Saturday , April 1 2023

រឿងជ្រូកបានជាឈ្មោះឆ្នាំកុរ – រឿងព្រេងខ្មែរ

រឿងជ្រូកបានជាឈ្មោះឆ្នាំកុរ – រឿងព្រេងខ្មែរ ៖ រឿងនេះ ដើមឡើយមានសេចក្ដីនិទានថា មានសេដ្ឋីកុដុម្ពីក៏ម្នាក់ មានសម្បត្ដិទ្រព្យស្ដុកស្ដម្ភ ហើយមានកូន មួយ តែអកុសលកូននោះកើតមកមានខ្លួនប្រាណជាសត្វជ្រូក។ ឪពុកម្ដាយអន់ចិត្ដពន់ពេក ព្រោះកូនមានភាពជាសត្វ កូននោះឆាប់ចេះដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ ព្យាយាម មិនខ្ជិល ហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួន កាន់តែធំ ចេះជួយរក្សាការពារទ្រព្យសម្បត្ដិ ឪពុកម្ដាយ ប្រើការផ្សេងៗធ្វើបានសព្វគ្រប់។ ចំណែកវត្ថុស្ងាត់ កំបាំងដែលមាននៅក្នុងខ្លួនជ្រូកនេះ ឪពុកម្ដាយពុំបានដឹងសោះ ។ តាមពិតជ្រូកនេះ មានធ្នួព្រះខ័នជារបស់ទិព្វនៅ ក្នុងខ្លួន លុះជ្រូកនេះមានវ័យកាន់តែចម្រើនធំឡើងៗ ឪពុកម្ដាយកាន់តែពេញចិត្ដអំពីចរិយាដឹងខុសត្រូវ ទាស់តែរូបជា ជ្រូកប៉ុណ្ណោះ។ ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថាៈ សូមឱ្យគិតគូររកប្រពន្ធឱ្យខ្លួន។ ឪពុក ម្ដាយឮហើយ ទ័លគំនិតសម្ងំដកដង្ហើមធំគ្រប់គ្នា ហើយឆ្លើយថា ៖ កូនអើយ ! ឱ្យម្ដាយ – ឪពុកទៅ និយាយស្ដីកូន អ្នកណាគេព្រមឱ្យ គេព្រមយក បើកូនឯងមានសភាពជាសត្វដូច្នេះ។ សព្វថ្ងៃឪពុក ម្ដាយមានតែកូនឯងមួយជាទី អាណិតស្រឡាញ់ស្មើជីវិត ឯសម្បត្ដិឥតទ័លក្រទេ យើងមានឥតខ្វះ តែត្រង់រឿងដែលកូនឱ្យឪពុកមា្ដយទៅរកស្ដីដណ្ដឹង កូនគេនេះ ឪពុកម្ដាយទាល់ហើយ ត្រង់រឿងហ្នឹងមិនហ៊ានទៅនិយាយស្ដីកូនគេទេ។ បើគេនិយាយថាមិនឱ្យមកវិញ ឯងគ្មានផ្លូវដោះសារទេ ឪពុកម្ដាយខ្មាសគេណាស់ បើកូនយកជ្រូកដូចគ្នានោះមិនអីទេ ។ ជ្រូកឆ្លើយថាៈ ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯង។ ហើយ ! មិនយូរប៉ុន្មាន ស្រាប់តែ ជ្រូកនោះឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ។ កុដុម្ពីក៏ប្ដីប្រពន្ធស្វែងរកសព្វទី មិនឃើញសោះ ក៏កើតការក្រៀមក្រំ អាណិតកូន។ ចំណែកជ្រូកនោះវិញ មុននឹងធ្វើដំណើរចេញទៅក៏ឈរសម្រឹង ឧទ្ទិសក្នុងចិត្ដថា ៖ បើគូភរិយាពីបុព្វេមាន នៅទីណា សូមទេវតាជួយនាំចិត្ដឱ្យខ្ញុំដើរត្រង់ទិសទីនោះ។ ហើយក៏ដើរ ចេញទៅដំណើរក្នុងព្រៃជាដរាបអស់ជាច្រើន ថ្ងៃ ទើបបានជួបយាយម្នាក់ដើរជីកដំឡូងតែម្នាក់ឯងក្នុងព្រៃស្ងាត់ ជ្រូក ឃើញក៏ដើរចូលទៅជិតសួរថាៈ លោកយាយ ដើររកអ្វី ? បានឬទេ? យាយឮពាក្យជ្រូកចេះស្រដី កើតចិត្ដរីករាយអាណិតស្រឡាញ់ ហើយគាត់ឆ្លើយថា ៖ យាយរក ជីកដំឡូង តែឥឡូវគ្មានទេ ! ជ្រូកសួរទៀតថា ៖ យាយនៅដល់ណា តើលោកតាគាត់នៅទេ ហើយយាយមានកូន ប៉ុន្មាននាក់? យាយឆ្លើយប្រាប់ជ្រូកថា ៖ ចៅអើយ ផ្ទះយាយនៅឯណោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅ មេម៉ាយជាមួយកូនស្រីពីរនាក់ គ្មានកូន ប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ ។ ជ្រូកឮយាយប្រាប់ថា មានកូន ក្រមុំពីរនាក់នៅទំនេរដូច្នេះ ជ្រូកក៏តាំងនិយាយដំណើរខ្លួនឱ្យយាយស្ដាប់សព្វគ្រប់ ហើយសុំទៅនៅជាមួយ យាយផង។ យាយនឹកក្នុងចិត្ដថា ជ្រូកនេះចេះនិយាយដឹងខុសត្រូវសព្វ ចេះភាសាមនុស្ស ពីរោះល្អស្ដាប់ណាស់ ហើយថា ឪពុកមា្ដយ វាជាសេដ្ឋីផង។ បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញវាព្រម អញគួរតែផ្សំផ្គុំវាហើយ។ ទើបគាត់ ប្រាប់ជ្រូកថា ៖ ចៅឯងជួយរកជីកដំឡូងបន្ដិចទៅ ។ ជ្រូកចូលព្រៃភ្លាមស្វែងរកដំឡូង។ មិនយូរប៉ុន្មានជ្រូកឈ្មូសដីបាន មើមដំំឡូងគរជាច្រើនគំនរ យាយចេះតែតាមរើស ដាក់កព្ជើាមានទាំងដំឡូងខ្មុង អខ្យាត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទានគ្រប់មុខ យាយពេញចិត្ដចៅជ្រូកឥតឧបមា ព្រោះឆ្លាត ប៉ិនប្រសប់រកដំឡូងពេញកញ្ជើរទាំងពីរ។ ជ្រូក បង្គាប់យាយឱ្យដាក់កញ្ជើរដំឡូងលើខ្នង ហើយដើរទៅតាមយាយលុះត្រាដល់ផ្ទះ។ ឯកូនក្រមុំទាំងពីរនាក់ បានឃើញ ម្ដាយមកពីព្រៃក៏នាំគ្នាចេញទៅទទួល។ យាយក៏បង្ហាញឱ្យជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើរដំឡូងដាក់ចុះពីលើ ខ្នងជ្រូក ឯកូនទៅជិតម្ដាយ ក៏លួចខ្សឹបសួរថា ៖ជ្រូកហ្នឹងមកពីណា ចេះនិយាយផង? ម្ដាយក៏បានប្រាប់សព្វគ្រប់។ លុះនៅបន្ដិចទៅនោះ កូនស្រីយាយនេះនឹងចៅជ្រូកក៏ដឹងចិត្ដគ្នាស្និទ្ធស្នាល ពេលទៅរកដំឡូងក៏ទៅជាមួយគ្នា។ យាយ ម្ដាយដឹងថាកូនគាត់នឹងចៅជ្រូកស្គាល់គ្នាជិតស្និទ្ធហើយ ក៏ផ្ដើមសួរចិត្ដកូន។ សួរទៅនាងបងប្រកែក លុះសួរទៅនាង ប្អូននាងឆ្លើយថា ៖ ស្រេចតែម៉ែ ម៉ែឱ្យខ្ញុំទៅនរណា ខ្ញុំចេះតែតាម។ យាយបានដឹងពាក្យនេះត្រេកអរណាស់ ហើយក៏ឱ្យ ដំណឹងទៅចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅឱ្យទៅជាគូរជាមួយចៅជ្រូកតាម ប្រពៃណីស្រុកសព្វគ្រប់។ ហើយក៏ចាត់ចែងឱ្យបានលំនៅដ្ឋានឱ្យ កូននៅដោយខ្លួនជាដរាបទៅ។ បានប្រមាណជាកន្លះខែ នៅស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេងរបាំ គេនឹងមកលេងនៅជិតនោះ អ្នកភូមិជិតខាងទាំងចាស់ទាំង ក្មេង ក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូឆរ។ នាងពៅប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឱ្យទៅផង តែចៅជ្រូកថា “ឱ្យប្អូនឯងមើលចុះ បងនៅចាំផ្ទះ”។ នាងបាន អនុញ្ញាតពីស្វាមីហើយក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញដឹងថា នាងភរិយាចេញទៅឆ្ងាយហើយ ក៏ទំលាយស្រោម ចេញទៅមើលដែរ ហើយស្រូតរូតឱ្យលឿនទៅ ដល់ទីនោះមុននាងពៅ។ ដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេ ចេះបទបែបភ្លេងយ៉ាងជំនាញដូចពួកគេនោះដែរ។ លុះដល់ពេលហើយ ដីងថាពួកអ្នកស្រុក និងនាងពៅត្រឡប់ទៅផ្ទះវិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួន រូតដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា អូនទៅមើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ? នាងពៅក៏រ៉ាយរ៉ាប់ប្រាប់សព្វគ្រប់ហើយនាងប្រាប់ថា “មានអ្នកភ្លេងម្នាក់រូបរាងស្អាត ល្អណាស់ ច្រៀងក៏ពិរោះ ហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្ដលើបុរសនោះគ្រប់ៗគ្នា ” ។ ជ្រូកសួរ បញ្ជាក់ថា “អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវក្រហមមែនឬទេ ?” ប្រពន្ធឆ្លើយថា “ ហ្នឹងហើយ ហេតុម៉េចបានជា បងដឹង ឬទៅមើលនឹងគេដែរឬ ? ” ចៅជ្រូកនៅស្ងៀមមិនចេញស្ដី។ តាមពិតចៅជ្រូក និងនាងពៅ ស្រឡាញ់គ្នាស្មោះ ស្ម័គ្រ ត្រឹមតែសំដីនឹងសំដីប៉ុណ្ណោះទេ។ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ។ លុះដល់ល្ងាចមួយទៀត អ្នកស្រុកផ្អើល អ៊ូអរទៅមើលភ្លេងរបាំនោះទៀត នាងភរិយាចៅជ្រូកក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ រួចក្រោយមក ខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាលពីមុនទៀត ។ កាលណាដល់ពេល គេឈប់ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ ឱ្យទាន់មុនប្រពន្ធមកដល់ផ្ទះ លុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថា ៖ ម៉េច អូនមើលល្ងាចនេះ ល្អមើលទៀតទេ ? នាងភរិយាតបថា ៖ – ថ្ងៃនេះល្អប្លែកពីមុនទៅទៀត។ ចៅជ្រូកសើច រួចតបបែបដូចព្រងើយទៅវិញថា ៖ – អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកសំពត់ខៀវ ពាក់អាវសមែនទេ ? នាងនោះឆ្ងល់ណាស់ក៏សួរទៅប្ដី ៖ ចុះម៉េចក៏បងដឹង ខ្ញុំឆ្ងល់ណាស់។ ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថា ប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោមប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។ ចំណែកនាងភរិយា នាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះប្ដីនេះណាស់ នាងទៅបានតែបន្ដិចក៏វិលមកលបចាំឃ្លាំមើលប្ដី ស្រាប់តែឃើញ ប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺរូបបុរសលេងរបាំដែលនាងសរសើរថាល្អនោះ។ នាងស្ទុះប្រញាប់ ទៅចាប់ឃាត់ប្ដីមិនឱ្យចូលទៅក្នុងស្រោមវិញឡើយ ហើយនាងអង្វរប្ដីកុំឱ្យចូលទៅក្នុងស្រោមវិញ។ ប្ដីក៏ព្រមតាម ពាក្យអង្វររបស់ភរិយា តែសុំឱ្យនាងនោះរក្សាទុកស្រោមនោះឱ្យស្រួលបួល។ នាងពៅក៏យកស្រោមនោះទុកដាក់ នៅកន្លែងសមរម្យតាមបង្គាប់ប្ដី ហើយក៏នៅសុខសាន្ដជាមួយគ្នារៀងរហួតមក។ ពេលមួយនៅប្រទេសនោះឥតមានស្ដេច ពួកសេនាសេវកាមាត្រ ក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកមានបុណ្យ ដើម្បីឡើងគ្រងរាជ្យ។ តែពេលនោះរឿងអស្ចារ្យរបស់ចៅជ្រូក ឮរន្ទឺសុះសាយទៅគ្រប់ទិសទី ពពួកសេវកាមាត្រក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះ ឱ្យឡើងគ្រងរាជ្យគ្រប់គ្រងប្រទេសតទៅ។ លុះបានឡើងគ្រងរាជ្យហើយ ប្រមាណជា កន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពីក៍ជាឪពុកម្ដាយ។ កុដុម្ពីក៍រំភើបស្លុតក្នុងចិត្ដ ហើយតាំងរៀបចំកន្លែងទទួលព្រះរាជា ស្ដេចសួរអំពីដំណើរដើមមានកូនប្រុសស្រីប៉ុន្មាននាក់។ សេដ្ឋីក្រាបទូលថា “ ខ្ញុំព្រះអង្គមាន តែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់។ ពេលមួយកូននោះទាររកដណ្ដឹងប្រពន្ធ លុះខ្ញុំព្រះអង្គប្រាប់ថារកមិនបាន កូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមកណាយូរមកហើយ ”។ ស្ដេចជ្រាបពត៌មាននេះហើយ ក៏ត្រាស់អំពីរឿងពិតឱ្យកុដុម្ពីក៍ដឹងសព្វគ្រប់។ កុដុម្ពីក៍ត្រេកអរណាស់ក៏នាំគា្ន ឱប ព្រះរាជាសរសើរបុណ្យបារមី។ ព្រះរាជាក៏ត្រាស់បញ្ជាឱ្យកុដុម្ពីក៍នាំភរិយាស្វាមីទៅរស់នៅឯរាជវាំងដែរ។ ឯយាយ ចាស់ជាម្ដាយនាងពៅវិញ ក៏ព្រះអង្គអនុញ្ញាតឱ្យមកនៅក្នុងរាជវាំងដែរ។ ពិតមែនតែព្រះអង្គមានរូបកាយជាមនុស្ស ពេញបរិបូណ៍ ប៉ុន្ដែទ្រង់នៅតែនឹកសណ្ដោសដល់សត្វជ្រូក ព្រោះតែពីពេលមុនមកធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាឱ្យក្រុមហោរា យកនាមសត្វជ្រូកទៅដាក់ឈ្មោះឆ្នាំមួយជាឆ្នាំ ទី១២ ឱ្យសម្គាល់ថា ឆ្មាំកុរនោះជានាមសត្វ ជ្រូក។ នេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្មាំ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងទន្សាយជាប់គូថនិងគល់ត្រាច – រឿងព្រេងខ្មែរ

រឿងជ្រូកបានជាឈ្មោះឆ្នាំកុរ – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *