Thursday , February 29 2024

រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ

រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ ៖ តាមទំនៀមពីបុរាណកាលមកក្មេងស្រីៗសុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យ បច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្កាផ្សេងៗ មាន កាវ កបិត ទំហូ ជាដើម ។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ ។ រឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ ឈ្មោះ មាស នៅភូមិពោធិដូតអស់ គាត់បានស្លាប់ប្រហែល ១៨ឆ្នាំហើយ (២)។ ដើមឡើយខ្ញុំសួរគាត់ថា “យាយ ! ហេតុដូចមេចក៏ប្រហោងត្រចៀកយាយធំម្លេះ? តើយាយពាក់កាវ ប៉ុន្មានទៅ? ” យាយមាសឆ្លើយតបវិញថា “ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយ គេមិនសូវពាក់កាវទេ គឺគេពាក់តែត្រសាល់ ឯត្រសាល់នោះ បើអ្នក មានទ្រព្យសម្បត្ដិច្រើនគេធ្វើដោយមាសប្រាក់ ឬភ្លុក។

ឯអ្នកក្រសម្បត្ដិទ្រព្យគេធ្វើដោយឈើពាក់សោះតែទំនេរ ត្រចៀកណ៎ាចៅ!។ អាស្រ័យការពាក់ ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារធ្លាក់ចុះ ហើយមានប្រហោងធំ ដូច្នេះឯង។ ត្រសាល់នេះរាងប៉ុនមេដៃ មានសណ្ឋានប្រហែលនិងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាង ព្រោះ មានឆ្លាក់ក្បូរក្បាច់នៅត្រង់កញ្ចាំង (មុខ) ។ ព្រោះហេតុតែមានរាងរៅដូចគ្នានិងត្រសាល់អំបោះ ទើបគេហៅ វាថា “ត្រសាល់” ដែរ។ តែក្មេងស្រីៗជំនាន់ដើម គេពាក់គ្រឿងអលង្កាម្យ៉ាងហៅថា “កន្ទួត” ។ កន្ទួតមាន កញ្ចាំងដូចជា “កាវទងត្រង់” សព្វថ្ងៃនេះដែរ តែឥតមានត្បូងទេ។ នៅត្រង់កន្លែងដាក់ត្បូង គេធ្វើរាងដូចផ្លែកន្ទួត ហើយធ្វើក្រវិលមូលមួយសំរាប់ដោតក្នុងរន្ធត្រចៀកចោះ ។ កន្ទួតនោះគេធ្វើដោយមាស ឬទង់ហ្វ៊ា ។ ទំនៀម ចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា ៖ កាលពីកន្លងទៅយូរយារណាស់មកហើយ មានកុដុម្ពីក៏ម្នាក់ ជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ មានខ្ញុំកំដរស្រីប្រុសជាច្រើន មានមាសប្រាក់កែវកងពិទូរ្យសូរ្យកាន សព្វបែប យ៉ាង ។ កុដុម្ពីក៏នោះក៏មានចិត្ដក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហាយស្មន់និងខ្ញុំបំរើស្រីម្នាក់។ លុះយូរទៅ ប្រពន្ធដើមដឹងរឿង តែមិនដឹងធ្វើម៉េចនិងធ្វើបាបខ្ញុំបំរើស្រីនោះបាន។

ថ្ងៃមួយកុដុម្ពីក៏ មានដំណើរទៅស្រុកក្រៅ ពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួន ទៅចាប់នាងស្រីជាសហាយរបស់ប្ដីនោះ មកធ្វើបាប វាយដំច្រំធាក់ និងជេរបញ្ចោរច្រាសឆ្អេះយ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀក ទាំងពីររបស់នាងនោះ ហើយទុកចោលនៅលើផ្ទះនោះទៅ ។ លុះវេលាល្ងាច កុដុម្ពីក៏ ត្រលប់មកពីស្រុកក្រៅវិញ ឃើញដូច្នេះក៏សួរទៅនាងសហាយនោះថា “យ៉ាងម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?” ។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ ប្ដីក៏ដកដែក គោលចេញរកថ្នាំលាបស្រួលបួលហើយ ឱ្យទៅនៅផ្ទះមួយ ឆ្ងាយពីគ្នា ។

ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្ដីអៀនខ្មាស់គេជាច្រើន ព្រោះត្រចៀកខ្លួនមាន ស្នាមប្រហោង។ នាងចេះតែនិយាយនិងប្ដីថា ឱ្យជួយធ្វើយ៉ាងណាដើម្បីឱ្យបាត់ស្នាមប្រហោងត្រចៀកនាង។ កុដុម្ពីក៏ធានារាប់រងថា នឹងរកមធ្យោបាយធ្វើឱ្យបាត់ស្នាម ហើយឱ្យបានល្អទៀតផង ។ នៅយប់មួយ កុដុម្ពី ក៏ដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅឱ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយ យកមកឱ្យនាងពាក់បិទត្រង់រន្ធស្នាមនោះ ប្រហែលនិងបានល្អ ។ លុះគិតហើយ ទើបកុដុម្ពីក៏ចាត់ឱ្យជាងធ្វើបានដូច បំណង ដោយបង្គាប់ឱ្យធ្វើមានកញ្ចាំងដាំត្បូងពេជ្រ រំលេចដោយក្បាច់រចនាផ្សេងៗ យ៉ាងល្អវិចិត្រគួរឱ្យចង់បាន ។

នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រ ក៏ឃើញមាន លម្អប្លែក នាំឱ្យនាងមានចិត្ដរីករាយ យ៉ាងក្រៃលែង ។ លុះថ្ងៃក្រោយមក នាងប្រពន្ធដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ មានពន្លឺភ្លឺផ្លេកៗគួរឱ្យស្រលាញ់ក៏សួរនាងនោះថា “នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្លេះ?”។ នាងសហាយ ឆ្លើយថា “ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ” ។ នាងប្រពន្ធ ដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឱ្យជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ ដូចនាងប្រពន្ធ ចុងដែរ ។ ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូនស្រី តាំងពីនៅក្មេងតូចៗទុកសំរាប់ ពាក់គ្រឿងអលង្កាផ្សេងៗ ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងពិធីបញ្ចូលម្លប់កូនស្រី – រឿងព្រេងខ្មែរ

រឿងព្រេងទំនៀមទំលាប់ចោះត្រចៀកកូនស្រី – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *