Friday , December 13 2024

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា ១៩៧៩-១៩៩៣

I. ការរំដោះប្រទេសកម្ពុជាប្រជាធិបតេយ្យ

១. កំណើតរណសិរ្សសាមគ្គីសង្គ្រោះកម្ពុជា

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្នុងមូលដ្ឋានតស៊ូក្នុងស្រុកស្នួល ខេត្តក្រចេះ មហាសន្និបាតបានប្រារព្ធឡើងដោយមានតំណាងកម្លាំងរដោះគ្រប់តំបន់ទូទាំងប្រទេសចូលរួម។ មហាសន្និបាតបានសម្រេចជាឯកច្ឆ័ន្ទបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង ធ្វើការបោះឆ្នោតជ្រើសរើសគណៈកម្មាការមជ្ឈឹមរណសិរ្សដែលមានសមាជិក១៤រូប ក្នុងនោះសមមិត្ត ហេង សំរិន ជាប្រធាន។

សាធារណរដ្ឋប្រជាមានិតកម្ពុជា និង រដ្ឋកម្ពុជា

មហាសន្និបាតបានអនុម័តកម្មវិធីនយោបាយដូចតទៅ៖

  • គោរពឆន្ទះ និង​ គោលបំណងរបស់ប្រជាពលរដ្ឋ
  • ផ្ដូលរលំពួកប្រតិកិរិយាប៉ុល ពត ដែលជាពូកឃាតករ
  • កសាងប្រទេសកម្ពុជាប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព និង សុភមង្គល។

២. ជ័យជំនះថ្ងៃទី៧ ខែកមរា ឆ្នាំ១៩៧៩

ដោយមានជំនួយពីងកងទ័ពវៀតណាម និងការគាំទ្រពីប្រជាជនកម្ពុជា នៅថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានធ្វើការរំដោះប្រជាជននិងប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែកមរា​ ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានរំដោះ។ កងទ័ពរណសិរ្ស និង កងទ័ពវៀតណាមប្រើរយះពេលបីសប្ដាហ៍ក្នុងការរំដោះប្រទេសកម្ពុជាស្ទើរតែទាំងស្រុង។

II. សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)

ក្រោយពីទទួលបានជោគជ័យក្នុងការរំដោះប្រទេសកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧មករា ឆ្នាំ១៩៧៩ របបថ្មីមួយដែលបានចាប់បដិសន្ធិឡើងក្រោមជំនួយឧបត្ថម្ភពីកម្លាំងកងទ័ពវៀតណាម គឺរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

កិច្ចការចាំបាច់ចំនួនពីរដែលរដ្ឋាភិបាលថ្មីមួយនេះត្រូវធ្វើ គឺការកសាងសន្តិភាព និង ការស្ថាបនាជាតិឡើងវិញ។

១. អង្គការគ្រប់គ្រងសំខាន់ៗនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា

របបថ្មិនេះគ្រប់គ្រងដោយបក្សតែមួយគឺគណបក្សប្រជាជនបដិវត្តន៍កម្ពុជា និង មានអង្គការគ្រប់គ្រងសំខាន់ៗចំនួន៤គឺ៖

  • គណបក្សប្រជាជនបដិវត្តន៍កម្ពុជា ដឹកនាំដោយសមមិត្ត ប៉ែន សុវណ្ណដែលជាអគ្គលេខាធិការ (អតិតខ្មែរឥស្សរៈដលបានរៀនសូត្រទ្រឹស្ដីកុម្មុនីស្ដវៀតណាម)។ នៅខែធ្នូ ឆ្នាំ១៩៨១ សមមិត្តហេង សំរិន បានកាន់កាប់តំណែងនេះជំនួសវិញ។
  • ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍ ឬ ក្រុមប្រឹក្សារដ្ឋមន្ត្រី មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយសម្រេចទិសដៅសំខាន់ៗរបស់បក្ស។ ក្រុមប្រឹក្សានេះមានសមមិត្តប៉ែន សុវណ្ណ ជាប្រធាន។ ចុងឆ្នាំ១៩៨១ សមមិត្តចាន់ ស៊ី (អតីតខ្មែរ៌ស្សរៈសិក្សានៅហាណូយ) បានឡើងជំនួសសមមិត្តប៉ែន សុវណ្ណ។ ក្រុមប្រឹក្សារដ្ឋមន្ត្រីត្រូវកំណត់ការប្រជុំយ៉ាងទៀងទាត់ដើម្បី៖
  • ចាត់វិធានការរដ្ឋបាល យ៉ាងច្បាស់លាស់សម្រាប់រដ្ឋមន្ត្រីយកទៅផ្សព្វផ្សាយតាមក្រសួងមន្ទីរនានាចៀសវាងការអនុវត្តខុសទិសដៅ
  • អោយតំណាងក្រសួងនីមួយៗឡើងរាយការណ៍បង្ហាញពីសមិទ្ធផល និង បញ្ហាផ្សេងៗដែលកើតមាន។
  • ក្រុមប្រឹក្សារដ្ឋដែលមានសមមិត្ត ហេង សំរិន ជាប្រធាន មានតួនាទីធ្វើការវិនិច្ឆ័យ លើបញ្ហាច្បាប់របស់រដ្ឋដូចជារៀបចំច្បាប់ ក្រមព្រហ្មទណ្ឌ និងកែប្រែទោសប្រហារជីវិតជាដើម
  • រដ្ឋសភាជាតិ មាន១១៧អាសនៈ។ ថ្ងៃទី២៧ មិថុនា ១៩៨១ សភាជាតិបានអនុម័តរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ព្រមទាំងតែងតាំសមមិត្ត ហេង សំរិន ជាប្រធានក្រុមប្រឹក្សារដ្ឋ និង សមមិត្ត ប៉ែន សុវណ្ណ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។

