Thursday , November 21 2024

រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ

រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ ៖ នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយគេហៅថាអ្នកតា “ពុំ-សែន” មាន រឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅៈ ប្រមាណជាក្នុង ព .ស ២៣៨៤ មានយាយតា២នាក់ប្ដីប្រពន្ធឈ្មោះ “តាពុំ យាយសែន ” គាត់នៅស្រុកសំរោង ខែត្រជាមួយគា្ន ទាំងពីរនាក់បបួលគា្នទៅរកភូមិថ្មីមួយនៅភូមិគុកគុហា (បើហៅ តាមអ្នកស្រុកថា ភូមិបន្ទាយ) គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិកតា៤ជ្រុងស្មើ ហើយបានសង់ផ្ទះ មួយខ្នងតូច ដោយគ្រឿង ឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗមានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិ គាត់ចម្ងាយប្រមាណ២០០ម. មានដើមពោធិ៍១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធ ជុំវិញ នៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតាពុំ ជាប្ដីឱ្យទៅមើលត្រង់ដើមពោធិ៍នោះ បានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានជាមនុស្ស ឈរផ្អែកនឹងគល់ពោធិ៍ គាត់ពិនិត្យសព្វគ្រប់ទៅឃើញដូចជាព្រះពុទ្ធរូប ហើយមានពណ៌សប្រផេះ ដូចជាថ្មថ្លើមអណ្ដើក ទំហំ ៤ដ.ម កំពស់ប្រមាណ១ម៉ែត្រកន្លះ ឥតមានឆ្លាក់ក្បាច់អ្វីទេ ។ តាពុំបានឃើញដូច្នោះ ក៏ដើរនិយាយប្រាប់អ្នកផង គ្រប់គ្នាឱ្យជួយពិចារណាមើល តើជារូបអ្វី? នរណាយកមកចោលនៅក្រោមដើមពោធិ៍នេះ ? ឬក៏អ្នកណាសាងទុកពី កាលណា? កាលអ្នកស្រុកភូមិបានដឹងគ្រប់គ្នាហើយ មានសេចក្ដីសង្ស័យគ្រប់គ្នា ក៏បបួលគ្នាធ្វើបុណ្យអស់ ១យប់១ថ្ងៃ ដោយនិមន្ដព្រះសង្ឃចម្រើនព្រះបវិត្ដ ទេសនាឆាន់បង្ហើយកិច្ច ។ ចប់ពិធីបុណ្យគេនាំគ្នាយកអំបោះចងរូបនោះ ហើយ អន្ទងលើកឡើង ដុសខាត់ទៅ ឃើញរូបភាពជាស្រី មានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ នៅលើថ្ងាសមានជរទ្រជើង សក់លែងខ្លួនទទេត្រឹមចង្កេះ ឯសំពត់ស្លៀកសំឡុយ ដៃទាំងសងខាងដាក់ផ្អោបនឹងដង ខ្លួនពីត្រឹមកែងដៃបត់មកខាង មុខ ហើយដៃស្ដាំក្ដាប់ផ្កាប់មុខចុះក្រោម ដៃឆ្វេងក្ដាប់ផ្ងារឡើងលើ (ឥឡូវនេះគេវាយ រូបនោះបំបាក់ក យកក្បាលទៅ ចោលឯណាបាត់ទៅហើយ ពិនិត្យមើលទៅមិនដឹងរូបបែបណាឡើយ) ហើយរូបនោះ តាំងតែពីគេវាយបំបាក់ក យក ក្បាលចោលបាត់ទៅនោះ អ្នកស្រុកភូមិជិតខាងចេះតែពុំសូវបានសុខសប្បាយ បន្ដិចឈឺមនុស្ស បន្ដិចឈឺសត្វពាហនៈ អ្នកស្រុកភិតភ័យជាខ្លាំង អ្នកខ្លះនឹកស្មានថា រូបនោះធ្វើឱ្យឈឺ ក៏យកស្លាធម៌១គូ បាយសក្រហម បង្អែមពីរបីមុខ យកទៅថ្វាយរូបភាពនោះ ហើយអុជទៀនធូបនិយាយបន់ស្រន់ថាសុំឱ្យកូនចៅ បានជាសះស្បើយ គោក្របីក៏ឱ្យបានជា សះស្បើយទៅ នឹងធ្វើរោងប្រក់ក្បឿងថ្វាយ ហើយលើករូបនេះដាក់លើរោងឱ្យផុតពីដី។ កាលបន់ស្រន់រួចត្រឡប់មក ផ្ទះវិញ ជម្ងឺទាំងប៉ុន្មានក៏បានស្រាកស្រាន្ដដូចប្រាថ្នា រួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះ មានរៀបស្លាធម៌ ១គូ ទឹកអប់១គូ ផ្កា១គូ ទៀន៥ ធូប៥ ។ល។ និយាយពីយាយសែន ប្រពន្ធតាពុំ ដល់មានទីលំនៅក្បែរខ្ទមរូបនោះ យាយសែនមានជម្ងឺហើមអស់ទាំងខ្លូន ចំនួនជាង១ឆ្នាំមកហើយ រកគ្រូមើលពុំជាសោះ បានឮអ្នកស្រុកជិតខាងនាំគ្នា ឈូឆរមកបន់ស្រន់ គោរពបូជារូបនោះ យ៉ាងគគ្រឹកគគ្រេងដូច្នោះ គាត់ក៏ប្រើប្ដីគាត់ឱ្យទៅសុំទឹកអប់ពីរូបនោះមកល្បង មើល ។ លុះប្ដីយកទឹកអប់បានមកហើយ គាត់ក៏សួរប្ដីថា ទឹកអប់នេះនឹងធ្វើដូចម្ដេចខ្លះ ប្ដីប្រាប់ថាលោកតាឱ្យផឹកផងឱ្យ លាបខ្លួនប្រាណផង ។ ចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមក រោគក៏កាន់តែស្រាកស្រាន្ដបាន ស្រួលបន្ដិចម្ដងៗ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះក៏បានជាសះស្បើយ ហើយឱ្យប្ដីនាំគាត់ទៅខ្ទមអ្នកតា ទៅដល់ហើយគាត់ថ្វាយ បង្គំរូបនោះ ក៏ស្រាប់តែគាត់ក្រញែងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូល ស្រែកច្រៀងជាបទភ្លេងទសបារមី នាំតាដើរ ប្រទក្សិណរូបនោះ រួចនិយាយថា ៖ អ្នកឯងមិនស្គាល់យាយទេឬ ? ប្ដីឆ្លើយថា ៖ មិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វីទៅ ? ហេតុម្ដេចបានជាមកនៅក្រោមដើមពោធិ៍នេះ? តើអ្នកណាយករូបមកទុកដូច្នេះ? យាយសែនខ្មោចចូលក៏ប្រាប់វិញថា ៖“យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ដែលថាអ្នកណាយកមកនៅក្រោម ដើមពោធិ៍នេះ យើងឥតដឹងទេ ព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ច មិនមែនស្ថិតនៅក្រោម ដើមពោធិ៍នេះទេ ឥឡូវដែលយើងមកចួលរូបយាយសែននេះ ក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សក្នុងស្រុកនេះឱ្យ បានសុខសប្បាយទាំងអស់គា្ន បើអ្នកឯងចង់បានឱ្យភូមិនេះថ្កុំថ្កើងរុងរឿង នោះត្រូវធ្វើតាមបង្កាប់យើងដូចតទៅនេះ ៖”របៀបៈ កាលបើយាយសែន ថ្លែងប្រាប់រួចហើយ តាពុំក៏ធ្វើតាមបង្គាប់គឺ ៖ ឱ្យធ្វើស្លាធម៌១គូ ទឹកអប់១គូ បាយសី១គូ លាជ បារី ផ្កា១គូៗ ទៀន៥ ធូប៥ ធ្វើរួចហើយឱ្យលេងភ្លេងខ្មែរ បញ្ជាន់រូបយាយសែន ថែមទៀត ។ អំពីវិធីបន់ស្រន់ ៖ ការបន់ស្រន់តាំងពីរដើមរៀងៗមកយ៉ាងណា ឥឡូវនេះក៏នៅមានដូច្នោះដែរគឺថា ៖ កាលបើ មានជម្ងឺអ្វីកើតឡើងក្ដី ឬគេប្រាថ្នាអ្វីក្ដី ដូចជាប្រាថ្នាឱ្យធ្វើស្រែចម្ការបានផលល្អជាដើម គេតែងទៅបន់ស្រន់សុំទឹកអប់ហើយបួងសួងតាម បំណងដែលគេប្រាថ្នា ។ អំពីសែនថ្វាយ ៖ គ្រឿងតង្វាយនោះគឺលេងភ្លេង និងកាច់ផ្កាថ្វាយ។ សព្វថ្ងៃនេះ គេច្រើនថ្វាយ មាន់ប្រជល់១គួ ជួនណាគេបន់ធ្វើបុណ្យថ្វាយ លុះដល់យាយសែននោះស្លាប់ទៅ ក៏ចូលរូបដទៃជាច្រើនតំណរហូតមក ដល់សព្វថ្ងៃនេះ តែទោះបីចូលរូបយាយណាក៏ដោយ ក៏គេហៅថាយាយសែនៗ តាមឈ្មោះយាយដែលចូលរូបពីដើម ដំបូងនោះដែរ ។ អំពីបន់លេងភ្លេង ៖ ពិធីបញ្ជាន់រូបយាយសែននោះ បានរបៀបបន់ស្រន់សែនថ្វាយ ដូចរៀបខាងលើ សព្វគ្រប់អស់ហើយ ឯភ្លេងតែមួយ គឺភ្លេងទសបារមីមានទំនុកច្រៀងថា ៖ សូមថ្វាយបង្គំ សម្ដេចបារមី មានរិទ្ធិក្រាស ក្រៃ អំណាចជាក់ស្ដែង ។ មិនដឹងទេឬ ? ឈ្មោះទេពធីតា ចុះមករក្សាមនុស្សលោកសព្វថ្ងៃ ។ អព្ជើាញគ្រូតូច អព្ជើាញ គ្រូធំ ស្ថិតនៅលើកំពូលភ្នំ ចុះមកស្ថានអាយ ។ នាងស្រីសែនស្រណោះ អណ្ដាតជាងភ្លើង គ្រលួចឆេះឡើង ចង្ក្រានបិសាច ។ រឿងរ៉ាវទាំងនេះ គេបាននិយាយតៗគ្នាមកជាយូរអង្វែងឆ្នាំហើយ លោកគ្រូម៉ៅ រឹត វត្ដសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ ខែត្រកំពង់ចាម ជាអ្នកដឹងរឿងទាំងនេះ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *