Tuesday , December 3 2024

រឿងអាឡេវ – រឿងព្រេងខ្មែរ

រឿងអាឡេវ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។ កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្តាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្តាយ ឪពុក​ថា «ម៉ែ​អើយ! ឪអើយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ, បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ, ឯខ្ញុំទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ស៊ី» ។

អាឡេវ​និង​ឪពុក​ម្តាយ គិត​គ្នា​ព្រម​ហើយ ក៏រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ស៊ី​នំ ហើយ​វា​គិត​ថា «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ស៊ី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា «ឪៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ស៊ី» ។ ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ អាឡេវ ដើរ​ទៅ​ដល់​កណ្តាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ លុះ​ទៅ​ដល់​ជិត​ផ្ទះ អាឡេវ​ យក​សំពត់​ទទូរ​ក្បាល​ហើយ​ធ្វើ​ជា​យំ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ ឯម្តាយ​ឃើញ​កូន​យំ​ដូច្នោះ ក៏​សួរ​ទៅ​កូន​ថា «ថ្វី​ក៏​កូន​យំ?» ។ អាឡេវ ធ្វើ​ជា​យំ​ខ្លាំង​ឡើង​ទៀត ។ ម្តាយ​ឃើញ​កូន​រឹត​តែ​យំ​ខ្លាំង​ឡើង​ដូច្នោះ ក៏​ស្ទុះ​ទៅ​ឱប ហើយ​បើក​សំពត់​អំពី​ក្បាល​កូន​ចេញ ឃើញ​ក្បាល​កោរ​រលីង រឹត​តែ​សង្ស័យ ហើយ​សួរ​ទៀត​ថា «ហេតុ​អ្វី​ ក៏​បាន​ជា​កោរ​សក់​ហើយ​យំ​ដូច្នេះ?» ។ អាឡេវ​ប្រាប់​ម្តាយ​ថា «ឪគាត់​ស្លាប់​ហើយ!» ។ នាង​ង៉ោះ លុះ​ឮ​កូន​ថា​ដូច្នោះ ក៏​គក់​ទ្រូង​ស្រែក​ទួញ​យំ​អាឡោះ​អាល័យ រៀប​រាប់​ពី​កាល​ចាប់​ដៃ​គ្នា​បាន​ជា​ប្តី​ប្រពន្ធ​រៀង​រាបដរាប​មក ។ អាឡេវ ឃើញ​ម្តាយ​យំ​សង្រេង​សង្រៃ​ដូច្នោះ ក៏​អង្វរ​លួង​លោម​ម្តាយ​ថា «អ្នក​ម៉ែ​អើយ! អ្នក​កុំ​យំ! បើ​អ្នក​ចេះ​តែ​យំ តើ​ធ្វើ​ដូច​ម្តេច​នឹង​បាន​ធ្វើ​បុណ្យ​ទាន​បញ្ជូន​ទៅ​ឲ្យ​ឪ!» ។

នាង​ង៉ោះ​ជា​ម្តាយ​ ឮ​អាឡេវ​ឃាត់​មិន​ឲ្យ​យំ ហើយ​សួរ​ទៅ​អាឡេវ​ថា «បាន​រៀប​បញ្ចុះ​ខ្មោច​ឪឯង​រួច​ហើយ​ឬ​នៅ?» ។ អាឡេវ​ប្រាប់​ម្តាយ​ថា «ខ្ញុំ​បាន​ពឹង​អ្នក​ស្រុក ឲ្យ​គេ​ជួយ​រៀប​បញ្ចុះ​ខ្មោច​ឪរួច​ល្អ​ល្អិត​ហើយ» ។ នាង​ង៉ោះ​ឮ​កូន​ថា​ដូច្នោះ ក៏​ម្នីម្នា​រៀប​ធ្វើ​អន្សម​នំ​គម​ចំណី​ចំណុក ហើយ​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! ឯង​យក​នំ​ចំណី​នេះ ទៅ​ធ្វើ​បុណ្យ​​ឲ្យ​ឪឯង​ចុះ! អញ​មិន​ទៅ​ទេ, បើ​អញ​ទៅ​ឃើញ​ស្រែ​ដែល​ឪឯង​ធ្វើ កន្លែង​ដែល​ឪឯង​ទៅ និង​ផ្នូរ​ខ្មោច​ឪឯង​នោះ ម្តាយ​រឹត​ជា​កើត​ទុក្ខ​ច្រើន​ឡើង​ទៀត បើ​ដូច្នោះ ឯង​ទៅ​ចុះ» ។ អាឡេវ​ឮ​ម្តាយ​ថា​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ត្បិត​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​កុហក​ម្តាយ​នោះ ហើយ​ក៏​ម្នីម្នា​រៀប​សង្រែក រួច​ហើយ​ក៏​រែក​ទៅ លុះ​ទៅ​ដល់​ពាក់​កណ្តាល​ផ្លូវ ដាក់​អម្រែក​ពី​លើ​ស្មា ហើយ​អង្គុយ​ស៊ី​នំ​និង​ចំណី​ចំណុក​លុះ​ត្រា​តែ​ឆ្អែត នៅ​សល់​ខ្លះ អាឡេវ​រៀប​ទុក​យក​ទៅ​ផ្ញើរ​ឪវា ។ លុះ​ទៅ​ដល់​ជិត​ខ្ទម​ឪវាៗ ធ្វើ​ជា​យំ​ទៀត ។ អ្នក​ង៉េះ​ជា​ឪពុក​ ឃើញ​កូន​យំ ហើយ​សក់​ទើប​នឹង​កោរ​ថ្មីៗ ដូច្នេះ ក៏​សួរ​ទៅ​ថា «កូន​អើយ! ថ្វី​ក៏​ឯង​យំ ហើយ​កោរ​ទាំង​សក់​ក្បាល​ដូច្នេះ» ។ អាឡេវ​ប្រាប់​ឪពុក​ថា «ឪអើយ! ឥឡូវ​នេះ ម៉ែ​គាត់​ស្លាប់​ទៅ​ហើយ បាន​ជា​ខ្ញុំ​កោរសក់, អស់​បង​ប្អូន​គេ​រៀប​ធ្វើ​បុណ្យ​ឲ្យ​ម៉ែ បាន​ជា​មាន​ទាំង​នំ ឥឡូវ​នេះ ខ្ញុំ​យក​មក​ផ្ញើ​រឪពិសា!» ។ ឯឪពុក​ជា​មនុស្ស​ឆោត​ល្ងង់​ណាស់ ឮ​កូន​ប្រាប់​ដូច្នោះ ក៏​យំ​អាណិត​ប្រពន្ធ ហើយ​ក៏​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! អំពី​ថ្ងៃ​នេះ​ទៅ ឪពុក​លែង​ទៅ​ទន្លេ​ទៀត​ហើយ» ។ អាឡេវ​ឮ​ថា​ឪពុក​លែង​ទៅ​ស្រុក​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ព្រោះ​ត្រូវ​នឹង​គំនិត​ខ្លួន​គិត ។

លុះ​យូរ​បន្តិច​ទៅ អាឡេវ​និយាយ​នឹង​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪអើយ! ឥឡូវ​នេះ ឪនៅ​តែ​ពីរ​នាក់​នឹង​ខ្ញុំ ដូច​សព្វ​ថ្ងៃ​នេះ លំបាក​ណាស់, គ្មាន​អ្នក​ណា​នឹង​ដណ្តាំ​បាយ​ស៊ី គ្មាន​អ្នក​ណា​នឹង​ដេរ​សំពត់​អាវ​ស្លៀក​ដណ្តប់, បើ​ដូច្នោះ ឪឯង​រក​ដណ្តឹង​ប្រពន្ធ​យក​មក គ្រាន់​នឹង​ដាំ​បាយ ដង​ទឹក បុក​ស្រូវ ទើប​យើង​មិន​សូវ​នឿយ​ហត់​ដូច​សព្វ​ថ្ងៃ​ពេក» ។ អ្នក​ង៉េះ​ជា​ឪពុក ឆ្លើយ​ឡើង​ថា «កូន​អើយ! ម្តាយ​ឯង​ស្លាប់​ទៅ ពុំ​ទាន់​បាន​មួយ​ខែ​ទេ, ឥឡូវ​នេះ ឯង​ឲ្យ​ឪយក​ប្រពន្ធ​ទៀត កូន​មិន​អាណិត​ម៉ែ​ឯង​ទេ? ឬ​មួយ​ទៀត​ឪខ្មាស​គេ ក្រែង​គេ​ថា​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ប្តី​គិត​រក​ប្រពន្ធ​ថ្មី ឪខ្មាស់​គេ​ណាស់​មិន​យក​ប្រពន្ធ​ទៀត​ទេ» ។ អាឡេវ​ចេះ​តែ​អង្វរ​ឪពុក​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​អាឡេវ​ឃើញ​ឪពុក​មក​ពី​ស្រែ​នឿយ​ហត់​ណាស់ វា​ក៏​និយាយ​ថា «ឪអើយ!​ឥឡូវ​នេះ ឪឯង​នឿយ​ណាស់ ព្រោះ​គ្មាន​ប្រពន្ធ​នឹង​ជួយ​កម្លាំង មួយ​ទៀត ពាក្យ​បុរាណ​លោក​ថា មនុស្ស​គ្មាន​ប្រពន្ធ​ដូច​ជា​ឪឯង​នេះ បើ​ទៅ​ធ្វើ​ការ​ឯព្រៃ បាត់​ការ​ឯផ្ទះ ធ្វើ​ការ​ផ្ទះ បាត់​កា​រ​ឯព្រៃ, ធ្វើ​ដូច​ម្តេច នឹង​បាន​ប្រាក់​ចាយ​បាយ​ស៊ី​នឹង​គេ ហើយ​ខ្លួន​ក៏​នឿយ​ណាស់​ផង» ។

អ្នក​ង៉េះ​ឮ​កូន​អង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ថា «បាន​នរណា​គេ​ទៅ​ដណ្តឹង​ប្រពន្ធ​ឲ្យ​ឪ? ។ អាឡេវ​ឆ្លើយ​ឡើង​ថា «ឪកុំ​ព្រួយ សឹម​ខ្ញុំ​ទៅ​រក​ដណ្តឹង​ជូន ឪនៅ​ចាំ​តែ​រៀប​របស់​នឹង​ទៅ​ការ​ចុះ» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​កូន​ថា ដូច្នោះ ក៏​ថា «តាម​តែ​កូន​គិត​ចុះ!» ។ អាឡេវ​ឮ​ឪពុក​ព្រម​ដូច្នោះហើយ ក៏​រៀប​ខ្លួន​ម្នីម្នា​ទៅ​ផ្ទះ​នាង​ង៉ោះ​ជា​ម្តាយ នៅ​បាន​ពីរ​បី​ថ្ងៃ ទើប​វា​និយាយ​នឹង​នាង​ង៉ោះ​ជា​ម្តាយ​ថា «ម៉ែអើយ! យើង​នៅ​តែ​ពីរ​នាក់, ខ្ញុំ​ក៏​ក្មេង មិន​ចេះ​រក​ស៊ី​ធ្វើ​ការ, ម៉ែ​ជា​ស្រី​ហើយ​មេ​ម៉ាយ​ផង, ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែៗ យក​ប្តី​ទៅ គ្រាន់​គេ​នឹង​ចិញ្ចឹម សោះ​អត់​ឃ្លាន, យើង​ក៏​មិន​សូវ​លំបាក» ។ ឯ​នាង​ង៉ោះ​ឮ​អាឡេវ​ជា​កូន​ថា​ដូច្នោះ ក៏​ឆ្លើយ​ថា «កូន​អើយ! ឪឯង​ទើប​តែ​នឹង​ស្លាប់​បាន ៥-៦ ថ្ងៃ ឥឡូវ​នេះ កូន​ឲ្យ​ម្តាយ​យក​ប្តី​ទៀត​ដូច្នេះ មិន​ត្រូវ​ទេ អ្នក​ផង​គេ​នឹង​សើច​តិះ​ដៀល​និន្ទា​ថា «ស្រី​ចើក​អាស ប្តី​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ចង់​បាន​ប្តី​ទៀត» ។ អាឡេវ​ឮ​ម្តាយ​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «ម៉ែ​អើយ! បើ​ទុក​ជា​ម៉ែ​ខ្លាច​ពាក្យ​អ្នក​ផង​គេ​និន្ទា​ដូច្នោះ គេ​ក៏​មិន​បាន​មក​រក​ចិញ្ចឹម​យើង​ដែរ គេ​បាន​ប្រាក់​កាស គេ​មិន​ឲ្យ​ចាយ​ទេ កាល​ខ្ញុំ​នៅ​ឯស្រែ មាន​ប្រុស​ម្នាក់ មុខ​មាត់​ខ្លួន​ប្រាណ​ដូច​ខ្មោច​ឪ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ដូច​ជា​កូន​គាត់ សួរ​ខ្ញុំ​ថា «ឯង​មាន​ម៉ែ​ឪ​ដែរ​ឬ​ទេ? ខ្ញុំ​ប្រាប់​គាត់​ថា «គ្មាន​ឪ​ទេ មាន​តែ​ម៉ែ ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា «ចង់​បាន​ម៉ែ​ជា​ប្រពន្ធ តើ​ម៉ែ​ឯង​ព្រម​ដូច​ម្តេច?» បើ​ម៉ែ​ព្រម​គាត់​នឹង​រៀប​រណ្តាប់​មក​ចែ​ចូវ មាន​អ្នក​ផ្លូវ​ចៅ​មហា មាន​ខាន់​ស្លា​ក្រយា​សំពេះ តាម​ច្បាប់​សណ្តាប់​ប្រពៃ​ណី​ពី​បុរាណ​មក, បើ​ម៉ែ​មិន​ព្រម ខ្ញុំ​ក៏​មិន​ដឹង​ដែរ តាម​តែ​ម៉ែ​គិត ធ្វើ​ការ​រក​ស៊ី​ចុះ» ។