២. សមាសភាពអ្នកគ្រប់គ្រង

រដ្ឋអំណាចខ្មែរ

ក្នុងដំណាក់កាលដំបូងក្រសូងសំខាន់ៗកាន់កាប់ដោយមនុស្សពីរក្រុមគឺ៖

  • ក្រុមអ្នកតស៊ូចាស់ៗនៅភូមិភាគបូព៌ា ពិសេសមកពីខេត្តកំពង់ចាម ស្វាយរៀង មានដូចជាសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន……..
  • ក្រុមអ្នកបានទៅហាត់នៅប្រទេសវៀតណាម ក្រោយសន្និសិទហ្សឺណែវ ឆ្នាំ១៩៥៤ មានដូចជាសមមិត្តប៉ែន សុវណ្ណ សមមិត្ត ចាន់ ស៊ី។

ក្រុមទាំងពីរនេះមានឋានៈជារដ្ឋមន្ត្រី និង មានតួនាទីតាមស្ថាប័នសំខាន់ៗ ដូចជាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ គណកម្មាធិការប្រជាជនបដិវត្តន៍ខេត្តក្រុង។ បន្ទាប់ពីសន្តិភាពក្នុងប្រទេសមានលំនឹង សាធារណរដ្ឋប្រជាមានិតកម្ពុជាបានជ្រើសរើសអ្នកមានសមត្ថភាពដែលរស់នៅអោយចូលបម្រើការក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋ។

ជំនាញការ និង កងទ័ពវៀតណាម

នៅក្នុងដំណាក់កាលនេះមានវត្តមានកងទ័ពវៀតណាម នៅពាសពេញផ្ទៃប្រទេស ដើម្បីជួយទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ប៉ុល ពត និង អ្នកជំនាញការវៀតណាមជាច្រើននាក់ ដែលធ្វើការអមរដ្ឋអំណាចខ្មែរតាំងពីថ្នាក់ក្រសួង រហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីជួយពង្រឹងរដ្ឋបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា។

III. ការកសាងសន្ដិភាព និង ការកសាងជាតិឡើងវិញ

ប្រទេសកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យក៏ពិតមែន តែកម្ពុជាបានបែកខ្ញែកជា៤ភាគី។

១. ខ្មែរទាំង៤ភាគី

  • ភាគីទី១ គឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលដឹកនាំដោយ ហេង សំរិន៖ ភាគីទី១នេះជាអ្នករំដោះកម្ពុជាពីរបបខ្មែរក្រហម និង មានទិសដៅកសាងជាតិឡើងវិញ ព្រមទាំងទប់ស្កាត់ការវិលត្រលប់របស់ខ្មែរក្រហម។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាកាន់កាប់ទឹកដីភាគច្រើននៃប្រទេសកម្ពុជាដោយមានរាជធានីនៅទីក្រុងភ្នំពេញ។ ភាគីនេះទទួលការឧបត្ថម្ភគាំទ្រពីវៀតណាម សហភាពសូវៀត និង សម្ព័ន្ធមិត្តរបស់សូវៀត។
  • ភាគីទី២ គឺកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដែលដឹកនាំដោយប៉ុល ពត៖ ទោះបីជាខ្មែរក្រហមលែងគ្រប់គ្រងកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែពួកគេនៅតែរក្សាអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ។ កងទ័ពខ្មែរក្រហមខ្មែរនៅតែបន្តគ្រប់គ្រងទឹកដីកម្ពុជាមួយភាគ និងជំរំជនភៀសខ្លួនមួយចំនួនដែលស្ថិតនៅតាមព្រំដែនខ្មែរ ថៃ។ ភាគីនេះបានទទួលជំនួយពីបរទេស ជាពិសេសប្រទេសចិន។ ថវិកាដែលបានមកពីជំនួយបរទេស ការលក់ព្រៃឈើ និង រ៉ែត្បូងនៅប៉ៃលិន បានធ្វើអោយកម្លាំងខ្មែរក្រហមនៅតែរឹងម៉ាំ និងគំរាមកំហែងសន្តិសុខជាតិគ្រប់ពេលវេលា។ ខ្មែរក្រហមនៅតែព្យាយាមវិលត្រលប់មកកាន់អំណាចវិញ។
  • ភាគីទី៣ គឺរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរប្រជាធិបតេយ្យ ដែលដឹកនាំដោយ សម្ដេច សឺន សាន៖ ភាគីរណសិរ្សនេះមានទឹសដៅសំខាន់៣គឺ រំដោះប្រទេសកម្ពុជាពីអំណាចរបស់វៀតណាម ប្រឆាំងការវិលត្រលប់មកកាន់អំណាចរបស់ខ្មែរក្រហម និង កសាងជាតិឡើងវិញ។ រណសិរ្សនេះកាន់កាប់ទឹកដី និង ជំរំជនភៀសខ្លួនមួយចំនួននៅតាមព្រំដែនខ្មែរ ថៃ។
  • ភាគីទី៤ គឺក្រុមរាជានិយមរបស់សម្ដេច នរោត្តម សីហនុ (FUNCINPEC-ហ្វ៊ុនស៊ិនប៉ិច)៖ ភាគីទី៤នេះបង្កើតឡើងនៅខែមិនា ឆ្នាម១៩៨១ ដោយមានការចូលរួមពីក្រុមម៉ូលីណាកាដែលបង្កើតតាំងពីឆ្នាំ១៩៧៩។ទិសដៅសំខាន់របស់ហ៊្វុនស៊ុនប៉ិចគឺប្រឆាំងនិងវត្តមានរបស់វៀតណាម នៅលើទឹកដីកម្ពុជា។ ភាគីទី៤នេះកាន់កាប់ទឹកដី និងជំរំជនភៀសខ្លួនមួយចំនួននៅតាមព្រំដែនខ្មែរ ថៃ ហើយជំរំដែលសំខាន់ជាងគេរបស់ក្រុមនេះ គឺស្ថិតនៅអូស្មាច់ ខេត្តឧត្តរមានជ័យ។

