រឿងក្រុងឧត្តុង្គ – រឿងព្រេងខ្មែរ ៖ ទីក្រុងឧត្តុង្គចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ដូចមានចែង ក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ :
ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា សេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទី មានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្រ្តីខ្ញុំរាជការទាំងពួង មានហោរ៉ាធិបតី ជាដើមថា “យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?”។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា “ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាម ក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស”។
ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ ទ្រង់ហត់ ហើយសេ្តចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧកញ៉ាក្រឡាហោមកែវ ក៏បង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្តារាស្រ្ត កាប់ដើមឈើ មកធ្វើជាព្រះ រាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគឿ្រងសំភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឲ្យចាប់ផ្តើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជរោងប្រមាណ១០ខែទើបរួចស្រេច ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ការ។
លុះទ្រង់ជ្រាបហើយ ព្រះបាទសមេ្តចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង សេ្តចចាកចេញពីព្រះបរមរាជវាំងល្វាឯម ទ្រង់ ឡើងគង់ព្រះទីនាំងនាវា ធ្វើព្រះរាជដំណើរតាមទនេ្លសាបមួយអន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ ព្រះរាជា ស្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការ គ្រប់ក្រុមរាជាបរិពារ ដល់កំពង់តាដុងយាយជ័យ ប្រថាប់ នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឲ្យរៀប ចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថៃ្ង ចូលព្រះរាជពិធី នៅថៃ្ង៥កើតខែផល្គុន ឆ្នាំវក ទោស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រំការ សេនាធិបតី មន្រ្តីខ្ញុំរាជការ ជាបរិពារហែសេ្តចឡើងកំពង់ហ្លួង ចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធ ព្រះនគរ៣ថៃ្ង ដោយមានលែ្បងមហោស្រព គ្រប់បែបជាឧឡារឹក អធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា “ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន” ដែលហៅខ្លីថា “ក្រុងឧត្តុង្គមានជ័យ”។
រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