នាង​ង៉ោះ​ជា​ម្តាយ ឮ​កូននិយាយ​អង្វរ​ផ្ទញ់​ផ្ទាល់​ដូច្នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «តាម​តែ​កូន​គិត​ចុះ» ។ អាឡេវ ឮ​ម្តាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ ក៏​អរ​ណាស់​គិត​ថា​«ពេល​នេះ អញ​បាន​នំ​ស៊ី​ទៀត​ហើយ» ហើយ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ប្រាប់​នាង​ង៉ោះ​ជា​ម្តាយ​ថា «ត្បិត​គេ​ចង់​រៀប​ការ​ឆាប់ៗ ខ្ញុំ​លា​ម៉ែ​ទៅ​ស្រែ​ ដើម្បី​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​នឹង​ប្រាប់ឣ្នក​ដែល​ចង់​បាន​ម៉ែ​ជា​ប្រពន្ធ​នោះ​ផង ដើម្បី​ឲ្យ​គេ​រក​រណ្តាប់​រៀប​ការ» ។ អាឡេវ ក៏​ម្នី​ម្នា​រៀប​ខ្លួន​ទៅ​ស្រែ ទៅ​ដល់​ហើយ ក៏​និយាយ​ប្រាប់​អ្នក​ង៉េះ​ជា​ឪពុក​ថា «ឪអើយ! ខ្ញុំ​ទៅ​រក​ប្រពន្ធ​ឲ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សំដី​សំដៅ​កម្ពស់​កំព​សម្បុរ​សំបក​ដូច​ម៉ែ​បេះ​បិទ, ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​នៅ​លើ​ផ្ទះ​យើង​ហើយ បើ​ដូច្នេះ​ឪ​រៀប​រណ្តាប់​ទៅ​ការ​ឲ្យ​ឆាប់» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ប្រាប់​ថា​គេ​ឲ្យ​រៀប​ការ​ជា​ឆាប់​ដូច្នោះ ក៏​ម្នី​ម្នា​ពឹង​អ្នក​ស្រុក​ជិត​ខាង​ ឲ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​ខ្លួន​គាត់​ទៅ​រក​ទិញ​មាន់​ទា បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ ។

ឯ​អាឡេវ​ចេះ​តែ​ស៊ី​នំ​រាល់​ថ្ងៃ ហើយ​និយាយ​នឹង​ឪពុក​ថា ប្រពន្ធ​ដែល​ខ្ញុំ​ដណ្តឹង​ឲ្យ​នោះ មេបា​បើក​ឲ្យ​រៀប​ការ​តែ​យប់ បើ​មិន​ព្រម​ដូច្នោះ មេបា​មិន​បើក​ឲ្យ​ការ​ទេ» ។ អ្នក​ង៉េះ​ឮ​អាឡេវ​ថា​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់ តាម​តែ​ពាក្យ​អាឡេវ​បង្គាប់​ដូច​ម្តេច ក៏​តាម​ទាំង​អស់ ទើប​រក​វេលា​ទៅ​រៀប​ការ​ឲ្យ​តែ​វេលា​យប់ ។ ពេល​ល្ងាច អ្នក​ង៉េះ​ក៏​ពឹង​អស់​បង​ប្អូន ដែល​នៅ​ជិត​ខាង ឲ្យ​ជួយ​ជញ្ជូន​អស់​បណ្ណាការ នាំ​ទៅ​រៀប​មង្គល​ការ ។ លុះ​ទៅ​ដល់​កន្លែង​ការ​ក៏​រៀប​ដណ្តាំ​បាយ​ស្ល​ស្លុក អ្នក​ខ្លះ​ក៏​រៀប​ផ្លែ​ឈើ​ចំណី​ចំណុក​ទៅ​ជូន​មេបា​តាម​ទំនៀម ។ នាង​ង៉ោះ​ពឹង​អស់​បង​ប្អូន មក​រៀប​បណ្ណាការ​ទទួល​តាម​ច្បាប់ ។ ឯ​អាឡេវ គិត​តែ​ស៊ី​នំ​ឲ្យ​ឆ្អែត ។ នាង​ង៉ោះ​ឮ​មាត់​អ្នក​ង៉េះ នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «មាត់​និយាយ​នោះ ដូច​ជា​សំឡេង​អ្នក​ង៉េះ​ប្តី​អញ» ។ អ្នក​ង៉េះ​ឮ​មាត់​នាង​ង៉ោះ​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា «សំឡេង​និយាយ​នោះ ដូច​ជា​សំឡេង​នាង​ង៉ោះ​ប្រពន្ធ​អញ» ។ អ្នក​ង៉េះ​សង្ស័យ​ណាស់ ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​នាង​ង៉ោះ​ក៏​ថា «នាង​នេះ​ដូច​ជា​នាង​ង៉ោះ​ប្រពន្ធ​អញ » ។ ឯនាង​ង៉ោះ​ថា «អ្នក​នេះ ដូច​ជា​អ្នក​ង៉េះ​ប្តី​អញ» ។

អស់​បង​ប្អូន​អ្នក​ស្រុក​គេ​ថា «អ្នក​ង៉េះ​ហើយ​ ថា​មិន​អ្នក​ង៉េះ នាង​ង៉ោះ​ហើយ​ថា​មិន​នាង​ង៉ោះ » ។ លុះ​អ្នក​ង៉េះនិង​នាង​ង៉ោះ ឃើញ​គ្នា​ជាក់​មែន​ទែន​ហើយ ទើប​ដឹង​ថា​អាឡេវ​វា​បញ្ឋោត​ ក៏​អៀន​រត់​ទៅ​ដោយ​ខ្លួន​ទីទៃៗ ។ អាឡេវ​ដឹង​ថា​ម្តាយ​ឪពុក​ដឹង​ដូច្នោះ ក៏​វេះ​ពួន លុះ​ព្រឹក​ឡើង អាឡេវ​រត់​ទៅ​នៅ​វត្ត ធ្វើ​ជា​កូន​សិស្ស​លោក ។ ឯអ្នក​ង៉េះ​និង​នាង​ង៉ោះ ក៏​នៅ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ដូច​ដើម​ទៅ ។ អាឡេវ​នៅ​រៀន​អក្សរ នឹង​លោក​គ្រូ​សង្រ្គាជ ។ លុះ​នៅ​យូរ​ទៅ អាឡេវ​គិត​ថា «អញ​នឹង​បញ្ឆោត​លោក​សង្ឃ​ណា​ដែល​មាន​ប្រាក់​ច្រើន យក​ទៅ​ឲ្យម៉ែ​ឪ​អញ» ។ អាឡេវ​គិត​ដូច្នោះ​ហើយ​ក៏​ទៅ​និយាយ​នឹង​លោក​ភិក្ខុ​កម្លោះ​មួយ​អង្គ ដែល​មាន​ប្រាក់​ច្រើន​ថា «មាន​ស្រី​ម្នាក់​ស្រឡាញ់​លោក​គ្រូ ស្រី​នោះ​ក្រមុំ​ល្អ​ល្អាច់​ណាស់» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​និយាយ​នឹង​អាឡេវ​ថា «បើ​ប្រាកដ​ដូច​ឯង​ថា​មែន អញ​នឹង​ឲ្យ​ប្រាក់​ឯង​មួយ​បាទ»​ ។ អាឡេវ​ថា «ចាំ​ដល់​ពេល​យប់​ងងឹត លោក​គ្រូ​ទៅ​ចាំ​នៅ​កន្លែង​នោះ ខ្ញុំ​ករុណា​នឹង​នាំ​ស្រី​នោះ​មក»​ ហើយ​វា​លា​លោក​ចុះ​ពី​លើ​កុដិ ដើរ​តម្រង់​ទៅ​ផ្ទះ​ចិន គិត​ទៅ​និយាយ​បញ្ឆោត​ចិន​ទៀត លុះ​ទៅ​ដល់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និយាយ​នឹង​ចិន​ថា «ចិកៗ! ចង់​បាន​ស្រី​ក្រមុំ​ល្អ​ដែរ​ឬ​ទេ?» ។ ចិន​ឆ្លើយ​ថា «អើ​អញ​ចង់​បាន» ។ អាឡេវ​ថា «បើ​ចិក​ចង់​បាន តើ​ឲ្យ​ប្រាក់​អញ​ប៉ុន្មាន?» ។ ចិន​ថា «អញ​ឲ្យ​មួយ​បាទ» ។ អាឡេវ​ថា «តិច​ណាស់ បើ​ឲ្យ​ពីរ​បាទ​នោះ​អញ​រក​ស្រី​ក្រមុំ​សៗ​ល្អៗ ឲ្យ​ចិក​ឯង» ។ ចិន​ថា «អើ!» ។ អាឡេវ​ថា «បើ​ដូច្នោះ​ចាំ​ពេល​យប់​ងងឹត អញ​នឹង​នាំ​មក​ឲ្យ​ចិក​ឯង» ហើយ​អាឡេវ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ​លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ ឲ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្តាំ​លោក​ថា «បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះកេស​ឲ្យ​ជិត» ។ អាឡេវ​ផ្តាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក ហើយ​និយាយ​ «ឥឡូវ​អញ​រក​ស្រី​ក្រមុំ ឲ្យ​ចិក​ឯង​បាន​ហើយ» ។ អាឡេវ​វា​ផ្ទាំ​ចិន​ថា «បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឲ្យ​ជិត» ទើប​នាំ​ចិក​នោះ​ទៅ​រៀប​រោង​ដែល​លោក​នៅ​ចាំ ហើយ​វា​ខ្សឹប​ប្រាប់​ចិន​ថា «ស្រី​នៅ​ក្នុង​នេះ​ហើយ ឲ្យ​ប្រាក់​មក​» ។

ចិន​មើល​ទៅ​ក្នុង​រោង​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​នោះ គិត​ស្មាន​ថា​ជា​ស្រី​មែន ក៏​ឲ្យ​ប្រាក់​ទៅ​អាឡេវ ។ អាឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រឡប់​ទៅ​វត្ត​វិញ ។ លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ ចិន​គិត​ថា «លោក​ជា​ស្រី » លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ ។ ចិន​ពាល់​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក ។ ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ​ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ ។ អាឡេវ​នៅ​ចាំ​លោក​ឯកុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោកៗ​នោះ​ថា «អាឡេវ​ឯង​បញ្ឆោត​អញ ហើយ​ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត អញ​មិន​ឲ្យ​ឯង​ទេ» ។ អាឡេវ​ថា «បើ​លោក​មិន​ឲ្យ​ប្រាក់​ទេ ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា «លោក​ទៅ​ដេក​នឹង​ស្រី» ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក ក្នុង​ភូមិ​ទាំង​អស់​ឲ្យ​គេ​ដឹង​ទៀត បើ​គេ​ដឹង​ហើយ គេ​មិន​ឲ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជា​មួយ​គេ​ពុំ​បាន» មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឲ្យ​រក​ស្រី ហើយ​លោក​ថា ឲ្យ​ប្រាក់​ខ្ញុំ​ករុណា​មួយ​បាទ ឥឡូវ​នេះ លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា មិន​ឲ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ» ។