នៅឆ្នាំ១៩៨២ ក្រុមខ្មែរក្រហម (ភាគីទី២) ក្រុមសឺនសាន(ភាគីទី៣) និងក្រុមរាជានិយម (ភាគីាទី៤) បានរួមគ្នាបង្កើតជារដ្ឋាភិបាលសម្ពន្ធភាពត្រីភាគី ហើយដឹកនាំដោយសម្ដេច នរោត្តម សីហនុ។ គោលជំហររបស់រដ្ឋាភិបាលត្រីភាគីនេះ គឺប្រឆាំងនិងវត្តមានវៀតណាមនៅកម្ពុជា និង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា (ភាគីទី១) តាមរយះការទូត និង សង្គ្រាមឈ្លប។ ហេតុដូច្នេះ សង្គ្រាមក្នុងស្រុកនៅតែបន្តឥតឈប់ឈរ។

២. សង្គ្រាមក្នុងស្រុក

ក្រុមខ្មែរក្រហមដែលនៅសេសសល់លាក់ខ្លួននៅតាមតំបន់ព្រៃក្រាស់ដែលពិបាកចូលទៅដល់។ ពួកគេតែងតែធ្វើសកម្មភាពជាក្រុមតូចៗក្នុងទ្រង់ទ្រាយជាសង្គ្រាមឈ្លប ដើម្បីឆក់ប្លន់ស្បៀង អុកឡុកបង្កអសន្តិសុខដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា និង ផ្ដូលររលំអំណាចភូមិ ឃុំ ក្នុងគោលបំណងវិលមកកាប់អំណាចឡើងវិញ។ តាមបណ្ដោយព្រំដែនខ្មែរ ថៃ និង​ ជុំវិញបឹងទន្លេសាបបានក្លាយទៅជាតំបន់អសន្តិសុខ​ រីឯតំបន់ផ្សេងទៀតក្រៅពីនោះគ៏រងការគំរាមកំហែងជាញឹកញាប់ផងដែរ។

៣. ការទប់ស្កាត់ការវិលត្រឡប់របស់ពួកខ្មែរក្រហម

ការរំដោះតំបន់នៅតាមព្រំដែន

ដើម្បីការពារសន្តិសុខ​ ប្រជាជន និង មន្ត្រីរដ្ឋការគ្រប់គ្រង គ្រប់ជានថ្នាក់បានចូលរួមជាមួយកម្លាំងប្រដាប់អាវុធក្នុងការយាមកាមនៅតាមតំបន់ដែលខ្លួនរស់នៅ។ រៀងរាល់រដូវប្រាំង រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាតែងវាយសម្រុកទីលើពួកខ្មែរក្រហម និង គ្រប់គ្រងតំបន់មួយចំនួននៅតាមព្រំដែន។ ក៏ប៉ុន្តែរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវដកទ័ពមកវិញនៅរដូវវស្សា ជាហេតុធ្វើអោយពួកខ្មែរក្រហមដណ្ដើមយកបានវិញនូវទីតាំងដែលវាយបាន។

មូលហេតុដែលរដ្ឋាភិបាលត្រូវដកទ័ពត្រលប់មកវិញនៅរដូវរស្សាគឺ

  • ប្រព័ន្ធផ្លូវថ្នល់មានការលំបាកខ្លាំង ពិបាកក្នុងការដឹកជញ្ជូនផ្គត់ផ្គង់ស្បៀង និង សព្វាវុធ
  • កម្លាំងនៅសមរភូមិក្រោយនៅមិនទាន់រឹងម៉ាំ ដែលទាមទារការដកកម្លាំងពីព្រំដែន ឬ សមរភូមិមុខមកពង្រឹង។

នៅឆ្នាំ១៩៨៤ កងកម្លាំងនៅសមរភូមិក្រោយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាមានការរីកចម្រើនច្រើន ដែលអាចបន្តវាយលុកនៅរដូវរស្សា និង ការពារទីតាំងដែលដណ្ដើមបានកាលពីរដូវប្រាំង។

ផែនការ ក៥

នៅថ្ងៃទី១២ កក្កដា ១៩៨៤ ការិយាល័យនយោបាយមជ្ឈឹមបក្សបានចេញសេចក្ដីសម្រេចចិត្តមូយស្ដីពីការបង្កើនការការពារនៅតាមព្រំដែនកម្ពុជា ថៃ ដោយអោយឈ្មោះថា ផែនកា ក៥ ឬ កែនកម្លាំងកាប់ឆ្ការព្រៃការពារព្រំដែនកម្ពុជា។  ផែនការនេះតម្រូវអោយមានការចូលរួមពីប្រជាជនខ្មែរដើម្បី៖

  • សាងសង់ផ្លូវនៅតាមព្រំដែនដើម្បីសម្រួលក្នុងការដឹកជញ្ជូនកងទ័ព អាវុធ ស្បៀង ។ល។
  • កាប់ឆ្ការព្រៃឈើនៅក្បែភូមិ ជុំវិញផ្លូវថ្នល់ ផ្លូវដែក និង​ផ្លូវទឹក តាមជនបទ និងតាមតំបន់ព្រំដែន ដើម្បីបំផ្លាញជម្រកលាក់ខ្លួនរបស់ពួកកងទ័ពនៃរដ្ឋាភិបាលត្រីភាគី
  • រៀបចំកសាងប្រព័ន្ធការពារនៅតាមបណ្ដោយព្រំដែន ខ្មែរ ថៃ ដោយក្នុងនោះមានការដាក់ចម្រូងឬស្សី ដាក់មីន លើកទំបន់ និង ជីកលេណដ្ឋានជាដើម។

នៅរដូវប្រាំងចុងឆ្នាំ១៩៨៤ ដើមឆ្នាំ១៩៨៥ កងទ័ពរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានទទួលជោគជ័យច្រើនជាងមុននៅតាមព្រំដែន ក៏ប៉ុន្តែពួកកងទ័ពត្រីភាគីបានឆ្លៀតឳកាសនោះប្រើប្រាស់ក្រុមតូចៗក្នុងការបំផ្លាញ និង​ បង្ករអស្ថិរភាពនៅសមរភូមិក្រោយ។

ក្នុងស្ថានភាពបែបនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានកំណត់នៅថ្ងៃទី៣ ខែ តុលា ឆ្នាំ ១៩៨៥ នូវកាតព្វកិច្ចយោធារយៈពេល៥ឆ្នាំសម្រាប់ពលរដ្ឋខ្មែរដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ សង្គ្រាមស៊ីវិលនៅតែអូសបន្លាយដោយគ្មានអ្នកឈ្នះនិង អ្នកចាញ់ គឺមានតែជនរងគ្រោះ និង អ្នកស្លាប់សោយសារសង្គ្រាម ដោយជនរងគ្រោះទាំងនោះសុទ្ធសឹងតែជាជនជាតិខ្មែរ។

៤. ការកសាងឡើងវិញ

រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបង្កើតឡើងតាមរយៈការជួយជ្រោមជ្រែងរបស់វៀតណាម មិនត្រូវបានអង្គការសហប្រជាជាតិ សហគមន៍អន្តរជាតិ ព្រមទាំងបរទេសសមាជិកអាស៊ានទទួលស្គាល់នោះទេ។ ជំនួយមនុស្សធម៌ទាំងប៉ុន្មានត្រូវបង្វែរទៅផ្គត់ផ្គងប្រជាជនខ្មែរដែលរស់នៅតាមជំរំជនភៀសខ្លួននៅតាមព្រំដែនខ្មែរ ថៃ ដែលជំរំនីមួយៗស្ថិតនៅក្រោមអំណាចរបស់ក្រុមដឹកនាំ៣ផ្សេងទៀត គឺក្រុមខ្មែរក្រហម ក្រុមរាជានិយមដឹកនាំដោយសម្ដេច នរោត្តម សីហនុ ឬ ក្រុមរបស់លោកតាសឺន សាន។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវកសាងប្រទេសឡើងវិញពីចំណុចសូន្យ ដោយពឹងផ្អែកទាំងស្រុងលើជំនូយពីវៀតណាម សហភាពសូវៀត និង​ ប្រទេសសង្គមនិយម។

