សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ គឺជាមុខ ម្ហូបខ្មែរ ដែលសាមញនិងងាយស្រួលចម្អិន ជាទូទៅប្រជាជនខ្មែរតែងតែយកសាច់ខ្វៃដែលនៅសល់ក្រោយកម្មវីធីធំៗមកចម្អិនស្លជាមុខម្ហូបថ្មីសម្រាប់បរិភោគ គេអាចចម្អិនសម្លមួយមុខនេះដោយយកស្ពៃខៀវស្លជាមួយសាច់ជ្រូកខ្វៃ ទាខ្វៃឬមាន់ខ្វៃក៏បាន វាមានរសជាតិឆ្ងាញ់ដូចគ្នា។
ស្ពៃខៀវឬស្ពៃខ្មៅគឺជាប្រភេទដំណាំបន្លែម៉្យាងដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់មនុស្សហើយគេអាចស្ពៃខៀវទៅបរិភោគជាបន្លែឬយកទៅស្លជាសម្លក៏បាន។ ក្រៅពីនេះគេក៏អាចយកស្ពៃខៀវនេះទៅជ្រក់ធ្វើស្ពៃជ្រក់ដើម្បីរក្សាទុកបរិភោគនៅពេលក្រោយ មិនតែប៉ុណ្ណោះស្ពៃខៀវសំបូរដោយវិតាមីនច្រើនប្រភេទសម្រាប់ទ្រទ្រង់សុខភាពមនុស្ស។
គ្រឿងផ្សំអាហារខ្មែរ ៖ សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ
- ទឹកស៊ុបមាន់កំប៉ុងចំនួន១កំប៉ុងឬដុំស៊ុបខ្នរមាន់ចំនួន២ដុំ
- ទឹកចំនួន២កែវ
- ជ្រូកខ្វៃឬទាខ្វៃឬក៏មាន់ខ្វៃក៏បានចំនួន 0.5 kg
- ស្ពៃខៀវកាត់ប្រវែងជិតមួយចំអាមចំនួន 0.5 kg
- ទឹកត្រីចំនួន២ស្លាបព្រា
- ស្ករចំនួន១ស្លាបព្រា
- ម្រេចចំនួន១ស្លាបព្រាកាហ្វេ
- ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
របៀបធ្វើ
- ដាក់ដុំខ្នរស៊ុបមាន់ ទឹកនិងសាច់ជ្រូកខ្វៃចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ដាក់ស្ពៃខៀវចូលរួចច្របល់ឱ្យស៊ប់ហើយបន្តស្ងោរហូតដល់ទឹកពុះ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
ម្ហូបខ្មែរពេញនិយមបន្ទាប់៖ សម្លផ្លែស៊ូសាច់មាន់ – ម្ហូបខ្មែរ