Thursday , November 21 2024

រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ

រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ ៖ មុននឹងចូលទៅដល់រឿងព្រេង យើងសូមណែនាំមិត្ដអ្នកអាន ឱ្យស្គាល់ភូមិភាគបរប៉ៃលិនបន្ដិចសិន ព្រោះជា ភូមិភាគនៅឆ្ងាយពីរាជធានី ហើយដែលទំនៀមទំលាប់ប្លែកណាស់ផង។ ដើមឡើយអ្នកស្រុកប៉ៃលិន សុទ្ធសឹងតែជាជនជាតិកុឡាទាំងអស់ មករស់នៅដោយសារការប្រាថ្នាមកជីកត្បូងដែលមានកប់ក្នុងដីត្រង់ជ្រលងនៃភ្នំំភូមិភាគនោះ។ តាមប្រវិត្ដិពង្សាវតារ នៃស្រុកប៉ៃលិនថា ពួកកុឡាទាំងនេះ ចាប់ផ្ដើមមកប្រតិស្ថានកជាភូមិស្រុកនៅតំបន់នេះតាំងពី គ.ស ១៨៧៦មក។ ប៉ុន្ដែដំបូងពួកកុឡាទាំងនេះគ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេ ព្រោះពិតមែនតែដីត្រង់នេះ ជាដីខ្មែរដែលកាលនោះនៅក្នុងអំណាចសៀមនៅឡើយ ក៏រាជការសៀមពុំបានចាប់ភ្លឺកនឺងពួកអ្នកស្រុកនេះដែរ។ លុះត្រាតែមកដល់ គ.ស ឬ ១៨៨១ ដោយសារតែពួកនេះទាស់ទែងគ្នា ទើបនាំឱ្យលេចឮរឿងនេះ ទៅដល់រាជការសៀម នៅខេត្ដចន្ទបុរី “ចន្ទបុរៈ” រាជការសៀមក៏ចាត់ឱ្យមេភាស៊ីហូតពន្គ លើអ្នកមកជីកត្បូងទាំងនេះ។ មេភាស៊ីនេះមានឈ្មោះថា ម៉ុង ឃុនទី ដែលជាមេក្រុមពួកកុឡាដែលធ្វើដំណើរមកស្វែងរកឃើញកន្លែងនៅទីនោះ។ ដើមហេតុគឺ ម៉ុង ឃុនទី បាននាំយកត្បូងទៅដល់ក្រុងបាងកក ហើយទាក់ទងនឹងកុងសុលអង់គ្លេស សុំឱ្យកុងសុលនោះ នាំខ្លួនទៅគាល់ ព្រះចៅសៀម ទើបព្រះចៅសៀម តែងតាំងឱ្យធ្វើមេភាស៊ី ហូតពន្ធ ហើយជាមេក្រុមនៃពួកកុឡាទាំងអស់ផង ដោយតាំងងារជាហ្លួងមណី យុទ្ធនា គឺហ្លួងមណីនេះហើយដែលកសាងវត្ដអារាមជាច្រើនកន្លែងនៅក្នុងតំបន់ប៉ៃលិន។ រហូតមក ដល់គ.ស ១៩០៤ ដែលរាជការសៀម ត្រូវប្រគល់ដីខេត្ដបាត់ដំបង ម្លូព្រៃ ស្ទឹងត្រែង ថ្វាយមកព្រះចៅផែនដីខ្មែរ ព្រះកុរណាព្រះបាទសមេ្ដចព្រះស៊ីសុវត្ថិវិញនោះ ផែនដីប៉ៃលិនត្រូវរាជការបារាំងគេទៅកាន់កាប់ ដោយតាំងប្រតិភូនៃរ៉េស៊ីដង់ប្រចាំខេត្ដបាត់ដំបង (Delegue au Resident de la province) ហើយប្រតិភូនេះ មើលកាន់កាប់ហូតពន្ធដារ ក្នុងការប្រកបអាជីវកម្មយកត្បូងនេះ។ មិនតែប៉ុណ្ណោះ គេក៏រៀបធ្វើថ្នល់មកកាន់ទីប្រជុំជនបាត់ដំបង ជាថ្នល់ដែលមាននៅសព្វថ្ងៃ។ ប៉ុនែ្ដកាលនោះគេគ្រាន់តែយកពន្ធដារពុំបានគិតពីអ្វីៗ ជាឧត្ដមប្រយោជន៏ដល់អ្នកស្រុកភូមិភាគនេះទេ រហូតមកដល់សម័យសង្គមរាស្រ្ដនិយម ទើបទីប្រជុំជនប៉ៃលិនបានផ្លាស់ប្ដូរ រូបយ៉ាងឆាប់រហ័សនរណាខានទៅតែពីរឆ្នាំ លុះទៅម្ដងទៀតស្ទើរតែពុំស្គាល់។ គេឃើញផ្ទះរាជការក៏ស្អាតៗ សង់ពីបាយអមានសាលារៀន មន្ទីរឃោសនា ការផ្សាយ ក៏សុទ្ធតែធ្វើពីបាយអល្អៗដែរ។ ផ្ទះអ្នកផ្សារក៏រៀបរយ ល្អគួជាទីសមរម្យដូចទីប្រជុំជនធំៗដែរ។ អាស្រ័យ ដោយការរៀបចំស្អាតយ៉ាងនេះ នាំឱ្យមានទេសចរណ៏ចេញចូលទៅទស្សនាលំហែរកាយ នៅទីនោះរឹតតែច្រើនឡើង។ ដូច្នេះការចង់ដឹងចង់ឮពីប្រវត្ដិពង្សាវតារ នៃភូមិភាគនេះក៏រឹតតែច្រើនឡើងដែរ។ សេចក្ដីពណ៌នារបស់យើងទាំងប៉ុន្មាននេះ ក៏គ្រាន់តែជាការឆ្លើយតបនឺងសេចក្ដីត្រូវការទាំងនេះឯង។ ប៉ុនែ្ដជាធម្មតាណាស់ នៅស្រុកខ្មែរយើងតែពោលពីប្រវត្ដិត្រង់ណាមួយ ពិតជាកើតមានរឿងព្រេងផ្សំជាមួយការពិតមិនខាន។ បើទីណា មានដើមកំណើតឆ្ងាយ រឿងព្រេង នោះក៏បែបយារឆ្ងាយ សឹងតែរកជឿមិនកើត ឯទីណាទើបនឹងកើតថ្មី រឿងព្រេងក៏ថ្មីលាយឡំការពិតចូលក្នុងនោះច្រើនទៀតដូចជា ភូមិភាគប៉ៃលិន ជាអាទិ៍ដោយសារតែប៉ៃលិនទើបតែកើតមាន ឈ្មោះមានបោះសម្លេងក្នុងរវាង គ.ស ១៨៨១ ប៉ុណ្ណោះ រឿងព្រេងនៅតំបន់នេះ ក៏ស្រដៀងៗនឹងរឿងមែនទែន គ្រាន់តែមានលាយជំនឿព្រះឥន្ទ ទេវតា ខ្មោច អារក្ស អ្នកតា ចូលច្របល់ជាមួយផងប៉ុណ្ណោះ។ យើងលើកយករឿងព្រេងភ្នំយ៉ាត មកអធិប្បាយដូចតទៅនេះ ៖ កាលណោះមានប្ដីប្រពន្គពីរនាក់ មានឈ្មោះយ៉ាតដូចគ្នា គឺប្ដីក៏ឈ្មោះយ៉ាត ប្រពន្ធក៏ឈ្មោះយ៉ាតរស់នៅប្រកបរបរជីកត្បូងនៅស្រុកប៉ៃលិននេះ។ លុះចាស់ជរាហើយគាត់ពុំអាចទៅធ្វើការធ្ងន់ៗដូចសព្វដងបាន គាត់ក៏ទៅធ្វើធម៌នៅលើ ភ្នំមួយ (ដែ់់់់លយើងហៅថាវត្ដភ្នំយ៉ាតសព្វថ្ងៃ) ទាំងពីរនាក់ប្ដីប្រពន្ធ។ អ្នកផងក៏នាំគ្នាសន្មត់យកឈ្មោះគាត់ ធ្វើជាឈ្មោះ ភ្នំនេះឡើង ព្រោះការសន្មត់នេះ គេពុំអាចនឹកនារកន័យយ៉ាងណាៗទេ គ្រាន់តែឱ្យស្រួលហៅ ស្រួលសម្គាល់ប៉ុណ្ណោះ ត្បិតនៅប៉ៃលិន មានកំពូលភ្នំខ្ពស់ៗឡើងជាច្រើនកន្លែង ដូច្នេះបើទីណាមានភាពសម្គាល់ដូចមេ្ដច គេក៏នាំគ្នាសន្មត់យក តាមភិនភាគនោះធ្វើជាឈ្មោះឡើង។ នៅពេលនោះអ្នកស្រុកប៉ៃលិនខ្លះ ដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀមញឹកញាប់ ហើយគេធូរធារប្រាក់កាសផង គេក៏ទិញកាំភ្លើងដៃខ្លះ កាំភ្លើងវែងខ្លះ សម្រាប់យកការពារទ្រព្យសម្បត្ដិភូមិឋានរបស់គេ។ តែនៅពេលអផ្សុក អ្នកទាំងនោះតែងយកកាំភ្លើងទៅបាញ់សត្វពេញតែព្រៃ ដោយស្រុកនោះសម្បូរព្រៃស្ដុកៗណាស់ផង។ ការបរបាញ់សត្វនេះនាំឱ្យផ្អើលដល់ពពួកអារក្ស អ្នកតានៅក្នុងព្រៃនោះ។ ថ្ងៃមួយអ្នកតាមួយដ៏មានឬទ្ធិជាងគេ បានតំណែងខ្លួនមកជួបជាមួយតាយ៉ាត និង យាយយ៉ាត ដើម្បីផ្ដាំផ្ញើរឱ្យនិយាយនឹងពពួកអ្នកបាញ់ទាំងនោះថា កុំឱ្យដើរបាញ់ទៀតនាំពពួកអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយ កូនចៅវង្វេងវង្វាន់គ្នាអស់ហើយ ដូច្នេះសូមឱ្យតែលែង បាញ់ចុះយើងនឹងជួយពួកនេះ ឱ្យរកឃើញត្បូងថ្មយ៉ាងថ្លៃៗ ឱ្យបានធ្វើអ្នកមានច្រើនគ្នាឡើងៗ ប៉ុនែ្ដបើបានជាមានហើយ ត្រូវនាំគ្នាកសាងវត្ដមួយនៅលើទីកន្លែងភ្នំនេះ មិនតែប៉ុណ្ណោះត្រូវលេងភ្លេងរាំក្ងោករៀងរាល់ថ្ងៃសិលផង។ ផ្ដាំផ្ញើររួចហើយ អ្នកតាក៏អន្ដរធានខ្លួនបាត់ទៅវិញភ្លាម។ ឯយាយយ៉ាត តាយ៉ាត ក៏នាំរឿងនេះទៅផ្សាយប្រាប់ពួក អ្នកស្រុកទាំងអស់ឱ្យដឹងគ្រប់គ្នា។ អ្នកស្រុកក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមក។ នេះជារឿងមួយដែលទាក់ទងនឹង ភ្នំយ៉ាត ឯរឿងមួយទៀតដែលមានទាក់ទងនឹងឈ្មោះ “ប៉ៃលិន” មានដោយឡែកផ្សេងទៅទៀត។ តាមអ្នកស្រុកឱ្យការណ៏ថាពាក្យ “ប៉ៃលិន” នេះក្លាយមកពីពាក្យ ភេលេង ព្រោះមានគេនិទានរឿងដើម បញ្ជាក់ផងថាៈ កាលនោះមាន អ្នកប្រមាញ់ដេញតាមដានសត្វព្រៃចេះតែឆ្ងាយទៅៗ រហូតដល់ភូមិភាគប៉ៃលិនសព្វថ្ងៃ ដែលគ្រានោះនៅជាព្រៃស្រោង មានវាលចន្លោះខ្លះត្រង់ប្រឡាយទឹកដែលហៅថា “អូរ” មានអូរទុងជាដើម ក្បែរមាត់អូរនេះ អ្នកប្រមាញ់បានប្រទះ ឃើញសត្វភេកំពុងហែលទឹក លុះឃើញមនុស្សមកដល់ ភេក៏រត់បាត់អស់ទៅ។ អ្នកប្រមាញ់ ចូលទៅមើលត្រង់កន្លែង ភេប្រឡែងគ្នានោះ ក៏ឃើញដុំថ្មតូចៗ មានពន្លឺផ្លេកៗ ក៏នាំគ្នារើសយកម្នាក់មួយដុំទុក យកទៅបង្ហាញញាតិមិត្ដឯស្រុកខ្លួនវិញ។ លុះទៅដល់ស្រុកមានអ្នកស្រុកនោះ (តាមនិយាយថាពូកកុឡា ដែលមករស់នៅខេត្ដចន្ទប៊ុន ស្រុកសៀម) ស្គាល់ថាថ្មនេះមានតំលៃគេក៏យកទៅវាយបំបែក រួចច្នៃជាត្បូងឡើង ក៏ឃើញថា មានទឹកល្អ។ កាលបើដូច្នេះក៏នាំគ្នា ទៅសួរទិញពីពួកប្រមាញ់នោះទៀត។ ពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយ ហើយក៏ព្យាយាមឆ្ពោះទៅយកថ្មនេះពីកន្លែងមុនជាញឹកញាប់។ ការទៅមកញឹកញាប់នេះហើយទើបអ្នកទាំងនោះ សន្មត់ឈ្មោះទីកន្លែងត្រង់នេះថា “កន្លែងភេ លេង” ដោយយកតាមសភាពដែលគាត់បានប្រទះឃើញជាដំបូងនោះ។ ប៉ុនែ្ដដោយពួកទាំងនេះនៅស្រុកសៀម ក៏អានពាក្យនេះក្លាយទៅតាមសម្លេងសៀមបន្ដិចទៅ គឺ “ភេ” ទៅជា “ផេ” ឯលេងទៅជា “ឡេន” ឬ “ឡិន” ដូច្នេះរូមមក ហៅថា “ផេឡិន” ។ លុះសម័យបារាំងទៅកាន់កាប់ តំបន់នេះគេសសេរឈ្មោះនេះជាអក្សររ៉ូម៉ាំងតាមសម្លេងផង តាមរូបសាស្រ្ដពាក្យផងជា PHAILIN គឺ PH ជាអក្សរផ AI ជាស្រៈអេ L ជាអក្សរល I ជាស្រៈអិ នឹង N អក្សរ ន។ ចំណេរតមក ដើម្បីកុំឱ្យពិបាកសរសេរ គេក៏ភ្ជាប់ លែងឱ្យមានសហសញ្ញា Trait d’union ក៏ក្លាយទៅជា Phailin ហើយតៗមក ដោយបារាំងអានដោយគ្មានខ្យល់ អក្សរ H គេក៏លុប H ចោលទៅ នៅសល់តែ PAILIN ។ សេចក្ដីអធិប្បាយមកនេះ មានទំនងជាដើមកំណើតស្រុក (Monographie) ជារឿងព្រេង ដើម្បីជាប្រយោជន៏ដល់ អ្នកស្រាវជ្រាវទៅពេលមុខៗទៀត ប៉ុនែ្ដមានទំនងខ្លះ ចង់ទៅជារឿងព្រេងដែរ ត្បិតមានលាយឡំជំនឿ ខ្មោច អារក្ស អ្នកតាជាមួយផង។ ការណ៏នេះយើងសង្ឃឹមថា លោកអ្នកអានណាចេះចាំរឿងព្រេងនៅភូមិភាគនោះវែងឆ្ងាយទៅទៀត ក៏សួមបញ្ជូន មកឱ្យយើងផងដើម្បីកែសម្រួលទៅលើកក្រោយ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងភ្នំស្រីវិបុលកេរ្តិ៍ – រឿងព្រេងខ្មែរ

រឿងភ្នំយ៉ាត – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *