ប្រាសាទវត្តអធ្វា – ប្រាសាទខ្មែរ ៖ ប្រាសាទវត្តអធ្វាស្ថិតនៅចម្ងាយ ៧ គម ខាងត្បូងក្រុងសៀមរាប តាមផ្លូវខាងលិចដងស្ទឹងចុះពីផ្សារចាស់ទៅភ្នំក្រោម នៅចន្លោះគីឡូម៉ែត្រលេខ ៤ និងលេខ ៥ មានផ្លូវមួយបែកចេញទៅទិសខាងលិច ត្រង់ផ្លូវបែកនេះមានខ្លោងទ្វារមួយដាក់ឈ្មោះថា “វត្តអធ្វា” ។ ធ្វើដំណើរតាមផ្លូវនេះប្រមាណ ៥០០ ម៉ែត្រ គេនឹងទៅដល់វត្តមួយឈ្មោះ វត្តអធ្វា វត្តនេះគេកសាងនៅជាប់នឹងកំពែងប្រាសាទទិសខាងជើង ។
ប្រាសាទវត្តអធ្វា មានសណ្ឋានទ្រង់ទ្រាយស្ទើរដូចប្រាសាទអង្គរវត្ត កសាងបែរមុខទៅទិសខាងលិចដូចគ្នា មានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ ។ ប្រាសាទធំស្ថិតនៅចំកណ្ដាលមានទ្វារ ៤ មានយ៉លយចេញទៅខាងលិច មានប្រាង្គស្ថិតនៅគ្រប់ជ្រុងអនុទិស ។ ទោះបីជាពុំសូវមានក្បាច់ក្បូររចនា ក៏ប្រាសាទនេះស្ថិតក្នុងស្ថានភាពល្អប្រសើរ ។ នៅប្រាសាទនេះពុំមានសិលាចារិកដែលអាចឲ្យគេដឹងពីពេលវេលាជាក់ លាក់នៃការសាងសង់ទេ ប៉ុន្តែគេអាចដឹងបានថាប្រាសាទនេះស្ថិតក្នុងរចនាបថអង្គវត្តដោយសារ កំពូលប្រាង្គ ។ ដូច្នេះគេអាចសន្និដ្ឋានបានថា ប្រាសាទវត្តអធ្វាត្រូវបានកសាងឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ នៅចុងសតវត្សទី១១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។
ប្រាសាទវត្តអធ្វាសង់នៅលើផ្ទៃរាបស្មើ មានប្រាង្គកណ្តាលអមដោយសំណង់៤ ដាក់ឲ្យបែរទៅទិសខាងលិចដូចអង្គរវត្តដែរ។ ប្រាសាទនេះ កសាងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១២។
ប្រាសាទវត្តអធ្វាមានក្លោងទ្វារទី២ និងខឿនត្រឡែងកែងមួយ ដែលបន្តពីក្លោងទ្វារទី១ ទៅខាងលិចបន្តគ្នា ២៥ម៉ែត្រ និង១២២ ម៉ែត្រ បានធ្វើឲ្យវាមានប្លង់រាងទ្រវែងជា Axiale។ នៅភាគពាយព្យនៃកំពែងទី១ មានស្រះ២ជាប់គ្នា និងនៅខាងកើតក៏មាន២ដែរ តាមដំណាលចាស់ៗ បាននិយាយថា ជាស្រះដែលគេជីកលើកផ្លូវ និងចាក់បំពេញទីធ្លាវត្តប្រហែល ៥០ទៅ៦០ឆ្នាំមកនេះ តែស្រះមួយដែលនៅចំពីមុខវិហារជាស្រះចាស់។ ចំណែកកំពែងធ្វើពីថ្មបាយក្រៀមកម្ពស់ ៣.៧៥ ម៉ែត្រ ព័ទ្ធជុំវិញបរិវេណទី១ ដែលមានទំហំ ៥៧ម៉ែត្រ គុណនឹង ៤៨ម៉ែត្រ តែមិនមានរោងទងទេ។ ហើយប្រាង្គកណ្តាលមានកម្ពស់១៧ម៉ែត្រ ស្ថិតចំប្រសព្វអ័ក្សនៃក្លោងទ្វារទាំង៤ ហើយមិននៅចំកណ្តាលបរិវេណប្រាសាទទេ វារៀងខិតទៅផ្នែកខាងកើតបន្តិច។
ប្រាសាទវត្តអធ្វា មានប្លង់សាមញ្ញទៅតាមទំហំប្រាសាទ តែពិបាកកំណត់ឲ្យបានច្បាស់លាស់ ណាស់ ព្រោះវាធ្វើមិនទាន់សម្រេច យើងអាចមើលឃើញតែស្ថានភាពបច្ចុប្បន្នរបស់វាតែ ប៉ុណ្ណោះ។ ប្លង់របៀបនេះមានភាគច្រើននៅសតវត្សទី១២ ក្នុងរចនាបថអង្គរ មានដូចជាប្រាសាទ ភីម៉ាយ ចៅសាយ ធម្មានន្ទ បន្ទាយសម្រែ ជាដើម។ល។ នៅប្រាសាទវត្តអធ្វា គ្រាន់តែប្លែកគេត្រង់ថា មានទិសបែរមុខទៅខាងលិចដូចអង្គរវត្តដែរ តែគេមិនអាចសំអាងលើហេតុផលនេះដើម្បីកំណត់កាលបរិច្ឆេទឡើយ ព្រោះនៅតំបន់អង្គរ ក៏មានប្រាសាទតូចមួយនៅខាងកើតប្រាសាទ ឃ្លាំងខាងជើងក៏បែរទៅទិសខាងលិចដែរ។
ស្ថានភាពបច្ចុប្បន្ននៃប្រាសាទវត្តអធ្វា គឺស្ថិតក្នុងសភាពរឹងមាំជាងបណ្តាប្រាសាទដទៃ ដោយសារមានការជួសជុលនាពេលកន្លងមក តែក៏បន្សល់ស្លាកស្នាមរបើកស្រទាប់ថ្ម ដោយទឹកភ្លៀងជ្រាបចូលមុនការជួសជុលខ្លះៗដែរ៕
ឯកសារយោង៖ សារណាបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា «បុរាណដ្ឋានវត្តអធ្វា» របស់និស្សិតបុរាណវិទ្យាជំនាន់ទី៩ ហេង ពិភាល់ និងកញ្ញា វ៉ា ស៊ីម៉ែន នៃមហាវិទ្យាល័យបុរាណវិទ្យា ឆ្នាំ២០០២
អត្ថបទពេញនិយម ៖ ប្រាសាទបាតជុំ – ប្រាសាទខ្មែរ