និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃ្លោកលិច អំបែងអណ្តែក ៖ ភាពក្រឡាប់ចាក់ ខុសប្រក្រតី ។
អត្ថាធិប្បាយ ឃ្លោកលិច អំបែងអណ្តែក
អត្ថានុរូប
ឃ្លោក នៅពេលនេះលោកសំដៅយកផ្លែឃ្លោកទុំ ព្រោះផ្លែឃ្លោកទុំវាអណ្ដែតលើទឹកជានិច្ច ទោះបីគេចាប់ជ្រមុជវាក៏ដោយ ។ ឯ អំបែង តែងតែលិចជានិច្ច ព្រោះវាមានប្រហោងដែលគេចោះទម្លុះនៅក្អេងវា ។ បើគេដាក់ថ្នមលើទឹក វាអាចអណ្ដែតបានដែរតែមិនយូរទេ ។ កាលណាទឹករញ្ជួយតែបន្តិច វានឹងលិចភ្លាម ។
អត្ថប្បដិរូប
ឃ្លោកដែលធ្លាប់តែអណ្ដែត បែរជាលិចទៅវិញ គឺលោកចង់និយាយប្រៀបទៅនឹងមនុស្សដែលមានចំណេះដឹង ឈ្លាសវៃក្នុងការងារ មានសមត្ថភាព មានសញ្ញាបត្រខ្ពស់ មានជំនាញ ។ល។ ប៉ុន្តែពេលមានបដិវត្តន៍ ឬនៅក្នុងបរិយាកាសពុករលួយ និងសម័យនិយមបក្សពួក មនុស្សប្រភេទឃ្លោកនេះ បើពុំមានបក្សពួកនឹងគេ ឬពុំមានលុយសូកគេនោះ ប្រាកដជាដាំដូងហើយ ។ គេស្ថិតនៅក្នុងភាពអន្ធការ គឺលិចស្រឹមតែម្ដង ។
ឯអំបែងដែលធ្លាប់តែលិច ពេលនេះត្រលប់ជាអណ្ដែតទៅវិញនោះ គឺលោកប្រៀបទៅនឹងមនុស្សអវិជ្ជាល្ងឹតល្ងង់ខ្លៅសុទ្ធសាធ ។ មនុស្សអប្បឥតប្រាជ្ញា ធ្លាប់តែរស់នៅជាស្រទាប់បាត ស្រាប់តែងើបឡើងខ្ពស់ត្រដែតសន្ធោសន្ធៅធំសន្ធឹក ភ្លេចអស់ញាតិមិត្ត ។
ការត្រលប់ធាតុដូចនេះ គេសង្កេតឃើញនៅក្នុងកាលអាកាសស្រុកកើតសង្គ្រាម ឬមានបដិវត្តន៍ ព្រោះនៅពេលបដិវត្តន៍ម្ដងៗសូម្បីតែចោរហារយសោះក៏ឡើងធ្វើធំសិនដែរ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃ្លាតកាយ ណាយចិត្ត – សុភាសិតខ្មែរអធិប្បាយ