Friday , April 26 2024

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ ៖ មាន​រឿង​និទាន​មួយ​ថា​ អណ្ដើក​ និង​ស្វា​ វា​សុំ​ធ្វើ​ដន្លង​គ្នា​ តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ​ គ្រាន់​តែ​និយាយ​ថា​ សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ​ ស្រឡាញ់​រាប់អាន​គ្នា​ ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ​ ដន្លង​ខាង​ស្វា​នោះ​ គេ​មាន​កូន​ត្រូវ​រៀប​ការ​ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា​ សន្មត​ថ្ងៃ​នឹង​ស៊ី​ការ​ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថា យើង​ការ​កូន​នេះ​ ហៅ​ភ្ញៀវ​អស់​ហើយ​ នៅ​តែ​អណ្ដើក​ជា​ដន្លង​ មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ​ ជិត​ថ្ងៃ​ការ​ណាស់​ទៅ​ហើយ​ បើ​ដូច្នោះ​ឲ្យ​បំរើ​ទៅ​អញ្ជើញ​គាត់​ផង​ បំណាច់​យើង​រាប់អាន​គ្នា​ យូរ​ឆ្នាំ​ណាស់​មក​ហើយ គិត​ហើយ​ក៏​ចាត់​បំរើ​ឲ្យ​ទៅ​អញ្ជើញ ។

ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ​ អណ្ដើក​ក៏​ទៅ​ដល់​ដែរ​ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា ត្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ​ នៅ​ឯ​ក្រោម​ដើម​ឈើ។ ដន្លង​ស្វា​ចុះ​មក​ ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ ឡើង​មិន​រួច​នឹង​គេ​ មាន​តែ​ដន្លង​ឯង​ខាំ​វល្ល៍​នេះ​ចុះ​ យើង​នឹង​ស្រាវ​ឡើង​ ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ​ ដន្លង​ឯង​កុំ​និយាយ​ឲ្យ​សោះ​ ទោះ​បី​ឃើញ​អ្វី​ ឬ​គេ​ថា​អ្វី​ក៏​ដោយ, តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ ។ អណ្ដើក​ទទួល​បណ្ដាំ​ដន្លង​នោះ​សព្វ​គ្រប់​ហើយ​ ក៏​ទទួល​ខាំ​វល្លិ៍ ។ ពួក​ស្វា​ទាំង​ប៉ុន្មាន​ ក៏​ស្រាវ​វល្លិ៍​នោះ​ឡើង​ នាំ​អណ្ដើក​ទៅ​ឯ​ថ្នាក់​លើ ។ លុះ​ទៅ​ជិត​ដល់​កន្លែង​ ដែល​គេ​នឹង​ដាក់​នោះ​ ជួន​ជា​ដន្លង​ស្រី​ស្វា​ ឃើញ​អណ្ដើក​ ក៏​សួរ​ដោយ​រាប់អាន​ថា ដន្លង ! សុខ​សប្បាយ​ទេ​ឬ ? អណ្ដើក​ភ្លេច​ពាក្យ​បណ្ដាំ​ ហា​មាត់​ស្ដី​ទៅ​នឹង​ដន្លង​ ក៏​របូត​មាត់​ ធ្លាក់​ខ្លួន​ដល់​ដី​បែក​ស្នូក​ដូច​គេ​បោក​នឹង​ថ្ម​ ស្លាប់​នៅ​វេលា​នោះ​ ខាន​ស៊ី​ការ​នោះ​ទៅ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ

រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *