Saturday , June 22 2024

រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ

រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ ៖ កាល ​ពីព្រេងនាយ​ មាន​មនុស្ស​ម្នាក់​ ឈ្មោះ​គង់​ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ​ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ​ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់​ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ, ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ក្របី​​គោ​ ស៊ី​តែ​រឿយៗ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ​ ខ្លា​ក៏​ស្ទុះ​ដេញ​ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។

អ្នក​គង់​រត់​ចូល​រូង​ឈើ​ ញ័រ​ដៃ​ញ័រ​ជើង​ រាគ​នោម​ព្រោះ​ភ័យ​ណាស់ ។ នាង​អាំ​និង​នាង​គំ​ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ ។

ឯ​អ្នក​គង់​ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ​ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក​ យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត ។ ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា ខ្លា​គេ​វាយ​ងាប់​ហើយ​ ធ្វើ​ជា​មក​វាយ​ថែម​ទៀត​ ប្រុស​អីកំសាក​ញី​ដូច្នេះ ។ អ្នក​គង់​ ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​​មាន​តែ​ប្រុស​ ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់ ហើយ​អ្នក​គង់​ក៏​បាន​បោច​វល្លិ​ចង​ខ្លា​នោះ​​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក ។ អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក​ គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ​ ហើយ​គេ​សួរ​ថា អ្នក​ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ​ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់​ វា​តែង​តែ​ខាំ​មនុស្ស​ម្នា​ក្របី​គោ​ ស៊ី​ច្រើន​ណាស់​ហើយ ។ ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ​ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់ ។ អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ​ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ​ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន ។ អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ​ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ​ បាន​ជា​វាយ​វា​បាន ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា​ ឲ្យ​អ្នក​ស្រុក​មើល ។ ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា​ ហើយ​ឲ្យ​ឈ្មោះ​ថា គង់ហ៊ាន តាំង​ពី​ថ្ងៃ​នោះ​មក​ ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន​ ជា​អ្នក​ពូកែ​ ចេះ​គុន​វាយ​ខ្លា​ស្លាប់។រឿង​នេះ​ជ្រាប​ដល់​ស្ដេចៗ ក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម ។

លុះ​យូរ​បន្តិច​ទៅ​ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ​ ស្ដេច​ទ្រង់​ប្រើ​គង់ ហ៊ាន​ឲ្យ​ទៅ​ច្បាំង ។ គង់ហ៊ាន​ ឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ​ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច​ នឹង​មិន​ទៅ​ច្បាំង​មិន​បាន​ ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ​ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង​ ត្រឡប់​មក​វិញ​ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ ។ ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរថា​ ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ​ មាន​បើ​ហេតុភេទ​អ្វី​ ប្រការ​ដូចម្ដេច ? ។ គង់​ហ៊ាន​ប្រាប់​ថា​ ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក​ ឥឡូវ​នេះ​ បង​ខ្លាច​សឹក​នោះ​ណាស់​ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ​ ប្រពន្ធ​ឆ្លើយ​ឡើង​ថា​ អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់​ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត​ ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ​ បាន​ធូរ​ក្នុង​ចិត្ត​ ក្រោក​ឡើង​ងូត​ទឹក​ ស៊ី​បាយ​ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង, លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ​ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង, យក​ទាំង​ប្រពន្ធ​ទៅ​ផង ។ គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី​ ប្រពន្ធ​ជិះ​ខាង​ក្រោយ​ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ ត្រៀបត្រា​ពាសពេញ​ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ​ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួញ​ក្បាល​ដំរី ។ ឯ​ដំរី​គិត​ស្មាន​ថា​ គេអង្រួញ​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅ​ មុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់ ។ ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ​ គិត​ស្មាន​ថា​មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់​ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ ។ គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ ឲ្យ​អស់​នាហ្មឺន​និង​រេហ៍ពល​កោត​ខ្លាច ។ អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី​ ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា លោក​មេទ័ព​ ថ្វី​ក៏​លេច​លាមក​ដូច្នេះ ? ។ គង់ហ៊ាន​ឆ្លើយ​ឡើង​ថា បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ​ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន​ មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង​ បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ​ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ ? អស់​នាហ្មឺន​និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ , អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច, អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា​ ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់ ។ ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព​ ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច ។ស្ដេច​ទ្រង់​ជ្រាប​ថា​ គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ​ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ​ ទ្រង់​ត្រេកអរ​ណាស់​ ទ្រង់​ព្រះរាជទាន​យស​សក្តិ​ជា​នាហ្មឺន​ធំ​ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​​គ្រឿង​បណ្ណាការ​ជា​ច្រើន ។តាំង​អំពី​ថ្ងៃ​នោះ​មក​ គង់ហ៊ាន​ រឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត ។ លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ​ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា​ អ្នក​ឈ្មួញ​ជួញ​លក់ដូរ​ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់​ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក​ ឬ​ដើរ​ងូត​សោះ ។ អស់​រាស្រ្ត​លំបាក​ចិត្ត​ណាស់ ។ រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេចៗ​ទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ ក្រពើ ។ ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់​ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល​ ក៏​ទទួល​ថា​ នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ ។ គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ​ ត្បិត​ក្រពើ​សាហាវ​ណាស់, ម្ដង​នេះ​ ឃើញ​ជា​មិន​រួច​ខ្លួន​ទេ​ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន, ពិ​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ​ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក​ ធ្វើ​ដូម្ដេច​នឹង​គេច​រួច ? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន​ បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ ។ គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ​ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ ។ អស់​មនុស្ស​ម្នា​ មហាជន​ បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ​ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ ។ លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក​ បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា​ មាន​ប្រគាប​ គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ​ ដោយ​គិត​ថា​ លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ​ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត​ ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ​ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច​ ថយ​មក​ក្រោយ​ក៏​មិន​រួច ។ គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ​ ឲ្យ​យក​លំពែង​មក​ចាក់​ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន​គេ​គិត​ស្មាន​ថា​​គង់ហ៊ាន​ចាប់​ក្រពើ​បោះ​មក​ ឲ្យ​ជាប់​នឹង​ដើម​ឈើ​​ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក។

គង់ហ៊ាន​ បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច​ តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក ។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ​ ប្រោស​ព្រះរាជទាន​យសសក្តិ​ ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ ទាំង​រង្វាន់​ជា​ច្រើន ។

រឿងព្រេងខ្មែរពេញនិយមបន្ទាប់ ៖ រឿងគំនូររូបប្រពន្ធ – រឿងព្រេងខ្មែរ

រឿងគង់ហ៊ាន – រឿងព្រេងខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *