ទឹកប្រហុក គឺ ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ អាហារខ្មែរ ភាគច្រើនប្រើ ទឹកប្រហុក ដើម្បីបន្លែមរស់ជាតិឪឆ្ងាញ់ពិសារ។ ទឹកប្រហុកមានរសជាតិកាន់តែឆ្ងាញ់កាលណាប្រើសម្រាប់ជ្រលក់ជាមួយបន្លែឆ្អិនឬត្រីឬសាច់ឆ្អិន។ ជាទូទៅទឹកប្រហុកគឺជាទឹកជ្រលក់ដែលគេប្រើសំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង។
ចំណាំ៖ ប្រហុកជាម្ហូបអាហារពិសេសមួយប្រភេទដែលប្រជាជនខ្មែរពិសារតាំងពីដូនតាមកហើយវាបានក្លាយទៅជាអាហារនៃអត្តសញ្ញាណជនជាតិខ្មែរផងដែរ។ ជនជាតិខ្មែរស្ទើរតែទាំងអស់នៅជនបទនូវតែអនុវត្តប្រពៃណីធ្វើប្រហុកស្ទើរគ្រប់ៗផ្ទះដើម្យីបរិភោគប្រចាំថ្ងៃ។ សម្រាប់អ្នកនៅទីក្រុងសម័យថ្មីមួយចំនួនមិនសូវចេះធ្វើនោះទេ ប៉ុន្តែនៅតែនិយមពិសារជាប្រចាំ។
គ្រឿងផ្សំអាហារខ្មែរ ៖ ទឹកប្រហុក
- ប្រហុកសាច់ (ប្រហុកសៀមរាបត្រីកំភ្លាញ) ១ខាំ
- ប្រេងឆា ១សា្លបព្រាបាយ
- ទឹកមួយកែវចំនួន ១២០មល
- ក្រូចឆ្មារ ២ផ្លែ
- ស្កស ៥ ស្លាបព្រាកាហ្វ
- រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
- ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ
- គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានចង្កិះ
- សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត
- ម្ទេសហាន់ដាក់តាមការចូលចិត្ត
អន្លក់ប្រហុក
- ស្ពៅក្តោប
- ត្រសក់
- សណ្តែកកួរ
- ពោតបារាំង
- ការ៉ុត
- ចេកខ្ចី
- ត្រយ៉ូងចេក
- ស្ពៃចិន
- សាច់ជ្រូកបីជាន់
- បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត
របៀបធ្វើ
- ចិញ្ច្រាំប្រហុកអោយម៉ត់ល្អ
- កំដៅកូនឆ្នាំងឱ្យដៅ
- ពេលឆ្នាំងក្តៅល្មម ដាក់ប្រេងឆានិងស្កស រំដេង ខ្ទឹមស ចូលកូររហូតក្លាយជាល្បាយសព្វសាច់
- ចាក់ទឹកចូលប្រហែល ១២០ម.ល បន្ទាប់មកដាក់ប្រហុករួចចាប់ផ្តើមកូររហូតដល់ទឹកប្រហុកពុះបន្ទាប់មកលើកចេញពីចង្រ្កានដាក់ឱ្យត្រជាក់(បើចូលចិត្តខាប់អាចបន្ថយទឹកក៏បាន)
- ថែមគល់ស្លឹកគ្រៃហាន់
- ដាក់ម្ទេសហាន់រួច
- ច្របាច់ក្រូចឆ្មាររួចកូរឱ្យស៊ប់
- រោយសណ្តែកដីលឺងពីលើជាការស្រេច
កត់សម្គាល់
មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយប្រហុកដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់ ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។
អ្នកខ្លះទៀតចូលចិត្តពិសារជាមួយសាច់ជ្រូកបីជាន់ សាច់គោអាំង ពោះគោ និងបន្លែស្រស់ផ្សេងៗទៀតជ្រលក់ផ្ទាល់ជាមួយទឹកប្រហុកតែម្តង។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ឆ្នាំងភ្លើងទាជាមួយតៅហ៊ូ – ម្ហូបខ្មែរ