លោក​នោះ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាទ​ឲ្យ​ទៅ​អាឡេវ​ជា​ប្រញាប់ ។ អាឡេវ​មិន​ព្រម​ទទួល​យក​ វា​ថា «កាល​លោក​និយាយ​នោះ​ថា ឲ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ ឥឡូវ​ ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក» បើ​លោក​មិន​រក​ឲ្យ​ទេ នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេកនិង​ស្រី​ពី​យប់​មិញ… លោក​គ្រូ​ធំ​ជ្រាប​ហើយ នឹង​ចាប់​លោក​យក​ទៅវាយ​បណ្តេញ​មិន​ឲ្យ​នៅ​ក្នុង​វត្ត​មួយ​ទៀត ខ្ញុំ​ករុណា​នឹង​ទៅ​ប្តឹង​លោក​ឧកញ៉ា​ព្រះ​ស្តេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ឲ្យ​មក​ចាប់​យក​ទៅ, ពួក​សង្ឃ​ការី​នឹង​យក​សំបត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ហើយ​ដាក់​ជា​ពលរាជ​និមន្ត ពុំ​នោះសោត​គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភ័យ​ណាស់​អង្វរ​ថា «ចាំ​រក​ប្រាក់​ឲ្យ​កុំ​ទៅ​ពិត​លោក​គ្រូ​ធំ! និង​ទៅ​ប្តឹង​ក្រុម​សង្ឃការី​ឡើយ» ហើយ​ខំ​រក​ប្រាក់​លក់​ទាំង​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ឲ្យ​អាឡេវ​ ។ អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឲ្យ​ដូច្នោះ​ ក៏​និយាយនឹង​លោក​ថា​«ណ្ហើយ​ ចុះ! លោក​រក​ប្រាក់​ឲ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ» ។ លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឲ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា «កុំ​ឲ្យ​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង, ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ» ។ អាឡេវ​ថា «លោក​កុំ​ព្រួយ​ព្រះទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ» ហើយ​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ទៅ​ផ្ទះ ។ លុះ​ទៅ​ដល់​ផ្ទះ​ជួប​នឹង​ម្តាយ អាឡេវ​ក៏​ស្រែក​ប្រាប់​ម្តាយ​ថា «ម៉ែ​ដេរ​ថង់ៗ» ។ នាង​ង៉ោះ​ឮ​ហើយ​សួរ​ទៅ​ថា «ដេរ​ធ្វើ​អ្វី?» ។

អាឡេវ​បង្ហាញ​ប្រាក់​ដែល​ស្ពាយ ។ នាង​ង៉ោះ​ជា​ម្តាយ​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ដូច្នោះ ក៏​ស្ទះ​ទៅ​ប្រាប់​អ្នក​ង៉េះ​ជា​ប្តី ។ អ្នក​ង៉េះ​មក​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ ក៏​បាត់​ខឹង​នឹង​អាឡេវ​ដែល​បញ្ឆោត​ងំពី​មុន​នោះ អរ​នឹង​អាឡេវ​ទាំង​ម្តាយ​ឪពុក ហើយ​អ្នក​ង៉េះ​សួរ​ទៅ​អាឡេវ​ថា «កូន​បាន​ប្រាក់​នេះ​ពី​ណា! កូន​ធ្វើ​ម្តេច​បាន​ជា​បាន? ។ អាឡេវ​ប្រាប់​ឪពុក​វា​ថា «ក្រអី​សព្វ​បើ​ប្រាក់​ គ្រាន់​តែ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​គ្រប់​គ្នា ខ្លះ​គេ​ឲ្យ​មួយ​បាទ ខ្លះ​ពីរ​បាទ តែ​រាល់​គ្នា​ដូច្នេះ​ទៅ ក៏​បាន​ច្រើន​ហើយ បើ​ឪ​ចង់​បាន​ប្រាក់​ច្រើន​ទៅ​បង្ហញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​ម្តង​ម្នាក់​ទៅ ឪ​យក​ប្រាក់​មិន​អស់» ។ អ្នក​ង៉េះ​ជា​ឪពុក​ឮ​អាឡេវ​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ទៅ​ធ្វើ​តាម​ពាក្យ​អាឡេវ លុះ​ទៅដល់​ផ្សារ ក៏​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រាត​ខោ​បង្ហាញ​កេរ្តិ៍​ខ្មាស ។ អ្នក​ផ្ទះ​ឃើញ​ដូច្នោះ ក៏​អៀន​ខ្មាស​បបួល​គ្នា​ដេញ​វាយ ។ អ្នក​ង៉េះ​ចេញ​ពី​ផ្ទះ​មួយ​​ចូល​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ហាញ​កេរ្តិ៍​ខ្មាស​គេ គេ​ដេញ​វាយ​ស្ទើរ​តែ​នឹង​ស្លាប់ អ្នក​ង៉េះ​ភ័យ​ក៏​រត់​ទៅ​ផ្ទះ ។ ឯអាឡេវ ចាំ​មើល​ឳពុក​ពាក់​កណ្តាល​ផ្លូវ ឃើញ​ឳពុក​រត់​មក​ពី​ផ្សារ ហើយ​ជួន​ជា​មាន​ជ្វា​ស្ពាយ​ទំនិញ​ព្រែ ហូល​ប្រអប់​ ប្រាក់​ មាស ជា​ច្រើន​មក​អំពី​ចម្ងាយ​ ក៏​ប្រាប់​ទៅ​អ្នក​​ង៉េះ​ជា​ឪពុក​ថា «ហ្ន៎ឪ! អ្នក​ផ្សារ​គេ​តាម​មក​វាយ​ឪ​ហើយ បើ​ដូច្នោះ​ឪ​រត់​គាត់​វាល​នេះ​ទៅ​ទើប​រួច​ខ្លួន» ។

អ្នក​ង៉េះ​ឮ​កូន​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដើរ​អំពី​ចម្ងាយ​តម្រង់​មក​មែន គាត់​គិត​ស្មាន​ថា​ជា​អ្នក​ផ្សារ​គេ​តាម​មក​វាយ​ទៀត​ភ័យ​ដែល​ស្ពាយ​ទំនិញ នោះ ក៏​មក​ដល់ ។ អាឡេវ​គិត​បញ្ឆោត​ជ្វា​នោះ​ទៀត​ វា​និយាយ​ប្រាប់​ថា «បង​ធម​អើយ! មាន​គេ​ដេញ​ក្តាន់​បាក់​ជើង​ម្ខាង ប៉ុន្តែ​អ្នក​ដេញ​នោះ តែ​ម្នាក់​ឯង​នឹង​ស្ទាក់​ចាប់​ពុំ​បាន​ បើ​ដូច្នោះ បង​ធម​ឯង​រត់​ទៅ​ជួយ​ចាប់ បើ​បាន​នឹង​យក​មក​ចែក​គ្នា​ស្ល​ស៊ី» ។ ជ្វា​ឮ​អាឡេវ​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​តាម​ពាក្យ​អាឡេវ​ឃើញ​មនុស្ស​រត់ គិត​ស្មាន​ថា​ជា​មនុស្ស​ដេញ​ក្តាន់មែន ក៏​យក​សម្ពាយ​ផ្ញើ​​រទុក​នឹង​អាឡេវ​ទាំង​អស់ ហើយ​បបួល​គ្នា​រត់​ទៅ​តាម​អ្នក​ង៉េះៗ រត់​បណ្តើរ​ក្រឡេក​មើល​មក​ក្រោយ​បណ្តើរ ឃើញ​ជ្វា​រត់​តាម​ក្រោយ គិត​ស្មាន​ថា​ជា​គេ​ដេញ​ចាប់​ខ្លួន​ក៏​ប្រឹង​រត់​ទៅ​ទៀត ។ ឯអាឡេវ​បាន​សម្ពាយ​ទ្រព្យ​របស់​ជ្វា​ហើយ ក៏​ជញ្ជូន​យក​ទៅ​លាក់​ទុក​ឲ្យ​ម៉ែ​វា ហើយ​វា​វេះ​រត់​អំពី​ទី​នោះ​ទៅ​ទៀត ។ ឯជ្វា​ដល់​ដឹង​ថា​អាឡេវ​បញ្ឆោត​ដូច្នោះ ក៏​ត្រឡប់​មក​វិញ​រក​សម្ពាយ​ទំនិញ​និង​អាឡេវ​ពុំ​ឃើញ នឹក​ស្តាយ​របស់​ណាស់ នឹង​រក​ចាប់​អ្នក​ឯណា​ពុំ​បាន ក៏​ខំ​ដើរ​ទៅ​រក​អាឡេវ ។

សូម​ស្លេះ​ត្រឹម​នេះ​សិន ។ សូម​ចែង​ពី​រឿង​អាឡេវ​ដែល​រត់​ទៅ​នោះ​វិញ ។ អាឡេវ កាល​ក្រោយ​នោះ រត់​ទៅ​ដល់​ស្រុក​មួយ​ឆ្ងាយ​ណាស់​ហើយ​បាន​ជួប​នឹង​ដូន​ចាស់​ម្នាក់ និង​ចៅ​ក្រមុំ​ម្នាក់​កំពុង​រៀប​ទូក​ផ្ទុក​របស់​ទ្រព្យ ដើម្បី​ទៅ​នៅ​ស្រុក​ឯទៀត ឲ្យ​ជិត​ជួប​ជុំ​នឹង​អស់​បង​ប្អូន​ញាតិ​សន្តាន ត្បិត​ចៅ​គាត់​ធំ​ពេញ​ក្រមុំ​ល្ម​​មឲ្យ​មាន​ប្តី​ហើយ​ ។ អាឡេវ​ឃើញ​ចៅ​ដូន​ចាស់​នោះ ក៏​មាន​ចិត្ត​ស្រឡាញ់ ហើយ​ជួយ​ជញ្ជូន​របស់​ទ្រព្យ​ដាក់​ទូក ។ ដូន​ចាស់​ឃើញ​អាឡេវ​ជួយ​ឈើ​ឆ្អាល​ដូច្នោះ គាត់​សួរ​ «ចៅ​ទៅ​ណា?» ។ អាឡេវ​ប្រាប់​ថា «ខ្ញុំ​សូម​ដោយ​សារ​យាយ​ទៅ​ផង»! ។ ដូន​ចាស់​នោះ​សួរ​ថា «ចៅ​ឯង​ឈ្មោះ​អ្វី​?» ។ អាឡេវ​ជម្រាប់​ថា«ខ្ញុំ​ឈ្មោះ​ជី​ចៅ​ប្រសា តើ​យាយ​ទៅ​ណា? ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង » ។ យាយ​ចាស់​ឮ​អាឡេវ​សុំ ដោយ​សារ​ដូច្នោះ ក៏​មាន​ចិត្ត​អរ​នឹក​ថា​បាន​វា​ជា​គ្នា គ្រាន់​នឹង​ជួយ​ចែវ​ទូក​ទៅ ។ លុះ​រៀប​របស់​ទ្រព្យ​រួច​ស្រេច​កាល​ណា អាឡេវ​ក៏​សុំ​ខ្លួន​ចែវ​ទូក ។ ឯដូន​ចាស់​អង្គុយ​អុំ​ក្បាល ចៅ​ក្រមុំ​អង្គុយ​កណ្តាល ។ អាឡេវ​និង​ចៅ​ក្រមុំ​ចេះ តែ​រំពៃ​មើល​មុខ​គ្នា ហើយ​ញញឹម​ទៅ​មក​រក​គ្នា ។ លុះ​ចែវ​បន្តិច​ទៅ អាឡេវ​ធ្វើ​ជា​ភ្លេច​កាំបិត​ក៏​និយាយ​ថា «ឱយាយ​អើយ? ខ្ញុំ​ភ្លេច​កាំបិត​ចោល​នៅ​លើ​គោក​ឯក្រោយ​នោះ ត្បិត​ខ្ញុំ​រវល់​តែ​ជញ្ជូន​របស់​យាយ បាន​ជា​ខ្ញុំ​ភ្លេច​កាំបិត​ខ្ញុំ, កាំបិត​នោះ ជា​របស់​កេរ្តិ៍​កោះ​ពីម៉ែ​ឪ​ដូន​តា​មក​ដូច្នេះ​ខ្ញុំ​សុំ​ត្រឡប់​ទូក​ទៅ​យក​វិញ» ។ ដូច​ចាស់​ក៏​ព្រម​ត្រឡប់​ទូក​ទៅ​វិញ លុះ​ដល់​កំពង់​អាឡេវ​និយាយ​នឹង​ដូច​ចាស់​ថា«យាយ​អាណិត​ឡើង​ទៅ​យក​កាំបិត​ឲ្យ​ចៅ​បន្តិច ខ្ញុំ​ទុក​ត្រង់​គល់​ឈើ​ខាង​លើ​ច្រាំង​នៅ​ប្រប​ផ្លូវ ដែល​យើង​ជញ្ចូន​របស់​មក​នោះ» ។ អាឡេវ​វា​បញ្ឆោត​យាយ​ចាស់ ឲ្យ​តែ​គាត់​ឡើង​ទៅ​ផុត​កាល​ណា នឹង​ចេញ​ទុក​អុំ​រត់​យក​ចៅ​ក្រមុំ ។

លុះ​ដូន​ចាស់​ឡើង​ដល់​មាត់​ច្រាំង​ល្មម​បាំង​ភ្នែក អាឡេវ​ក៏​ម្នីម្នា​ថយ​ទូក​ជា​ប្រញាប់ ចោល​ដូន​ចាស់​នោះ ហើយ​ខំចែវ​តាម​បណ្តោយ​ទឹក​ហូរ​ទៅ ។ យាយ​ចាស់​នោះ លុះ​រក​កាំបិត​ពុំ​ឃើញ​ក៏​ត្រឡប់​មក​ទូក​វិញ បាត់​ទាំង​អាឡេវ បាត់​ទាំង​ទូក ។ បាត់​ទាំង​ចៅ​ក្រមុំ ក្រឡេក​មើល​ទៅ​ក្រោម​ទឹក ឃើញ​អាឡេវ​កំពុង​ខំ​ប្រឹង​ចែវ​ទូក ។ ដូន​ចាស់​ភ័យ​ណាស់ យក​ដៃ​គក់​ទ្រូង ស្រែក​ទ្រហ៊ោរ​យំ​បណ្តើរ ស្រែក​បណ្តើរ ឲ្យ​អ្នក​ស្រុក​គេ​ជួយ​ដេញ​តាម​ថា «សូម​ជួយ​ផង ត្បិត​ជីចៅ​ប្រសា វា​លួច​ពង្រត់​ចៅ​ក្រមុំ​ខ្ញុំ​ទៅ​ហើយ! » ។ អស់​អ្នក​ស្រុក​គេ​ឮ​ថា «ចៅ​ប្រសា​នាំ​ពង្រត់​ចៅ​ក្រមុំ​ដូច្នោះ,, គ្មាន​នរណា​គេ​ជួយ គេ​គិត​ថា «ប្រពន្ធ​របស់​អាឡេវ» ។ លុះ​ដូន​ចាស់​រត់​តាម​ពុំ​ទាន់ ទើប​រាយ​ដំណើរ​ប្រាប់អ្នក​ស្រុក​ថា «អា​ដែល​លួច​ចៅ​ក្រមុំ​ខ្ញុំ​នោះ វា​ឈ្មោះ​ជីចៅ​ប្រសា វា​លួច​ពង្រត់​ចៅ​ក្រមុំ​និង​ទ្រព្យ​ខ្ញុំ​ទៅ​ទេ​តើ» ។ ទើប​អ្នក​ស្រុក​គេ​ដឹង​គ្រប់​គ្នា​ថា «អាឡេវ​វា​បញ្ឆោត​លួច​ពង្រត់​ចៅ​ក្រមុំ​និង​របស់​ទ្រព្យ​យាយ, ដូច្នោះ ក៏​គេ​មិន​ដឹង​ធ្វើ​ដូច​ម្តេច​នឹង​ទៅ​តាម​ក៏​មិន​ទាន់ ត្បិត​វា​ទៅ​យូរ​ណាស់​ហើយ ។ ឯអាឡេវ ខំចែវ​លុះ​ដល់​វេលា​យប់​និយាយ​លួង​លោម​នាង​ក្រមុំ​នោះ​ថា «បាន​ជា​បង​ខំ​ពង្រត់​មក ត្បិត​បង​ស្រឡាញ់​នាង​ណាស់! ឥឡូវ​នេះ​បង​យក​នាង​ធ្វើ​ជា​ប្រពន្ធ» ។

នាង​ក្រមុំ​នោះ ចេះ​តែ​កន្ទក់​កន្ទេញ​រឭក​ជីដូន ត្បិត​ធ្លាប់​នៅ​តែ​ពីរ​នាក់ ហើយ​និយាយ​ប្រាប់​អាឡេវ​ថា «ម្ល៉េះសមយាយ​គាត់​រក​ខ្ញុំ​មិនឃើញ គាត់​នឹង​លោត​ទឹក​សម្លាប់​ខ្លួន​ក៏​មិន​ដឹង? មួយ​ទៀត សម​គាត់​នឹក​រឭក​ខ្ញុំ គាត់​សង្រេង​សង្រៃ អត់​ទាំង​បាយ​ទៅ​ជា​ឈឺ​ស្លាប់​អសារ​ឥត​ការ, បើ​ជា​ដូច្នោះ​សូម​អ្នក​ជួន​ខ្ញុំ​ទៅ​វិញ បើ​អ្នក​មិន​ជូន​ទៅ​ទេ ខ្ញុំ​នឹង​លោត​ទឹក​សម្លាប់​ខ្លួន» ។ អាឡេវ​ឮ​នាង​នោះ​និយាយ​ដូច្នោះ​ក៏​វាត​ទូក​ចូល​ក្នុង​ព្រៃ​ស្ងាត់ លួង​លោម​នាង​នោះ​ថា «បង​ស្រឡាញ់​នាង​ណាស់​ហើយ បាន​ជា​បង​ខំ​ពង្រត់​យក​មក​ធ្វើ​ជា​ប្រពន្ធ បើ​នាង​លោត​ទឹក​សម្លាប់​ខ្លួន​ដូច្នោះ​ តើ​បង​បាន​នរណា​ជា​ប្រពន្ធ» ។ នាង​ឆ្លើយឡើង​ថា «បើ​អ្នក​ស្រឡាញ់ ម្តេច​ក៏​អ្នក​មិន​ដណ្តឹង​តាម​ច្បាប់?,,, ។ អាឡេវ​ឆ្លើយ​ថា «ឱនាង​អើយ! បើ​ចាំ​ដណ្តឹង​តាម​ច្បាប់ ធ្វើ​ម្តេច​នឹង​ឆាប់​បាន​ទាន់​ចិត្ត បើ​គេ​ឲ្យ​នោះ​ក៏​បាន បើ​គេ​មិន​ឲ្យ​នោះ​នឹង​ទទេ​ឥត​អំពើ, ដូច្នេះ​ហើយ​បាន​ជា​បង​នាំ​ពង្រត់​នាង​សិន, ទៅ​ដល់​ស្រុក​ម៉ែ​ឪ​ដូន​តា​នឹង​រៀប​ការ​តាម​ច្បាប់, នាង​កុំ​តូច​ចិត្ត បង​នឹង​ជូន​ទៅ​សួរ​ជីដូន​នាង​ជា​ប្រញាប់ នាង​ពុំ​ថប់​បារម្ភ​ឡើយ» ។ នាង​ក្រមុំ​ក៏​ព្រម​ព្រៀង​សុខ​ចិត្ត​ ធ្វើ​ជា​ប្រពន្ធ​អាឡេវ​ទៅ ។ លុះ​ព្រឹក​ឡើង​អាឡេវ​ក៏​ចែវ​ទូក​ទៅ​ទៀត ប្រទះ​នឹង​ចោរ ៥០០ នាក់ ។ ចោរ​ទាំង ៥០០ នោះ​តែង​តែ​ទៅ​ចាំ​ប្លន់​អ្នក​ទូក អ្នក​ដំណើរ​ដែល​ដើរ​ទៅ​រក​ស៊ី​តែ​សព្វ​ថ្ងៃ ។ លុះ​ឃើញ​ទូក​ចែវ​ទៅ​ដល់ ក៏​គិត​ប្លន់​យក​ទ្រព្យ​របស់ ។ អាឡេវ​ដឹង​ថា ចោរ​ចង់ប្លន់​យក​ទ្រព្យ​របស់​ខ្លួន​ដូច្នោះ ក៏​ចូល​ទូក​ទៅ​ក្នុង​កណ្តាល​ពួក​ចោរ ហើយ​ឡើង​ទៅ​និយាយ​នឹង​មេចោរ​ថា «អស់​អ្នក​រាល់​គ្នា​ហ៊ាន​ប្លន់​តែ​អ្នក​ទូក-​អ្នក​ដំណើរ​ដែល​ដើរ​រក​ស៊ី​ដាច់​ដោច ឆ្ងាយ​ពី​ស្រុក​ពី​ភូមិ​គេ ហើយ​លើក​គ្នា​ទៅ​ទាំង​ហ្វូងៗ ផង, ឯខ្លួន​ខ្ញុំ​មិន​ចេះ​ប្លន់​អ្នក​ដើរ​រក​ស៊ី​ដាច់​ដោច​ដូច្នេះ​ទេ ខ្ញុំ​ប្លន់​តែ​អ្នក​ស្រុក​អ្នក​នគរ​ ហើយ​ខ្លួន​ខ្ញុំ​តែ​ម្នាក់​ឯង, បាន​ជា​ខ្ញុំ​ហ៊ាន​ដូច្នេះ ដោយ​ខ្ញុំ​ចេះ​អាគម​កាប់​មិន​មុត​ដុត​មិន​ឆេះ ហើយ​ចេះ​ទាំង​អាគម​បឋមំ បឋម៉ឺន ប៉ែត​ដាន សា​ដាន មហាស្រឡប់ មហាស្រឡាយ នារាយណ៍​បែង​ភាគ​នារាយណ៍​កាឡា ខ្ញុំ​ចេះ​អស់​មិន​សល់, នេះ​ខ្ញុំ​ទើប​នឹង​មក​ពី​ប្លន់​ស្រុក​គេ យក​បាន​ទាំង​កូន​ក្រមុំ​គេ​ម្នាក់​មក​ផង បើ​អ្នក​ឯង​មិន​ជឿ អ្នក​សួរ​ស្រី​នោះ​ចុះ » ។

អស់​ពួក​ចោរ​បាន​ស្តាប់​អាឡេវ​អួត​ប្រាប់​ពី​សិល្ប៍សាស្រ្ត​អាគម​វិជ្ជា​ការ​ដូច្នោះ​ហើយ ក៏​ចង់​រៀន​ទើប​និយាយ​នឹង​អាឡេវ​ថា «បើ​ដូច្នោះ សូម​អ្នក​បង្ហាញ​អាគម​សិល្ប៍សាស្រ្ត​ដល់​យើង​រាល់​គ្នា​ផង! យើង​សុំ​អ្នក​ធ្វើ​ជា​គ្រូ​បង្ហាញ​ប្រដៅ ហើយ​នៅ​រក​ស៊ី​ជា​មួយ​គ្នា» ។ អាឡេវ​ថា «បើ​អ្នក​រាល់​គ្នា​ចង់​រៀន ខ្ញុំ​ក៏​បង្ហាញ​បាន ប៉ុន្តែ ការ​រក​ទី​ធ្វើ​ពីធី​ចូល​ត្រណម​នោះ​ក្រណាស់ មាន​តែ​រក​កោះ​ដាច់​ពី​ស្រុក​ពីភូមិ​គេ ហើយ​នៅ​កណ្តាល​ទន្លេ​ឆ្ងាយ​ពី​ត្រើយ នោះ​ទើប​ធ្វើ​បាន «ហើយ​អាឡេវ​និង​ចោរ​ក៏​នាំ​គ្នា​ទៅ​រក​កោះ​កណ្តាល​សមុទ្រ បាន​ឃើញ​កោះ​មួយ​មាន​ផ្នូក​ខ្សាច់​ល្អ ក៏​ឡើង​ទៅ​លើ​កោះ​នោះ រក​មើល​ទី​កន្លែង​សម​គួរ​ឆ្ងាយ​ពី​កន្លែង​ចត​សំពៅ ។ អាឡេវ​ប្រាប់​ថា «បើ​អ្នក​ចង់​ចេះ​អាគម​ឲ្យ​ពូ​កែ​នោះ​ត្រូវ​ស្តាប់​ខ្ញុំ បើ​ខ្ញុំ​បង្គាប់​ឲ្យ​ធ្វើ​អ្វី ត្រូវ​ធ្វើ​តាម​ពាក្យ​ខ្ញុំ​ទាំង​អស់​នោះ ទើប​បាន​អាគម​ពូកែ​ឆុត​ឆាប់» ។ អស់​ចោរ​ទាំង ៥០០ ក៏​ទទួល​ព្រម​ធ្វើ​តាម​ទាំង​អស់ ហើយ​អាឡេវ​បង្គាប់​ឲ្យ​ធ្វើ​រោង​ពិធី មាន​បាយ​សី មាន​ទៀន​ធូប ភ្ញី​ផ្កា ហើយ​មាន​រាជ័រតិឆត្រ​ទង់ សង់​ជា​រាន ៧ ថ្នាក់ ហើយ​វា​ឲ្យ​ជីក​កកាយ​ដី​ខ្សាច់​ជា​អណ្តូង​ធំ​ជ្រៅ ឲ្យ​មាន​ទឹក​ល្មម​មុជ​លិច​ក្បាល លុះ​ធ្វើ​ស្រេច ហើយ​វា​បង្គាប់​ចោរ ៥០០ នាក់​ឲ្យ​កោរ​សក់ ឲ្យ​ស្រាត​សំពត់​ចេញ​ទាំង​អស់​គ្នា ហើយ​វា​និយាយ​បញ្ឆោត​ចោរ​តាំង ៥០០ នោះ​ថា «រីអាគម​ខ្ញុំ​នេះ​ដែល​នឹង​រៀប​នោះ ត្រូវ​មុជ​ទឹក ហើយ​នឹង​សូត្រ​អត់​ដង្ហើម​នៅ​ក្នុង​ទឹក​បាន​៧​ចប់ ទើប​ពូកែ​មែន​ទែន» ។ ពួក​ចោរ​ក៏​នាំ​គ្នា​ហាត់​មុជ​ទឹក​សូត្រ​អាគម ។ ឯអាឡេវ​ចុះ​ទៅ​សំពៅ និយាយ​ខ្សឹម​ប្រាប់​ប្រពន្ធ​ឲ្យ​រៀប​ខ្លួន ហើយ​ទាញ​ពួរយុថ្កា​ឲ្យ​ខ្លី, វា​ផ្តាំ​ប្រពន្ធ​ថា «បើ​អញ​រត់​ចុះ​ពី​លើ​គោក​មក​ត្រូវ​ទាញ​ពួរ​យុថ្កា​ឡើង​ឲ្យ​ឆាប់ » ។ ផ្តាំ​ស្រេច​ ហើយ​ក៏​ត្រឡប់​ទៅ​វិញ លុះ​ដល់​ព្រលប់​យប់​ងងឹត វា​ឲ្យ​ពួក​ចោរ​មុជ​ទឹក ហើយ​បង្គាប់​ថា «បើ​មុជ ត្រូវ​មុជ​ឲ្យ​ព្រម​គ្នា បើ​ងើបៗ ឲ្យ​ព្រម​គ្នា ទើប​អាគម​ពូកែ» ។

