់ក៏ចេះទនេ្ទញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស៤នាក់នោះនាំគ្នាទៅឆ្ងាយទៅ បានដល់ ភូមិ១នឹងរកផ្ទះសមែ្បងសំណាក់ក៏គ្មាន។ លុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់ នោះសំណាក់ គាត់ក៏ព្រមឲ្យ ហើយបុរសទាំង៤នាក់សំណាក់នៅផ្ទះយាយនោះទៅ។ យប់នោះក៏នាំគ្នាទនេ្ទញពាក្យក្តី ដែលបុរសម្នាក់នោះប្រាប់ ទនេ្ទញមិនឈប់ឈរទាល់តែភ្លឺ យាយចាស់ខឹងណាស់ ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថា “លោកមេស្រុកយប់មិញមានបុរស៤នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង៤នាក់នោះចេះតែនិយាយ ទនេ្ទញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចមេ្តច ស្តាប់មិនបានសោះខានដេកវាល់ព្រឹក ហេតុនេះខ្ញុំមកប្តឹងលោក សូមលោកហៅ មនុស្សទាំង៤នាក់នោះជំនុំជម្រះឲ្យខ្ញុំ”។ មេស្រុកបានស្តាប់ហើយ ក៏ឲ្យបម្រើទៅហៅបុរសទាំង៤នាក់នោះមក ហើយ សួរថា “ហេតុដូចមេ្តចបានជាឯងទនេ្ទញអ្វីទាល់តែភ្លឺរកតែយាយចាស់ដេកពួនមិនបាន ដែលឯងទនេ្ទញនោះទនេ្ទញ អ្វី?”។ បុរសទាំង៤នាក់នោះឆ្លើយថា “ខ្ញុំទនេ្ទញពាក្យក្តី”។ មេស្រុកបង្គាប់ទៅទៀតថា “ឯងរាល់គ្នា សូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់”។ បុរសទី១ ថា : ទំពក់វាទៅ ទើបព្នៅវាមក, បុរសទី២ ថា : មានប្រឡាយ ទើបទឹកវាហូរ, បុរសទី៣ ថា : មានសម្រាម ទើបឆែ្កវាជុះ, បុរសទី៤ថា : មែនទើបគេថា។ ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា “ឯងទាំង៤នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ”។ បុរសអស់ នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ។ យាយចាស់គាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថៃ្ង លុះនៅនឹង យាយនោះបាន២-៣ថៃ្ង យាយគាត់ប្រើបុរសទាំង៤នាក់នោះឲ្យទៅកាប់ឈើធ្វើទូក។ អ្នកទាំង៤នាក់ក៏នាំគ្នាចូល ទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់។ ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើម មានប្រហោង។ បុរសទាំង៤នាក់ក៏និយាយគ្នាថា “យើងបានប្រទះឈើប្រហោងក្នុងហើយ យើងត្រូវនាំគ្នាកាប់ ឈើប្រហោងក្នុងនេះ”។ បុរសទាំង៤នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងក្នុងនោះ លុះឈើជិតរំលំ បុរសទាំង៤នាក់ស្រែកថា “កនយើងជិតរំលំហើយ អាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើង ក្រែងធ្វើទូមិនកើត”។ បុរស ម្នាក់ក៏ស្ទុះទៅទ្រដល់ឈើនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់សេ្ញញ។ បុរសបីនាក់ឃើញដូច្នោះក៏នាំគ្នាសើចថា “យើ អានេះខ្លាំណាស់តើ ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត”។ បុរស៣នាក់នាំគ្នាចាំមើលបុរសម្នាក់ ដែលស្លាប់ ដល់យូរពេកក៏ស្រែកហៅថា “យី ! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់”។ លុះឃើញ នៅស្ងៀមក៏នាំគ្នាដើរចូលទៅមើល។ កាលដឹងថាបុរសនោះស្លាប់ បុរស៣នាក់ភ័យណាស់ និយាយគ្នាថា “យើងនៅ មិនបានទេ តែបើយើងនៅមុខជាគេប្តឹងថា យើងវាយសម្លាប់អានេះ បើដូច្នោះត្រូវនាំគ្នារត់” ថាហើយក៏ព្រមពៀ្រង គ្នារត់ទៅ។ ដល់ពេលយប់វងេ្វងផ្លូវមិនដឹងរត់ទៅឯណា ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះ អុំទៅត្រើយម្ខាង។ បុរសទាំងបីនាក់នាំគ្នាចុះទូក ម្នាក់នៅខាងកនៃ្សបែមុខទៅខាងកនៃ្ស ម្នាក់នៅខាងក្បាល ក៏បែរទៅខាងក្បាល ម្នាក់ទៀតនៅអង្កុយកណ្តាលបាចទឹកទូក តែមិនបានស្រាយចំណងទូកនោះចេញ ចេះតែនាំ គ្នាអុំៗមួយយប់ទាល់ភ្លឺនៅតែដដែល។ លុះភ្លឺស្រាងឡើងយាយចាស់ចុះទៅដងទឹកប្រទះបុរសបីនាក់ហើយស្រែកថា “យើអានេះរត់ទៅណា?”។ បុរសទាំងបីនាក់ក្រលេកឃើញយាយចាស់ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញមិនដឹងរត់ទៅណា ក៏ទៅនៅបម្រើយាយចាស់នោះវិញដដែល។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