ស្ថានភាពសង្គមកម្ពុជាក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩

ប្រជាជានដែលបានរួចផុតពីការសម្លាប់រង្គាលរបស់ខ្មែរក្រហម ភាគច្រើនជាស្ត្រីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា និង​មនុស្សបាក់កម្លាំង។ ពួកគេមានតែបាតដៃទទេ ពុំមានគោ ក្របី រទេះ នង្គ័ល សម្រាប់ធ្វើស្រែចម្ការបង្កបង្កើនផលនោះទេ។ អ្នកខ្លះវិលមកស្រុកកំណើតរបស់ខ្លួនវិញ។ អ្នកខ្លះបានជួបជុំឪពុកម្ដាយ​សាច់ញាតិ  អ្នកខ្លះព្រាត់ប្រាស់ឪពុកម្ដាយសាច់ញតិ អ្នកខ្លញសា្លប់ស្ទើរតែផុតពូជតែម្ដង។ អ្នកដែលអស់សង្ឃឹមនិងរស់នៅស្រុកខ្មែរ បាននាំគ្នាភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លូនតាមព្រំដែនកម្ពុជា ថៃ។

ស្បៀងអាហារ និង ស្រូវមួយភាគធំត្រូវពូកខ្មែរក្រហមបំផ្លាញចោលមុនពេលចាកចេញ សូម្បីតែវាលស្រែដែលពោរពេញទៅដោយស្រូវទុំក៏ត្រូវពួកខ្មែរក្រហមដុតកំទេចដែរ។ រីឯខែមករា ដែលជាពេលរំដោះគឺជារដូវប្រាំងដែលមិនអាចបង្កបង្កើនផលបាន។

ប្រទេសទាំងមូលគ្មានចរាចរណ៍ទំនិញ និង គ្មានរូបិយវត្ថុ។ ប្រជាជនប្រមាណ៨០ភាគរយកំពុងស្វែងរកញាតិមិត្ត និង​ មិនអាចបង្កបង្កើនផលបាន។ សាលារៀន មន្ទីពេទ្យ និង​ វត្តអារាមកំពុងតែក្លាយទៅជាទីស្នាក់អាស្រ័យរបស់ប្រជាជនដែលមិនទាន់អាចរកជម្រកបាន……។

ការស្ថាបនាសេដ្ឋកិច្ច

ក្រោយសម័យខ្មែរក្រហម កម្ពុជាទទួលរងនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ និង ប្រឈមទៅនិងគ្រោះទុរ្ភិក្ស។ បញ្ហាចម្បងដែលរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវធ្វើគឺដោះស្រាយបញ្ហាស្បៀងរបស់ប្រជាជនទូទាំងប្រទេស។

សហភាពសូវៀត វៀតណាម និង ប្រទេសសង្គមនិយមបានផ្គត់ផ្គង់ស្បៀងអាហារ សម្ភារប្រើប្រាស់បច្ចេកទេស ពូជស្រូវ ដំណាំ វត្ថុធាតុដើម និង បច្ចេកទេស ដើម្បីចាប់ផ្ដើមអោយមានផលិតកម្ម សិប្បកម្ម និង​ ឧស្សាហកម្មនៅកម្ពុជា។

ជំហានដំបូងក្នុងការស្ថាបនាសេដ្ឋកិច្ច រដ្ឋាភិបាលបានបង្កើតក្រុមសាមគ្គីបង្កបង្កើនផល ឬ ក្រុមប្រវាស់ដៃក្នុងគោលបំណងអោយប្រជាជនចេះជួយគ្នាក្នុងកាលៈទេសៈដែលខ្វះខាតឧបករណ៍ និង មធ្យោបាយបង្កបង្កើនផល កម្លាំងពលកម្ម គោក្របី គ្រាប់ពូជ និង ធនធាន។ ការបង្កើតក្រុមសាមគ្គីនេះក៏ដើម្បីជួយសម្រាលបន្ទុកដល់ស្រីមេម៉ាយ ក្មេងកំព្រា មនុស្សចាស់ជរា អ្នកបាក់កម្លាំងដែលគ្មានឧបករណ៍បង្កបង្កើនផលផងដែរ។ ក្រុមសាមគ្គីនីមួយៗមានសមាជិក១០គ្រួសារ ឬ អាចច្រើនជាងនេះ។

សេដ្ឋកិច្ចប្រទេសកម្ពុជាបានពឹងផ្អែកលើវិស័យកសិកម្មបែបយថាផល។ ប្រជាជនខ្មែរ៩០ភាគរយប្រកបមុខរបរកសិកម្មពិសេសដំណាំស្រូវ។ ក្រៅពីដំណាំស្រូវ មានដំណាំស្បៀង និង ដំណាំឧស្សាហកម្មផ្សេងទៀតសម្រាប់ឧបត្ថម្ភក្នុងស្រុក និងសម្រាប់នាំចេញដូចជា ផលិតកម្មកៅស៊ូ អាជីវកម្មព្រៃឈើ ការនេសាទ ការដាំក្រចៅ………។

ការស្ថាបនាសង្គម

តម្រូវការ និង​ កិច្ចការដែលត្រូវធ្វើដើម្បីស្ថាបនាសង្គមលើគ្រប់វិស័យមានទំហំធំធេង ប៉ុន្តែកម្ពុជាជួបប្រទះនូវបញ្ហាកង្វះខាតធនធានមនុស្ស កង្វះខាតថវិកា កង្វះខាតធនធានគ្រប់សព្វបែបយ៉ាង និង រងគំនាបរបស់មហាអំណាចសេរី និង ប្រទេសដែលជាសម្ពន្ធមិត្ត។

វិស័យអប់រំ

ក្រោយថ្ងៃទី៧ មករា ១៩៧៩ វិស័យអប់រំ និង វប្បធម៌ដែលពួកខ្មែរក្រហមព្យាយាមមកកំទេចចោលត្រូវបានស្ដារឡើងវិញភ្លាមៗ។ ការប្រមូលគ្រូបង្រៀនដែលនៅរស់ និង សិស្សានុសិស្សត្រូវបានប្រព្រឹត្តទៅគ្រប់ទិសទី។ រដ្ឋាភិបាលបានប្រើគោលនយោបាយមួយគឺ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ…..។ ការបង្រៀន និង​ ផ្ទេរចំណេះដឹងបានចាប់ផ្ដើមឡើងយ៉ាងផុសផុលក្នុងសាលារៀន វត្តអារាម តាមផ្ទះប្រជាជន និង ក្រោមដើមឈើជាដើម សិស្សានុសិស្សប្រើក្រដាស់ចាស់ៗ និង ធ្យូងមកសេរសេរ។

  • រដ្ឋបាលរៀបចំប្រព័ន្ធអប់រំអោយបានទូលំទូលាយ និង ពង្រឹងបន្ថែមពីទីក្រុងរហូតដល់តំបន់ដាច់ស្រយាល
  • សាលារៀនបានបើកទ្វារទទួលសិស្សពីមតេយ្យសិក្សា រហូតដល់ឧត្តមសិក្សា
  • រដ្ឋបានបំផុសចលនាអក្ខរកម្ម ព្រមទាំងបណ្ដុះបណ្ដាលគ្រូ អ្នកជំនាញផ្សេងៗ
  • សម្ភារសិក្សាក៏មានសមរម្យតាមរយៈអំណោយរបស់វៀតណាម សហភាពសូវៀត និង​ប្រទេសសង្គមនិយមដទៃទៀត។

វិស័យវប្បធម៌

  • រដ្ឋបានប្រមូលផ្ដុំអ្នកសិល្បះ និង សាស្ត្រាចារ្យផ្នែកសិល្បះ ដែលនៅសេសសល់
  • សាលាវិចិត្រសិល្បះបានបើកទ្វារឡើងវិញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៨១
  • រោងភាពយន្តមួយចំនួនចាប់ផ្ដើមបើកទ្វារឡើងវិញជាបណ្ដើរៗ
  • វត្តអារាមត្រួវបានជួសជុល និង ដំណើរការឡើងវិញ
  • ការជ្រើសរើសគូរស្រករ និង រៀបអាពាហ៍ពិពាហ៍តាមប្រពៃណីមានការបើកទូលំទូលាយឡើងវិញ។

វិស័យសេដ្ឋកិច្

  • មជ្ឈមណ្ឌលកុមារកំព្រាជាច្រើនបានបើកទ្វារ និង ទទួលកុមារប្រមាណ៦០០០នាក់ នៅទូទាំងប្រទេស
  • ជនពិការ និង ស្ត្រីមេម៉ាយត្រូវបានបែងចែកទៅតាមក្រុមសាមគ្គី ឯសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនពិការមួយចំនួនក៏បានបើកទ្វារ
  • ការផ្គត់ផ្គង់ទឹកស្អាត និង ភ្លើងអគ្គិសនីបានចាប់ផ្ដើមបន្ថិចម្ដងៗ
  • ច្បាប់ការពារកម្មសិទ្ធឯកជនដោយផ្ដល់កម្មសិទ្ធិដល់ប្រជាជនខ្មែរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៧។

វីស័យសុខាភិបាល

  • មន្ទីពេទ្យជាច្រើនត្រូវបានដំណើរការឡើងវិញ ប៉ុន្តែកង្វះខាតធនធានមនុស្ស គ្រឿងបរិក្ខា ថ្នាំសង្កូវនៅតែជាបញ្ហាប្រឈមដ៏សំខាន់
  • មហាវិទ្យាល័យវេជ្ជសាស្ត្រ ឳសថសាស្ត្រ និង តឲទន្តសាស្ត្រត្រូវបើកអោយដំណើរការវិញនៅថ្ងៃ១៩ មករា ១៩៨០
  • សាលាសុខាភិបាលមជ្ឈឹម និង ខេត្តក្រុងបានបើកដំណើរការវិញជាបន្តបន្ទាប់។