លុះ​ពួក​ចោរ​មុជ​ព្រម​គ្នា​ហើយ អាឡេវ​ក៏​រត់​ចុះ​ទៅ​សំពៅ​ដក​យុថ្កា លា​ក្តោង ជួន​ជា​ខ្យល់​ជំនោរ​មក​ដល់ អាឡេវ​បើក​ក្តោង​យោង​ទាំង​សំប៉ាន​ទៅ ចោល​ចោរ​ទាំង ៥០០ ឲ្យ​នៅ​លើ​កោះ​នោះ ។ ឯចោរ​ទាំង​៥០០ ងើប​អំពី​ទឹក​ឡើង រក​មើល​អាឡេវ​ពុំ​ឃើញ​ក៏​សួរ​គ្នា​ថា «លោក​គ្រូ​ទៅ​ណា? » នាំ​គ្នា​រក​ឯកំពង់​មិន​ឃើញ ក៏​ឡើង​ទៅ​មើល​ឯ​រោង​ពិធី ក៏​មិន​ឃើញ​ បាត់​ទាំង​សំពៅ​ទាំង​មនុស្ស ។ ពួក​ចោរ​ទាំង ៥០០ ក៏​ដឹង​ថា អាឡេវ​បញ្ឆោត ហើយ​ទើប​នាំ​គ្នា​រក​ឈើ​ឫស្សី​ធ្វើ​ក្បូន​ឆ្លង ។ អាឡេវ បើក​សំពៅ​យក​ទ្រព្យ​របស់​ចោរ​ទាំង ៥០០ ដែល​នៅ​ក្នុង​សំពៅ​នោះ​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ លុះ​បើក​ក្តោង​ទៅ​អស់​មួយ​យប់​មួយ​ថ្ងៃ ក៏​បាន​ដល់​ស្រុក​មួយ ហើយ​វា​រក​មើល​មនុស្ស​ក្នុង​ស្រុក​នោះ ពុំ​ឃើញ​មាន​មនុស្ស​ប្រុស មាន​តែ​មនុស្ស​ស្រី ទើប​ដឹង​ថា ជា​ស្រុក​ចោរ​ដែល​វា​បញ្ឆោត​នោះ ទើប​វា​បោះ​យុថ្កា​ឈប់ ។ អស់​ប្រពន្ធ​ចោរ​ទាំង​នោះ នឹង​បាន​ដឹង​ស្គាល់​ថា​ជា​សំពៅ​របស់​ប្តីក៏​ទេ ត្បិត​កាល​ដែល​ប្តី​ចេញ​ទៅ​អំពី​ផ្ទះ​តែ​ខ្លួន​ទទេ លុះ​បាន​ជួប​នឹង​ឈ្មួញ​សំពៅ ក៏​ប្លន់​យក បាន​ជា​ប្រពន្ធ​កូន​មិន​ដឹង​មិន​ស្គាល់ ។ លុះ​អាឡេវ​បោះ​យុថ្កា​រួច​ស្រេច​ហើយ ក៏​យក​ដី​ស​និង​ក្តារ​ឆ្នួន​ចេញ​មក​ក្រៅ ហើយ​ធ្វើ​ជា​គូស​វាស​ចាប់​យាម ។ អស់​ប្រពន្ធ​កូន​ចៅ​ចោរ មើល​មក​ឃើញ​អាឡេវ​គូស​វាស​ដូច្នោះ ក៏​នឹក​ស្មាន​ថា វា​ចេះ​ចាប់​យាម ទើប​សួរ​ថា «អ្នក​អើយ! អ្នក​ចេះ​ចាប់​យាម​អាណិត​មើល​ឲ្យ​ប្តី​ខ្ញុំ​បន្តិច ត្បិត​គាត់​ទៅ​រក​ស៊ី ជា​យូរ​ខែ​ហើយ» ។ អាឡេវ​ឮ​ដូច្នោះ​ហើយ​ក៏​ដឹង​ច្បាស់​ថា ស្រី​ទាំង​នោះ​ជា​ប្រពន្ធ​ចោរ​ដែល​អញ​បញ្ឆោត​នោះ​ជា​ក្រាកដ​ហើយ វា​ឆ្លើយ​ឡើង​ថា «ក្រអ្វី​សព្វ​បើ​ចាប់​យាម​នោះ ទោះ​បី​សម្ពង្ស​សម្ភារ​ភ្លឹក អត្តៈ លេខ​យន្ត​អ្វី ខ្ញុំ​ក៏​ចេះ​ទាំង​អស់, អ្នក​ចង់​មើល​អំពី​រឿង​អ្វី យក​តែ​ទៀន​ធូប​ ស្លា ម្លូ មក​បូជា​គ្រូ​ កុំ​ឲ្យ​សាប​អាគម​យាម​ខ្ញុំ តាម​គ្រូ​ប្រដៅ​មក» ។

ឯប្រពន្ធ​ចោរ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ម្នីម្នា​ឡើង​ទៅ​ផ្ទះ​ជា​ប្រញាប់ ប្រាប់​ប្រពន្ធ​ចោរ​ឯទៀតៗ ឲ្យ​រក​ទៀន​ ធូប ភ្ញី ផ្កា ស្លា ម្លូ ចេក អំពៅ យក​ទៅ​ជូន​គ្រូ ។ អាឡេវ​ទទូល​យក​ជំនូន​ហើយ តាំង​យក​ក្តារ​ឆ្នួន​មក​គូស​វាស​ធ្វើ​ជា​ចាប់​យាម គិត​ប្រមាណ​ក្នុង​ចិត្ត ឲ្យ​ត្រូវ​ពេលា​ល្មម​តែ​ពួក​ចោរ​ទាំង ៥០០ នោះ​មក​ដល់​ផ្ទះ គឺ​វា​គិត​ប្រមាណ​គ្នេរ​ចម្ងាយ​ផ្លូវ​ ហើយ​ប្រាប់​ប្រពន្ធ​ចោរ​ថា «ប្តី​អស់​អ្នក​រាល់​គ្នា​នឹង​មក​ដល់​ក្នុង​ថ្ងៃ​ស្អែក​នេះ, ប៉ុន្តែ​ក្នុង​វេលា​យប់​នេះ នឹង​មាន​ព្រាយ​ក្បាល​ត្រងោល​ អាក្រាត​កាយ រត់​ចូល​មក​ក្នុង​ផ្ទះ បង្កើត​ជា​ឧត្បាត​ធំ​ណាស់, បើ​ដូច្នោះ មាន​តែ​អ្នក​រាល់​គ្នា​គិត​រំងាប់​ឧត្បាត​ចេញ​ទើប​ជា​« ។ ឯអស់​ប្រពន្ធ​កូន​ចោរ​ទាំង ៥០០ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ហើយ​សួរ​ថា «គិត​ធ្វើ​ដូច​ម្តេច នឹង​រំងាប់​ឧត្បាត​ចេញ​បាន?» ។​អាឡេវ​ឆ្លើយ​ថា «វា​ងាយ​ទេ ការ​រំងាប់​ឧត្បាត​នោះ គឺ​ដល់​វេលា​ព្រលប់​កាលណា ត្រូវ​អស់​អ្នក​រាល់​គ្នា​នាំ​កូន​ចៅ​កាន់​ដំបង​ព្រនង់​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ បើ​ឃើញ​ព្រាយ​ក្បាល​ត្រងោល​អាក្រាត​កាយ​រត់​ចូល​មក​ក្នុង​ផ្ទះ ត្រូវ​វាយ​កុំ​ឲ្យ​វា​ចូល​បាន» ។

ឯពួក​ចោរ​ទាំង ៥០០ នោះ លុះ​ឆ្លង​រួច​ដល់​ត្រើយ​កាល​ណា ពេល​ថ្ងៃ​ពួន​ព្រៃ យប់​នាំ​គ្នា​ដើរ​កាត់​តម្រង់​មក​ផ្ទះ ព្រោះ​គ្មាន​សំពត់​ស្លៀក បាន​ជា​មិន​ចេញ​ដើរ​ពេល​ថ្ងៃ លុះ​ដល់​ថ្ងៃ​កំណត់​ដែល​អាឡេវ​ចាប់​យាម ពេល​ព្រលប់​ពួក​ចោរ​ក៏​មក​ដល់ផ្ទះ​ខ្លួន ។ ឯកូន​ប្រពន្ធ​ដែល​កាន់​ដំបង​ព្រនង់​ចាំ​នៅ​មាត់​ទ្វារ​ឃើញ​ប្តី​រត់​ចូល​មក​ក្នុង​ផ្ទះ គិត​ស្មាន​ថា​ជា​ព្រាយ​ក្បាល​ត្រងោល​មែន ក៏​ពឺត​តែ​វាយ ទាល់​តែ​ដួល​សម្លប់​ខ្លះ របួស​ពិការ​ខ្លះ, ក្រោយ​មក​ទើប​បាន​ដឹង​ថាជា​ប្តី ជា​ឪពុក​ខ្លួន ហើយ​និយាយ​តាម​ដំណើរ​ប្រាប់​ប្តី​សព្វ​គ្រប់ ។ ពួក​ចោរ​ទាំង​៥០០ ខឹង​នឹង​អាឡេវ​ខ្លាំង​ណាស់ តែ​មិន​ដឹង​គិត​ធ្វើ​ដូច​ម្តេច ព្រោះ​ខ្លួន​ត្រូវ​ដំបង​ដំណំ​ទាំង​អស់​គ្នា ហើយ​មិន​ដឹង​ជា​អាឡេវ​នៅ​ឯណា ។ វេលា​នោះ អាឡេវ​នៅ​ចាំ​លប​ស្តាប់​ប្រពន្ធ​កូន​ចោរ​វាយ​ប្តី​ខ្លួន ដល់​ឮ​មាត់​ស្រែក​ទ្រហឹង​ពេញ​ពាស​ទាំង​ស្រុក ក៏​បើក​សំពៅ​រត់​ទៅ​ស្រុក​ប្រពន្ធ​វិញ, លុះ​ទៅ​ដល់​ហើយ​អាឡេវ​និង​ប្រពន្ធ​ឡើង​ទៅ​រក​ជីដូន បាន​ជួប​នឹង​ជីដូន​ក៏​សំពះ​សូម​ទោស ហើយ​ប្រគល់​របស់​ទ្រព្យ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន ជូន​ជីដូន​ទាំង​អស់ ។

