នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
នឹកព្រះគុណថ្លៃ – កំណាព្យខ្មែរ | ||
១ | ក្រោយភ្លៀងហ៊ីងយំរំពងស្រែ | ក្តៅរៃយំរ៉ែលើរុក្ខា |
រសៀលហៀបលិចសុរិយា | ទោចទួញខ្លោចផ្សាសែនស្រងោច ។ | |
២ | ស្បៃខ្មៅដណ្តប់ពសុធា | ទ្រូងសែនរងាចិត្តអាណោច |
ចង្រិតដែកដូងលលកខ្មោច | ស្រែកលុបផ្សាខ្លោចស្រណោះក្រៃ ។ | |
៣ | នឹកដល់ពុកម៉ែនឹកយាយតា | នឹកសព្វញាតិសាទាំងយប់ថ្ងៃ |
ធ្លាប់រួមកាន់បិណ្ឌជុំអ្នកថ្លៃ | នឹកស្រណោះដៃម៉ែថ្នាក់ថ្នម ។ | |
៤ | នឹកគ្រប់បណ្តាំដំបូន្មាន | ពាក្យពេចន៍ជាស្ពានមានទឹកដម |
នឹកដល់ព្រះគុណអ្នកបីបម | បីបាច់ថ្នាក់ថ្នមកូនសែននឹក ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ប្រណិប័តន៍បណ្តាំថ្លៃ – កំណាព្យខ្មែរ