Wednesday , April 17 2024

ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត ៖ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។

អត្ថាធិប្បាយ ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត

នារី​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ ​បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ពុំ​មាន​ចេតនា​ចង់​និយាយ​ពី​តម្លៃ​របស់​ស្ត្រី​ក្រមុំ​ទេ គឺ​លោក​ចង់​និយាយ​អំពី​គ្រោះថ្នាក់​នៃ​អ្នក​ដែល​សហាយ​ស្មន់​នឹង​ប្រពន្ធ​ គេ ។

ក្រមុំសាបដូចទឹកទន្លេ

ស្ត្រី​ក្រមុំ​គឺ​ជា​ស្ត្រី​ស្ថិត​នៅ​ក្នុង​វ័យ «រង់ចាំ» ។ ពេល​ដែល​នាង​ស្ថិត​នៅ​ក្នុង​វ័យ​រង់ចាំ​នេះ បើ​មាន​កំលោះ​ណា​ទៅ​ញ៉េះញ៉ោះ លែបខាយ​ពាក្យ​សម្ដី​ក្នុង​ផ្លូវ​លោកីយ៍​ក៏​ដោយ ក៏​ចាស់​ទុំ​ពុំ​សូវ​ចាប់​ទោស​អូស​ដំណើរ​ខ្លាំងក្លា រហូត​ដល់​ប្ដឹង​ឡើង​តុលាការ​ដែរ គឺ​គ្រាន់​តែ​ស្ដីបន្ទោស និង​ធ្វើការ​ព្រមាន​ប៉ុណ្ណោះ ។ ប្រសិនបើ​រឿង​នេះ​ឈាន​ទៅ​ដល់​ការ​ប្រាសចាក​ប្រពៃណី​ដោយ​សាមីជន​ទាំង​ពីរ​ ព្រមព្រៀង​គ្នា​ទៀត​ផង​នោះ គេ​ក៏​ពុំ​សូវ​ដែល​ឃើញ ដែល​ឮ​ថា​ឪពុក​ម្ដាយ អាណាព្យាបាល ឬ​បងប្អូន​ញាតិ​ខាង​ស្រី​ដេញ​បាញ់ ដេញ​កាប់ សម្លាប់​កូន​ប្រុស​នោះ​ដែរ ដោយ​គ្រាន់​តែ​ប្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ទាមទារ​ឲ្យ​ភាគី​ខាង​កូនប្រុស​ បង់​ជំងឺ​ចិត្ត​ប៉ុណ្ណោះ ។ ជួនកាល បើ​វាសនា​មាន គេ​ចាប់​ឲ្យ​រៀបការ​ទៀត​ក៏​សឹង​មាន​ដែរ ។

ប្រពន្ធគេឈ្ងុយដូចដូងដុត

ប្រពន្ធ​គេ​គឺ​ស្ត្រី​ដែល​ច្បាប់​រដ្ឋ​ទទួល​ស្គាល់​ ថា​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ជនណា​ម្នាក់ ។ បាន​សេចក្ដី​ថា ស្ត្រី​ប្រភេទ​នេះ​មាន​ម្ចាស់​ហួងហែង ថែរក្សា​ហើយ ។

ដូង​ដុតៈ គឺ​សាច់​ដូង​ទុំ​ដែល​គេ​ដុត វា​មាន​ក្លិន​ឈ្ងុយ​ឆួល ។ គេ​តែង​យក​វា​ទៅ​ធ្វើ​ជា​នុយ​សម្រាប់​ស្ទូច​ត្រី ។ ត្រី​ធុំ​ក្លិន​ភ្លាម ត្របាក់​ភ្លាម តែ​វា​ក៏​ងាប់​ភ្លាម​ដែរ ។

ហេតុ​បាន​ជា​លោក​ពោល​ថា ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត ព្រោះ​ប្រសិនណា​បើ​មាន​បុរស​ល្មោភកាម​ណា​ម្នាក់​ប្រថុយ​ផ្សង​ស្នេហ៍​ជាមួយ​ ប្រពន្ធ​គេ វាសនា​របស់​គេ​ប្រហែល​មិន​ខុស​ពី​ត្រី​ដែល​ត្របាក់​ដូង​ដុត​ប៉ុន្មាន​ ដែរ ។

ជាញឹកញាប់​ណាស់ គេ​តែង​ឮ​ថា បុរស​ដែល​ផ្សង​ស្នេហ៍​ជាមួយ​ប្រពន្ធ​គេ​នោះ ក្បាល​របស់​គេ​ត្រូវ​គ្រូពេទ្យ​ដេរ​ម្ភៃ​សាមសិប​ថ្នេរ ។ ជួនកាល​ឮ​ថា មិន​ពិបាក​គ្រូពេទ្យ​ដេរ​ទេ ព្រោះ​គេ​ត្រូវ​រលត់​ធាតុ​បាត់​ទៅ​ហើយ ។

ការណ៍​ដែល​លោក​លើក​ឡើង​ថា ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​នោះ គឺ​ក្នុង​ន័យ​ចំអក​ផង ក្នុង​ន័យ​ប្រៀបធៀប​ជា​ឧបមាណ​វិធី​ផង ។ ម្យ៉ាង​ទៀត​លោក​ចង់​ពោល​ត្រង់ៗ​ថា ក្រមុំ​សាប​ណាស់​ទៅ​ឬ ? បាន​ជា​ទៅ​ស្រឡាញ់​ប្រពន្ធ​គេ ទោះបី​ដឹង​ថា​មាន​គ្រោះថ្នាក់​ច្រើន​ក៏​ដោយ ៕

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កុំខ្វើកតាមខ្យល់ កុំខ្វល់តាមស្រី – សុភាសិតខ្មែរអធិប្បាយ

ក្រមុំសាបដូចទឹកទន្លេ ប្រពន្ធគេឈ្ងុយដូចដូងដុត – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *