សម្លម្ជូរត្រកួនជាមួយត្រី គឺជា ម្ហូបខ្មែរ មានរសជាតិ ផ្អែម ជូរ ហិរផ្សំជាមួយត្រកួននិងត្រី សម្លដ៏ឆ្ងាញ់ពិសារនេះងាយស្រួលចំអិននិងជាទីពេញនិយមរបស់ប្រជាជនខ្មែរ។
ចំណាំ៖ ត្រកួន គឺជាបន្លែពេញនិយមមួយប្រភេទ ដែលប្រជាជនខ្មែរយើងយកមកចម្អិនជាម្ហូបអាហារជាច្រើនមុខ ហើយក្រៅពីជាបន្លែហើយនោះ ត្រកួនក៏ជាឱសថបុរាណមួយប្រភេទដែលអាចព្យាបាលជំងឺបានជាច្រើនមុខផងដែរ។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លម្ជូរត្រកួនជាមួយត្រី
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចំនួន២ក្លែប
- ស្លឹកគ្រៃស្រស់ឬគ្រាមហាន់រួចចំនួនកន្លះចានតូច
- ទឹកចំនួន៤កែវ
- ត្រីអណ្តែងឬត្រីបាសា (Basa) ចំនួន១គីឡួលាងសម្អាតហើយកាត់ជាកង់ៗ
- ត្រកួនកាត់ជាកង់ៗចំនួន៧ខាំ
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករសចំនួន២ស្លាបព្រា
- ម្សៅស៊ុបអំពិលចំនួន១ស្លាបព្រាឬប្រើអំពិលទំុក៏បាន
- ជីគ្រប់មុខហាន់រួចចំនួនមួយកូនចាន (ជីម៉ាអម ជីរណា ជីអង្កាម) ចំនួនមួយកូនចានតូច
- ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។
- ដាក់ស្លឹកគ្រៃចូលចំនួនពីរបីនាទីរួចដាក់ទឹកចូលហើយដាំរហូតដល់ទឹកពុះ
- ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនបន្ទាប់មកដាក់ត្រកួនចូល
- ថែមរសជាតិដោយដាក់ម្សៅស៊ុបអំពិល ទឹកត្រី ស្ករស រួចកូរឲ្យស៊ប់
- រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច
កត់សម្គាល់
សម្លម្ជូរត្រកួនត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមអំពិលទុំ ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។