ជីដូន​បាន​ឃើញ​សម្បត្តិ​អាឡេវ​​ពេញ​សំពៅ ក៏​បាត់​ខឹង បែរ​ជា​ស្រឡាញ់​រាប់​អាន​អាឡេវ​ជា​ចៅ​ប្រសា​មែន​ទែន ។ អាឡេវ​រៀប​សង់​ផ្ទះ​លោះ​ខ្ញុំ​កំដរ​ពាស​ពេញ​ក្នុង​ផ្ទះ ឲ្យ​បម្រើ​ជីដូន​ក្មេក​និង​ប្រពន្ធ, លុះ​នៅ​យូរ​បន្តិច​មក ក៏​លា​ជីដូន​និង​ប្រពន្ធ​ទៅ​សួរ​ម្តាយ​ឪពុក​វា ។ ជីដូន​ក្មេក​ផ្តាំ​ថា «បើ​ចៅ​ទៅ​កុំ​នៅ​យូរ​ពេក ឆាប់​ត្រឡប់​មក​រក​ជីដូន​វិញ ត្បិត​សព្វ​ថ្ងៃ​នេះ ជីដូន​កំព្រា​ឥត​មាន​អ្នក​ឯណា​ជា​ទីពឹង​ទេ!» ។ ឯប្រពន្ធ​អាឡេវ ចង់​តាម​អាឡេវ​ទៅ​ដែរ ក៏​និយាយ​ថា «ខ្ញុំ​ចង់​ទៅ​ជា​មួយ​នឹង​អ្នក​ ឲ្យ​ស្គាល់​ម៉ែ​ឪ បង​ប្អូន ញាតិ​សន្តាន ស្រុក​ទេស​អ្នក មួយ​ទៀត ខ្ញុំ​មិន​ចង់​ឃ្លាត​ឆ្ងាយ​ពីអ្នក​ទេ ព្រោះ​ថា ស្រ្តី​ប្តី​ទៅ​ឆ្ងាយ​ហើយ កម្រ​នឹង​ទុក​ដាក់​រក្សា​ខ្លួន​ណាស់, អ្នក​ផង​គេ​តែង​និន្ទាថា ដូច​ជា​ស្រី​មេម៉ាយ​ចំណាយ​មាត់​គេ ហេតុ​ដូច្នេះ បាន​ជា​ខ្ញុំ​មិន​ចង់​នៅ ចង់​ទៅ​តាម​អ្នក​ជា​ប្តី» ។ អាឡេវ​ឆ្លើយ​ឡើង​ថា «នាង​អើយ​! បង​ចង់​បាន​នាង​ទៅ​ជា​មួយ​ដែរ ប៉ុន្តែ​អាណិត​ជីដូន​ ត្បិត​គាត់​ចាស់​ជរា​ណាស់​ហើយ ក្រែង​ឈឺ​ចាប់​យប់​ថ្ងៃ គ្មាន​នរណា​ថែ​ទាំ បី​បមរក្សា​ដុះ​ថ្នាំ​ចាំ​ជម្ងឺ នឹង​ទុក​ចិត្ត​លើ​មនុស្ស​ម្នា​ខ្ញុំ​កំដរ​មិន​បាន​ទេ ដូច​កាល​យើង​នាំ​គ្នា​រត់​ទៅ​នោះ គាត់​សន្ធឹក​សន្ធៃ​ឈឺ​រីង​រៃ​ស្គាំង​ស្គម ទើប​នឹង​បាន​គ្រាន់​បើ, ឥឡូវ​នេះ បើ​យើង​ទៅ​ចោល​គាត់​ទៀត គាត់​នឹង​ឈឺ​ស្លាប់​ពុំ​ខាន​ឡើយ ពីមុន បាន​ជា​ខុស​ធ្លោយ​ម្តង​ទៅ​ហើយ ឥឡូវ​នេះ យើង​គិត​កុំ​ឲ្យ​ខុស ធ្លោយ​ម្តង​ទៀត» ។ ឯប្រពន្ធ​ឮ​ប្តី​ថា​ដូច្នោះ នឹក​អាណិត​ជីដូន ក៏​ព្រម​ឲ្យ​ប្តី​ទៅ​ទើប​រៀប​ស្បៀង​រៀង​ខ្លួន សម្រាប់​បរិភោគ​តាម​ផ្លូវ​សព្វ​គ្រប់​ហើយ​ សួរ​ប្តី​ថា «អ្នក​នឹង​យក​មនុស្ស​ម្នា រទះ​សាលី ទៅ​ប៉ុន្មាន?» ។

អាឡេវ​ឆើ្លយ​ថា «បង​មិន​យក​ទៅ​ទេ, បង​ទៅ​តែ​ម្នាក់​ឯង» ។ ឯគំនិត​អាឡេវ បាន​ជា​មិន​ចង់​យក​មនុស្ស​ម្នា​ទៅ ពី​ព្រោះ​គិត​ចង់​បាន​ប្រពន្ធ​ទៀត, បើ​យក​មនុស្ស​តាម​ក្រែង​គេ​ដឹង​ថា​ខ្លួន​មាន​ប្រពន្ធ​ហើយ នឹង​ទៅ​ដណ្តឹង​កូន​គេ​ទៀត ក្រែង​គេ​មិន​ឲ្យ ហើយ​វា​និយាយ​នឹង​ប្រពន្ធ​ថា «បង​ធ្លាប់​ដើរ​តែ​ម្នាក់​ឯង តែ​មាន​មនុស្ស​ម្នា ក្របី​គោ រទេះ​ទៅ​ជា​មួយ​ផង នឹង​ធ្វើ​ដំណើរ​មិន​រហ័ស​ទាន់​ចិត្ត, ហេតុ​ដូច្នេះ​បានជា​បង​មិន​ចង់​យក​ទៅ» ។ អាឡេវ​វេច​តែ​ប្រាក់​និង​ស្បៀង គ្រាន់​នឹង​ស៊ី​តាម​ផ្លូវ ។ ឯជីដូន​ផ្តាំ​ហើយ​ផ្តាំ​ទៀត​ថា «បើ​ចៅ​ទៅ​ដល់​ម្តាយ​ឪពុក​នៅ​ជា​សុខ​សប្បាយ ចូរ​ចៅ​ឆាប់​ត្រឡប់​មក​វិញ​ណ៎ា​ចៅ​ណា៎!» ។ អាឡេវ​ក៏លា​ជីដូន​និង​ប្រពន្ធ​ហើយ​ចេញ​ដំណើរ​ទៅ លុះ​ទៅ​ដល់​អ្នក​ង៉េះ​និង​នាង​ង៉ោះ​ជា​ឪពុក​ម្តាយ​ហើយ​ក៏​យក​ប្រាក់​ទៅ​ជូន​ម្តាយ​ឪពុកៗ មាន​ចិត្ត​ត្រេក​អរ​សួរ​ថា «កូន​ទៅ​ណា​បាត់​យូរ​ម៉្លេះ? ម្តាយ​ឪពុក​ចេះ​តែ​ទន្ទឹង​មើល​ផ្លូវ​កូន​តែ​សព្វ​ថ្ងៃ» ។ អាឡេវ​ប្រាប់​ថា «ខ្ញុំ​ទៅ​គិត​ការ​រក​ស៊ី ត្បិត​ម៉ែ​ឪឯង​មិន​គិត​រក​ស៊ី​នឹង​គេ» ។ អ្នក​ង៉េះ​និង​នាង​ង៉ោះ​ឆ្លើយ​ថា «តាម​តែ​កូន​គិត​ចុះ ចំណែក​ខាង​ម្តាយ​និង​ឪពុក រក​ស៊ី​គ្រាន់​តែ​មាត់ ហើយ​និង​រក្សា​ទ្រព្យ​ទុក​ឲ្យ​កូន​ ចូរ​កូន​គិត​រក​អម្រស់​អម្រ​ដោយ​ខ្លួន​ឯង​ចុះ » ។

អាឡេវ នៅ​នឹង​ម្តាយ​ឪពុក​បាន​ពីរ​បី​ថ្ងៃ ក៏​លា​ចេញ​ដើរ​ទៅ​ទៀត លុះ​ទៅ​ដល់​ស្រុក​ធំ វា​ចូល​ទៅ​មើល​ក្នុង​វាំង​សព្វ​គ្រប់​ហើយ ចេញ​មក​រក​មើល​ផ្ទះ​នាហ្មឺន​សេដ្ឋី ក៏​ឃើញ​សេដ្ឋី​ម្នាក់​មាន​ផ្ទះ​ធំ​ទ្រនំ​ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ​ច្រើន មាន​រោង​រទេះ​គោ​ក្របី​ដំរី​សេះ មនុស្ស​ម្នា​ខ្ញុំ​កំដរ​ពាស​ពេញ មាន​ច្បារ​ដំណាំ​ជា​ឧឡាន មាន​ជើង​ផ្កា​គ្រប់​ជំពូក​គ្រប់​ពណ៌​ដាក់​ហែ​ជា​ជួរ​ក្នុង​សួន​ច្បារ មាន​ត្រី​ប្រាក់​ត្រី​មាស មាន​ស្រះ​ដាំ​ដើម​ឈូក​ស​ឈូក​ក្រហម​ព្រលិត​លំចង់​ស្ឃង្គ័ជដុះ​ពាស​ពេញ ហើយ​មាន​កូន​ក្រមុំ​មិន​ទាន់​មាន​ប្តី ។ អាឡេវ​មាន​ចិត្ត​ស្រឡាញ់​ចង់​បាន ក៏​ចូល​ទៅ​កាន់​ផ្ទះ​សេដ្ឋី ហើយ​ជម្រាប​សុំ​ខ្លួន​នៅ​ធ្វើ​ជា​កូន​ក្មួយ ។ សេដ្ឋី ឃើញ​អាឡេវ​មក​សុំ​ខ្លួន​នៅ​ធ្វើ​ជា​កូន​ក្មួយ​ដូច្នោះ ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់ ហើយ​សួរ​ថា «ឯង​នៅ​ស្រុក​ណា? ម្តាយ​ឪពុក​នៅ​ស្រុក​ណា?» ។ អាឡេវ​ជម្រាប​សេដ្ឋី​ថា «ខ្ញុំ​បាទ​នៅ​ស្រុក​ឆ្ងាយ​ណាស់, ឪពុក​ម្តាយ​ខ្ញុំ​បាទ​មាន​ទ្រព្យ​របស់​របរ​ខ្ញុំ​កំដរ គោ​ក្របី​ ដំរី​សេះ ផ្ទះ​សម្បែង​ដូច​លោក​ដែរ ប៉ុន្តែ​គាត់​មាន​ជម្ងឺ ឈឺ​ស្លាប់​អស់​ហើយ, ខ្ញុំ​បាទ​តូច​ចិត្ត​ណាស់ មិន​ចង់​នៅ ត្បិត​ធ្លាប់​មាន​ម៉ែ​ឪ​ ឥឡូវ​នៅ​តែ​ម្នាក់​ឯង​បាន​ជា​ខ្ញុំ​បាទ​ចោល​ផ្ទះ​សម្បែង ទ្រព្យ​របស់,, ។ មក​សុំ​នៅ​ជា​មួយ​នឹង​លោក តាម​តែ​លោក​ប្រើ​ធ្វើ​ការ​ងារ​អ្វីៗ ខ្ញុំ​បាទ​ទទួល​ទាំង​អស់ សេដ្ឋី​ក៏​ព្រម​ទទួល​យក​អាឡេវ​ឲ្យ​នៅ ។

ចាប់​ដើម​តាំង​ពី​ថ្ងៃ​ដែល​មក​នៅ​នឹង​សេដ្ឋី អាឡេវ​តែង​ភ្ញាក់​អំពី​ព្រឹក បោស​ផ្ទះ​ថែ​ទាំ​របស់​ទ្រព្យ​រៀប​ទុក​ដាក់​តាម​ទី​កន្លែង ហើយ​ខំធ្វើ​ការ​ដូច​ជា​របស់​ខ្លួន។​សេដ្ឋី​ឃើញ​អាឡេវ​ឧស្សាហ៍​ធ្វើ​ការ ថែ​ទាំ​របស់​ទ្រព្យ​មិន​មាន​ឲ្យ​ឃ្នើស​ចិត្ត ក៏​រឹត​តែ​ស្រឡាញ់​ឡើង ឲ្យ​អាឡេវ​ត្រួត​ត្រា​ដាស់​តឿន​មនុស្ស​ម្នា​ខ្ញុំ​កំដរ​ទាំង​អស់ រាល់​តែ​វេលា​​សេដ្ឋី​ទៅ​គាល់​ស្តេច បាន​យក​អាឡេវ​ទៅ​ផង លុះ​ទៅ​ជា​ញឹក​ញយ អាឡេវ​ស្គាល់​ពួក​ក្រមការ​និង​កូន​ក្មួយ​ទាំង​អស់ ត​មក​ទៀត វា​ស្គាល់​ដល់​នាហ្មឺន​ធំ​តូច តាំង​ពី​លោក​ក្រឡា​ហោម យម​រាជ ចក្រី​វាំង និង​នាហ្មឺន​ធំតូច​ឯ​ទៀត ប៉ុន្តែ​ អាឡេវ​ធ្វើ​ចិត្ត​ជា ទុក​ជា​នរណា​ត្មះតិះ​ដៀល​ដូច​ម្តេច ក៏​មិន​ចេះ​ខឹង​នឹង​គេ សូម្បី​កូន​ក្មួយ​ផង​គ្នា​ធ្វើ​ដូច​ម្តេចៗ ក្តី​អាឡេវ​ក៏​មិន​ចេះ​តប​មិន​ចេះ​ខឹង​ឡើយ ។ កាល​អាឡេវ​តាម​សេដ្ឋី​ទៅ​គាល់​ស្តេច​ហើយ​មាន​គេ​សួរ​ថា «ឯង​ឈ្មោះ​អី? » វា​ប្រាប់​ថា «ខ្ញុំ​ឈ្មោះ​អាឡេវ​តេវ» ។ពួក​នាហ្មឺន តែ​ឃើញ​អាឡេវ​ទៅ​ហើយ ក៏​ហៅ​ថា​អាឡេវ​តេវ តែ​រាល់​គ្នា​ដូច្នេះ​ឯង ។

