និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ឃើញថាមិនត្រូវ ៖ ដឹងច្បាស់តែរកភស្តុតាងមិនបាន ។
អត្ថាធិប្បាយ ឃើញថាមិនត្រូវ
នៅក្នុងករណីណាមួយដែលគេដឹង គេឮគ្រប់គ្នាហើយ តែរកវត្ថុតាង ឬភស្តុតាងមិនបាន ។ ការដែលចាប់ភស្តុតាងមិនបានយ៉ាងនេះ គេមិនហ៊ាននិយាយ ហ៊ានថាបានទេ ។ ព្រោះការដែលគេហ៊ាននិយាយក្នុងលំហអាកាស គេអាចចាត់ទុកថា ជាបទបរិហាកេរ្តិ៍គេបាន ។ ហេតុដូច្នេះហើយ ដែលលោកថា ពិតប្រាកដណាស់ ឃើញហើយ តែថាមិនត្រូវ និយាយមិនកើត ។ ក៏ព្រោះតែគេមិនអាចរកអ្វីមកជាសំអាង យកមកបង្ហាញឲ្យឃើញថា នេះគឺជាភស្តុតាងជាក់ស្ដែង ។ ឧទាហរណ៍ ៖
មន្ត្រីពុករលួយម្នាក់ បានកឹបកេងប្រវ័ញ្ចប្រាក់រដ្ឋរាប់លានដែលមហាជនដឹងឮសឹងតែគ្រប់គ្នា ។ ប៉ុន្តែគ្មាននរណាម្នាក់អាចរកឯកសារណាមួយមកបង្ហាញគេបាន ។ ព្រោះជនកំហូចនេះមានបច្ចេកទេស និងមធ្យោបាយកម្រិតខ្ពស់ណាស់ ។ ជួនកាល ជនពុករលួយនេះជាកូនអ្នកធំដែលមានអំណាចខ្លាំង ។ ទោះជាឃើញភស្តុតាងហើយ ក៏មិនហ៊ានថាដែរ ព្រោះបារម្ភខ្លាចសុវត្ថិភាពផ្ទាល់ខ្លួន ។
ស្ដេចប្រេងកាតម្នាក់ នៅសហរដ្ឋអាមេរិក បានធ្វើលិខិតខ្ចីប្រាក់ពីធនាគាររាប់លានដុល្លា ។ លុះដល់គ្រប់ថ្ងៃកំណត់កិច្ចសន្យាត្រូវសងប្រាក់ ស្រាប់តែធនាគាររកលិខិតខ្ចីប្រាក់នោះមិនឃើញ ។ ដូច្នេះ ធនាគារត្រូវបង់ខាតប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ព្រោះតែរកភស្តុតាងមិនឃើញ ពិតមែនតែគេបានដឹងយ៉ាងច្បាស់ថា មានលិខិតខ្ចីប្រាក់ពិតប្រាកដក៏ដោយ ។ ការពិតលិខិតខ្ចីប្រាក់នោះ គេធ្វើពីក្រដាសដោយផ្សំពីជាតិគីមី កាលណាដល់កំណត់ថ្ងៃ វានឹងរលាយបាត់រូបទៅក្នុងលំហអាកាសទាំងអស់ ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ឃាត់មិនបាន ច្រានមិនទៅ – សុភាសិតខ្មែរអធិប្បាយ