ការចចាររកសន្តិភាព និង ការបង្រូមបង្រូមជាតិ

ការចរចាររកសន្តិភាព

នៅខែវិច្ឆិកា ឆ្នាំ១៩៨៤ គម្រោងជួបចរចារនៅប្រទេសបារាំង រវាងរដ្ឋាភិបាលសាធាណរដ្ឋប្រជាមានិតកម្ពុជា និង សម្ដេច នរោត្តម សីហនុ ដែលជាតំណាងរដ្ឋាភិបាលសម្ពន្ធត្រីភាគីត្រូវបានអាក់ខានដោយសារចិន និង ខ្មែរក្រហមបានដាក់គំនាបលើសម្ដេច នរោត្តម សីហនុ។

ចាប់ពីឆ្នាំ១៩៨៥ ស្ថានភាពនយោបាយនៅអាស៊ី និង ក្នុងពិភពលោកមានភាពធូស្រាលជាងមុន។ សហភាពសូវៀតបានប្រកាសយកកំណែទម្រង់សេដ្ឋកិច្ច និង សង្គមដែលមិនធ្លាប់មានពីមុនមកឈ្មោះថា Perestroika ព្រមទាំងដកទ័ពចេញពីអាហ្វហ្គានីស្ថាននៅឆ្នាំ១៩៨៥។ កត្តាទាំងនេះបានអនុគ្រោះដល់ការចរចារសន្ដិភាពនៅកម្ពុជា។ ផែនការស្ដីពីការដាក់កំហិតអោយកងទ័ពវៀតណាមដកចេញពីកម្ពុជាអោយអស់នៅឆ្នាំ១៩៨៩ ត្រូវបានរៀបចំឡើង។

នៅឆ្នាំ១៩៨៧ ជំនួបកំពូលរវាងសហរដ្ឋអាមេរិក និង សហភាពសូវៀត បានធ្វើអោយស្ថានភាពការណ៍នយោបាយនៅកម្ពុជាប្រសើរជាងមុន។

នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៨៧ មានការជួបជុំគ្នាលើកទី១នៅហ្វែអត់តាដឺន័រ ប្រទេសបារាំងរវាងសម្ដេចនរោត្តម សីហនុ និង​ លោកហ៊ុន សែន ដែលជាតំណាងសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ភាគីទាំងពីរបានចុះហត្ថលេខាព្រមព្រៀង និង ចរចាររកដំណោះស្រាយនៅកម្ពុជាដោយកំណត់កាលបរិច្ឆេទក្នុងការជួបគ្នាលើកទី២ និង លើកទី៣។

ក្រោយអន្តរាគមន៍របស់បរទេស លោក សឺន សាន និង ខៀវ សំផន ក៏ព្រមចូលតុចរចារ។ នៅថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ១៩៨៨ ការចរចារលើកដំបូងដោយមានការចូលរួមទាំង៤ ភាគី និង ប្រទេដែលពាក់ព័ន្ធបានប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូណេស៊ី។ ជំនូបនេះបានផ្ដល់នូវលទ្ធផលជាច្រើនដូចជា៖

  • ការកំណត់ការដកទ័ពវៀតណាមចេញពីប្រទេសកម្ពុជា
  • ការទប់ស្កាត់អំពើរប្រល័យពូជសាសន៍មិនអោយវិលត្រលប់មកវិញ
  • ការបញ្ឈប់ជំនួយរបស់បរទេស ទៅអោយក្រុមដែលប្រឆាំងនិងរដ្ឋាភិបាលសារណរដ្ឋប្រជាមានិតកម្ពុជា
  • ការបញ្ឈប់ការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការរបស់កម្ពុជា។

ការដកទ័ពចេញពីទឹកដីកម្ពុជា និង វិសោធនកម្មរដ្ឋធម្មនុញ្ញ

នៅថ្ងៃទី៥ មករា ឆ្នាំ១៩៨៩ វៀតណាមបានប្រកាសថា កងទ័ពរបស់ខ្លួនបានដកចេញអោយអស់ពីកម្ពុជានៅចុងខែកញ្ញា ឆ្នាំ១៩៨៩ ហើយនៅថ្ងៃទី២៩-៣០ មេសា ១៩៨៩ សភាជាតិនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបើកសម័យប្រជុំវិសាមញ្ញមួយដោយសម្រេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា៖

  • ប្ដូរឈ្មោះប្រទេសពី សាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា
  • ប្ដូរទង់ជាតិ និង ភ្លេងជាតិ
  • លុបបំបាត់ច្បាប់ប្រហារជីវិត (លុបទោសប្រហារជីវិត)
  • ទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និង លុបចោលការកំហិត (លក្ខខណ្ឌ) អ្នកសាងផ្នូស (អ្នកបួស)
  • បង្កើនទីផ្សារសេរី ផ្ដល់សេរីភាពសារពត៌មាន និង ការបង្កើតអង្គការសង្គមស៊ីវិល។

រដ្ឋធម្មនុញ្ញថ្មីនេះបានលុបបំបាត់ចោលនូវការប្រើប្រាស់ពាក្យសង្គមនិយម ព្រមទាំងបានចែកប្រទេសកម្ពុជាជាប្រទេសអព្យាក្រឹត និង មិនចូលបក្សសម្ពន្ធ។

ដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

ក្រោយពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និង ក្រោយពីការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជានៅថ្ងៃទី២៦ វិច្ឆិកា ១៩៨៩ វេទិការបស់សម្ដេច នរោត្តមសីហនុ និង លោក ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅកម្ពុជាបានប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងប៉ារីស (ប្រទេសបារាំង) ទីក្រុងហ្សាកាតា (ប្រទេសឥណ្ឌូណេស៊ី) ទីក្រុងតូក្យូ (ប្រទេសជប៉ុន) និង ទីក្រុងប៉ាតាយ៉ា (ប្រទេសថៃ)៊

តាមរយះសន្និសិទអន្តរជាតិលើកទី១ នៅទីក្រុងប៉ារីស ថ្ងៃទី៣០ កក្កដា-៣០ កក្កដា ១៩៨៩ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC: Supreme National Council) បានបង្កើតឡើងនៅថ្ងៃទី១០ កញ្ញា ១៩៩០ ដែលមានសម្ដេច នរោត្តម សីហនុ ជាប្រធាន និង មានសមាជិក១២រូប ដែលមកពីរដ្ឋកម្ពុជា៦រូប និង សម្ពន្ធត្រីភាគីគឺ៦រូប។ ក្រុមប្រឹក្សានេះបានធ្វើការប្រជុំចំនួន៦លើកនៅទីក្រុងបាងកក ក្រុងប៉ារីស ក្រុងញ៉ូយ៉ក ក្រុងហ្សាកាតា និង ក្រុងប៉េកាំង។

ថ្ងៃទី២៣ ដល់ ២៤ ខែមិថុនា ឆ្នាំ១៩៩១ នៅទីក្រុងប៉ាតាយ៉ា គូបដិបក្ខខ្មែរទាំងបួនបានជួបជុំគ្នា និង បានចុះសម្រុងគ្នាអំពីគម្រោងការដោះស្រាយបញ្ហាជាតិ។

ក្រោយពីមានការជួបចរចារគ្នារវាងបណ្ដាភាគីខ្មែរនិងប្រទេសពាក់ព័ន្ធ ភាគីជម្លោះទាំងបួននៅកម្ពុជា និង ប្រទេស១៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅថ្ងៃទី២៣ តុលា ១៩៩១ ហើយបញ្ហារបស់កម្ពុជាត្រូវបានដោះស្រាយ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ផ្ដោតទៅលើចំណុចពីរសំខាន់ៗគឺ៖

  • កិច្ចព្រមព្រៀងទាក់ទងទៅនិងអធិបតេយ្យភាព បូរណភាពទឹកដី អព្យាក្រឹត ឯករាជ្យជាតិកម្ពុជា
  • សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និង​ កសាងប្រទេសកម្ពុជាឡើងវិញ

ភាគីជម្លោះបានចាប់ដៃគ្នា យល់ព្រមធ្វើការបោះឆ្នោតជាសកលដែលមានអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថាអ៊ុនតាក់ (UNTAK) មើលការទទួលខុសត្រូវ។

អ៊ុនតាក់មានថវិកាចំនួន៣០០០លានដុល្លា ដើម្បីរៀបចំបំពេញបេសកម្ម៤យ៉ាងគឺ៖

  • ដកអាវុធពីទ័ពរដ្ឋកម្ពុជា កងទ័ពខ្មែរក្រហម រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង កងទ័ពរាជានិយមហ៊្វុនស៊ុនប៉ិច
  • បញ្ចូលរដ្ឋអំណាចទាំងសងខាងអោយរួមគ្នា (រដ្ឋកម្ពុជា និង រដ្ឋាភិបាលសម្ពន្ធត្រីភាគី)
  • រៀបចំការបោះឆ្នោតដោយសេរីដោយអ៊ុនតាក់
  • នាំជនភៀសខ្លួនប្រហែល៥០០០០នាក់ត្រលប់មកមាតុភូមិវិញ

ព្រឹត្តិការមួយដ៏សំខាន់ និង សក្ខីភាពនៃការរួមគ្នាឡើងវិញរបស់កម្ពុជា គឺការយាងត្រលប់មកកម្ពុជាវិញរបស់សម្ដេច នរោត្តម សីហនុ នៅខែវិច្ឆិកា ១៩៩១ ដោយមិនរង់ចាំការមកដល់នៃទាហានអ៊ុនតាក់ ឬ ការបោះឆ្នោត……..។

ដកស្រង់ចេញពី សៀវភៅប្រវត្តិវិទ្យា របស់ក្រសួងអប់រំយុវជន និង កីឡា

អត្ថបទពេញនិយមបន្ទាប់ ៖ ទំនៀមទម្លាប់និងប្រពៃណី

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *