និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ខ្លាចាស់ចាំសីល ៖ មធ្យោបាយបោកប្រាស់របស់មនុស្សអស់ឫទ្ធិអំណាច ។
អត្ថាធិប្បាយ ខ្លាចាស់ចាំសីល
ទាក់ទងក្នុងន័យខាងលើនេះ បុរាណាចារ្យបានលើករឿងមួយមកនិទានថា មានខ្លាចាស់មួយដែលមានធ្មេញ ចង្កូម និងក្រចករេចរឹល ចាប់សត្វអ្វីស៊ីក៏ពុំបាន ។
ថ្ងៃមួយ ខ្លាចាស់បានជួបនឹងបុរសឆោតល្ងង់ម្នាក់ ក៏និយាយថា ចូរបុរសឯងចុះទៅក្នុងស្រះទឹកនេះ រួចរាវយកកងមាសកងប្រាក់ទៅចុះ ។ ខ្ញុំថែរក្សាទុកជាយូរហើយ ។ ខ្ញុំនិយាយនេះជាពាក្យពិត ព្រោះខ្ញុំជាខ្លាចាស់ចាំសីល មិនចេះភូតភរទេ ។
លុះបុរសនោះចុះទៅក្នុងស្រះទឹកត្រឹមទ្រូងហើយ ខ្លាចាស់នោះក៏លោតទៅសង្គ្រប់ចាប់បុរសនោះខាំស៊ីបាត់ទៅ ។
ខ្លាចាស់នេះ លោកប្រៀបទៅនឹងមន្ត្រីចាស់ ខឹលខូចម្នាក់ចូលនិវត្តន៍ ។ កាលដែលនៅកាន់អំណាច កាចសាហាវដូចខ្លា គ្មានអ្នកណាហ៊ានមើលមុខចំទេ ។ ប៉ុន្តែលុះដល់អស់បុណ្យទៅ ឫទ្ធិអំណាចក៏គ្មាន ឯលាភសក្ការៈទាំងប៉ុន្មានក៏អស់រលីងទៅដែរ ។
គាប់ជួនថ្ងៃមួយ មានបុរសម្នាក់ចូលទៅពឹងបុណ្យ ។ ខ្លាចាស់នោះនិយាយថា សព្វថ្ងៃពិតមែនតែចូលនិវត្តន៍មែន តែខ្ញុំនៅតែមានអ្នកតូច អ្នកធំ គេរាប់អានខ្ញុំច្រើនដដែល ។ ដូច្នេះ អ្នកឯងទុកចិត្តចុះ ខ្ញុំចាស់ហើយខ្ញុំកាន់សីល៥ ចាំសីល៨ មិនហ៊ានប្រព្រឹត្តអំពើអាក្រក់ទេ ខ្លាចបាប ។ បុរសនោះក៏ជឿទុកចិត្តស្លុង ហ៊ានចងការប្រាក់ដាក់ដីបញ្ចាំយកលុយមកឲ្យខ្លាចាស់នោះ ។ ប៉ុន្តែ លុះយូរទៅ ចាំបាត់ៗ ស្ងាត់រហូត… ហ្នឹងហើយ ខ្លាចាស់ចាំសីល ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គេមិនហៅ ទៅមិនគួរ គេមិនសួរ ឆ្លើយមិនសម – សុភាសិតខ្មែរអធិប្បាយ