ក្រោយ​មក អាឡេវ​តេវ​ទៅ​លេង​នៅ​សាលា​ជំនុំ ស្តាប់​ចៅ​ក្រម​ជំនុំ​ជម្រះ​ក្តី​តែ​សព្វ​ថ្ងៃ​ក៏​ចេះ​ច្បាប់​ទម្លាប់​ច្រើន ហើយ​អាឡេវ​តេវ​រើស​យក​មក​សំបុត្រ ដែល​គេ​បោះ​ចោល​មាន​ទាំង​ស្នាម​ត្រា បោះ​នៅ​នោះ​ផង តាំង​ពី​ត្រា​លោក​ក្រឡា​ហោម យម​រាជ និង​នាហ្មឺន​ធំ​តូច​ទាំង​អស់​ ដែល​មាន​មាស់​ប្រាក់​ច្រើន ហើយ​វា​យក​ក្រមួន​មក​សូន​ធ្វើ​ជា​ត្រា ហើយ​វាស់​នឹង​រង្វង់​ត្រា​កាក​សំបុត្រ​ចាស់ ហើយ​ឆ្លាក់​ធ្វើ​ឲ្យ​ត្រូវ​តាម​ស្នាម​ត្រា​ចាស់​ទាំង​អស់​រួច​វា​ធ្វើ​ជា​សំបុត្រ សឹង​មាន​ឈ្មោះ​នាហ្មឺន​អស់​នោះ​ជំពាក់​ប្រាក់​ខ្លះ ១០០ ណែន ខ្លះ ២០០ ណែន ខ្លះ​ ៥០០ ណែន គ្រប់​តែ​នាហ្មឺន​ធំ​តូច​តែ​រាល់​គ្នា​ទាំង​អស់ ហើយ​បត់​ទុក​ក្នុង​ហឹប​មួយ​ពេញ, បើ​ខ្លួន​វា​មិន​នៅ ទៅ​ធ្វើ​ការ​ទីណា​ក្តី ឬ​ទៅ​លេង​ក្តី​វា​យក​ហឹប​នោះ​ទៅ​ផ្ញើ​រនឹង​ប្រពន្ធ​សេដ្ឋី ហើយ​ផ្តាំ​ថា «កុំ​ឲ្យ​នរណា​បើក​ឲ្យ​សោះ​ដល់​វា​វិល​មក ក៏​ទៅ​យក​ហឹប​នោះ​មក​វិញ ធ្វើ​ដូច្នេះ​ជា​រឿយៗ ។ លុះ​ដល់​ថ្ងៃ​ក្រោយ​ទៀត អាឡេវ​តេវ​រៀប​ទៅ​ធ្វើ​ការ ក៏​យក​ហឹប​ទៅ​ផ្ញើរ​នឹង​ប្រពន្ធ​សេដ្ឋី ហើយ​ផ្តាំ​ថា «អ្នក​ប្រយ័ត្ន​រក្សា​ទុក​ឲ្យល្ឣ កុំ​ឲ្យ​នរណា​បើក​មើល​លេង » ហើយ​វា​ក៏​ទៅ​ធ្វើ​ការ​ទៅ ។ ឯប្រពន្ធ​សេដ្ឋី នឹក​ឆ្ងល់​នឹង​ហឹប​អាឡេវ​តេវ​ណាស់ ក៏​យក​ហឹប​នោះ​មក​បើក​មើល ឃើញ​សំបុត្រ​ពេញ​ក្នុង​ហឹប ហើយ​លា​មើល​សំបុត្រ​អស់​នោះ បាន​ឃើញ​សេចក្តី​សំបុត្រ​ថា «ពួក​នាហ្មឺន ជំពាក់​ប្រាក់» សឹង​មាន​ចំនួន​គ្រប់​គ្នា​អស់​ ហើយ​បោះ​ត្រា​ផង ។ លុះ​រើ​មើល​សំបុត្រ​ទាំង​អស់ ឃើញ​សុទ្ធ​តែ​នាហ្មឺន​ជំពាក់​ប្រាក់​ជា​ច្រើន​ណាស់​ដូច្នោះ ក៏​យក​ហឹប​សំបុត្រ​ទៅ​បង្ហាញ​សេដ្ឋី​ជា​ប្តី ។

ឯសេដ្ឋី​បាន​ឃើញ​សំបុត្រ​អាឡេវ​តេវ​សព្វ​គ្រប់​ហើយ ក៏​និយាយ​នឹង​ប្រពន្ធ​ថា «កាល​អាឡេវ​តេវ​វា​មក​នៅ​នឹង​យើង​នោះ អញ​បាន​សួរ​ពី​ម្តាយ​ឪពុក​នៅ​ឯណា វា​ប្រាប់​ថា គ្មាន​ម្តាយ​ឪពុក​ទេ ស្លាប់​អស់​ហើយៗ វា​ប្រាប់​អញ​ថា កាល​ដែល​ម្តាយ​ឪ​ពុក​វា​នៅ​រស់​នៅ​ឡើយ​នោះ មាន​ទ្រព្យ​សម្បត្តិ​ដូច​ជា​យើង​នេះ​ដែរ ឥឡូវ​នេះ មក​ឃើញ​សំបុត្រ​អស់​នាហ្មឺន​ជំពាក់​ប្រាក់​វា​ច្រើន​ម៉្លេះ​នេះ​សឹង​ត្រូវ​នឹងពាក្យ​វា​និយាយ​ពីមុន​នោះ​ប្រាកដ​មែន, គំនិត​ប្រាជ្ញា​វា សម​ជា​មនុស្ស​មាន​ពូជ, មួយ​ទៀត ការ​ងារ​ទាំង​អស់​ក្នុង​ផ្ទះ​យើង​សព្វ​ថ្ងៃ​នេះ ក៏​បាន​វា​ជួយ​ដាស់​តឿន​ថែ​ទាំ​មើល​រក្សា​ ដឹង​បាត់ ដឹង​គង់​ដឹង​ខូច ដឹង​ជា មាន​តែ​វា​ហ្នឹង​ហើយ​ទុក​ដូច​ជា​កូន ឥឡូវ​កូន​ស្រី​យើង​មួយ​នេះ ពេញ​ក្រមុំ​ល្មម​មាន​ប្តី​ហើយ, ពួក​ស្តេច​នាហ្មឺន​មក​ដណ្តឹង​ចង់​បាន​ជា​ច្រើន​ណាស់​ហើយ យើង​មិន​ត្រូវ​ចិត្ត បាន​ជា​យើង​មិន​ព្រម​ឲ្យ ឥឡូវ​នេះ​បើ​យើង​ឲ្យ​អាឡេវ​តេវ​នោះ យើង​ខ្មាស​គេ​ណាស់ ត្បិត​អាឡេវ​តេវ​នោះ វា​ជា​មនុស្ស​កំព្រា​ក្បាល​មួយ មក​នៅ​ស្រុក​អាយ គ្មាន​នរណា​ស្គាល់​ពូជ​ពង្ស​វង្សា​ជា​ល្អ ឬ​អាក្រក់, យើង​នឹង​ឲ្យ​កូន​យើង​ជា​ប្រពន្ធ​ទៅ ក្រែង​ខ្មាសគេ បើ​យើង​មិន​ឲ្យ​កូន​យើង​ជា​ប្រពន្ធ​វា ដូច​ជា​នឹក​ស្តាយ ត្បិត​គំនិត​មារយាទ​វា​ជា​មនុស្ស​ល្អ ជួយ​ឈឺ​ឆ្អាល​ក្នុង​ការ​ងារ​យើង ដូច​ជា​ការ​ងារ​របស់​ខ្លួន​វា​ដែរ, ដំណើរ​នេះ​ក្របើ​គិត​ណាស់» ។​ ឯប្រពន្ធ​សេដ្ឋី​ឆ្លើយ​ឡើង​ថា «ត្រង់​កិច្ច​ដែល​ធ្វើ​មិន​ឲ្យ​ខ្មាសគេ​នោះ​វា​ងាយ​ទេ, យើង​នឹង​រៀប​ការ​ក្នុង​វេលា​យប់ ហើយ​រៀប​បន្តិច​បន្តួច​សោះ​តែ​ខាន កុំ​ឲ្យ​ខ្មោច​ព្រៃ​ខឹង យើង​ផ្សំ​ផ្គុំ​ឲ្យ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៅ! បើ​យូរ​ទៅ​ហើយ​ទើប​គេ​ដឹង​នោះ យើង​ក៏​អស់​ខ្មាស​គេ​ហើយ! ពីព្រោះ​វា​មាន​បំណុល​វា​ក៏​ច្រើន​ដែរ» ។

ហេតុ​តែ​ព្រេង​មាន សំណាង​របស់​អាឡេវ​នឹង​កូន​ក្រមុំ​សេដ្ឋី​នោះ​ ត្រូវ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ សេដ្ឋី​គិត​ឃើញ​ព្រម​ដូច​ពាក្យ​ប្រពន្ធ​ពន្យល់ ក៏​ព្រម​ឲ្យ​កូន​ក្រមុំ​ជា​ប្រពន្ធ​អាឡេវ​តេវ, ហើយ​ហៅ​អាឡេវ​តេវ​ប្រាប់​ថា តាំង​ពី​ថ្ងៃ​ដេល​ឯងមក​នៅ​នឹង​អញៗ​មើល​ទៅ​គំនិត​មារ​យាទ​ចិត្ត​ថ្លើម​ឯង ឈឺ​ឆ្អាល​ក្នុង​ការ​ងារ​អញ​ដូច​ជា​កូនអញ​បង្កើត​បើ​ដូច្នោះ អញ​ឲ្យ​កូន​ក្រមុំ​អញ​ជា​ប្រពន្ធ​ឯង» ។ អាឡេវ​តេវ​ឮ​សេដ្ឋិ​ប្រាប់​ថា​ ឲ្យ​កូន​ក្រមុំ​ជា​ប្រពន្ធ​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ ។ សេដ្ឋី​ក៏​ហៅ​កូន​ក្រមុំ​មក​រៀប​សំពះ​មេបា​ចាស់​ទុំ​ រៀប​សែន​ព្រេន​តាម​សណ្តាប់​បុរាណ ផ្សំ​ផ្គុំ​អាឡេវ​តេវ​និង​កូន​ក្រមុំ​ជា​ប្តី​ប្រពន្ធ​គ្នា​ទៅ ។ លុះ​ការ​រួច​បាន​ពីរ​បី​ថ្ងៃ ប្រពន្ធ​អាឡេវ​តេវ​ទៅ​គាល់​ស្តេច​ឯ​ក្នុង​វាំង បាន​និយាយ​ប្រាប់​អា​ឡេវ​តេវ​ជា​ប្តី​ឲ្យ​ដឹង ។ ឯអាឡេវ​ក៏​និយាយ​ផ្តាំ​ប្រពន្ធ​ថា «អញ​ទៅ​ចាំ​នៅ​សាលា​ជំនុំ បើ​នាង​ឯង​ឃើញ​អញ​បោយ​ដៃ​ហៅ ត្រូវ​នាង​ឯង​លើក​ជើង​ពាន​ស្លា មក​លុត​ជង្គង់​ហុច​ពាន​ស្លា​នោះ​ឲ្យ​អញ, អញ​ទទួល​យក​ហើយ នាង​ឯង​សំពះ​ត្រឡប់​ទៅ​វិញ​ចុះ » ។

អាឡេវ​តេវ លុះ​និយាយ​ផ្តាំ​ប្រពន្ធ​សព្វ​គ្រប់​ហើយ ក៏​ស្លៀក​សំពត់​ចាស់​ពាក់​អាវ​ចាស់​ ដូច​កាល​ធ្វើ​ការ​ពី​មុន ហើយ​ទៅ​អង្គុយ​លេង​នៅ​សាលា​ជំនុំ ។ ពួក​នាហ្មឺន​សព្វ​មុខ​មន្រ្តី ចៅ​ក្រម​សាលា ភ្នាក់​ងារ​ក្រម​ការ ឃុន​ហ្មឺន មហា​តលិក​មក​ពាស​ពេញ ឃើញ​អាឡេវ​តេវ​អង្គុយ​នៅ​សាលា នាហ្មឺន​ខ្លះ​ត្បក​ក្បាល ខ្លះ​ទះ​ខ្នង​ខ្លះ​ទាញ​ដៃ ខ្លះ​ឲ្យ​អាឡេវ​ធ្វើ​ត្លុក​ក្រមាច់​លេង ត្បិត​ធ្លាប់​លេង​ពី​មុន​មក​ដូច្នេះ​ឯង ។ ឯអាឡេវ​តេវ​ជា​មនុស្ស​មាន​ប្រាជ្ញា ក្រមាច់​កំប្លែង​លេង​ឲ្យ​គេ​ចូល​ចិត្ត មិន​ចេះ​ខឹង​នឹង​នរណា​ទេ ទោះ​នាហ្មឺន​សព្វ​មុខ​មន្រ្តី ឃុន​ហ្មឺន មហា​តលិក នូវ​ក្រមការ​ភ្នាក់​ងារ ប្រើ​វា​ដូច​ម្តេច​ក្តី លេង​ដូច​ម្តេច​ក្តី ក៏​មិន​ចេះ​ខឹង មិន​ចេះ​ប្រកែក​ឲ្យ​អ្នក​ណា​អាក់​អន់​ចិត្ត តាំង​តែ​ពី​ដើម​មក​ដូច្នេះ​ឯង ហើយ​ពួក​នាហ្មឺន​មិន​ដឹង​ថា​អាឡេវ​តេវ​បាន​កូន​ក្រមុំ​សេដ្ឋី​មក​ធ្វើ​ជា​ប្រពន្ធ​ផង ស្មាន​ថា​អាឡេវ​តេវ​ជា​មនុស្ស​ផ្តេស​ផ្តាស ដើរ​សុំ​ទាន​គេ​ស៊ី​រក​ទីលំនៅ​គ្មាន បាន​ជា​នាំ​គ្នា​មាក់​ងាយ​វា ។ លុះ​ដល់​កូន​សេដ្ឋី ជា​ប្រពន្ធ​អាឡេវ​តេវ​ជិះ​អង្រឹង​ស្នែង ហើយ​មាន​មនុស្ស​ម្នា​ខ្ញុំ​កំដរ កាន់​ប្រអប់​មាស់​ប្រាក់ ដើរ​ពាស​ពេញ​ផ្លូវ​មក នាហ្មឺន​ទាំង​អស់​ក៏​និយាយ​ថា «ហ្ម៎! មើល​កូន​ក្រមុំ​សេដ្ឋី​ល្អ​ណាស់ ដើរ​ចូល​ក្នុង​វាំង» នាហ្មឺន​ខ្លះ​លាន់​មាត់​ថា «ល្អ​មែន! កូន​ស្តេច​កូន​នាហ្មឺន​ដណ្តឹង​ជា​ច្រើន​ហើយ​តែ​មិន​បាន» ។

ឯអាឡេវ​តេវ​ឮ​នាហ្មឺន​និយាយ​គ្នា​ថា «កូន​ស្តេច កូន​នាហ្មឺន​ដណ្តឹង​កូន​ក្រមុំ សេដ្ឋី​មិន​ព្រម​ឲ្យ» ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «បើ​អស់​លោក​ថា ដណ្តឹង​កូន​ក្រមុំ​សេដ្ឋី​ឲ្យ​កូន​លោក​មិន​បាន លោក​ចាំ​មើល​ខ្ញុំ​បាទ​វិញ​ចុះ វេលា​កូន​ក្រមុំ​សេដ្ឋី​ចេញ​មក អំពី​ក្នុង​វាំង ខ្ញុំ​បាទ​នឹង​ហៅ​ឲ្យ​ចូល​មក ហើយ​ឲ្យ​យក​ស្លា​មក​ឲ្យ​ខ្ញុំ​បាទ​ទទួល​ទាន លោក​ហ៊ាន​ភ្នាល់​ទេ?» ។ ពួក​នាហ្មឺន ឮ​អាឡេវ​តេវ​ថា​ដូច្នោះ មិន​ជឿ ត្បិត​មិន​ដឹង​ជា​សេដ្ឋី​ឲ្យ​កូន​ក្រមុំ​ទៅ​ជា​ប្រពន្ធ​អាឡេវ​តេវ​សោះ ។ មួយ​ទៀត​ពួក​នាហ្មឺន​ទាំង​នោះ ធ្លាប់​តែ​ដឹង​ថា អាឡេវ​តេវ​ជា​មនុស្ស​ក្រមាច​លេង​ផ្តេស​ផ្តាស​តែ​ដោយ​ផ្ទះ​នាហ្មឺន បាន​ជា​មាក់​ងាយ​វា​ខ្លាំង​ណាស់ ហើយ​មិន​ដឹង​ជា​អាឡេវ​តេវ​មាន​ប្រាជ្ញា​ច្រើន​ដល់​ម្ល៉ឹង​សោះ ទើប​ហ៊ាន​នាំ​គ្នា​និយាយ​ភ្នាល់​នឹង​អាឡេវ​តេវ​ថា «បើ​ឯង​ហៅ​កូន​ក្រមុំ​សេដ្ឋី​ចូល​មក​យក​ស្លា​ម្លូ​មក​ឲ្យ​ឯង​ស៊ី​បាន អញ​ហ៊ាន​ភ្នាល់​នឹង​ឯង ប៉ុន្តែ​ឯង​គ្មាន​អ្វី​ដាក់​ភ្នាល់​នឹង​អញ​ទេ» ។ អាឡេវ​តេវ ឮ​ពួក​នាហ្មឺន​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា «លោក​កុំ​ព្រួយ​ប្រសាសន៍​នឹង​ខ្ញុំ​បាទ បើ​ខ្ញុំ​បាទ​ចាញ់​លោក ខ្ញុំ​បាទ​ធ្វើ​សំបុត្រ​នៅ​បម្រើ​ជា​ខ្ញុំ​លោក​ដល់​អស់​ជីវិត តាម​ចិត្ត​លោក​ប្រើ​ធ្វើ​អ្វី​ ខ្ញុំ​បាទ​ទទួល​ធ្វើ​ទាំង​អស់ » ។ នាហ្មឺន​សព្វ​មុខ​មន្រ្តី​ទាំង​អស់ ឮអាឡេវ​តេវ​ថា​ដូច្នោះ ក៏​អរ​គ្រប់​គ្នា ដោយ​ចង់​បាន​អាឡេវ​តេវ​មក​ធ្វើ​ជា​ខ្ញុំ​តែ​រៀងៗខ្លួន ត្បិត​វា​ចេះ​និយាយ​ភូត​ភរ​ក្រមាច់​កំប្លែង​លេង គ្រាន់​សប្បាយ​ដោយ​សារ​វា, មួយ​ទៀត​មាក់​ងាយ​អាឡេវ​តេវ​ថា ជា​មនុស្ស​ចោល​ម្សៀត​ធ្វើ​ម្តេច​នឹង​ហៅ​កូន​សេដ្ឋី​ឲ្យ​ចូល​មក​បាន ហើយ​និយាយ​គ្នា​ថា ” យើង​យក​អាឡេវ​តេវ​ធ្វើ​ជា​ខ្ញុំ​ គ្រាន់​និយាយ​ភូត​ភរ​ក្រមាច់​លេង ហើយ​យើង​ចែក​គ្នា​ប្រើ​លេង​សប្បាយ, ចិត្ត​វា​ចុះ ត្បិត​វា​មុខ​ជា​ចាញ់​យើង​ហើយ” ។

អាឡេវ​តេវ​និង​ពួក​នាហ្មឺន​ធ្វើ​សំបុត្រ​បង្កាន់​ដៃ​ភ្នាល់​តាម​ដំណើរ​សព្វ​គ្រប់​ហើយ ទើប​ពួក​នាហ្មឺន​ប្រាប់​អាឡេវ​តេវ​ថា “ឯង​ចង់​បាន​មាសប្រាក់​ប៉ុន្មាន? ដំរី​ចង​កូប សេះ​ចង​អាន ទាំង​គ្រឿង​ដែលជិះ​មក​ប៉ុន្មាន ចូរ​ដាក់​ក្នុង​សំបុត្រ​តាម​ចិត្ត​ឯង​ចុះ” ។ អាឡេវ​តេវ​ក៏​សរសេរ​ដាក់​ក្នុង​បង្កាន់​ដៃ​ដែល​ភ្នាល់​គ្នា​ឲ្យ​ខាង​តែច្រើន ទាំង​មាស​ទាំង​ប្រាក់ ទាំង​ដំរី ទាំង​សេះ គ្រប់​គ្រឿង ហើយ​ជូន​ទៅ​ពួក​នាហ្មឺន​ឲ្យ​បោះ​ត្រា រួច​ទទួល​យក​មក​វេច​មួយ​សម្ពាយ​ក្រវាត់​ទុក ហើយ​ទៅ​អង្គុយ​ចាំ​នៅ​មាត់​ទ្វារ​សាលា បន្តិច​ឃើញ​កូន​សេដ្ឋី​ជា​ប្រពន្ធ​វា​ចេញ​ពី​ក្នុង​វាំង វា​ក៏​បោយ​ដៃ​ហៅ​ថា “នាង​យក​ស្លា​មក​ឲ្យ​បង​ស៊ី” ។

កូន​សេដ្ឋី​ ឮ​ប្តី​ហៅ​ឲ្យ​យក​ស្លា​មក​ដូច្នោះ​ក៏​ម្នី​ម្នា​ចុះ​ពី​អង្រឹង​ស្នែង ហើយ​ដាក់​ស្លា​លើ​ជើង​ពាន​យក​មក​ឲ្យ​ប្តី ។ អាឡេវ​តេវ​ក៏​ទទួល​យក​ស្លា​ស៊ី ហើយនាំ​ប្រពន្ធ​នូវ​កំដរ ឡើង​ជិះ​សេះ​ដំរី​ដែល​តែង​គ្រឿង​គ្រប់​ស្រាប់ ទៅ​កាន់​ផ្ទះ​សេដ្ឋី​ជា​ឪពុក​ក្មេក ។ អាឡេវ​តេវ​និយាយ​ផ្តាំ​ខ្ញុំ​កំដរ​ថា “បើ​លោក​ឪពុក​លោក​ម្តាយ​ ឬ​អ្នក​ឯណា​ជា​មនុស្ស​នៅ​ក្នុង​ផ្ទះ​ក្តី ឬ​អ្នក​ជិត​ខាង​ក្តី គេ​សួរ​ថា​បាន​សេះ​ដំរី​ពី​ណា​មក? ឲ្យ​ជម្រាប​ឲ្យ​ប្រាប់​គេ​ថា «ទារ​បំណុល​អំពី​គេ” ។ ឯពួក​នាហ្មឺន​សព្វ​មុខ​មន្រ្តី ក្រមការ ភ្នាក់​ងារ នូវ​ឃុន​ហ្មឺន មហាតលិក ដែល​ភ្នាល់​ចាញ់​អាឡេវ​តេវ ស្រាប់​តែ​ភ័យ ភ្នែកស​រៀង​ខ្លួន ស្តាយ​របស់​ទ្រព្យ និង​ដំរី​សេះ​ជា​ជំនិះ ធ្លាប់​ជិះ​ជា​លម្អ​ត្រូវ​ចិត្ត សុទ្ធ​សឹង​តែ​គ្រឿង​មាស​និង​ប្រាក់​ពន់​ពេក ហើយ​និយាយ​គ្នា​ថា «យើង​បង់​គំនិត​អាឡេវ​តេវ​ហើយ​ជាន់​នេះ” ? ឯអាឡេវ​តេវ​និង​ប្រពន្ធ​ខ្ញុំ​កំដរ ជិះ​ដំរី​សេះ​មាន​កូប​មាន​អាន នូវ​គ្រឿង​ប្រដាប់​សុទ្ធ​សឹង​តែ​មាស​និង​ប្រាក់ ។

លុះ​ទៅ​ដល់​ផ្ទះ​ហើយ សេដ្ឋី​ជា​ឪពុក​ក្មេក​ម្តាយ​ក្មេក នូវ​អស់​មនុស្ស​ម្នា ភ្នាក់​ងារ​ក្នុង​ផ្ទះ​ឃើញ​ដំរី​សេះ​ពាស​ពេញ​ដូច្នោះ ក៏​នឹក​ឆ្ងល់​ហើយ​សេដ្ឋី​ប្រើ​មនុស្ស​ឲ្យ​ទៅ​សួរ​អាឡេវ​តេវៗ ក៏​ប្រាប់​ថា ” ទារ​បំណុល​អំពី​គេ​មក” ។ សេដ្ឋី​ជា​ឪពុក​ក្មេក​ម្តាយ​ក្មេក​ក៏​និយាយ​គ្នា​ថា ” យើង​អស់​ខ្មាស​គេ​ហើយ” ។ ចាប់​ដើម​ពី​ថ្ងៃ​នោះ​មក សេដ្ឋី​ប្តី​ប្រពន្ធ ក៏​រឹត​តែ​ស្រឡាញ់​អាឡេវ​តេវ​លើស​អំពី​មុន​ទៀត ។ អាឡេវ​តេវ ក៏​ទៅ​ទារ​ប្រាក់​ពី​ពួក​នាហ្មឺន​សព្វ​មុខ​មន្រ្តី​តែ​សព្វ​ថ្ងៃ ជញ្ជូន​យក​មក ហើយ​វា​គិត​ធ្វើ​ការ​រក​ស៊ី ជួស​សេដ្ឋី​ជា​ឪពុក​ក្មេក​ម្តាយ​ក្មេក មិន​ឲ្យ​ព្រួយ​ចិត្ត​គ្រប់​ជំពូក ។ នៅ​យូរ​មក សេដ្ឋី​ចាស់​ជរា អស់​អាយុ​ទៅ អាឡេវ តេវ ក៏​បាន​ជា​សេដ្ឋី​ធំ​ក្នុង​នគរ​នោះ​ឯង ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ

រឿងអាឡេវ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *